សេត ពី អនុវត្តពាក្យស្លោក «ខំធ្វើដើម្បីរស់» ដើម្បីព្យាយាមលាក់បាំងប្រវត្តិជាទាហាន លន់ នល់

ខ្ញុំឈ្មោះ សេត ពី[1] អាយុ៥២ឆ្នាំ នៅឆ្នាំ២០០៥។ ខ្ញុំជាជនជាតិខ្មែរអ៊ីស្លាម មានស្រុកកំណើតនៅជ្រោយចង្វារក្រៅ(ក្បែរស្ពានជ្រោយចង្វារ) រាជធានីភ្នំពេញ។ សព្វថ្ងៃ ខ្ញុំរស់នៅភូមិក្រហមក៍ (បច្ចុប្បន្ន ភូមិអណ្តូង) ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង។ ខ្ញុំមានបងប្អូនចំនួន២នាក់(ស្រីម្នាក់)។ នៅសម័យសង្គមរាស្ត្រនិយម ឪពុកម្តាយរបស់ខ្ញុំប្រកបរបរនេសាទត្រី ប៉ុន្តែចូលមកដល់សម័យសាធារណរដ្ឋខ្មែរ ឪពុករបស់ខ្ញុំបានចូលបម្រើការងារឱ្យខាងរដ្ឋាភិបាល លន់ នល់ នៅទីក្រុងភ្នំពេញ។ ខ្ញុំក៏បានស្ម័គ្រចិត្តចូលធ្វើជាទាហានឱ្យខាងរដ្ឋាភិបាល លន់ នល់ ដែរ។ ខ្ញុំប្រចាំការនៅកំបូល និង នៅតាំងគោក អស់រយៈពេល៤ឆ្នាំ។ ពេលនោះ ក៏មានប្រជាជននៅជ្រោយចង្វារជាច្រើននាក់ បានចូលរួមបម្រើកងទ័ពឱ្យខាងរដ្ឋាភិបាល លន់ នល់ ដែរ។ នៅពេលដែលខ្ញុំចូលធ្វើជាទាហានដំបូង ទាហាន លន់ នល់ និងទាហានអាមេរិក បានបង្ហាត់បង្រៀនខ្ញុំពីវិធីសាស្ត្រ និងបច្ចេកទេសយោធាអស់រយៈពេល៦ខែ មុនពេលដែលខ្ញុំត្រូវឡើងមកប្រយុទ្ធជាមួយទាហានវៀតណាមខាងជើង និងទាហានខ្មែរក្រហមនៅចេនឡាទី១។ ការប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញនេះ ជួនកាលយើងទទួលបានជ័យជម្នះ និងជួនកាលយើងក៏ទទួលបរាជ័យដែរ ក៏ប៉ុន្តែការបរាជ័យ គឺមានតិចតួចបំផុត។ លុះក្រោយមកទៀត ពេលការប្រយុទ្ធឆ្លងមកដល់សមរភូមិនៅចេនឡាទី២ យើងបានប៉ះទង្គិចជាមួយទាហានខ្មែរក្រហមច្រើនជាងទាហានវៀតណាមខាងជើង។ ទាហាន លន់ នល់ បានចាញ់សង្គ្រាមយ៉ាងធ្ងន់ធ្ងរ ហើយការប្រយុទ្ធគ្នាចុងក្រោយនៅខាងត្រពាំងព្រាយ ខ្ញុំត្រូវរបួស។ ខ្ញុំបានមកសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅសង្កាត់ព្រែកភ្នៅ អស់រយៈពេល២ខែរហូតដល់ចប់សង្គ្រាម។ ខ្មែរក្រហម បានទទួលជ័យជម្នះលើរបប លន់ នល់ នៅខែមេសា ឆ្នាំ១៩៧៥។
នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហម បានចាប់ផ្តើមជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ។[2] ខ្ញុំបានចាកចេញពីជ្រោយចង្វារមកតែ២នាក់បងប្អូនប៉ុណ្ណោះ ព្រោះឪពុកម្តាយរបស់ខ្ញុំបានស្លាប់នៅឆ្នាំ១៩៧៤ក្នុងសម័យ លន់ នល់ អស់ហើយ។ ម្តាយរបស់ខ្ញុំ ស្លាប់ដោយសារជំងឺ។ ចំណែកឯឪពុកខ្ញុំវិញ ស្លាប់ដោយសារតែត្រូវគ្រាប់កាំភ្លើង។ ខ្មែរក្រហមបានប្រកាសឱ្យប្រជាជនទាំងអស់ចាកចេញពីទីក្រុងត្រឹមតែរយៈពេល៣ថ្ងៃទេ ព្រោះខ្មែរក្រហមត្រូវការបោសសម្អាតទីក្រុង និងរៀបចំទីក្រុងឡើងវិញ។ ប្រជាជនអាចវិលត្រឡប់មកកាន់ផ្ទះសម្បែងវិញបន្ទាប់ពីរយៈពេលបីថ្ងៃ។ ដូច្នេះ ខ្ញុំនិង ប្អូនស្រី ពុំបានយករបស់របរមកតាមខ្លួនច្រើនទេ គឺយកតែខោអាវសម្រាប់ស្លៀកពាក់ប៉ុណ្ណោះ។ យើងបានធ្វើដំណើររហូតមកដល់ភូមិរកាជួរ ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង ហើយយើងក៏លែងបានវិលត្រឡប់ទៅកាន់ទីក្រុងភ្នំពេញវិញជារៀងរហូត។ នៅពេលខ្ញុំមកដល់ភូមិដំបូង កម្មាភិបាលខ្មែរក្រហមបានសាកសួរពីប្រវត្តិរបស់ខ្ញុំ ប៉ុន្តែខ្ញុំពុំបាននិយាយថាខ្ញុំធ្លាប់ធ្វើជាទាហាន លន់ នល់ ពីមុនមកទេ។ នៅក្នុងគោលការណ៍របស់ខ្មែរក្រហម ទាហាន លន់ នល់ និង ប្រជាជន១៧មេសា គឺសុទ្ធសឹងតែជាទិសដៅត្រូវយកទៅសម្លាប់ចោល។ ជាសំណាងល្អ កាលនោះពុំមាននរណាម្នាក់រាយការណ៍អំពីខ្ញុំធ្លាប់ធ្វើជាទាហាន លន់ នល់ ឡើយ ហើយកម្មាភិបាលខ្មែរក្រហមក៏ពុំបានឱ្យខ្ញុំធ្វើប្រវត្តិរូបផ្ទាល់ខ្លួនដែរ។ នៅជំនាន់នោះ បើនិយាយរួម គឺផ្អែកទៅលើការងាររបស់យើង។ ប្រសិនបើយើងធ្វើការងារអ្វីមួយមិនឱ្យទាស់ចិត្តអង្គការ នោះអង្គការមិនសួរដេញដោលយើងទេ។ ដូច្នេះខ្ញុំតែងតែខិតខំប្រឹងប្រែងបំពេញការងារឱ្យបានល្អ ជារៀងរាល់ថ្ងៃ ហើយការងារដែលខ្ញុំធ្វើដំបូងគេនៅពេលនោះ គឺលើកទំនប់ ជីកប្រឡាយនៅភូមិព្រៃភ្នៅ ឃុំព្រៃភ្នៅ ស្រុកពារាំង ខេត្តព្រៃវែង។
បើនិយាយពីការហូបចុកវិញ ខ្មែរក្រហម បានគិតថា ទាំងប្រជាជនកម្ពុជា និង ប្រជាជនខ្មែរអ៊ីស្លាម គឺរស់នៅក្នុងប្រទេសតែមួយ មានសញ្ជាតិតែមួយ ដូច្នេះពុំមានការបែងចែកអ្វីទាំងអស់។ ខ្មែរក្រហមមិនខ្វល់ថា បងប្អូនខ្មែរអ៊ីស្លាម អាចហូបសាច់ជ្រូកបាន ឬហូបមិនមាននោះទេ។ ប្រសិនបើប្រជាជនខ្មែរហូបអ្វី នោះប្រជាជនជនខ្មែរអ៊ីស្លាម ក៏ត្រូវហូបដូចគ្នា។ ប៉ុន្តែ ថ្វីត្បិតតែអង្គការថ្នាក់លើ បានកំណត់ផែនការមកបែបនេះក៏ពិតមែន ក៏ថ្នាក់ក្រោមនៅតែមានការបន្ធូរបន្ថយយើងខ្លះ ព្រោះមេកងនៅក្នុងភូមិឃុំនេះ មិនមែនជាមនុស្សដែលប្រកាន់ទោសប្រជាជនច្រើន។ នៅក្នុងសម័យខ្មែរក្រហម បញ្ហាខ្វះខាតអាហារហូបចុក តែងកើតមានជាហូរហែ ជួនកាលបានហូបបបរ និង ជួនកាលបានហូបបាយ។ បើសម្រាប់ខ្ញុំវិញ ទោះបីជាខ្វះខាតយ៉ាងណា ក៏ខ្ញុំមិនដែលលួចរបស់អង្គការយកមកហូបដែរ ព្រោះអ្វីដែលអង្គការបានហាមហើយនោះ ខ្ញុំមិនធ្វើទេ។
នៅឆ្នាំ១៩៧៦ អង្គការបានបញ្ជូនខ្ញុំឱ្យទៅលើកទំនប់ និង ជីកប្រឡាយ នៅភូមិព្រែកចំប៉ា ឃុំមេ សរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង។ អំឡុងពេលខ្ញុំបំពេញការងារលើកទំនប់ និងជីកប្រឡាយនៅទីនោះ ខ្ញុំស្គាល់ឈ្មោះថ្នាក់ដឹកនាំខ្លះៗ ដូចជាគណៈតំបន់ឈ្មោះ តាឈាន និងគណៈស្រុកឈ្មោះ ម៉ៅ ព្រោះគាត់ធ្លាប់បានចុះមកត្រួតពិនិត្យកិច្ចការងារប្រជាជនម្តងម្កាល។ កាលនោះគ្រាន់តែឮថា មានអ្នកធំអញ្ជើញមក ប្រជាជនម្នាក់ៗគិតតែនាំគ្នាឱនមុខចុះ រហ័សដៃរហ័សជើង ខំធ្វើការងារកាន់តែខ្លាំង ព្រោះតែពាក្យយ៉ាងខ្លីថា «ខំធ្វើដើម្បីរស់»។ នៅឆ្នាំ១៩៧៦ ដដែល អំឡុងពេលខ្ញុំមកបំពេញការងារ ខ្ញុំបានមករស់នៅភូមិព្រែកចំប៉ា តែម្តង ហើយខ្ញុំបានជួបជាមួយសាច់ញាតិរបស់ខ្ញុំ។ គាត់បានរៀបចំឱ្យខ្ញុំមានគ្រួសារជាមួយក្មួយរបស់គាត់ឈ្មោះ នាង។ បន្ទាប់ពីឪពុកម្តាយ ឬចាស់ទុំ បាននិយាយត្រូវរូវគ្នារួច ចាស់ទុំ បានស្នើទៅកាន់មេកងឈ្មោះ តាភាគ ដើម្បីឱ្យអង្គការរៀបចំពិធីមង្គលការឱ្យខ្ញុំនៅថ្ងៃទី៦ ខែតុលា ឆ្នាំ១៩៧៦។ នៅក្នុងពិធីមង្គលការរបស់ខ្ញុំ រួមជាមួយនឹងគូស្រករផ្សេងទៀត អង្គការបានចែកសម្លៀកបំពាក់ពណ៌ខ្មៅឱ្យម្នាក់១កំប្លេ ហើយឱ្យគូស្រករទាំងអស់ ឡើងប្តេជ្ញាចិត្តដើរតាមអង្គការ។ បន្ទាប់មក ពិធីរៀបគូស្រករបានបញ្ចប់ទៅ។ ក្រោយការរៀបការ ប្រពន្ធខ្ញុំសម្រាលបានកូនស្រីម្នាក់ ឈ្មោះ ស៊ីដាស់ នៅឆ្នាំ១៩៧៨។
នៅឆ្នាំ១៩៧៨ បន្ទាប់ពីបានលើកទំនប់ ជីកប្រឡាយនៅភូមិព្រែកចំប៉ា និងក្នុងអំឡុងពេលដែល យោធាខ្មែរក្រហមខាងភូមិភាគនិរតីកំពុងវាយប្រហារនៅភូមិភាគបូព៌ា ខ្ញុំធ្លាប់ឃើញអង្គការដឹកមនុស្សទាំងកាណូតយកទៅសម្លាប់។ ខ្ញុំអាចមើលឃើញច្បាស់ ព្រោះផ្ទះដែលខ្ញុំកំពុងស្នាក់នៅ នៅជិតទីតាំងកំពង់ចម្លងដែលខ្មែរក្រហមដឹកមនុស្សចេញចូល។ ខ្មែរក្រហមបានដឹកខ្មាំងឆ្ពោះទៅកាន់មន្ទីរសន្តិសុខស្វាយជ្រុំ(ស្រុកពារាំង)ដែលជាទីតាំងសម្លាប់មនុស្ស។ កាលនោះខ្ញុំបាន ឃើញខ្មែរក្រហមដឹកមនុស្សចេញទៅតាមកាណូតប្រហែលជា៥០ ទៅ៦០នាក់(ក្នុង១កាណូត)។ ប៉ុន្តែចំពោះការសម្លាប់មនុស្សដោយផ្ទាល់ភ្នែក គឺខ្ញុំពុំដែលបានឃើញទេ។
