សកម្មភាពចូលបម្រើបដិវត្តន៍

រូបថតក្នុងរបបខ្មែរក្រហម​ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

សកម្មភាពចូលបម្រើបដិវត្តន៍ របស់ សៀង ផុន ហៅផា[1]

អត្ថបទនេះ គឺជា​សេចក្តីសង្ខេបនៃឯកសារចម្លើយសារភាពសរសេរដោយដៃចំនួន២០ទំព័រ របស់​ ​សៀង ផុន ហៅ ផា អតីតអ្នកធ្វើស្រែ។ មុនអង្គការចាប់ខ្លួន ផា គឺ​ជាជំនួយការ វរៈតូច៧០១ កងពលលេខ១៧៤ ភូមិភាគកណ្ដាល។ ​​ ឯកសារចម្លើយសារភាពលេខ J00១០៧ បាន​បង្ហាញអំពីសកម្មភាព ឈ្មោះ ផា ចូលបម្រើ​ក្នុងជួរបដិវត្តន៍ ដោយទទួលផែនការពីឈ្មោះ ​វេង ជាភ្នាក់ងារ សេ.អ៊ី.អា.។ ក្នុងការធ្វើបដិវត្តន៍នេះ ផា ​បាន​ជាប់ពាក់ព័ន្ធ​ជាមួយក្រុមមនុស្សចំនួន៣៤នាក់ ដោយធ្វើផែនការបំផុសយុវជននៅក្នុងអង្គភាពឲ្យរត់ចូលតំបន់ខ្មាំង និងរត់ទៅរស់នៅផ្ទះវិញ ថែមទាំងបំផ្លាញសម្ភាររបស់អង្គការបដិវត្ត​ន៍ទៀតផង។  រហូតមកដល់ថ្ងៃទី០២ ខែតុលា ឆ្នាំ១៩៧៧ ​ ផា ​​ ត្រូវបានអង្គការចាប់ខ្លួន។  ចម្លើយសារភាពនេះ ថែមទាំងបាន​រំលេចនូវហត្ថលេខា ​ ​អ្នកសួរចម្លើយ​ដែលជាកម្មាភិបាលខ្មែរក្រហម​ ក៏ដូចជាមានកាលរិច្ឆេទនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ១៩៧៧។ ​ ​ ខាងក្រោមនេះ ជាសេចក្ខីសង្ខេបចម្លើយសារភាពរបស់ សៀង ផុន ហៅ ផា៖

សៀង ផុន ហៅ ផា ភេទប្រុស អាយុ២៥ឆ្នាំ មានស្រុកកំណើតនៅភូមិខ្សាច់ទប់ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសប់ ខេត្តក្រចេះ តំបន់៤២ ភូមិភាគកណ្ដាល។[2] នៅអាយុ៩ឆ្នាំ ផា បានចូលរៀនថ្នាក់ទី១២ នៅសាលាបឋមសិក្សាល្អៀត។​ ចូលមកដល់​អាយុ ១២ឆ្នាំ ផា រៀនដល់ថ្នាក់ទី១០ ក៏ឈប់រៀន ត្រលប់មកជួយធ្វើស្រែឪពុកម្ដាយនៅភូមិកែង ឃុំជ្រោយបន្ទាយ តំបន់៤២វិញ។ ផា ធ្វើស្រែបានមួយរយៈ ​ក៏​ត្រលប់ទៅរៀនម្ដងទៀត នៅសាលាបឋមសិក្សាភូមិកែង។ រហូតដល់ថ្នាក់ទី៨ ផា បានឈប់រៀន និងមកជួយធ្វើស្រែឪពុកម្ដាយនៅភូមិខ្សាច់ទប់រហូតមក។

នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ១៩៧៣ ផា ចូលធ្វើបដិវត្តន៍ ​និងបានមករស់នៅជាមួយកងទ័ពនៅស្រុកព្រែកប្រសប់។ ​អំឡុងពេលនោះ ​សង្រ្គាមបានកើតមានឡើងនៅខេត្តកំពង់ចាម។ ផា ត្រូវរបួស ​និងបានទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ​ក្នុងភូមិហាន់ជ័យ អស់រយៈពេល១ខែ ​ទើបបានត្រលប់ផ្ទះវិញ។ នៅខែធ្នូ ឆ្នាំ១៩៧៣ អង្គការ​ចាត់​​តាំង​ ផា ឲ្យមករស់នៅក្នុងវរៈតូចលេខ ៤១០ តំបន់ ៤២ នៅភូមិភាគកណ្ដាលនៃខេត្តកំពង់ចាម។ [3] ​ពេលនោះ តាមរយៈ វេង ផា ត្រូវបាន​បញ្ចូលឲ្យធ្វើជាសេ.អ៊ី.អា. ​​ដែលត្រូវបំផុសដល់យុវជន នៅក្នុងអង្គភាព​ឲ្យរត់ចូលតំបន់ខ្មាំង និងចូលបង្កប់ខ្លួនក្នុងសមរភូមិធ្វើឲ្យបែកការ ។ នៅឆ្នាំ១៩៧៤ ផា និងហេង បំផុសយុវជនឲ្យរត់ទៅផ្ទះអស់ចំនួន២នាក់។ លើសពីនេះ វេង បានចាត់តាំង ​អ្នកទាំងពីរឲ្យចាំយាមការពារខ្លួន អំឡុងពេលប្រជុំជាមួយគណៈរវៈតូច និងកងធំ នៅភូមិអំពិលជ្រុំ។  ក្រោយពេលប្រជុំចប់ វេង បាន​ណែនាំ ផា ​ ឲ្យស្គាល់កម្លាំងម្នាក់ទៀត ឈ្មោះ សែ។ បន្ទាប់មក ​ ​វេង បានដាក់ផែនការដល់​អ្នកទាំងនេះឲ្យបំផុសយុវជននៅក្នុងអង្គភាពឲ្យរត់ចូលតំបន់ខ្មាំង ដើម្បីបំផ្លាញសម្ភារបដិវត្ត​ន៍ឲ្យបានច្រើន​ទៀត។ ពេលនោះ​ ផា និង​បក្ខពួក៣នាក់ កសាងកម្លាំងបានចំនួន២នាក់បន្ថែម ដែលជាយុវជននៅតំបន់រវៈតូច ៤០៨ ​នៅភូមិទ្រាល ស្រុកចំការលើ តំបន់៤២។ ក្រោយមក នៅខែមេសា ឆ្នាំ១៩៧៥ ផា បានទៅចូលរួមការប្រជុំ​នៅភូមិគៀនជ្រៃ ​ជាមួយមនុស្ស១១នាក់ ​​បង្ហាញអំពីផែនការសកម្មភាពកម្ទេចរោងចក្រក្នុងខេត្តកំពង់ចាម ​ ​និងបញ្ជូនទ័ពនៅវរៈតូចលេខ ៤០៧ ទៅត្រៀមចាំការពារនៅព្រែកក្ដាម ក្នុងក្រុងកំពង់ចាម ។​​

នៅថ្ងៃ​ទី១៧ ខែមេសា ឆ្នាំ១៩៧៥ តាមរយៈឈ្មោះ រាប ​ ផា ត្រូវបាន​បញ្ជូនឲ្យទៅរស់នៅភូមិផ្នៀង ដើម្បីប្រមូលក្រុមទាហាន នៅវាលវង់ ​និងអប់រំ ឈ្មោះ តុល ​រួមទាំងបក្ខពួកកម្លាំង សេ.អ៊ី.អា. ជាច្រើនបន្ថែមទៀត។ ​លុះស្អែកឡើង ផា ​ប្រមូលទាហាននៅវាលវង់ បានប្រហែលចំនួន៥០នាក់ ក៏បញ្ជូនទៅឲ្យឈ្មោះ ថា នៅវត្តស្នួល ។  ​សកម្មភាពពេលនោះ ផា​ និងបក្ខពួក ប្រមូលយកកាំភ្លើងនៅ​បន្ទាយស៊ុប បានចំនួន៥០ដើម ​យកទៅដុតបំផ្លាញចោលនៅខាងជើងបន្ទាយ ឈឹម យ៉ាន ។  នៅខែមេសា ឆ្នាំ១៩៧៦ ផា បានដាក់ការប្រជុំម្ដងទៀតនៅព្រែកដើមចាន់ ជាមួយមនុស្ស១១នាក់ ​លើកឡើងអំពីការប្រឆាំងនឹងការធ្វើបដិវត្តិន៍នៅទូទាំងប្រទេស ​​ហើយត្រូវធ្វើសកម្មភាពបំផុសបំផុល ​និងកសាងកម្លាំង សេ.អ៊ី.អា. ឲ្យបានច្រើន ​ដើម្បីវាយយកក្រុងកំពង់ចាម ​។  ​​​ ​ជាមួយគ្នានេះដែរ ផា ​ក៏ជួបជាមួយឈ្មោះ ហ៊ុន (មិត្តនារី) នៅភូមិត្រពាំងជ្រៃ និងឈ្មោះ ភឿន មាន​តួនាទីអនុប្រធានឃុំក្រឡ ស្រុកកំពង់សៀម តំបន់៤២ ជាខ្សែបណ្ដាញរបស់ហ៊ុនដែរ។ អ្នកទាំងពី​រ បានធ្វើសកម្មភាពបណ្ដេញប្រជាជន នៅភូមិត្រពាំងត្រស់ ចំនួន៤នាក់ឲ្យរត់ចេញពីភូមិ រួចប្រគល់ទៅឲ្យចោរព្រៃ នៅបឹងធំ។  ក្រោយមក ផា ​ទៅនៅចាំការពារឈ្មោះ សី នៅមន្ទីរស៊ុបកំពង់ចាម។ ​  ហើយ ផា និងយ៉ន ត្រូវបានចាត់តាំងឲ្យនៅចាំបាញ់សម្លាប់ ឈ្មោះ ពក នៅកន្លែងផ្លូវស៊ុបកំពង់ចាមនោះដែរ។ នៅខែមេសា ឆ្នាំ១៩៧៧ អង្គការបានដក ផា ឲ្យត្រលប់មករស់នៅកងវរៈតូច៧០១វិញ។ តាមការដាក់ផែនការពីឈ្មោះ រាប ផា ត្រូវបញ្ជូនឲ្យ​​ចាំការពារនៅរោងចក្រចំការកៅស៊ូ និងចំការអណ្ដូង ដើម្បីលួចកម្ទេចកម្មាភិបាលដែលចេញពីភូមិភាគនិរតី (ភូមិភាគ៤០៥) ​ដែលមកពី​ខេត្តតាកែវ​ និងខេត្តកំពត ។ ​[4]

នៅដើមខែកក្កដា ឆ្នាំ១៩៧៧ ​អង្គការបានផ្លាស់ប្ដូរ ផា ឲ្យទៅរស់នៅអង្គភាព១០៧ វិញ។ រស់នៅទីនោះបានរយៈពេលប្រហែល១០ថ្ងៃ ផា បានចូលរួម​ប្រជុំ​ ​ជាមួយមនុស្ស១៣នាក់ និងទទួលផែនការពីបក្ខពួក​ឲ្យកសាងកម្លាំង សេ.អ៊ី.អា. ​ និងវាយយកក្រុងកំពង់ចាម​។ អ្នកទទួល​កិច្ចការ​នេះ មានចំនួន៤នាក់ ដែលត្រូវអនុវត្តការសម្លាប់ឈ្មោះ ពក និងកម្ទេចកម្លាំងយុវជន នៅតាមក្រសួង ​ ហើយវាយ​យកក្រុងភ្នំពេញទាំងមូល​។ ​​ ក្រោយមកទៀត នៅខែសីហា ឆ្នាំ១៩៧៧ ផា និងបក្ខពួកខ្លួន ចាប់បានចោរព្រៃនៅខាងលិចថ្មពួនបានចំនួន៣នាក់ ហើយនាំទៅសួរចម្លើយទើបដឹងថា ឈ្មោះ ឡុក ​ មានតួនាទីប្រធានភូមិ​ក្ដុល ​ រស់នៅភូមិក្ដុល ឃុំថ្មពួន ស្រុកព្រៃឈរ តំបន់៤១ ​ជាខ្សែបណ្ដាញ សេ.អ៊ី.អា. ដែលផ្ដល់ស្បៀងឧបត្ថម្ភទៅឲ្យចោរព្រៃទាំងនោះ។  ​ ផា និងបក្ខពួក បានជួបជុំគ្នាអស់រយៈពេល៥យប់ ​ហើយនាំយកអង្ករ ១៥គីឡូក្រាម និងមាន់ ទៅប្រគល់ឲ្យឈ្មោះ ឡុក ដើម្បីបញ្ជូនទៅឲ្យប្រជាជន និងចោរព្រៃដែលរស់​នៅព្រៃរូង។  នៅខែ សីហា ឆ្នាំ១៩៧៧ ផា និងឡុក បានជួបគ្នាជាមួយចោរព្រៃឈ្មោះ វិន ហើយទាក់ទងសួរនាំ និងបង្វែងដានកងទ័ព ​ ​ថែមទាំងប្រគល់គ្រាប់កាំភ្លើង ទៅឲ្យ​ចោរព្រៃនោះ ប្រហែល២០០គ្រាប់ទៀតផង។

នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ១៩៧៧ ផា បានទៅប្រជុំនៅសាលារវៈតូចលេខ៧០១ ​ ​ ជាមួយមនុស្ស៤នាក់ ​ ដើម្បីរំឭកអំពីផែនការចាស់ៗ និងដឹកនាំកម្លាំងមួយកងតូច ដើម្បីចាំកម្ទេចកម្លាំងបដិវត្តន៍ មកពី​ភូមិភាគឧត្ដរ (ភូមិភាគ៣០៣) តំបន់៤១ នៅរោងចក្រចំការកៅស៊ូ និងចំការអណ្ដូង​នៅស្រុកព្រែកប្រសប់ ក្នុងខេត្តក្រចេះ​ ។ សកម្មភាពបន្តទៀត ផា ​និង លី បានបំផ្ទុះគ្រាប់បែកនៅក្រុងកំពង់ចាម  ​​ប៉ុន្តែផែនការនេះមិនបានសម្រេច​ឡើយ។ រហូតមកដល់ថ្ងៃទី០២ ខែតុលា ឆ្នាំ១៩៧៧ ផា ត្រូវអង្គការចាប់ខ្លួន និងសួរចម្លើយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ១៩៧៧។

អត្ថបទដោយ៖​ ជីម សុខគា

ឯកសារយោង​

[1] ឯកសារ ​ J 00១០៧ តម្កល់នៅបណ្ណាសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង «សកម្មភាពចូលបម្រើបដិវត្តន៍ របស់សៀង ផុន ហៅផា» ។ បានបង្ហាញអំពីសកម្មភាព ​ ធ្វើផែនការបំផុសយុវជននៅក្នុងអង្គភាពឲ្យរត់ចូលតំបន់ខ្មាំង ដែលទទួលផែនការពីឈ្មោះ ​វេង ជាភ្នាក់ងារ សេ.អ៊ី.អា. ។

[2] ដកស្រង់ចេញពី, សៀវភៅសាក្សីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩), បោះពុម្ពលើកទី២ មជ្ឃមណ្ឌលឯកសារកម្ពុជា ២០២០, បង្ហាញទីតាំងភូមិសាស្ត្រ នៅស្រុកព្រែកប្រសប់ ខេត្តក្រចេះ, ៣៣-៣៤។

[3] ដកស្រង់ចេញពី, សៀវភៅសាក្សីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩), បោះពុម្ពលើកទី២ មជ្ឃមណ្ឌលឯកសារកម្ពុជា ២០២០, បង្ហាញទីតាំងភូមិសាស្ត្រ, ៣៣-៣៤។

[4] ដកស្រង់ចេញពី, សៀវភៅសាក្សីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩), បោះពុម្ពលើកទី២ មជ្ឃមណ្ឌលឯកសារកម្ពុជា ២០២០, បង្ហាញទីតាំងភូមិសាស្ត្រ, ៣៣-៣៤។

 

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin