ខ្មែរក្រហមបង្ខំឲ្យហូបសាច់ជ្រូក

ស្មាលអែល រ៉ម៉ះ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

(កំពង់ចាម)៖ ស្មាលអែល រ៉ម៉ះ ជាជនជាតិភាគតិចចាម សព្វថ្ងៃរស់នៅភូមិទី១៣ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម មានអាយុ ៦០ ឆ្នាំជាង។ នាសម័យខ្មែរក្រហម គាត់បានឆ្លងកាត់នូវភាពអត់ឃ្លាន ការហូបចុកមិនគ្រប់គ្រាន់ និងត្រូវធ្វើការដូចជាស្ទូងស្រូវ ច្រូតស្រូវ ជីកល្អាង នៅឃុំរាំងកេសី ភូមិរាំងក្រាល ខេត្តបាត់ដំបង។

ក្នុងវ័យ១៥ឆ្នាំ រ៉ម៉ះ បានឆ្លងកាត់របបខ្មែរក្រហម ដោយការព្រាត់ប្រាស់ក្រុមគ្រួសារ នឹងឪពុកម្តាយដែលបានបាត់បង់ជីវិតដោយការអត់ឃ្លាន។ ជួនកាលមានការបង្ខិតបង្ខំចំពោះគាត់ឲ្យបរិភោគសាច់ជ្រូក ដែលខុសទៅនឹងប្រពៃណីនៃសាសនារបស់ជនជាតិចាម។ ជីវិតដ៏កំសត់កម្រនេះបន្តរហូតដល់ពេលគាត់ត្រូវបានរំដោះពីរបបខ្មែរក្រហម។

រ៉ម៉ះ រស់នៅស្រុកកោះសូទិន គាត់អាចត្បាញហូលបុរាណពពេញដោយក្បាច់រចនានៃជនជាតិចាម។ អស់រយៈពេលជាច្រើនទសវត្សរ៍មកនេះ ការត្បាញហូល ឬសូត្រ របស់ជនជាតិចាម ប្រឈមនឹងការបាត់បង់ ដោយសារអ្នកដែលចេះត្បាញហូលទាំងនោះ ភាគច្រើន ឬសឹងទាំងអស់ជាស្ត្រី ដែលមានវ័យចំណាស់ រួមទាំងបញ្ហាមួយចំនួនទៀតដូចជាបញ្ហាតម្លៃ នឹងទីផ្សារដែលពិបាកក្នុងការស្វែងរក។

ការត្បាញហូលរបស់ជនជាតិចាម ត្រូវការសម្ភារៈក្នុងការត្បាញដែលអាចមានតម្លៃខ្ពស់ នឹងត្រូវការប្រើបា្រស់រយៈពេលយូរ អាចរហូតដល់ ១០ថ្ងៃ ក្នុងការត្បាញហូលមួយក្បិនៗ។ រ៉ម៉ះ បានជំនះឧបសគ្គទាំងនេះអស់រយៈពេលជាង ២ ទសវត្សរ៍សម្រាប់​​ការថែរក្សាវប្បធម៌ នឹងកែរដំណែលរបស់ជនជាតិចាម។ ចំណេះដឹង នឹងបច្ចេកទេសក្នុងការត្បាញដែលបន្សល់ទុកពីអ្នកជំនាន់មុនត្រូវបានបោះបង់ ដោយសារបញ្ហាសុខភាពផ្ទាល់ខ្លួន នឹងពិបាកក្នុងការមើលរបស់គាត់។

សព្វថ្ងៃគាត់បន្តចិញ្ចឹមជីវិតដោយការចិញ្ចឹមមាន់ ទា ដែលទទួលបានប្រាក់កម្រៃខ្លះៗ។ គាត់សង្ឃឹមថា​ ការត្បាញហូលបុរាណនៃជនជាតិចាមនៅស្រុកកោះសូទិន នៅបន្តថែរក្សាដោយអ្នកជំនាន់ក្រោយ នឹងមានការជួយជ្រោមជ្រែងពីអង្គការ ឬស្ថាប័នពាក់ព័ន្ធផ្សេងៗ ក្នុងការអភិរក្ស និងលើកតម្កើង​កេរដំណែលមួយនេះ ឲ្យបានគង់វង្ស និងផ្សព្វផ្សាយទៅដល់ទីផ្សារជាតិ និងអន្តរជាតិ ក្នុងចូលរួមគាំទ្រដល់តម្បាញសូត្រ ឬហូលរបស់ជនជាតិចាម៕

សម្ភាសន៍ដោយ បៀន សីនៈ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ 

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin