ម្តាយខ្ញុំស្រក់ទឹកភ្នែក ក្រោយដឹងថា ខ្ញុំបានស្នើដាក់ច្បាប់អង្គការ

(សៀមរាប) ៖ សូរ សម្បូរ អាយុ ៦៩ឆ្នំា រស់នៅភូមិក្រសាទុំ ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។

នៅក្នុងកាលពីសង្គមចាស់ សម្បូរ បានរៀនចប់ត្រឹមថ្នាក់ទី១២ និងបានធ្វើជាគ្រូបង្រៀនដល់ក្មេងៗ ហើយបានក្លាយខ្លួនជាគណៈអប់រំបង្រៀនក្មេងៗដោយស្ម័គ្រចិត្តនៅតាមវាលស្រែ និង​ក្រោមដើមឈើជាដើម។

នាសម័យខ្មែរក្រហម សម្បូរ ត្រូវបានជម្លៀសពីស្រុកកំណើតទៅត្រពំាងកោះ ស្រុកអង្គុញ។ សម្បូរបានបន្តថា ឪពុកម្តាយរបស់គាត់មិនត្រូវបានជម្លៀសទេ ពោលគឺនៅផ្ទះជាសហករណ៍ ប៉ុន្តែបងប្អូនរបស់ សម្បូរ សុទ្ធតែបានជម្លៀសឲ្យនៅបែកខ្ញែកពីគ្នាទំាងអស់។ រាល់ការជម្លៀសទំាងអស់ ត្រូវធ្វើដំណើរដោយថ្មើរជើងដោយមានមនុស្សរាប់ម៉ឺននាក់មកពីភូមិ ឃុំផ្សេងគ្នា។

សម្បូរ ត្រូវបានអង្គការបញ្ជាឲ្យបង្រៀនក្មេងៗនៅថ្ងៃត្រង់បន្ទាប់ពីសម្រាកពីការងារ។ គាត់បានប្រាប់ថា គាត់ហាក់ភ័យខ្លាច ព្រោះយើងមិនមានសិទ្ធិទាមទារ និងនិយាយអ្វីទំាងអស់ ដឹងត្រឹមថា ត្រូវតែបង្រៀនសិស្ស។

នាសម័យខ្មែរក្រហម មិនមានសម្លៀកបំពាក់សម្រាប់ផ្លាស់ប្តូរទេ។​​ ខ្មែរក្រហមបានបើកជាអាវខ្មៅ និងសំពត់ខ្មៅសម្រាប់នារី ហើយអាវខ្មៅ និងខោខ្មៅសម្រាប់បុរស ត្រឹមម្នាក់មួយសម្រាប់ប៉ុណ្ណោះ។ រីឯស្បែកជើង គឺធ្វើពីសំបកកង់ឡាន។ សម្បូរ បាននិយាយដោយអស់សំណើចថា៖ «សម័យនោះមិនមានស្បែកជើងល្អប្រើទេ មានត្រឹមស្បែក​ជើង​ធ្វើពីសំបកកង់ឡាន។ កាលនោះបានត្រឹម ប៉ុណ្ណឹងស្អាតសឹងអី ហាសហាសយ!»។

ក្រៅពីការបង្រៀន​កុមារ ខ្មែរក្រហមតែងបញ្ជាឲ្យ សម្បូរ ធ្វើការងារផ្សេងទៀតមានក្រៅពីបង្រៀនកុមារដូចជា លីសែងដី ធ្វើស្រែ ប្រមូលអាចម៍គោ និងលាមករបស់មនុស្ស ដើម្បីជាន់ធ្វើជាជី​ធម្មជាតិជាដើម។

សម្បូរ បានរៀបរាប់ដោយសេចក្តីឈឺចាប់ក្នុងរបបខ្មែរក្រហម ព្រោះគាត់ត្រូវរស់នៅដោយព្រាត់ប្រាសពីគ្រួសារ។ គាត់បាននិយាយថា៖ «ម្តាយខ្ញុំបានស្រក់ទឹកភ្នែក ក្រោយដឹងថា ខ្ញុំបានដាក់ច្បាប់អង្គការមួយថ្ងៃ ដោយសារនឹកម្តាយ​ឪពុកខ្លំាងពេក។»

សម្បូរបានបន្តថា នាសម័យខ្មែរក្រហមមិនមានមន្ទីរពេទ្យអ្វីទេ ហើយពេលដែលធ្លាក់ខ្លួនឈឺ​ក៏មិនមានថ្នាំសម្រាប់​ព្យាបាលផងដែរ។ រាល់ពេលដែលមានអ្នកនរណាម្នាក់ឈឺ គឺមានពេលកំណត់ជាក់លាក់ថា ឈឺប៉ុន្មានថ្ងៃ ដេកផ្ទះប៉ុន្មានថ្ងៃ និងត្រូវបញ្ជាក់ថាត្រឡប់មកវិញថ្ងៃណា។

ក្នុងឆ្នំា១៩៧៩ ក្រោយប្រទេសកម្ពុជាបានរំដោះដោយ​ជោគជ័យ ប៉ុន្តែស្ថានភាពស្ថិតក្នុងភាពវឹកវរនៅឡើយ សម្បូរ បានរៀបការជាមួយស្វាមីតាមប្រពៃណី ដោយ​​​​មានការសែនព្រេន និងដឹងឮពីឪពុកម្តាយទំាងសងខាង។

សម្ភាសន៍ដោយ សែ ណាណា

អត្ថបទដោយ គង់ សុម៉ាវត្តី

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin