វេជ្ជបណ្ឌិតនៅពេទ្យរុស្សី

ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា
ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា (រូបតំណាង)

សៀង​ ហឺ[1]​ ភេទ​ប្រុស​ អាយុ៣៧ឆ្នាំ​​ មាន​ទី​កន្លែង​កំណើត​នៅភូមិ​កំពង់​ព្រះ​ ឃុំ​កំពង់​ព្រះ​ ស្រុក​សង្កែ​ ខេត្ត​បាត​ដំបង​។ ពីឆ្នាំ​១៩៤៨ ដល់ឆ្នាំ១៩៥៣ ហឺ​ បាន​ចូល​រៀន​នៅ​បឋម​សិក្សា​កំពង់​ព្រះ​។​ ហឺ ក៏បានផ្លាស់​​​មក​រៀននៅ​អនុ​វិទ្យាល័យ​បាត់​ដំបង​រហូត​ដល់​ឆ្នាំ​១៩៥៩ ទើបផ្លាស់ទៅរៀននៅវិទ្យាល័យស៊ីសុវត្ថិក្នុងក្រុងភ្នំពេញ។​ នៅ​ឆ្នាំ​១៩៦០​ ហឺ ​បាន​ទៅ​រៀន​ពេទ្យ​នៅ​ មហា​វិទ្យា​ល័យ​ វេជ្ជ​​សាស្រ្ត​(ភ្នំ​ពេញ)​។​ រហូត​ដល់​ឆ្នាំ​១៩៦១​ ហឺ បាន​ចូល​នៅ​ក្នុង​សមាគមន៍​ និស្សិត​ពេទ្យ​ ដោយ​មាន​ឈ្មោះ​ ហែម បូរី​ ជាប្រធាន​។ នៅ​ក្នុង​​​សមាគមន៍​នេះ​ ហឺ​ បាន​ចូល​ សេ​.អ៊ី.​អា តាម​រយៈ ហែម​ បូរី​ ហើយ​អ្នក​ទទួល​ស្គាល់​ជា​ជន​ជាតិ​បារាំង​ឈ្មោះ​ សៀ​ រ៉ូ​ ជា​នាយក​មហា​វិទ្យា​ល័យ​វេជ្ជសាស្រ្ត​។​ ចំណែក​ឯ​ខ្សែ​ទំនាក់​ទំនង​របស់​ ហឺ​ ពេល​នោះ​មាន​ឈ្មោះ​ ចំ រួម​ និង​បា ផេង​ ស្គាល់​គ្នា​តាម​រយៈ​ ហែម​ បូរី​។

ការ​ចូល​ខ្សែ​ សេ.​អ៊ី​.អា​ មាន​ភារកិច្ច​ទី​មួយ​គឺ​ ឃោសនា​បំផុសនិស្សិត​ពេទ្យ​ និង​ប្រជាជន​មិន​ឲ្យ​ចូល​​រួម​​ជា​មួយ​ខ្មែរ​ក្រហម​។​ ទីពីរ​ កសាង​កម្លាំង​ សេ.​អ៊ី​.អា​ ក្នុង​ចំណោម​និស្សិត​ពេទ្យ​។ ទី​បី ​តាម​ដាន​ខ្មែរ​ក្រហម​ ក្នុង​ចំណោម​និស្សិត​ពេទ្យ​ និង​ប្រជាជន​​។ រហូត​ដល់​ឆ្នាំ​១៩៦៣​ ហឺ​ បាន​នាំ ​ចំ រួម​ ទៅ​ទំនាក់​ទំនង​ជា​មួយ​ បា ផេង​ ជា​និស្សិត​វិស្វករ​ សាធារណការ​ ដើម្បី​ទាក់​ទង​ធ្វើ​សកម្ម​ភាព​តាម​ដាន​ខ្មែរ​ក្រហម​ និង​បន្ត​ការ​​កសាង​កម្លាំង​ សេ.​អ៊ី​.អា​។ ក្នុង​សកម្ម​ភាព​របស់​ ហឺ​, ឆែម និង ចំ រួម​ កសាង​កម្លាំង​បាន​នៅ​ក្នុង​ចំណោម​និស្សិត​ពេទ្យ​ដូច​គ្នា​បាន​ចំនួន​៦នាក់​។ ចំណែក​ឯ​សកម្ម​ភាព​តាម​ដាន​ខ្មែរ​ក្រហម​ នៅ​តាម​​វិទ្យា​ល័យ​គរុ​កោសល្យ​ បាន​ចំនួន​៥​នាក់​ ដោយ​បាន​រាយ​ការណ៍​ទៅ​ឲ្យ​ ហែម​ បូរី​​។​

នៅ​ឆ្នាំ​១៩៧១​ នៅ​ពេល​ ហឺ​ ប្រឡង​ជាប់​ជា​វេជ្ជ​​បណ្ឌិត​ ហឺ ​បាន​ចេញ​ទៅ​ធ្វើ​ការ​នៅ​ពេទ្យ​សុធាវង់​ ខាង​ផ្នែក​ជំងឺ​ស្បែក​។​ នៅ​ពេល​នោះ ហឺ​ បាន​ដាច់​ការ​ទាក់​ទង​ជា​មួយឈ្មោះ​​ ឆែម​ និង ចំ រួម​ ដោយ​ឈ្មោះ​នេះ​បាន​ទៅ​ស្រុក​បារាំង​ ឯ​ការ​ទំនាក់​ទំនង​របស់​ហឺ​ គឺ​បន្ត​ជាប់​ជា​មួយ​ ហែម​ បូរី​។ សកម្ម​ភាព​របស់​ ហឺ​ នៅ​ក្នុង​ពេទ្យ​សុធាវង់​ គឺ​ទាក់​ទង​កសាង​កម្លាំង​ តាម​ផែន​ការ​របស់​ ហែម បូរី​ គឺ​កសាង​​កម្លាំង​បន្ថែម​បាន​ចំនួន​៤​នាក់​។ បន្ទាប់​ពី​កសាង​កម្លាំង​បាន​ហើយ​ ក៏​បន្ត​ដាក់ផែន​ការ​ឲ្យ​ ឃោសនា​បំផុស​ប្រជាជន​ឲ្យ​ប្រឆាំង​បដិវត្តន៍តាម​រយៈ​ប្រជាជន​ដែល​មក​ទទួល​ការ​ពិនិត្យ​ជំងឺ​។ ក្នុង​ឆ្នាំ​១៩៧៣​ ហែម​ បូរី​ បាន​នាំ​ ហឺ​ ទៅ​ទាក់ទងស្គាល់គ្នា​ជា​មួយ​ឈ្មោះ​ ហ៊ីង​ តុង​ហោ​ ជា​វេជ្ជ​​បណ្ឌិត​ នៅ​ពេទ្យ​រុស្សី​ ព្រោះ ហែម​ បូរី​ បាន​ចេញ​ទៅ​ស្រុក​បារាំង​។ ក្រោយ​មក​ ហឺ​ បាន​ផ្លាស់​ទៅ​នៅ​ពេទ្យ​រុស្សី​ បាន​ជួប​ខ្សែ​របស់​ខ្លួន​ឈ្មោះ​ កែវ សំបាត់​ ដោយ​បាន​ទទួល​ផែន​ការ​ ពី​ហ៊ីង​ តុង​ហោ​ អំពី​សកម្ម​ភាព​ កសាង​កម្លាំង​នៅ​ក្នុង​មន្ទីរ​ពេទ្យ​រុស្សី​បន្ត​។ អំឡុង​ពេល​នោះ​ ហឺ​ កសាង​កម្លាំង​បន្ថែម​បាន​ចំនួន​៥​នាក់​។ ពេល​អប់​រំ​បាន​ហើយ​ ហឺ​ បាន​ដាក់​ផែន​ការឲ្យ​អនុវត្ត​ដូច​មុនគឺ​​ កសាង​កម្លាំង​ សេ​.អ៊ី​.អា​ ដើម្បី​តាម​ដាន​ខ្មែរ​ក្រហម​ក្នុង​ចំណោម​ប្រជាជន​ សិស្ស​ និង​គ្រូ​ រហូត​មក​ដល់​ក្រោយ​រំដោះ​ភ្នំ​ពេញ​។​

នៅ​ថ្ងៃ​ទី​១៧​ មេ​សា​ ឆ្នាំ​១៩៧៥​ ហឺ​ បាន​ដាច់​ខ្សែ​សេ​.អ៊ី​.អា​ ទាំង​អស់​ដោយ​សារ​មាន​ការ​ជម្លៀស​ប្រជាជន​ចេញ​ពី​ទី​ក្រុង​ភ្នំ​ពេញ​។ ​ ហឺ​ ត្រូវ​បាន​ជម្លៀស​ចេញ​មក​នៅ​ក្រុង​តាខ្មៅ​ ក្នុង​ខេត្ត​កណ្ដាល​ វិញ​។ កំឡុង​ពេល​នោះ ហឺ​ មិន​បានធ្វើ​ទំនាក់​ទំនង​ជា​មួយ​ខ្សែ​ខ្លួន​ទៀត​នោះ​ទេ​ ព្រោះបាន​បែកខ្ញែក​គ្នា​អស់​ហើយ​។​ រហូត​ដល់​ខែ​កញ្ញា​ ឆ្នាំ​១៩៧៥​ អង្គ​ការ​បាន​ជម្លៀស​ ហឺ​ ឲ្យ​ទៅ​នៅ​ភូមិ​ពង្រ ឃុំ​ប៉ោយ​ចារ្យ​ ស្រុក​ភ្នំ​ស្រុក​ តំបន់​៥​។​ ហឺ​ រស់​នៅ​ក្នុង​ភូមិ​ពង្រ​ ​រហូត​ដល់​ខែ​ធ្នូ​ ឆ្នាំ​១៩៧៥​ ទើបអង្គ​ការ​​បញ្ជូន​ឲ្យ​ទៅ​រៀនវគ្គ​នយោ​បាយ​នៅ​ស្រុក​ភ្នំ​ស្រុក​។ ក្នុង​ការ​រៀន​នេះ​ អង្គ​ការ​បាន​ប្រមូល​ខាង​ រដ្ឋ​ការ​ និង​បញ្ញាវន្ត​ ទៅ​រៀន​ចំនួន​៣​ថ្ងៃ​ ក៏​បញ្ជូន​អ្នក​ទាំង​អស់​នោះ​មក​ដាក់​កន្លែង​ឃុំ​ឃាំង​។ អំឡុង​ពេល​នោះ​ ហឺ​ ក៏​បាន​ជួប​ជា​មួយ​ខ្សែ​របស់​ខ្លួន​ឈ្មោះ​ កែវ​ សំបាត់​ ក៏​បាន​នាំ​គ្នា​ទំនាក់​ទំនង​រក​ខ្សែ​ចំនួន​៨នាក់​ផ្សេង​ទៀត​។​ ហឺ​ ក៏​បាន​ដាក់ផែន​ការ​ឲ្យ​អ្នក​ទាំង​នោះ​អនុវត្ត​ កសាង​កម្លាំង​ ដើម្បី​បន្ត​ធ្វើ​សកម្ម​ភាព​ពេល​អង្គ​ការ​ដោះ​លែង​។

នៅ​ខែ​មេសា​ ឆ្នាំ​១៩៧៦ អង្គ​ការ​បាន​យក​អ្នក​ដែល​បាន​ទៅ​រៀន​ចំនួន​៣​ថ្ងៃ​ឲ្យ​ទៅ​នៅ​ក្នុង​ឃុំ​តាម៉ឺន​ ស្រុក​សង្កែ​ តំបន់​៣​។ កាល​ណោះ​ អង្គ​ការ​ចាត់​ចែក​ឲ្យ​នៅ​តាម​ភូមិ​ តាម​កង​ផ្សេងៗ​ពី​គ្នា​។ ចំពោះ​ ហឺ​ នៅ​កងតូច​លេខ​១២​ ផ្នែក​ដាំ​បន្លែ​។​ អំឡុង​ពេល​នោះ​ ហឺ​ នៅ​តែ​បន្ត​ការ​ទំនាក់​ទំនង​រក​ខ្សែ​ និង​កសាង​កម្លាំង​បន្ថែម​។​ នៅ​ចន្លោះ​ខែ​មិថុនា និង​ខែ​កក្កដា​ ឆ្នាំ​១៩៧៦​ ហឺ​ មាន​ទំនាក់​ទំនង​ជា​មួយ​ឈ្មោះ​ លី​ អតីត​គ្រូ​បង្រៀន​នៅ​ក្នុង​ភូមិ​ប៉ោយ​សំរោង​។ ក្នុង​ការ​ទំនាក់​ទំនង​ដំបូង​ ឈ្មោះ ​លី​ បាន​មក​រក ​ហឺ​ សួរ​រឿង​ថ្នាំ​ និង​ជំងឺ។​ រហូត​ដល់​ទុក​ចិត្ត​គ្នា​ លី​ ក៏​បាន​ប្រាប់​អំពី​កង​ទ័ព​នៅ​ក្នុង​ព្រៃ​រនាម​ក្រោម​ ដែល​មាន​ពាក់​សញ្ញា​ពស់​វែក​ ដោយ​មាន​ ឡឹក​ សំអឿន​ សក្តិ៥​ ជា​អ្នក​ដឹក​នាំ​កម្លាំង​ចំនួន​៥០០​នាក់​ នៅ​មួយ​ជួរ​ទន្លេ​សាប​តំបន់​៣​។

នៅ​ខែ​មករា​ ឆ្នាំ​១៩៧៧​ លី​ បាន​ហៅ​ ហឺ​ ទៅ​ប្រជុំ​ទទួល​ផែន​ការ​ពី​ឈ្មោះ​ ម៉ាក់​ ប្រធាន​សហករណ៍​ភូមិ​ប៉ោយ​សំរោង​ ឃុំ​តាម៉ឺន​។​ កាល​ណោះ​ ប្រជុំ​នៅ​ក្នុង​វិហារ​វត្ត​ប៉ោយ​សំរោង​ អ្នក​ដែល​ចូល​រួម​មាន​គ្នា​ចំនួន​៥​នាក់​។ ខ្លឹម​សារ​ប្រជុំ​គឺ​ការ​ចែក​ភារកិច្ច​ឲ្យ​គ្នា​ដោយ​មាន​អ្នក​ខ្លះ​នៅ​ខាង​ ផ្នែក​កសាង​កម្លាំង​ប្រជាជន​ និង​បំផ្លាញ​សម្ភារ​កសិកម្ម​, ការ​លួច​ស្បៀង​មាន​ឈ្មោះ​(លី​, ភឿ​, គឿត​ និង ហឺ)​ ឃោសនា​បំផុស​ប្រជាជន​ពី​របប​ចាស់​ និង​លួច​ស្បៀង​ ដោយ​មាន​ឈ្មោះ​ គឿត​ ជា​អ្នក​ទទួល​ខុស​ត្រូវ​។​ ផ្នែក​យក​ស្បៀង​ទៅ​ក្នុង​ព្រៃ​មាន​ឈ្មោះ​ (ភ្លែក​, ទៀង​ និង គៀល​)។ ពេល​ចេញ​ពី​ប្រជុំ​វិញ​ ហឺ​ និង​ សាន​ បាន​យក​ផ្លែ​ត្រឡាច​ចំនួន​៦០​ផ្លែ​ និង​ល្ពៅ​ចំនួន​៥០​ផ្លែ​ទៅ​ឲ្យ​ គៀល​ ដោយ​យក​កុហក​ថា​យក​ទៅ​ឲ្យ​ខាង​សេដ្ឋ​កិច្ច​ ដើម្បី​លាក់​ការ​មិន​ឲ្យ​ប្រជាជន​ដឹង​ថា​បញ្ចេញ​ទៅ​ឲ្យ​ក្រុម​ចោរ​នៅ​ក្នុង​ព្រៃ​។ ក្រោយ​មក​ទៀត​ ហឺ​ រួម​ទាំង​ សា​ន​, ប៉ូញ​ និង សឿង​ បាន​លួច​យក​អង្ករ​ក្នុង​កង​តូចលេខ​១២​ចំនួន​២​បាវ​ និង​អំបិល​ចំនួន​៣០​គីឡូ​ ទៅ​ឲ្យ​ឈ្មោះ​ ភឿ​ ដើម្បី​បញ្ចេញ​ឲ្យ​ក្រុម​ចោរ​ព្រៃ​ទៀត​។ បន្ទាប់​ពី​ធ្វើ​សកម្ម​ភាព​ហើយ​ត្រឡប់​មក​វិញ​ត្រូវ​បាន​អង្គ​ការ​ចាប់​ខ្លួន​នៅ​ថ្ងៃ​ទី​៨​ ខែ​សីហា​ ឆ្នាំ​១៩៧៧​។

ផែន​ការ​ទៅ​ថ្ងៃ​អនាគត ទី​មួយ​ កសាង​កម្លាំង​ សេ.អ៊ី​.អា​ នៅ​ក្នុង​ចំណោម​ប្រជាជន​ថ្មី​។ ទី​ពីរ​ បំផ្លាញ​សេដ្ឋ​កិច្ច​ ដោយ​លួច​ទម្លាយ​អាង​ទឹក​។ ទី​បី​ ទំនាក់​ទំនង​ចោរ​ព្រៃ​ មាន​ឈ្មោះ​ ឡឹក​ សំអឿន​ ជា​អ្នក​ដឹក​នាំ​ គៀរ​ប្រជាជន​យក​ទៅ​ព្រៃ​រនាម​។​ ទី​បួន​ លួច​ស្រូវ​ អង្ករ​ ឲ្យ​បាន​ច្រើន​ ដើម្បី​ត្រៀម​ផែន​ការ​វាយ​បដិវត្ត​ក្នុង​ឆ្នាំ​១៩៧៧​ នេះ​។ សរុប​ឈ្មោះ​អ្នក​ដែល​បាន​ពាក់​ព័ន្ធ​ក្នុង​ប្រវត្តិ​រូប​នេះ​មាន​ចំនួន​៣៤​នាក់​៕

អត្ថបទដោយ មេក វិន

[1] ឯក​សារ​ J០០៣០៣ នៃមជ្ឈមណ្ឌល​ឯកសារ​កម្ពុជា និង​ក៏​បាន​រក្សាទុក​នៅក្នុងការិយាល័យ​របស់​មជ្ឈមណ្ឌល​សន្តិភាពអន្លង់វែងដែរ។ ចម្លើយសារភាពមិនត្រូវ​បាន​ចាត់ទុកថាត្រឹមត្រូវទាំងស្រុងទេ ដោយសារតែ​ជាចម្លើយ​ដែល​កើតចេញ​ពីអំពើទារុណកម្ម។

 

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin