ថ្នាំមួយគ្រាប់ លេបគ្រប់ជំងឺទាំងអស់
(ក្រចេះ)៖ សែម ធី មានអាយុ៥៩ឆ្នាំ មានស្រុកកំណើតនៅភូមិព្រីង ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ សព្វថ្ងៃគាត់រស់នៅភូមិឃុំដដែល។
គាត់បានរៀបរាប់អំពីរឿងរ៉ាវ ដែលគាត់បានឆ្លងកាត់ក្នុងរបបខ្មែរក្រហម។ នៅក្នុងរបបនោះអង្គការគ្មានប្រើឲ្យប្រជាជនធ្វើការងារអ្វីក្រៅតែពីការរែកដី ជីកព្រែក លើកទំនប់ លើកភ្លឺស្រែ និងធ្វើស្រែចម្ការ។ អង្គការប្រើឲ្យប្រជាជនធ្វើការសឹងតែគ្មានពេលសម្រាក។ ម៉ោង៥-៦ព្រឹកប្រជាជនត្រូវចេញទៅធ្វើការរហូតដល់ម៉ោង១២ថ្ងៃត្រង់ទើបបានសម្រាកហូបអាហារថ្ងៃត្រង់។ ហូបអាហាររួចមិនទាន់បានស្រួលផងត្រូវចេញទៅធ្វើការបន្តទៀត។
នៅក្នុងជំនាន់នោះគាត់បានចូលធ្វើការនៅក្នុងកងចល័ត មានអាយុប្រហែល១៧ឆ្នាំ អង្គការបានប្រើឲ្យគាត់រែកដី ជីកព្រែក និងធ្វើស្រែនៅជិតភ្នំបុរី។ គាត់បាននិយាយថា គាត់ហូបអាហារមិនដែលបានឆ្អែតគ្រប់គ្រាន់ទេ គឺហូបតែបបរលាយជាមួយសម្លម្ជូរត្រកួន-ព្រលឹត និងសម្លម្ជូរដើមចេក។
សម្រាប់របបអាហារគឺបានត្រឹមតែបបរម្នាក់មួយចានប៉ុណ្ណោះ និងមិនមានការផ្ដល់ជូនបន្ថែម បើទោះជាហូបមិនទាន់ឆ្អែតក៏ដោយ។ ប្រជាជនទាំងអស់បានខិតខំធ្វើការងារព្រោះខ្លាចអង្គការធ្វើទារុណកម្ម ឬយកទៅសម្លាប់ចោល ដោយសារតែនៅក្នុងពេលនោះអង្គការតែងតែធ្វើបាបប្រជាជនណាដែលធ្វើការយឺតយ៉ាវ។
ខ្មែរក្រហមមិនអនុញ្ញាតឲ្យប្រជាជនបានសិក្សារៀនសូត្រនោះទេ។ អ្នកដែលបានរៀនគឺមានតែក្មេងតូចៗ ហើយអង្គការបង្រៀនតែអក្សរបន្តិចបន្តួច និងបង្រៀនឲ្យស្មោះត្រង់ជាមួយនឹងអង្គការ ព្រោះអង្គការជាឪពុកជាម្ដាយ។ វត្តអារាមត្រូវបំផ្លាញ លោកសង្ឃត្រូវចាប់ផ្សឹក។ នៅពេលមានជំងឺមិនមានថ្នាំគ្រប់គ្រាន់សម្រាប់ការព្យាបាលទេ គឺមានត្រឹមតែថ្នាំអាចម៍ទន្សាយមួយគ្រាប់ឲ្យលេបគ្រប់ស្ថានភាពជំងឺ។
ធី បានប្រាប់បន្ថែមថា គាត់មានពូរបស់គាត់ម្នាក់ត្រូវខ្មែរក្រហមចាប់យកទៅសម្លាប់ចោលដោយសារតែពូរបស់គាត់គឺជាប្រជាជនដែលជម្លៀសពីភ្នំពេញ និងជាទាហាននៅក្នុងរបប លន់ នល់។ របបខ្មែរក្រហមឈានជិតដល់ពេលបញ្ចប់ គាត់បានឮស្នូរបាញ់រវាងកងទ័ពខ្មែរក្រហម និងកងទ័ពវៀតណាម។
គាត់ និងប្រជាជនផ្សេងទៀតបានភៀសខ្លួនចេញពីកន្លែងធ្វើការតាមជើងភ្នំបុរី រហូតទៅដល់ភូមិទួលសាំង។ ទៅដល់ទីនោះគាត់មិនបានឃើញមានប្រជាជននៅទីនោះឡើយ។ គាត់បានចេញទៅបន្តទៀតតម្រង់ទៅកាន់ផ្ទះរបស់គាត់។ ពេលគាត់ទៅដល់ផ្ទះមិនឃើញមានសមាជិកគ្រួសារនៅផ្ទះ។
គាត់បានបន្តដំណើរទៅកាន់ភូមិសមរលាវ ហើយបានជួបយាយតា និងបងប្អូនសាច់ញាតិរបស់គាត់នៅទីនោះ ស្នាក់នៅទីនោះបានពីរយប់ ទើបគាត់និងគ្រួសារបានត្រឡប់មកកាន់ភូមិវិញ។ បន្ទាប់ពីត្រឡប់មកកាន់ភូមិមិនបានប៉ុន្មាន គាត់ត្រូវរត់ចេញពីផ្ទះ ព្រោះការប្រយុទ្ធគ្នារវាងកងទ័ពខ្មែរក្រហម និងកងទ័ពវៀតណាម មិនទាន់បានបញ្ចប់។
គាត់ និងគ្រួសារបានរត់ភៀសខ្លួនទៅកាន់ភ្នំស្រង់។ នៅពេលមួយកងទ័ពវៀតណាមបានចូលទៅដល់តំបន់ដែល ធី បានរស់នៅ។ កងទ័ពវៀតណាមបានឆែកឆេរតំបន់នោះ ព្រោះខ្លាចមានកងទ័ពខ្មែរក្រហម។ បន្ទាប់ពីឆែករួចរាល់មិនឃើញមានកងទ័ពខ្មែរក្រហម កងទ័ពវៀតណាមបានធ្វើសំបុត្រឲ្យប្រជាជនដែលស្នាក់នៅតំបន់នោះវិលទៅផ្ទះរៀងៗខ្លួន៕
សម្ភាសន៍ដោយ ផន ហេងលី នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣
អត្ថបទដោយ នេន ស្រីមុំ