នៅចុងឆ្នាំ១៩៧៨ អំឡុងពេលដែលកងទ័ពវៀតណាមជិតចូលមកដល់ កម្មាភិបាលសន្តិសុខឈ្មោះ ផន(ជនដៃដល់សម្លាប់មនុស្សច្រើន) បានជម្លៀសប្រជាជននៅភូមិព្រែកចំប៉ា ទៅកាន់ទីតាំងភូមិផ្សេងទៀត ហើយឱ្យប្រជាជននៅភូមិផ្សេង មករស់នៅភូមិព្រែកចំប៉ាវិញ។ ពេលនោះ គ្រួសារខ្ញុំ និង ប្រជាជនផ្សេងទៀត ត្រូវសន្តិសុខឈ្មោះ ផន ជម្លៀសទៅកាន់ភូមិព្រៃស្រឡិត និង ភូមិព្រៃក្រឡាញ់ ស្ថិតនៅឃុំព្រៃស្រឡិត ស្រុកពារាំង ខេត្តព្រៃវែង រហូតដល់ថ្ងៃរំដោះ។ បើនិយាយពីចិត្តគំនិតរបស់ខ្ញុំវិញ នៅសម័យខ្មែរក្រហម ខ្ញុំពុំដែលនឹកគិតថា បានរួចផុតពីរបប ប៉ុល ពត នោះទេ ព្រោះក្តីអស់សង្ឃឹមរបស់ខ្ញុំនៅពេលនោះ គឺស្ទើរតែ១០០ភាគរយហើយ។ ខ្មែរក្រហម បានផ្តាច់ខ្សែទំនាក់ទំនងទាំងអស់ សូម្បីតែវិទ្យុក៏យើងគ្មានស្តាប់។ ខ្ញុំគ្រាន់តែដឹងថា ព្រឹកឡើង យើងមានចប មានបង្គី មានខ្សែគោ មានក្របី មានរទេះ មានការស្ទូងដក និងពុំមានការលាយឡំជាមួយអ្វីផ្សេងទេ។ ដូច្នេះ ខ្ញុំពុំមានអារម្មណ៍ថា តើមាននរណាអាចមករំដោះយើងបានទេ។ រហូតដល់មានកងទ័ពរណសិរ្យសាមគ្គីសង្គ្រោះជាតិ សហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាម[3] បានចូលមករំដោះទីតាំងដែលខ្ញុំត្រូវជម្លៀសទៅ ទើបខ្ញុំមានក្តីសង្ឃឹមឡើងវិញ និងបានសម្រេចចិត្តទៅរស់នៅភូមិក្រហមក៍ ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង រហូតមកដល់សព្វថ្ងៃ។
អត្ថបទដោយ ថុន ស្រីពេជ្រ
[1] ឯកសារ D៥៥៩៥៦ តម្កល់ទុកនៅមជ្ឈមណ្ឌលឯកសារកម្ពុជា។ កិច្ចសម្ភាសជាមួយ បុគ្គលចំនួន ៥រូប ឈ្មោះ សេត ពី ភេទប្រុសអាយុ៥២ឆ្នាំ, ម៉ាត់ លី ភេទប្រុសអាយុ៤០ឆ្នាំ, ស៊ីម ឡេះ អាយុ៥៨ឆ្នាំ, ម៉ាត់ មូសា អាយុ៥៣ឆ្នាំ និង លី អាយុ៤៦ឆ្នាំ។ ចំពោះសាច់រឿងដែលត្រូវយកមកសរសេរនៅក្នុងអត្ថបទនេះ គឺជាសាច់រឿងរបស់«សេត ពី ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិក្រហមក៍ ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០០៥», ប្រតិចារឹកចំនួន៤៨ទំព័រ។ សម្ភាសដោយ សូហ្វារីណា។
[2] ផេង ពង្សរ៉ាស៊ី និង អ្នកផ្សេងទៀត, សៀវភៅប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩), បោះពុម្ពលើកទី២ (ភ្នំពេញ៖២០២០),ទំព័រទី១៥។
[3] ឃួន វិច្ឆិកា និងអ្នកឯទៀត, ប្រវត្តិវិទ្យាថ្នាក់ទី៦៖ ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព ([ភ្នំពេញ]៖ អនុគណៈកម្មការមុខវិជ្ជាឯកទេសប្រវត្តិវិទ្យា ក្រសួងអប់រំ យុវជន និងកីឡា), ២០២៥, ទំព័រទី៤១។