សូ វ៉ាត៖ នៅតែឆ្ងង់ថា ហេតុអ្វីបានជាខ្មែរក្រហមដឹកនាំឲ្យខ្មែរសម្លាប់ខ្មែរ
សូ វ៉ាត ហៅវង់ អាយុ៥៦ឆ្នាំ រស់នៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ វ៉ាត មានឪពុកឈ្មោះ សូ វ៉ាន និងម្ដាយ ចាន់ ពូ ហើយមានបងប្អូនចំនួន៣នាក់ ក្នុងនោះមានម្នាក់ស្លាប់នៅក្នុងសម័យខ្មែរក្រហម។ ប្រពន្ធរបស់វ៉ាតឈ្មោះ ភោគ សុខន និងមានកូនចំនួន៤នាក់។ វ៉ាត ចូលរៀនដំបូងក្នុងឆ្នាំ១៩៦៩ នៅសាលាបឋមសិក្សាចំបក់។ វ៉ាត ឈប់រៀនបណ្ដោះអាសន្ននៅថ្នាក់ទី១១ ដោយសារតែមានរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ នៅឆ្នាំ១៩៧០។ ក្រោយរដ្ឋប្រហារ នៅក្នុងភូមិចាប់ផ្ដើមមានសង្គ្រាម ហើយប្រជាជនដែលរស់នៅក្នុងភូមិជួបការលំបាកកាន់តែខ្លាំង។ នៅឆ្នាំ១៩៧២ គ្រួសាររបស់វ៉ាត បានភៀសខ្លួនទៅរស់នៅទីក្រុងភ្នំពេញ ដើម្បីគេចពីការប្រយុទ្ធគ្នា។ នៅទីក្រុងភ្នំពេញ វ៉ាត ចូលរៀនបន្តនៅសាលាបឋមសិក្សាសន្សំកុសល រហូតដល់ថ្នាក់ទី៩។
នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ យោធាខ្មែរក្រហមបានចូលកាន់កាប់ទីក្រុងភ្នំពេញ។ វ៉ាត និងប្រជាជនជាច្រើននាក់មានចិត្តសប្បាយរីករាយ ព្រោះគិតថាសង្គ្រាមបានបញ្ចប់ និងបានចេញទៅទទួលកម្មាភិបាលខ្មែរក្រហមនៅតាមផ្លូវ។ ផ្ទុយទៅវិញ ខ្មែរក្រហមបានជម្លៀសប្រជាជនទាំងអស់ចេញពីទីក្រុងភ្នំពេញរយៈពេល៣ថ្ងៃ ដោយលើកហេតុផលថា អាមេរិកកាំងនឹងមកទម្លាក់គ្រាប់បែក។ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ១៩៧៥ គ្រួសារវ៉ាត ត្រូវបានជម្លៀសចេញពីទីក្រុងភ្នំពេញ តាមផ្លូវចំការដូង។ ពេលធ្វើដំណើរ វ៉ាត បានឃើញយោធាខ្មែរក្រហមបង្ខំឲ្យទាហានដោះសម្លៀកបំពាក់ចេញ, យកទ្រព្យសម្បត្តិប្រជាជន និងមានប្រជាជនស្លាប់តាមផ្លូវជាច្រើននាក់។ គ្រួសារវ៉ាត បានចំណាយពេល៤យប់ ក្នុងការធ្វើដំណើរមកដល់ភូមិតានប់។
នៅពេលមកដល់មូលដ្ឋាន អង្គការបានរៀបចំប្រជាជនថ្មីមួយចំនួន ឲ្យស្នាក់នៅជាមួយប្រជាជនមូលដ្ឋាន និងហូបអាហារជាមួយអ្នកមូលដ្ឋាន។ ចំណែកប្រជាជន១៧ មេសា ផ្សេងទៀតដែលអង្គការគិតថាមានទ្រព្យសម្បត្តិច្រើន ឬមិនមានបងប្អូននៅក្នុងភូមិ ត្រូវបញ្ជូនចេញទៅខេត្តបាត់ដំបង និងពោធិ៍សាត់។ ចំពោះគ្រួសារវ៉ាត ដែលជាអ្នកក្រ អាចស្នាក់នៅក្នុងភូមិមួយរយៈពេលខ្លី។ នៅក្នុងភូមិតានប់ វ៉ាត ចូលធ្វើការក្នុងកងកុមារ ដែលត្រូវធ្វើការងាររែកសំណាបឲ្យប្រជាជនស្ទូង និងលើកប្រព័ន្ធភ្លឺ។ ក្រោយមក អង្គការបានបំបែក ប្រជាជនថ្មី និងអ្នកមូលដ្ឋានឲ្យរស់នៅផ្សេងគ្នា ហើយការហូបអាហារក៏មិនបានគ្រប់គ្រាន់ដែរ។
នៅចុងឆ្នាំ១៩៧៥ អង្គការជម្លៀសគ្រួសារវ៉ាត ទៅរស់នៅក្នុងស្រុកព្រៃកប្បាស តំបន់៥៥ ខេត្តតាកែវ។ នៅកន្លែងថ្មី វ៉ាត ធ្វើការងារដូចជា កាប់ទន្ទ្រានខែត្រ, កាប់ដីដំបូក, ធ្វើជី និងពេលយប់រែកទឹកដាក់ក្នុងសហករណ៍ទុកដាំបាយរួម។ នៅពេលដែល វ៉ាត ធំបន្តិច អង្គការចាត់តាំងគាត់ឲ្យទៅដាំដំឡូងនៅភ្នំចំបាប់។ នៅកន្លែងដាំដំឡូង វ៉ាត ត្រូវធ្វើការងារដូចជា កាប់ដើមទន្ទ្រានខែត្រ, ធ្វើជី និងធ្វើរោងដំឡូង។ នៅពេលដែល វ៉ាត ចេញទៅកាប់ដើមទន្ទ្រានខែត្រ ជើងរបស់គាត់បានមុតឬស្សី ហើយក្លាយរហូតដល់ដើរលែងរួច។ អង្គការបានបញ្ជូន វ៉ាត ឲ្យទៅសម្រាកនៅពេទ្យឃុំ ដើម្បីព្យាបាលជើង។ នៅក្នុងមន្ទីរពេទ្យ វ៉ាត ទទួលបានថ្នាំខ្មៅៗហូប ហើយពេទ្យតែងតែយកទឹកអំបិលទៅលាងរបួសឲ្យគាត់ជាប្រចាំរហូតដល់ជាសះ។ ក្នុងអំឡុងពេលព្យាបាល វ៉ាត មានការឈឺចាប់យ៉ាងខ្លាំង រហូតដល់គាត់យំ ស្រែករកម្ដាយឪពុកឲ្យជួយក៏មាន។
ក្រោយមក អង្គការបានប្ដូរ វ៉ាត ឲ្យមករស់នៅក្នុងសហករណ៍អង្គអណ្ដែត។ នៅក្នុងសហករណ៍ វ៉ាត មានតួនាទីជាអ្នករកត្រីដាក់ក្នុងរោងបាយរួម នៅក្នុងវត្តអង្គអណ្ដែត។ ជារៀងរាល់ល្ងាច វ៉ាត និងពូម្នាក់ទៀតត្រូវដើរចម្ងាយប្រមាណ២០គីឡូ ដើម្បីទៅរកត្រីនៅម្ដុំចម្លងគ្រោះ ខេត្តកណ្ដាល។ នៅពេលយប់ វ៉ាត បានប្រើសំណាញ់ ឬមងដើម្បីរកត្រី ហើយពេលព្រឹកឡើងគាត់ត្រូវដើរយកត្រីមកដាក់ក្នុងរោងបាយវិញ។ វ៉ាត បានឲ្យដឹងថា អំឡុងពេលនោះត្រីសម្បូរណាស់ ហើយការហូបអាហាររបស់គាត់ក៏បានគ្រប់គ្រាន់ដែរ។ នៅរដូវប្រាំង អង្គការបានចែកអង្ករច្រើនឲ្យអ្នកទៅរកត្រី យកទៅដាំបាយហូប ជាមួយត្រីដែលខ្លួនរកបាន ហើយនៅរដូវវស្សា អង្ករដែលគាត់ទទួលបានគឺគ្រប់គ្រាន់។
វ៉ាត ធ្វើការងារនៅកន្លែងរកត្រី រហូតដល់របបខ្មែរក្រហមដួលរលំនៅឆ្នាំ១៩៧៩។ បន្ទាប់មក វ៉ាត បានត្រលប់មកស្រុកកំណើតវិញ និងធ្វើស្រែជាមួយឪពុកម្ដាយ។ ក្រោយមកបន្ទាប់ពីសាលារៀនបើកដំណើរការវិញ វ៉ាត បានចូលរៀន និងបានចូលធ្វើការងារនៅឆ្នាំ១៩៨៦ ក្នុងមន្ទីរឧស្សាហកម្ម សិប្បកម្ម ខេត្តតាកែវ។
បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ វ៉ាត បាត់បង់បងម្នាក់ដែលត្រូវអង្គការបញ្ជូនទៅបាត់ដំបង។ នៅបាត់ដំបង បងរបស់វ៉ាត ស្លាប់ដោយសារតែគាត់កើតជំងឺគ្រុនក្ដៅ។ វ៉ាត នៅតែឆ្ងល់ថាហេតុអ្វីបានជាមេដឹកនាំក្នុងសម័យខ្មែរក្រហម ដឹកនាំប្រជាជនខ្មែរឲ្យសម្លាប់គ្នា។ វ៉ាត ចង់សំណូមពរឲ្យថ្នាក់ដឹកនាំបច្ចុប្បន្ន កុំឲ្យយកតម្រាប់តាមការដឹកនាំរបស់ខ្មែរក្រហម។
សម្ភាសដោយ៖ កែប ម៉ៃសុជាតា ថ្ងៃទី២៩ សីហា ២០២១
អត្ថបទដោយ៖ ភា រស្មី ថ្ងៃទី២១ ខែមេសា ២០២៥