បងខ្ញុំស្លាប់ដោយសារជាទាហានលន់ នល់

(ស្វាយរៀង) ៖ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម សុក ខុន អាយុ៧៣ឆ្នាំ រស់នៅភូមិកណ្តាល សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

នៅរបប លន់ នល់ ខុន បានរៀបការនៅស្រុកកំណើតនៅភូមិព្រៃឆ្លាក់ ឃុំចេក។ ស្ថានភាពរស់នៅមានការលំបាកដោយមានការទម្លាក់គ្រាប់បែក និងគ្រាប់កាំភ្លើង ស្ទើរាល់ថ្ងៃ ប៉ុន្តែសមាជិកគ្រួសារអាចរស់នៅជួបជុំគ្នាបាន។ ខុន ធ្លាប់ឃើញគ្រាប់បែកធ្លាក់ចំផ្ទះប្រជាជន និងបានបំផ្លាញទ្រព្យសម្បត្តិ សម្លាប់អាយុជីវិតមនុស្ស និងសត្វអស់យ៉ាងច្រើន។ នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានជម្លៀសគាត់ និងគ្រួសារពីមួយកន្លែងទៅមួយកន្លែង ដោយមិនបានផ្តល់ដំណឹង និងមធ្យោបាយត្រឹមត្រូវ។ ក្នុងរបបខ្មែរក្រហមគាត់រស់នៅសហករណ៍ឃ្លាំង និងចេក នៅក្នុងស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ នៅសហករណ៍ចេក ខុន សម្រាលបានកូន១ ប៉ុន្តែមិនអាចសម្រាក និងនៅមើលថែទាំកូនបានយូរទេ។

ខុនសម្រាលកូនបានចំនួន១០ថ្ងៃ ត្រូវប្រើឲ្យទៅទូលស្រូវធ្ងន់ៗពីសហករណ៍ឃ្លាំង យកទៅបុកនៅសហករណ៍ចេក, លីធាងត្នោតយកមកធ្វើកន្ទេល, ដកនិងស្ទូងស្រូវតាំងពីព្រឹករហូតដល់ម៉ោង១០យប់។ គាត់ធ្លាប់ទាស់សសៃដួលសន្លប់នៅវាលស្រែដោយសារទ្រាំនឹងការងារធ្ងន់ និង គ្មានពេលសម្រាកគ្រប់គ្រាន់។ គាត់ត្រូវបានសែងយកទៅព្យាបាល។ នៅទីនោះ គាត់បានឃើញការព្យាបាលមានតែថ្នាំរាងមូលៗដូចអាចម៍ទន្សាយ។ គាត់និយាយថាថ្នាំគ្មានប្រសិទ្ធិភាពព្យាបាលជំងឺទេ។ អ្នកជំងឺស្រាលៗអាចព្យា បាលបាន និងអ្នកជំងឺធ្ងន់ៗបានស្លាប់។ ប្តីរបស់ខុនដែលធ្វើការនៅរោងបាយបាន ទៅរកថ្នាំដើម្បីព្យាបាលបន្ថែម។ ខុន មិនហ៊ានឈប់សម្រាកយូរ ដោយខ្លាចគេយកទៅ សម្លាប់។

ចំណែកកូនទុកឲ្យចាស់ជាអ្នកមើលថែនៅកងកុមារ។ គាត់និយាយថា នៅសម័យនោះគ្មានទឹកដោះគោឲ្យកូនបៅនោះទេ គឺមានតែបបរ។ ខុន អាចបំបៅដោះកូនបានពីរដងក្នុងមួយថ្ងៃ ប៉ុន្តែមិនសូវមានទឹកដោះទេដោយសារតែគ្មានអាហារហូប។

ខុន និយាយថា «កុំថាឡើយមានទឹកដោះឲ្យកូនបៅសូម្បីតែខ្លួនក៏គ្មានកម្លាំងកំហែង ស្បែកដណ្តប់ឆ្អឹង ខ្យល់បក់ចង់រលំ» ។

ក្នុងរបបខ្មែរក្រហម រឿងរ៉ាវដែលគាត់ចងចាំមិនភ្លេចនិងបានដិតដាមមកដល់ពេលបច្ចុប្បន្ននោះគឺ ព្រឹត្តការណ៍ដែលអង្គការធ្វើទារុណកម្ម និងវាយសម្លាប់បងប្រុសជាអតីតទាហាន លន់ នល់ និងអ្នកភូមិដទៃទៀតនឹងត្បូងចបទម្លាក់រណ្តៅធំៗ។ គាត់បានរៀបរាប់ថា ពេលកំពុងវាយសម្លាប់មនុស្សគេបានចាក់ឧឃោសនស័ព្ទ ដើម្បីកុំឲ្យឮសម្លេងអ្នកស្លាប់ស្រែក។ ពេលឃើញហេតុការណ៍នេះ ខុន ភ័យរន្ធត់ និងពិបាកចិត្ត មិនហ៊ាននិយាយប្រាប់អ្នកណាឡើយ សូម្បីតែគ្រួសារ។ នៅសហករណ៍ចេក ខុន ធ្លាប់ឃើញអង្គការបាញ់សម្លាប់មនុស្សដោយសារតែឃ្លាន និងបានលួចស្ករត្នោតហូប។ ខុន ធ្លាប់ឃើញប្រជាជនដែលហត់អស់កម្លាំងបានដួលនៅតាមវាលស្រែផងដែរ។

ខុន តែងតែនិយាយរឿងរ៉ាវដែលគាត់បានជួបប្រទះ ប្រាប់ដល់ក្មេងៗជំនាន់ក្រោយ។ ខុន តែងតាមដានដំណើរការកាត់ទោសមេដឹកនាំខ្មែរក្រហម គាត់យល់ថា ការសម្រេចដាក់ទោសមួយជីវិតលើអតីតមេដឹកនាំខ្មែរក្រហម អាចជួយទប់ស្កាត់របបនេះកុំឲ្យវិញត្រឡប់មកវិញម្តងទៀត។ ខុន ក៏បានស្នើឲ្យមានកន្លែងតម្កល់ឯកសារពីរបបខ្មែរក្រហមក្នុងភូមិទុកសម្រាប់ជាការសិក្សារៀនសូត្រ។ បច្ចុប្បន្ន គាត់មានជំងឺលើសឈាម និងជំងឺសន្លាក់ដៃជើង។

សម្ភាសន៍ដោយ កើត សុរចនា ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ អេង សុខម៉េង

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin