សែត គុជ រៀបរាប់ពីការលើកទំបន់ជ្រោយចេកក្នុងរបបខ្មែរក្រហម

ខ្ញុំឈ្មោះ សែត គុជ[1] អាយុ៦៥ឆ្នាំកើតនៅភូមិស្ពានថ្មី ឃុំកៀនជ្រៃ ប៉ុន្តែបានផ្លាស់មករស់នៅភូមិព្រៃគុយ ឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ខ្ញុំរៀបការប្រពន្ធឈ្មោះ គឹម ហាន និងមានកូនប្រុសស្រីចំនួន៦នាក់។ ឪពុករបស់ខ្ញុំ មានឈ្មោះ សែត និងម្ដាយមានឈ្មោះ យ៉ាន។ ខ្ញុំគឺជាទី៤ក្នុងចំណោមបងប្អូនប្រុសស្រី៤នាក់។
នៅពីក្មេងខ្ញុំមិនបានរៀនសូត្រអ្វីនោះឡើយ ពីព្រោះគ្រួសាររបស់ខ្ញុំមានកម្រិតជីវភាពក្រីក្រ។ បន្ទាប់ពីរដ្ឋប្រហារលន់ នល់ កើតឡើងនៅខែមីនា ឆ្នាំ១៩៧០, មានអ្នកភូមិមួយចំនួនបានចូលរួមដង្ហែរបាតុកម្មទៅទីរួមខេត្តកំពង់ចាម ប្រឆាំងរបបលន់ នល់។ បាតុករខ្លះបានបន្តការដង្ហែរបាតុកម្មរហូតទៅដល់ជាយទីក្រុងភ្នំពេញ ចំណែកបាតុករខ្លះទៀតបន្តធ្វើបាតុកម្មនៅទីរួមខេត្តកំពង់ចាម។ មិនយូរប៉ុន្មាន ទាហានលន់ នល់ បានបង្រ្កាបបាតុករដោយគ្រាប់កាំភ្លើង និងបំបែកហ្វូងបាតុករឲ្យវិលត្រឡប់ទៅភូមិវិញ។ បន្ទាប់ពីបាតុកម្មបានវិលទៅរកភាពស្ងប់ស្ងាត់បានមួយរយៈពេល, ខ្ញុំចាប់ផ្ដើមឃើញការមកដល់របស់កងទ័ពខ្មែរក្រហម។ ខ្មែរក្រហមបានបញ្ចូនកងទ័ពរបស់ខ្លួនចូលមកដើម្បីឈរជើង និងស៊ើបការណ៍ផ្សេងៗទាក់ទងទៅហ្នឹងទាហានលន់ នល់។ នៅដើមឆ្នាំ១៩៧១ដល់ឆ្នាំ១៩៧៣ សង្រ្គាមរវាងទាហានលន់ នល់ និងកងទ័ពខ្មែរក្រហម បានផ្ទុះឡើងកាន់តែខ្លាំងឡើងៗ។ កងទ័ពខ្មែរក្រហម បានវាយកាន់កាប់ភូមិជាច្រើន រួមទាំងភូមិរបស់ខ្ញុំ។ យ៉ាងណាក៏ដោយ ទាហានលន់ នល់ តែងតែធ្វើការវាយប្រហារទៅលើភូមិនានា ដែលស្ថិតនៅការគ្រប់គ្រងរបស់ខ្មែរក្រហម ដោយមានទាំងការបាញ់ផ្លោងគ្រាប់ និងការទម្លាក់គ្រាប់បែក។
ខ្ញុំមិនបានរត់គេចខ្លួនចេញពីភូមិនៅពេលនោះទេ ពីព្រោះខ្ញុំបានជីករណ្ដៅត្រង់សេសម្រាប់រត់គេចពីអំបែងគ្រាប់បែក។ ទាហានលន់ នល់ និងទាហានអាមរិក បន្តទម្លាក់គ្រាប់បែកនៅភូមិរបស់ខ្ញុំយ៉ាងច្រើន។នៅពេលដែលមានការទម្លាក់គ្រាប់បែកម្ដងៗ, ខ្ញុំនិងអ្នកភូមិផ្សេងទៀត តែងតែរត់ចូលការពារខ្លួននៅរណ្ដៅត្រង់សេ ហើយពេលខ្លះ ខ្ញុំបានវិចខ្ចប់បានហូប និងបន្តសង្ងំនៅក្នុងរណ្ដៅត្រង់សេ រហូតដល់យប់ ទើបហ៊ានចាកចេញពីរណ្ដៅ។
បន្ទាប់ពីខ្មែរក្រហមឡើងគ្រប់គ្រងអំណាចនៅខែមេសា ឆ្នាំ១៩៧៥, ខ្ញុំត្រូវបានដាក់ឲ្យធ្វើការងារនៅកងកុមារ។ ក្រោយមកទៀត ខ្ញុំត្រូវបានផ្លាស់មកត្រៀមចូលធ្វើការងារនៅ ទៅកងចល័តបម្រុងនៅការដ្ឋានទំនប់ជ្រោយចេក។ ខ្ញុំត្រូវធ្វើការងារ ពីម៉ោង៧ដល់ម៉ោង១១ ទើបបានសម្រាកអាហារថ្ងៃត្រង់ ហើយបន្ទាប់មក ខ្ញុំត្រូវធ្វើការហូតដល់ល្ងាច។ អស់មួយរយៈក្រោយមក ខ្ញុំត្រូវបានដាក់ចូលធ្វើជាកងចល័តយុវជនខ្មែរក្រហម។ នៅឆ្នាំ១៩៧៨ ខ្ញុំត្រូវបានរើសធ្វើជាកងទ័ពដែលត្រូវប្រយុទ្ធជាមួយកងទ័ពវៀតណាម ប៉ុន្តែខ្ញុំមិន ត្រូវបានបញ្ចូនទៅសមរភូមិនោះទេ ពីព្រោះតែមាឌរបស់ខ្ញុំនៅតូច។ ខ្ញុំបានរួចផុតពីទុកវេទនា និងសេចក្ដីស្លាប់ គឺនៅពេលដែលកងទ័ពខ្មែរក្រហមទទួលបរាជ័យ ដោយសារតែកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានវាយរំដោះប្រទេស និងប្រជាជនពីរបបខ្មែរក្រហម។ [2] ខ្ញុំបានវិលត្រឡប់មករស់នៅភូមិកំណើតវិញនៅឆ្នាំ១៩៨០ និងប្រកបរបរជាកសិកររហូតមកដល់សព្វថ្ងៃនេះ។
អត្ថបទដោយ ទូច វណ្ណេត
[1] បទសម្ភាសន៍ជាមួយ សែត គុជ នៅខេត្តកំពង់ចាម នៅឆ្នាំ២០២៥, មជ្ឈមណ្ឌលឯកសារកម្ពុជាកម្ពុជា សាខាខេត្តកំពង់ចាម
[2] ឃួន វិច្ឆិកា និងអ្នកឯទៀត, ប្រវត្តិវិទ្យាថ្នាក់ទី៦៖ ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព ([ភ្នំពេញ]៖ អនុគណៈកម្មការមុខវិជ្ជាឯកទេសប្រវត្តិវិទ្យា ក្រសួងអប់រំ យុវជន និងកីឡា), ទំព័រទី៤១