សាត គិ(ជនជាតិដើមភាគតិចព័រ)៖ អតីតកងទ័ពកងពលលេខ៤ ការពារព្រំដែនថ្មដា

សាត គិ មានស្រុកកំណើតនៅភូមិទួលគ្រួស ឃុំស្រែតាំងយ៉ ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ។

នៅ ឆ្នាំ១៩៧៥ គិ ត្រូវបានខ្មែរក្រហមជ្រើសរើសឲ្យចូលបម្រើកងទ័ពខ្មែរក្រហម រួចបានបញ្ជូនឲ្យទៅចូលរួមជាមួយកងពលលេខ៤ ដែលមានតួនាទីការពារព្រំដែនថ្មដា ខេត្តពោធិ៍សាត់។ គិ បាននិយាយរៀបរាប់ពីរឿងរ៉ាវដូចខាងក្រោម៖

ឈ្មោះ សាត គិ[1] ​ភេទ​ប្រុស អាយុ ៨២ឆ្នាំ កើតនៅឆ្នាំ១៩៤៣ សព្វថ្ងៃចាស់ជរា ។ គិ មានស្រុកកំណើតនៅភូមិទួលគ្រួស ឃុំស្រែតាំងយ៉ ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ។​ ប​ច្ចុប្បន្នរស់នៅភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ។ គិ មានឪពុកឈ្មោះ ហួត សាត ( ស្លាប់ )។ ចំណែកម្ដាយឈ្មោះ ហ៊ូ ឡាន (ស្លាប់ ) ។ គិ មានបងប្អូនចំនួន៥នាក់(ប្រុស២នាក់ ស្រី៣នាក់) គិ ជាកូនទី៤នៅក្នុងគ្រួសារ។ ប្រព​ន្ធគិឈ្មោះ ស៊ឹប ស៊ីម អាយុ ៧៧ឆ្នាំ សព្វថ្ងៃចាស់ជរា។ គិ មានកូន៤នាក់ (ប្រុសម្នាក់ ស្រី៣នាក់) ហើយ កូនរបស់ គិ ទាំងអស់មានគ្រួសារអស់ហើយ។

កាលពីក្មេង គិ ចូលរៀនបានថ្នាក់ទី១១ (សង្គមចាស់) នៅសាលាក្នុងភូមិទួលគ្រួស។ គ្រូបង្រៀន គិ ឈ្មោះ ធឿង និង តេង គឺជាទាហានរបស់សម្ដេចព្រះនរោត្ដម សីហនុ ដែលបានបោះទីតាំងការពារនៅក្នុងភូមិទួលគ្រួស ហើយត្រូវបានអង្គភាពចាត់តាំងឲ្យធ្វើជាគ្រូបង្រៀនក្មេងៗនៅក្នុងសាលាភូមិទួលគ្រួស។ មូលហេតុដែល គិ ឈប់រៀនដោយសារតែអាយុច្រើន និងគ្មានអ្នកជួយធ្វើការងារជាមួយម្ដាយ ព្រោះឪពុកបានស្លាប់តាំងពីអាយុ១៣ឆ្នាំ។ បន្ទាប់ពីឈប់រៀនបានប្រហែលកន្លះឆ្នាំ គិ បានសម្រេចចិត្តសុំម្ដាយចូលបួស នៅក្នុងវត្តទួលគ្រួស បាន១១វស្សា។ ដោយសារតែឃើញម្ដាយពិបាកគ្មានអ្នកជួយធ្វើការងារស្រែចម្ការ គិ បានសម្រចចិត្តសឹក ដើម្បីត្រឡប់មកជួយការងាររបស់ម្ដាយវិញ។ នៅឆ្នាំ១៩៦៩ ម្ដាយរបស់ គិ រៀបចំឲ្យ គិ មានគ្រួសារ។ បន្ទាប់ពីរៀបការបានរយៈពេលមួយឆ្នាំ ចាប់ផ្ដើមមានការធ្វើរដ្ឋ​ប្រហារទម្លាក់ សម្ដេចព្រះនរោត្ដម សីហនុ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ដោយឧត្ដមសេនីយ នល់ លន់។ ខណៈពេលនោះនៅតាមស្រុកផ្សេងៗ ចាប់ផ្តើមមានភាពច្របូកច្របល់ ស្រុកខ្លះមានការធ្វើបាតុកម្មទាមទារឲ្យសម្ដេច​ព្រះបាទ នរោត្ដម សីហនុ ឡើងគ្រប់គ្រងប្រទេសវិញ។ ប៉ុន្តែនៅក្នុងភូមិទួលគ្រួស​ ឃុំស្រែតាំងយ៉ មិនមានហេតុការណ៍អ្វីកើតឡើងនោះទេ ប្រជាជននៅតែបន្តប្រកបរបរធ្វើស្រែចម្ការបានធម្មតា។

នៅក្នុងឆ្នាំ ១៩៧២ កងទ័ពខ្មែរក្រហមប្រហែល១០នាក់ បានធ្វើដំណើរចូលមកក្នុងភូមិទួលគ្រួស ហើយកងទ័ពខ្មែរក្រហមបានធ្វើការឃោសនាប្រាប់ឲ្យប្រជាជនដែលជាជនជាតិដើមភាគតិចព័រឲ្យចូលរួមជាមួយចលនាតស៊ូខ្មែរក្រហម។  អ្នកដឹកនាំកងទ័ពខ្មែរក្រហមចូលមកឃោសនាដំបូងឈ្មោះ​ ហូ នឹម និង យ៉ន។  នៅចុងឆ្នាំ១៩៧៤ ហូ នឹម និង យ៉ន បានដឹកនាំកងទ័ពបដិវត្តន៍ខ្មែរក្រហមជាច្រើននាក់ធ្វើដំណើរចូលមកដល់ភូមិទួលគ្រួសម្ដងទៀត និងបានគ្រប់គ្រងភូមិទួលគ្រួសបានទាំងស្រុង។ បន្ទាប់មក ហូនឹម និង យ៉ន ចាប់ផ្ដើមលុបបំបាត់ ទំនៀមទំលាប់ ប្រពៃណីឡើងអ្នកតា និងលុបបំបាត់ភាសារបស់ជនជាតិដើមភាគតិចព័រទាំងអស់។ ខ្មែរក្រហមបានគំរាមថា «បើហ៊ាននិយាយភាសាព័រឲ្យតែខ្មែរក្រហមស្ដាប់ឮនឹងចាប់យកទៅសម្លាប់»។

ក្រោយទទួលបានជ័យជម្នះទៅលើកងទ័ពឧត្ដមសេនីយ លន់ នល់ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥  យ៉ន បានប្រាប់ឲ្យប្រជាជនខំប្រឹងធ្វើស្រែ ដើម្បីចែកស្រូវគ្នាហូប។ ចំណែកការងារផ្សេងៗគឺធ្វើធម្មតាមិនទាន់មានការបង្ខិតបង្ខំឲ្យធ្វើការហួសកម្លាំងនោះទេ។ នៅពាក់កណ្ដាលឆ្នាំ ១៩៧៥ នៅភូមិទួលគ្រួស ចាប់ផ្ដើមបង្កើតសហករណ៍ខ្មែរក្រហម បានប្រាប់ប្រជាជនទាំងអស់ឲ្យប្រមូលស្រូវ អង្ករ និងសម្ភារ​របស់របរ យកមកទុកក្នុងសហករណ៍រួម ដើម្បីហូបរួម និងធ្វើការងាររួមគ្នា។ បន្ទាប់មកទៀត យ៉ន បានបែងចែកឲ្យមានកងកុមារ, កងយុទ្ធជន និងកងមនុស្សចាស់។ សម្រាប់កងកុមារត្រូវបាន  យ៉ន ប្រើឲ្យដើរកាប់ទន្រ្ទានខេត្រ រើសអាចម៌គោ និងកាប់ដីដំបូក ដើម្បីលាយបញ្ជូលគ្នាធ្វើជីចាក់ស្រែ។ រីឯកងយុទ្ធជនត្រូវបាន  យ៉ន ប្រើឲ្យរែកដី និងលើកទំនប់នៅកំពង់ឃ្លោង ស្ថិតក្នុងភូមិទួលគ្រួស។​ ចំណែកកងមនុស្សចាស់ត្រូវបានឲ្យនៅមើលក្មេងតូចៗនៅក្នុងសហករណ៍ ធ្វើទ្រូ និងត្បាញកញ្ជើ ដើម្បីទុកប្រើប្រាស់នៅក្នុងសហករណ៍។ ក្នុងអំឡុងពេលជាមួយគ្នា គិ មានអាយុ៣២ឆ្នាំ ត្រូវបាន​ យ៉ន ជ្រើសរើសឲ្យចូលបម្រើកងទ័ពខ្មែរក្រហម រួចបានបញ្ជូនឲ្យទៅចូលរួមជាមួយកងពលលេខ៤ ដែលតួនាទីការពារព្រំដែនថ្មដា ដែលគ្រប់គ្រងដោយឈ្មោះ ខូយ មានស្រុកកំណើតក្នុងខេត្តបាត់ដំបង។ សម្រាប់ការហូបរបស់ គិ ពេលដែលយាមនៅព្រំដែនថ្មដាគឺ ហូបបានគ្រប់គ្រាន់មិនមានការខ្វះខាតអ្វីទេ។

នៅឆ្នាំ១៩៧៩ កងទ័ពរណៈសិរ្យសាមគ្គីសង្រ្គោះជាតិកម្ពុជាបានសហការណ៍ជាមួយកងទ័ពវៀតណាម បានធ្វើដំណើរតាមផ្លូវលេខជាតិ៥៦​ ចូលមកវាយដល់ព្រំដែនថ្ម។ បន្ទាប់មក ខូយ បានបញ្ជាឲ្យកងទ័ពទាំងអស់ប្រមូលកម្លាំង ដើម្បីចុះមកទប់ទល់ជាមួយកងទ័ពរណៈសិរ្យសាមគ្គីសង្រ្គោះជាតិកម្ពុជា និងកងទ័ពវៀតណាម ដោយសារកងទ័ពទាំងពីរមានកម្លាំងច្រើនមិនអាចទប់ទល់បាន គិ បានទម្លាក់អាវុធចោល រួចរត់ជាមួយប្រពន្ធចេញពីថ្មដាត្រឡប់មកស្រុកកំណើតក្នុងភូមិទួលគ្រួសវិញ។ ចំណែកកងទ័ពខ្មែរក្រហមដទៃទៀតបានរត់គេចខ្លួនចូលទៅរស់នៅក្នុងទឹកដីថៃ។ នៅពេលរត់មកដល់ស្រុកកំណើត គិ​ និងប្រពន្ធបានឃើញប្រជាជនប្រហែល៧គ្រួសារ កំពុងស្នាក់នៅបណ្ដោះអាសន្ននៅក្នុងភូមិទួលគ្រួស។ បន្ទាប់ពីស្នាក់នៅភូមិទួលគ្រួសបានរយៈពេលមួយសប្ដាហ៍ គិ និងប្រពន្ធ ​ត្រូវបានកងទ័ពរណៈសិរ្យសាមគ្គីសង្រ្គោះជាតិកម្ពុជា និងកងទ័ពវៀតណាមកៀរបញ្ជូនឲ្យចុះទៅរស់នៅភូមិព្រែក១ ដែលស្ថិតនៅក្នុងស្រុកភ្នំក្រវ៉ាញ។ ក្រោយពេលចូលមករស់ភូមិព្រែក១ដំបូង កងទ័ពវៀតណាមបានចែកពោតក្រហមឲ្យ គិ និងប្រពន្ធបរិភោគ។ បន្ទាប់ពីរស់នៅភូមិព្រែក១បានកន្លះខែ គិ​ និងប្រពន្ធបានចាប់ដីបន្តិចបន្តួចសម្រាប់សាងសង់ផ្ទះស្នាក់នៅ ធ្វើស្រែ និងដាំបន្លែ​បន្ដិចបន្តួចដើម្បីចិញ្ចឹមជីវិតរស់នៅបន្តទៀត។ នៅពេលទំនេរពីការងារស្រែចម្ការ គិ តែងតែដើរបរបាញ់សត្វដើម្បីយកផ្គត់ផ្គងជីវភាពក្នុងគ្រួសារបន្ថែម។ គិ និងប្រពន្ធរស់នៅភូមិព្រែក១ រហូតដល់សមាហរណកម្ម ទើបឡើងទៅចាប់ដីនៅភូមិកំណើតវិញ។ គិ បាននិយាយបន្តថា នៅពេលដែលធ្វើដំណើរឡើងទៅចាប់ដីនៅស្រុកកំណើតវិញ គិ មានការលំបាកជាខ្លាំង ព្រោះផ្លូវធ្វើដំណើរសម្បូរទៅដោយមីន និងគ្រាប់មិនទាន់ផ្ទុះ។ សម្រាប់ដីភូមិ និងដីស្រែនៅក្នុងភូមិទួលគ្រួស គិ និងប្រពន្ធបានចែកឲ្យកូនៗសម្រាប់បង្កបង្កើនផលនៅទីនោះ។ ចំណែក គិ និងប្រពន្ធបាននាំគ្នាត្រឡប់មកធ្វើស្រែនៅភូមិព្រែក១វិញ ហើយបានបន្តរស់នៅក្នុងភូមិព្រែក១រហូតមកដល់សព្វថ្ងៃ៕

អត្ថបទដោយ ចាន់ ណារិទ្ធ


[1]  មជ្ឈមណ្ឌលផ្សះផ្សាវាលវែងនៃមជ្ឈមណ្ឌលឯកសារកម្ពុជា សម្ភាសន៍ជាមួយ ​ឈ្មោះ សាត គិ  ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin