សឹម ឡន៖ អាយុ ៥៨ឆ្នាំរស់នៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត
ខ្ញុំឈ្មោះ សឹម ឡន អាយុ៥៨ឆ្នាំភេទ ប្រុស សព្វថ្ងៃរស់នៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ កាលពីកុមារ ខ្ញុំត្រូវឪពុកម្ដាយបញ្ចូនទៅរៀននៅសាលាត្រឹមថ្នាក់បឋមសិក្សា។ ខ្ញុំរៀនមិនបានយូរប៉ុន្មានឪពុកម្តាយខ្ញុំ បានឱ្យខ្ញុំឈប់រៀនដើម្បីមកជួយការងារគ្រួសារវិញ ដោយសារជីវភាពគ្រួសារខ្ញុំក្រីក្រ លំបាកទើបត្រូវឈប់រៀនមកជួយឃ្វាលគោឪពុកម្តាយ។
ក្នុងឆ្នាំ១៩៧៥ កើតមានរបបកម្ពុជាប្រជាធិបតេយ្យ ដែលហៅកាត់ថារបបខ្មែរក្រហម នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានឡើងកាន់អំណាច ខ្ញុំនិងក្រុមគ្រួសារត្រូវបានខ្មែរក្រហម បំបែកចេញពីគ្នា ដោយខ្ញុំទៅធ្វើការងារនៅក្រុមកងចល័ត។ ខ្មែរក្រហមបានប្រើខ្ញុំលើកទំនប់ និងជីកប្រឡាយ។ នៅរដូវវស្សា ខ្មែរក្រហមបានប្រើខ្ញុំឱ្យធ្វើស្រែ។ រឿងរ៉ាវដែលខ្ញុំនៅតែចងចាំមិនអាចបំភ្លេចបាន មានថ្ងៃមួយក្រុមខ្មែរក្រហមបានបញ្ជូនខ្ញុំឱ្យទៅធ្វើការងារនៅភូមិខ្ជិល។ នៅទីនោះ ខ្មែរក្រហមបានប្រើខ្ញុំធ្វើការងារចាប់ពីម៉ោង៧ព្រឹក រហូតដល់ម៉ោង ១២ថ្ងៃត្រង់ ទើបបានសម្រាកហូបបាយ។ នៅពេលហូបបាយថ្ងៃត្រង់ហើយក្រុមរបស់ខ្មែរក្រហម មិនឱ្យខ្ញុំសម្រាកនោះទេ គឺបានឱ្យខ្ញុំធ្វើការងារបន្តរហូតពេលល្ងាច ក៏មានការងារស្នូលបន្ថែមទៀត រហូតដល់ម៉ោង១២យប់ទើបបានសម្រាក។ ចំពោះការហូបចុកក្នុងរបបខ្មែរក្រហមវិញ ខ្ញុំមិនទទួលបានអាហារគ្រាប់គ្រាន់នោះទេ បានតែ២ពេលក្នុងមួយថ្ងៃ។ ការព្យាបាលជំងឺនៅសម័យខ្មែរក្រហមមានតែថ្នាំអាចម៍ទន្សាយ ប្រសិនបើមានអ្នកជំងឺធ្ងន់អាចនឹងស្លាប់ដោយសារពុំមានថ្នាំព្យាបាល។ រហូតដល់ឆ្នាំ១៩៧៩ របបខ្មែរបានដួលរលំ ខ្ញុំនិងក្រុមគ្រួសារបានជួបជុំគ្នាវិញ បន្ទាប់ពីសង្គា្រមបានបញ្ចប់ខ្ញុំប្រកបមុខរបបជាកសិកររហូតមកដល់បច្ចុប្បន្ន។
សព្វថ្ងៃខ្ញុំមានជំងឺប្រចាំកាយដូចជា អស់កម្លាំងល្ហិតល្ហៃ ឈឺក្បាល ស្ពឹកដៃ ស្ពឹកជើង ឧស្សាហ៍វិលមុខរកដួល ហូបអាហារមិនដឹងរស់ជាតិជាដើម។ ចំពោះស្ថានភាពជំងឺរបស់ខ្ញុំខាងលើគឺបណ្តាលមកពីខ្ញុំធ្វើការងារធ្ងន់ពីរបបខ្មែរក្រហម ហើយមកដល់ពេលបច្ចុប្បន្ននេះ ខ្ញុំមានអាយុកាន់តែច្រើន និងខ្វះអាហារមានជីវជាតិ។ ចំពោះការព្យាបាលជំងឺរបស់ខ្ញុំវិញ ខ្ញុំបានទៅមន្ទីរពេទ្យនៅក្នុងភូមិក្បែរផ្ទះ ដោយគ្រូពេទ្យបានផ្តល់ថ្នាំលេបនិងថ្នាំចាក់ដល់ខ្ញុំ។ ក្នុងអំឡុងឆ្នាំ២០២៣ ខ្ញុំបានចូលរួមកម្មវិធីពិនិត្យសុខភាពជាមួយក្រុមគ្រូពេទ្យដែលដឹកនាំដោយក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជា ថែមទាំងមានការចែកជូនកូនសៀវភៅ សុខភាព ដែលរៀបរាប់អំពីជំងឺទាំង១០ប្រភេទ ក្នុងសៀវនោះផ្តល់សារប្រយោជន៍ និងចំណេះដឹងអំពីសុខភាពជាច្រើនដល់រូបខ្ញុំនិងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅក្នុងភូមិ។
ជាចុងក្រោយខ្ញុំក៏សូមថ្លែងអំណអរគុណដល់ក្រុមការងារមជ្ឈមណ្ឌលឯសារកម្ពុជាដែលបានចុះមកសួរសុខទុក្ខរបស់ខ្ញុំបាទ ខ្ញុំពិតជាមានអាម្មណ៍សប្បាយចិត្តជាខ្លាំង សូមជូនពរឲ្យក្រុមការងារមានការរីកចម្រើនទៅមុខនិងជួបតែសេចក្តីសុខចំរើនគ្រប់ៗគ្នា។[1]
អត្ថបទដោយ ផាត ពន្លក
[1] សឹម ឡន៖ សម្ភាសន៍ផ្ទាល់មាត់,«សាច់រឿងសង្ខេបអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងអំពីស្ថានភាពជំងឺបច្ចុប្បន្ន» សម្ភាសន៍ដោយ ៖ ផាត ពន្លក នៅឆ្នាំ២០២៥,មជ្ឈមណ្ឌលសះស្បើយបាក់នឹម មជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តកំពត