ខ្មែរក្រហមសម្លាប់ប្អូនខ្ញុំ

(ស្វាយរៀង) ៖ សូ សុខុន ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមមានអាយុ៦៥ឆ្នាំ មានស្រុកកំណើត និងរស់នៅភូមិខ្នងជ្រូកខាងកើត ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង​។

កាលពីរបបខ្មែរក្រហម សុខុន និងបងប្អូន៨នាក់ត្រូវបានជម្លៀសពីស្រុកកំណើតឲ្យទៅរស់នៅឯខេត្តពោធិ៍ សាត់​។ គាត់បានប្រាប់ថា កន្លែងដែលគាត់រស់នៅជាតំបន់ភ្នំមានគ្រោះថ្នាក់ប្រជាជនកើតជំងឺគ្រុនចាញ់ ខ្វះទឹក និងអាហារ មានមនុស្សឈឺ និងស្លាប់ជារៀងរាល់ថ្ងៃ។ នៅទីនោះ គាត់ត្រូវធ្វើការជីកទំនប់ លើកប្រឡាយ និងធ្វើស្រែចម្ការ។ ថ្ងៃមួយទាហានខ្មែរក្រហម​បានប្រើឲ្យ សុខុន ជីករណ្តៅទុក ក្រោយមករណ្តៅនោះត្រូវបាន​ខ្មែរក្រហមវាយសម្លាប់មនុស្សទម្លាក់ចូលអស់យ៉ាងច្រើន។ ប្អូនប្រុស របស់ សុខុន ក៏ត្រូវបានសម្លាប់ទម្លាក់ក្នុងរណ្តៅនោះផងដែរ។ សុខុន បន្តថា ពីមួយថ្ងៃទៅមួយថ្ងៃមានមនុស្សស្លាប់ និងបាត់ខ្លួនយ៉ាងច្រើនទាំងស្រីទាំងប្រុស និងអ្នកខ្លះបានរត់គេចខ្លួនពីទីនោះដោយសារស្ថានភាពរស់នៅលំបាកខ្លាំងពេក​។

សុខុន បន្តថា នៅទីនោះគាត់មានជំងឺគ្រុនចាញ់គ្មានថ្នាំព្យាបាលត្រឹមត្រូវបំរុងនឹងស្លាប់ តែសំណាងល្អមានអ្នកប្រាប់ឲ្យយកសំបកស្តៅទៅដាំទឹកផឹកទើប​មានជីវិតរស់។ ចំណែករបបអាហារវិញខ្មែរក្រហមបានចែកឲ្យហូប​សម្រាប់​តែអាចរស់បានប៉ុណ្ណោះ។ គាត់គិតថា ប្រជាជនដែលជម្លៀសមកគេចង់តែសម្លាប់ចោលទេ ប៉ុន្តែមិនទាន់ដល់ពេល និងមិនទាន់មានមូលហេតុសមហេតុ សមផល​ក្នុងការសម្លាប់។

រីឯក្មេងតូចៗក៏គ្មានសាលារៀនដែរ ក្មេងត្រូវធ្វើការស្រាលៗដូចជាដើររើសអាចម៍គោ និងដើររើសគួរស្រូវដើម្បីទទួលបានរបបអាហារ។ វត្តអារាម និងព្រះវិហារត្រូវបានខ្មែរក្រហមបញ្ជាឲ្យប្រជាជនវាយបំផ្លាញ អ្នកដែលបដិសេធត្រូវខ្មែរក្រហមចោទថា ជាខ្មាំងប្រឆាំងនិងរបបខ្លួន​ត្រូវនាំយកទៅសម្លាប់។

ក្រោយពីរបបខ្មែរក្រហមបានដួលរលំ សុខុន បានធ្វើដំណើរពីខេត្តពោធិ៍សាត់ មករស់នៅស្រុកកំណើតវិញ។នៅតាមផ្លូវគាត់បានឃើញសាកសព និងអ្នករងរបួសជាច្រើនដោយសារតែសង្រ្គាមរវាងទ័ពខ្មែរក្រហម និងកងទ័ពរំដោះប្រយុទ្ធគ្នា។ សុខុន និងបងប្អូនធ្វើដំណើរដោយថ្មើរជើង​យប់កន្លែងណា សម្រាកកន្លែងនោះ។ នៅតាមផ្លូវគាត់គ្មានអាហារហូបគ្រប់គ្រាន់ទេ តែបាន​បេះស្លឹកឈើចម្អិនជាមួយអង្ករ ដែលនៅសល់យកមកពីខេត្តពោធិ៍សាត់ចែកបងប្អូនហូបដើម្បីអាចបន្តដំណើរទៅមុខទៀត។ មកដល់ស្រុកកំណើតផ្ទះរបស់សុខុនត្រូវបានបំផ្លាញ គាត់និងបងប្អូន៧នាក់បានខិតខំឡើងត្នោតធ្វើស្ករលក់ និងធ្វើស្រែចម្ការដើម្បីចិញ្ចឹមជីវិតរហូតដល់សព្វថ្ងៃ។

សម្ភាសន៍ដោយៈ អ៊ុក ចាន់លក្ខិណា ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤

អត្ថបទដោយៈ អេង សុខម៉េង

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin