សៀង ថេន៖ ខ្ញុំមើលថែកុមារក្នុងជំនាន់ខ្មែរក្រហម

សៀង ថេន[1] ភេទស្រី អាយុ៥៨ឆ្នាំ មានស្រុកកំណើតនៅភូមិពាក់បង្អោង ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ។ ថន សព្វថ្ងៃរស់នៅក្នុងភូមិថ្នល់ថ្មី ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ថេន បាននិយាយថា៖ «កាលពីសម័យសង្គមរាស្រ្តនិយម ក្រុមគ្រួសារខ្ញុំប្រកបមុខរបរស្រែចម្ការ។ នៅពេលនោះ ជីវភាពគ្រួសារខ្ញុំជួបប្រទះនូវការខ្វះខាត។ នៅជំនាន់នោះ ខ្ញុំមិនបានទទួលការសិក្សារៀនសូត្រឡើយ ដោយសារប្រទេសកើតមានសង្គ្រាម។ ខ្ញុំរស់នៅជាមួយឪពុកម្ដាយ រហូតដល់ឆ្នាំ១៩៧១ ទើបមានការស្នើសុំខ្ញុំពីឪពុកម្ដាយយកទៅចូលក្នុងកងកុមារាកុមារី។ ការងារដែលខ្ញុំត្រូវធ្វើក្នុងកងកុមារមាន កាប់ទន្ទ្រានខែត្រ រែកដីដំបូក រើសអាចម៍គោ និងធ្វើជាជីទុកសម្រាប់ដាក់ស្រែ។ បន្ទាប់ពីធ្វើបានជាជីហើយ យើងនាំគ្នារែកជីដែលធ្វើបានយកទៅដាក់ក្នុងស្រែ។
នៅក្នុងជំនាន់នោះ កុមារមានគ្នាចំនួន១២នាក់ក្នុងមួយក្រុម សម្រាប់ជួយគ្នាធ្វើការក្នុងក្រុមប្រចាំថ្ងៃ។ កំឡុងពេលធ្វើការសម្បូរក្មេងៗរត់ទៅផ្ទះរកឪពុកម្ដាយច្រើនណាស់ ដោយសារតែក្ដីនឹករឭក។ កុមារាកុមារីមួយចំនួនដែលបានលួចទៅ ត្រូវប្រធានកងកុមារចាប់បាន ហើយដាក់វិន័យឲ្យកុមារទាំងនោះរែកដីតែម្នាក់ឯង ដើម្បីជាការព្រមានកុំឲ្យអ្នកដទៃយកគំរូតាម។
ចំណែកឯខ្ញុំ ក្នុងមួយខែសុំប្រធានសហករណ៍ទៅសួរសុខទុក្ខឪពុកម្ដាយបានចំនួន២ដង។ ជារៀងរាល់ថ្ងៃ បន្ទាប់ពីធ្វើការងារហើយកុមារអាចទៅរៀនអក្សរបានរយៈពេលមួយម៉ោង ជាមួយគ្រូបង្រៀននៅក្នុងសហករណ៍។ គ្រូបង្រៀនខ្ញុំជំនាន់នោះឈ្មោះ យាយយ៉ាន មានតួនាទីជាប្រធានកងកុមារមួយរូបផងដែរ។ ក្រោយពីរៀនអក្សររួច កុមារទាំងអស់ត្រូវទៅបំពេញកិច្ចការដែលប្រធានបានដាក់ឲ្យធ្វើតាមក្រុមនីមួយៗ រហូតដល់ថ្ងៃត្រង់ទើបបានឈប់សម្រាកទៅហូបបបរ។ ចំពោះការហូបចុក មានការខ្វះខាតខ្លាំង ព្រោះតាំងពីរស់នៅក្នុងកងកុមារហូបតែបបរ យូរៗទើបបានហូបបាយម្ដង ខ្ញុំហូបមិនដែលបានឆ្អែតទាល់តែសោះ។
បន្ទាប់មកទៀត កុមារដែលមានវ័យជំទង់ ត្រូវដកកម្លាំងឲ្យទៅមើលថែកូនក្មេងតូចៗម្ដង។ កាលណោះខ្ញុំមានមាឌធំបន្តិចហើយ ប្រធានកងកុមារក៏ឲ្យខ្ញុំទៅមើលក្មេងៗតូចៗចំនួន៣នាក់ ឲ្យបញ្ចុកបាយ បបរ ដាក់ឲ្យដេកចាំម្ដាយមកពីច្រូតស្រូវវិញទើបខ្ញុំបានសម្រាក។ ការធ្វើបែបនេះ គឺដើម្បីឲ្យកម្លាំងមីងៗជាម្ដាយក្មេងទៅធ្វើការច្រូតកាត់ស្រូវដោយរលូន មិនចាំបាច់បារម្មណ៍ពីកូននៅឯផ្ទះនោះទេ។ ការងារមើលថែក្មេងៗនេះ សម្រាប់ខ្ញុំមានការលំបាកខ្លាំងដោយសារមើលរហូតទៅដល់បីនាក់ ដែលធ្វើឲ្យខ្ញុំគ្មានពេលឈប់សម្រាកនោះទេ។ ជំនាន់នោះ ប្រសិនបើយើងមើលក្មេងមិនបានល្អ ត្រូវបានប្រធានកងយកទៅណែនាំនៅក្នុងអង្គប្រជុំទៀតផង ហេតុដូចនេះហើយអ្នកដែលមានកាត្វកិច្ចមើលថែក្មេងៗទាំងអស់ត្រូវតែសកម្មនឹងការងារ។ ខ្ញុំបន្តនៅមើលថែក្មេងៗ បានរយៈពេលពីរខែ កងទ័ពស្ម័គ្រចិត្តវៀតណាម រួមទាំងកងកម្លាំងរដ្ឋាភិបាលកម្ពុជា បានចូលមករំដោះប្រជាជនចេញពីរបបខ្មែរក្រហម។
បន្ទាប់មកម្ដាយរបស់ក្មេងៗដែលខ្ញុំមើលថែ បានមកយកកូនពីខ្ញុំហើយរត់ចេញពីសហករណ៍ ហើយប្រាប់ឲ្យខ្ញុំរត់ទៅរកឪពុកម្ដាយនៅឯផ្ទះ។ ភ្លាមៗនោះខ្ញុំក៏បានរត់ទៅរកឪពុកម្ដាយរបស់ខ្ញុំ។ ក្រោយពីបានជួបគ្នាហើយ ម្ដាយខ្ញុំក៏នាំខ្ញុំរត់ទៅតាមប្រជាជនដទៃទៀតចូលព្រៃដែលមានកងទ័ពរបស់ ប៉ុល ពត ជាអ្នកអមដំណើរ។ កាលណោះ កងទ័ព ប៉ុល ពត មិនឲ្យត្រឡប់ក្រោយនោះទេ បញ្ជាឲ្យប្រជាជនធ្វើដំណើរទៅមុខបន្ត បើមាននណាម្នាក់ហ៊ានជំទាស់ហ្នឹងបាញ់សម្លាប់ចោលភ្លាម។
កងទ័ព ប៉ុល ពត បានប្រាប់ឲ្យ គ្រួសារខ្ញុំ រួមទាំងប្រជាជនទាំងអស់ធ្វើដំណើរតាមផ្លូវថ្នល់ជាតិលេខ២ និងលេខ៣ឆ្ពោះទៅទិសខាងលិចរហូតទៅដល់ភ្នំមួយឈ្មោះថា ភ្នំលះបង់។ ភ្នំលះបង់គឺជាភ្នំមួយដែលមានប្រជាជនស្លាប់ជាច្រើននាក់ មូលហេតុដោយសារតែនៅពេលប្រជាជនធ្វើដំណើរទៅដល់ទីនោះត្រូវលះបង់ចោលឪពុកម្ដាយមានវ័យចាស់ជរា អ្នកឈឺដើរមិនរួច ព្រមទាំងអ្នកសរសៃខ្ចី ដែលឡើងភ្នំមិនរួចត្រូវលះបង់ទុកចោលទាំងអស់។ ខ្ញុំនិងគ្រួសារមិនទាន់បានឡើងភ្នំនៅឡើយទេ ក៏មានអ៊ំម្នាក់មកប្រាប់ថាឲ្យគ្រួសារខ្ញុំគេចទៅទិញខាងកើតវិញ បើបន្តដំណើរទៅមុខទៀតប្រាកដជាស្លាប់។
ក្រោយមកទៀតក៏មានកងកម្លាំងរដ្ឋាភិបាលកម្ពុជា បានប្រាប់ថាឲ្យប្រជាជនធ្វើដំណើរត្រឡប់ទៅក្រោយវិញ ដើម្បីចូលទៅរស់នៅក្នុងស្រុកភូមិកំណើតវិញ ព្រោះមានការរំដោះចេញពីរបបខ្មែរក្រហមររួចហើយ ប្រជាជនលែងរស់នៅជួបការភ័យខ្លាចដូចមុនទៀត។ ខ្ញុំ រួមទាំងគ្រួសារ បានសម្រេចចិត្តធ្វើដំណើរត្រឡប់ទៅស្រុកកំណើតវិញ។ នៅពេលដែលខ្ញុំបានទៅដល់ភូមិកំណើត ខ្ញុំបានឃើញមានសុទ្ធតែកងទ័ពវៀតណាម ប៉ុន្តែកងទ័ពវៀតណាមមិនធ្វើអ្វីយើងទេ ថែមទាំងប្រាប់ថាសូមប្រជាជនរស់នៅតាមផ្ទះសម្បែងរបស់ខ្លួនវិញ។ ចាប់តាំងពីពេលនោះមកខ្ញុំ ក៏បានរស់នៅសុខសាន្តជួបជុំគ្រួសារនៅស្រុកកំណើតរហូតមក»៕
អត្ថបទដោយ សួត វិចិត្រ
[1] សួត វិចិត្រ សម្ភាសន៍ជាមួយ សៀង ថេន នៅក្នុងភូមិថ្នល់ថ្មី ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នៅឆ្នាំ២០២៤