សៀក គឹមសឿន៖ ការរៀបការទាំងបង្ខំ

ឆ្នាំ១៩៧៦ ខ្ញុំទទួលបានដំណឹងមុនមួយថ្ងៃប៉ុណ្ណោះ ដោយប្រធានក្រុមប្រាប់ថា ថ្ងៃស្អែកមានកម្មវិធីរៀបការនៅក្នុងក្រុមយើង ហើយប្រាប់ខ្ញុំទៀតថា ត្រូវកាត់សក់ឲ្យបានស្អាតបាត។ ខ្ញុំកាត់សក់ត្រឹមក ស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅ បង់កក្រមាដែលខ្ញុំត្បាញ។ ពេលទៅដល់កន្លែងកម្មវិធី ខ្មែរក្រហមចាប់បង្ខំឲ្យរៀបការជាមួយកូនកំលោះសូម្បីមុខមិនធ្លាប់ជួប។
សៀក គឹមសឿន[1] ភេទស្រី អាយុ ៧៧ឆ្នាំ មានស្រុកកំណើតភូមិកំពង់បឹង ឃុំមៀន ស្រុកអូររាំងឪ ខេត្តកំពង់ចាម បច្ចុប្បន្នរស់នៅភូមិគគីរត្បូង ឃុំគគីរ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ខ្ញុំមានឪពុកឈ្មោះ កាក់ ស៊ីថេង(ស្លាប់អាយុ ៨៦ឆ្នាំដោយសារជំងឺ) ចំណែកម្តាយឈ្មោះ គឹមស៊ន់ (ស្លាប់ដោយជំងឺអាយុ៩៨ឆ្នាំ)។ ខ្ញុំមានបង្អូនចំនួន៨នាក់(ស្រី៦នាក់ )មានប្តីឈ្មោះ ផុន អ៊ួន (ស្លាប់ដោយសារជំងឺ) ខ្ញុំមានកូនចំនួន៣នាក់ (ស្រី១នាក់)។
កាលនៅកុមារភាពខ្ញុំបានចូលរៀននៅសាលារៀនក្នុងវត្តជាមួយក្មេងប្រុស-ស្រីរស់នៅក្នុងភូមិកំពង់បឹង ហើយព្រះសង្ឃជាអ្នកបង្រៀន។ ពេលព្រះសង្ឃឆាន់បាយថ្ងៃត្រង់រួច នៅម៉ោង១រសៀលចាប់ផ្តើមចូលរៀនទាំងអស់គ្នា រហូតដល់ម៉ោង៤ល្ងាចបានចេញទៅផ្ទះ។ ពេលព្រឹកជួយម្តាយឪពុកដឹកក្របីចេញពីក្រោលចងឲ្យស៊ីស្មៅវាលស្រែ។ ពេលដែលចងក្របីរួចរាល់ខ្ញុំទៅដើរលេងនៅក្នុងភូមិ។ ខ្ញុំរៀនបានត្រឹមតែថ្នាក់ទី៣ចាស់ក៏ឈប់រៀន ព្រោះមនុស្សចាស់និយាយថា «ស្រីៗរៀនសូត្រចេះដឹងច្រើន នាំតែចេះសរសេរសំបុត្រស្នេហា»។ ខ្ញុំឈប់រៀនត្រឹមថ្នាក់ទី៣ ប៉ុន្តែអាចអាន និងសរសេរអក្សរបាន។ ខ្ញុំបានឈប់រៀនមកជួយឪពុកម្តាយត្បាញក្រមា ភួយ នៅក្នុងមួយថ្ងៃអាចត្បាញក្រមា២ទៅ៣។ ប្រជាជនក្នុងភូមិស្រីៗភាគច្រើនតែងតែត្បាញក្រមា ភួយ កន្ទេល សម្រាប់យកទៅលក់ គ្រាន់បានប្រាក់សម្រាប់ដោះស្រាយជីវភាពគ្រួសារ។ មានឈ្មួញអ្នកទិញក្រមា កន្ទេល មកទិញដល់ផ្ទះ។
នៅឆ្នាំ១៩៧០ខ្ញុំរស់នៅក្នុងស្រុកអូររាំងឪ មានប្រជាជនចូលរួមធ្វើបាតុកម្មនៅតាមផ្លូវ ភាគច្រើនជាបុរស។ ខ្ញុំបានចូលរួមធ្វើបាតុកម្ម ប៉ុន្តែស្រីៗមួយចំនួនត្រូវបានហាមឃាត់។ ការធ្វើបាតុកម្ម គឺទាមទារសម្តេច នរោត្តម សីហនុ ឲ្យមកដឹកនាំប្រទេសកម្ពុជាវិញ និងឲ្យ លន់ នល់ ចុះចេញពីតំណែង។ ប្រជាជាជននៅក្នុងស្រុកអូររាំងឪ បានទៅធ្វើបាតុកម្មដល់ទន្លេមុខ៤ ទើបនាំគ្នាត្រឡប់មកវិញ។ ប្រជាជនយើងអត់មានកាំភ្លើង គ្រាប់រំសេវ មានតែដំបង កាំបិត គល់ឈើ ចំណែកទាហាន នល់ នល់ មានកាំភ្លើងគ្រប់គ្នា។
អំឡុងពេលធ្វើបាតុម្មក៏មានអ្នករបួសជាង១០នាក់ ជាមនុស្សប្រុស ប៉ុន្តែអត់មានអ្នកស្លាប់ទេ ព្រោះទាហាន លន់ នល់ មិនបានបាញ់សម្លាប់ គ្រាន់តែបាញ់គំរាមគំហែង គ្រាប់កាំភ្លើងទាំងនោះត្រូវជើង ត្រូវដៃប្រជាជនបណ្តាលឲ្យរបួស។ ក្រោយចប់បាតុកម្មមិនបានប៉ុន្មានផង មានយន្តហោះអាមេរិ កាំងមកទម្លាក់គ្រាប់បែកនៅក្នុងប្រទេសកម្ពុជា។
ឆ្នាំ១៩៧០ ខ្ញុំរត់ចេញពីភូមិចូលក្នុងព្រៃ ដើម្បីគេចពីការទម្លាក់គ្រាប់របស់សត្រូវ។ អ្នកភូមិខ្ញុំស្ទើរទាំងអស់បានចាកចោលផ្ទះសំបែង មកនៅក្នុងព្រៃ លាក់ខ្លួនក្នុងរណ្តៅត្រង់សេ និងរស់នៅភូមិផ្សេងទៀត។
ក្នុងឆ្នាំ១៩៧២-១៩៧៣ ការទម្លាក់គ្រាប់មិនទាន់ស្ងាត់ទេ។ ខ្ញុំចាប់ផ្តើមត្បាញក្រមា កន្ទេលភួយ ដើម្បីបានប្រាក់ទិញអង្ករ។ ក្រម៉ាមួយលក់ចេញក្នុងតម្លៃ២ពាន់រៀល ចំណែកភួយមួយលក់៦ពាន់រៀល ពេលធ្វើបានច្រើនយកទៅបោះដុំឲ្យឈ្មួញកណ្តាលលក់បន្ត។ នៅក្នុងឆ្នាំ១៩៧៣ មានការទម្លាក់គ្រាប់បែកនៅតាមភូមិ តាមព្រៃនៅស្រុកអូររាំងឪ ចំណែកផ្ទះខ្ញុំក៏ត្រូវខូចខាត ដោយសារការទម្លាក់គ្រាប់របស់សត្រូវ ប៉ុន្តែអត់មានអ្នកស្លាប់ ព្រោះបានដឹងដំណឹងមុន។ ខ្ញុំឮសំឡេងយន្តហោះនាំគ្នារត់ទៅលាក់ខ្លួននៅក្នុងរណ្តៅត្រង់សេ ឯផ្ទះបាក់បែកគ្មានសល់។ ទ័ពយៀកកុងជាច្រើននាក់ចូលក្នុងភូមិ មិនបានធ្វើបាបប្រជាជនទេ គ្រាន់តែស្នាក់នៅ១ទៅ២យប់ក៏ចេញអស់ពីភូមិចូលទៅនៅក្នុងព្រៃ។ អាមេរិកកាំងមកទម្លាក់គ្រាប់បែកដោយសារតែមានអ្នកស៊ើបការណ៍ឲ្យពួកអាមេរិ កាំង ហើយអ្នកស៊ើបការណ៍ជាប្រជាជនខ្មែរដែលរស់នៅក្នុងភូមិជាមួយគ្នា។ នៅក្នុងភូមិធ្វើតែស្រែ ព្រោះនៅឃុំមៀន មិនមានចម្ការធ្វើទេ។ ទោះបីទៅធ្វើស្រែក៏មិនស្រួលដែលយន្តហោះឆ្លងកាត់ទៅវិញទៅមកពេលឃើញយន្តហោះនាំគ្នាលាក់ខ្លួនរហូតដល់យន្តហោះទៅផុតទើបចេញ។
ដើមឆ្នាំ១៩៧៤ ទាហានអាមេរិ ក និងកងទ័ពយៀកកុងបានចាកចេញពីប្រទេសខ្មែរអស់។ ខ្មែរក្រហមចាប់ផ្តើមចូលមកអុកឡុកក្នុងភូមិ មានកងកម្លាំងស្ទើរគ្រប់ភូមិនៃស្រុកអូររាំងឪ។
ខ្មែរក្រហមចូលកាន់កាប់ ទីក្រុងភ្នំពេញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ ខ្មែរក្រហមចាប់ផ្តើមជម្លៀសប្រជាជនពីទីក្រុងភ្នំពេញឲ្យមករស់នៅតាមភូមិ ទីជនបទ ធ្វើស្រែចម្ការ ។ នៅក្នុងភូមិចាប់ផ្តើមបង្កើតជាសហករណ៍បែងចែកទៅតាមក្រុមផ្សេងៗគ្នាដូចជាកម្លាំងទីមួយជាយុវជនមានកម្លាំងគ្រប់គ្រាន់ កម្លាំងទីពីរមនុស្សចាស់ៗខ្មែរក្រហមឲ្យនៅធ្វើការក្នុងភូមិ និងកម្លាំងទីបីកូនក្មេង ធ្វើជី ដកស្មៅស្រែជាដើម។ ចំណែកទ្រព្យសម្បត្តិត្រូវដាក់ជារួមទាំងអស់ សូម្បីចាន ឆ្នាំង ស្លាបព្រា សត្វគោ ក្របី។ល។
ខ្មែរក្រហមជ្រើសរើសយុវជនឲ្យធ្វើកងទ័ព កងចល័ត ។ ខ្ញុំមានគ្រួសារនៅឆ្នាំ១៩៧៦ អង្គការអ្នកចាត់ចែង ចំណែកប្តីខ្ញុំមិនធ្លាប់បានស្គាល់គ្នាឡើយ។ មុនពេលរៀបការ ខ្មែរក្រហមបានប្រាប់ខ្ញុំមុនតែ១ថ្ងៃប៉ុណ្ណោះ ដោយប្រាប់ថាថ្ងៃស្អែកមានកម្មវិធីរៀបការនៅក្នុងក្រុមយើង ហើយប្រាប់ខ្ញុំទៀតថាត្រូវកាត់សក់ឲ្យបានស្អាតបាត។ ខ្ញុំកាត់សក់ត្រឹមកស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅបង់កក្រមាដែលខ្ញុំត្បាញ។ ពេលទៅដល់កន្លែងកម្មវិធី ខ្មែរក្រហមចាប់បង្ខំឲ្យរៀបការទាំងមិនដែលបានជួបមុខកូនកំលោះសោះ។
ខ្មែរក្រហមចាត់ឲ្យរៀបការចំនួន១០គូ រួមទាំងគូខ្ញុំ។ គ្រួសារម្តាយឪពុកខ្ញុំ និងប្តីមិនបានមកចូលរួមទេ ព្រោះអង្គកាមិនអនុញ្ញាត។ អង្គការបានចាប់ផ្តើម ប្រកាសសមមិត្តជាគូជាមួយគ្នា ត្រូវឡើងទៅមុខម្តងមួយគូៗ ដើម្បីប្តេជ្ញារស់នៅជាមួយអង្គការ។ ខ្ញុំនិងប្តី ឡើងប្តេជ្ញា និយាយតាមពាក្យអង្គការថា ស្មោះស្ម័គ្រជាមួយគ្នា ទោះបីទៅធ្វើជាកងទ័ពបម្រើជាតិបាត់ខ្លួនក៏នៅតែស្រឡាញ់ ស្មោះត្រង់ជាមួយអង្គការជារៀងរហូត។ ចប់កម្មវិធីខ្មែរក្រហមបានឲ្យមកសម្រាកនៅផ្ទះ។ ព្រឹកឡើងខ្ញុំចេញទៅស្ទូង ដកសំណាប ចំណែកគូខ្លះខ្មែរក្រហមចាត់តាំងឲ្យទៅចល័តរយៈពេល១ខែទើបបានមកលេងផ្ទះម្តង។ នៅក្នុងកងចល័តទាល់តែបានទៅធ្វើការទើបខ្មែរក្រហមឲ្យហូបឆ្អែត។ ក្រោយពីរៀបការរួចខ្ញុំលែងបាននៅក្នុងភូមិ ខាងសហករណ៍បានធ្វើជំរំសម្រាប់ឲ្យប្រជាជនទៅធ្វើស្រែស្នាក់នៅ។ ព្រឹកឡើងទៅដកសំណាបរហូតដល់ថ្ងៃត្រង់វាយជួងហូបបាយ។ នៅក្នុងមួយថ្ងៃបានបាយពីរពេលតែប៉ុណ្ណោះ គឺពេលថ្ងៃត្រង់ និងពេលល្ងាច ចំណែកពេលព្រឹកអត់។ ខ្ញុំមានផ្ទៃពោះជិតគ្រប់ខែ ថ្នាក់លើឲ្យឈប់សម្រាករហូតដល់ថ្ងៃឆ្លងទន្លេ។ បន្ទាប់ពីឆ្លងទន្លេបានរយៈពេល២ខែទើបចូលទៅធ្វើការវិញ។ ចំណែកកូនទុកឲ្យចាស់ៗ ជាអ្នកមើលថែក្មេងៗក្នុងភូមិ។ កូនខ្ញុំយំឃ្លានបៅ ខ្ញុំមិនអាចឈប់សម្រាកមុនម៉ោងកំណត់។
នៅចុងឆ្នាំ១៩៧៨ គ្រួសារខ្ញុំត្រូវខ្មែរក្រហមជម្លៀសចេញពីភូមិទៅនៅភូមិស្រែស្ពៃ ឃុំគងជ័យបន្ទាប់មកជម្លៀសទៅនៅភ្នំទែត ចេញពីភ្នំទែតទៅបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។ ខ្ញុំទៅនៅទីនោះមិនបានយូរទេ ព្រោះខ្ញុំឃើញខ្មែរក្រហមសម្លាប់មនុស្សជាច្រើននាក់ដាក់ក្នុងរណ្តៅត្រង់សេ។
ខ្ញុំនៅបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាមបានតែ៣ថ្ងៃកងទ័ពវៀតណាមវាយបែកទីក្រុងភ្នំពេញខ្ញុំនិងគ្រួសារក៏ត្រឡប់មកផ្ទះវិញ។ ខ្ញុំនិងក្រុមគ្រួសារដើរថ្មើរជើងរហូតមកដល់ផ្ទះ ទម្រាំមកដល់ផ្ទះវិញ គឺចំណាយពេលជិតកន្លះខែ។ ធ្វើដំណើរយប់កន្លែងណា ដេកកន្លែងនោះ ព្រឹកឡើងបានចេញដំណើរទៅមុខទៀត ចំណែកអាហារដាក់តាមខ្លួនមករហូត បើអស់អង្ករទៅសុំគេ គេមិនចិត្តអាក្រក់ទេព្រោះគេក៏ដឹងថាយើងអត់មានដូចគ្នា។ ខ្ញុំបានរស់នៅភូមិកំពង់បឹង ស្រុកអូររាំងឪរយៈពេល២ឆ្នាំក៏ចេញពីភូមិកំណើតមករស់នៅស្រុកមេមត់បាន២ឆ្នាំទៀត។
នៅឆ្នាំ១៩៨២ ខ្ញុំនិងគ្រួសារបានមករស់នៅភូមិគគីរត្បូង ឃុំគគីរ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ អំឡុងពេលនោះមានខ្មែរក្រហមមិនទាន់ចេញពីភូមិអស់ មកដំបូងចាប់ផ្តើមឈឺភ្លាម ហើយគ្មានពេទ្យព្យាបាល។ ខ្មែរក្រហមមិនសូវបានចូលក្នុងភូមិទេភាគច្រើនរស់នៅក្នុងព្រៃលាក់ខ្លួនខ្លាចកងឈ្លបបាញ់។ ខ្មែរក្រហមនៅមានកាំភ្លើងកាន់អត់ទាន់បោះចោលកាំភ្លើង។
នៅក្នុងទសវត្សឆ្នាំ១៩៩០ ខ្មែរក្រហមដែលនៅសេះសល់បានចូលសារភាពនៅក្នុងឃុំ និងប្រគល់កាំភ្លើងឲ្យខាងអាជ្ញាធរ ចុះចូលជាមួយរាជរដ្ឋាភិបាល៕
អត្ថបទដោយ ឈុំ រ៉ា
[1] មជ្ឈមណ្ឌលឯកសារកម្ពុជា, គម្រោងការលើកកម្ពស់សិទ្ធិ និងធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសុខភាពអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម, សម្ភាសដោយ វី ស៊ីថា និងអ្នកផ្សេងទៀត ជាមួយ សៀក គឹមសឿន អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម នៅភូមិគគីរត្បូង ឃុំគគីរ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២។