បងប្រុសត្រូវបានសម្លាប់ដោយគេចោទថាខ្មាំង
សុខ សាប៊ាន អាយុ៦៦ឆ្នាំ មានស្រុកកំណើត និងរស់នៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ គាត់ជាកូនទីប្រាំក្នុងចំណោមបងប្អូនប្រាំបីនាក់។ ក្នុងរបបខ្មែរក្រហមបងប្រុសម្នាក់ត្រូវបាននាំទៅសម្លាប់ ដោយចោទថា ចូលដៃជាវៀតណាម។
ក្នុងរបបខ្មែរក្រហម សាប៊ាន ត្រូវបានបង្ខំឲ្យចេញពីផ្ទះឲ្យទៅរស់នៅតាមសហករណ៍ដូចប្រជាជនដទៃទៀតក្នុងភូមិ។ គាត់រស់នៅក្នុងកងចល័តជាមួយយុវជននៅលីវដទៃទៀតធ្វើការចល័តចេញឆ្ងាយៗដើម្បី រែកដី លើកប្រឡាយ និងលើកភ្លឺស្រែ។ ចំណែកបងប្អូន និងឪពុកម្តាយ រស់នៅផ្សេងៗគា្នតាមអាយុដែលរួមមាន កងកុមារ កងចាស់ និងកងយុវជន។
រឿងរ៉ាវដែលគាត់ចង់ចាំជាងគេក្នុងរបបខ្មែរក្រហម គឺការដែលគាត់ដឹកស្រូវតាមទូកដើម្បីយកទៅទុកក្នុងឃ្លាំង។ ពេលនោះទូកបានលិចធ្វើឲ្យគាត់ និងយុវជនដទៃទៀតភិតភ័យជាខ្លាំង មានយុវជនម្នាក់បានលង់ទឹកស្លាប់ស្លាប់ ចំណែកគាត់បំរុងនឹងស្លាប់តែបានគេជួយសង្គ្រោះ។
នៅមន្ទីរសន្តិសុខវត្តកោះ សាប៊ាន ធ្លាប់ឃើញទាហានខ្មែរក្រហមក្មេងៗបណ្តើរប្រជាជនប្រមាណជា១០ ទៅ២០ នាក់ យកទៅសម្លាប់ដោយចងខ្សែ និងបិទមុខដោយកំណាត់ខ្មៅ។
ក្រៅពីរែកដី នៅពេលរដូវវស្សាគាត់ត្រូវបោក បុកស្រូវ និងជញ្ជូនអង្ករដាក់ក្នុងឃ្លាំង។ របបអាហារមិនសូវជាខ្វះខាតទេពេលដែលគាត់រស់នៅខេត្តស្វាយរៀង។
ក្រោយមក សាប៊ាន ឪពុក ម្តាយ និងបងប្អូន ត្រូវបាន ជម្លៀសពីស្រុកកំណើតឲ្យទៅខេត្តពោធិ៍សាត់។ គាត់ត្រូវធ្វើដំណើរដោយថ្មើរជើង ជិះកប៉ាល់ និងរថភ្លើងដើម្បីទៅ ដល់ឃុំស្វាយដូនកែវ ស្រុកបាកាន (លើ) ខេត្តពោធិ៍សាត់។ មកដល់ សាប៊ាន ត្រូវធ្វើការក្នុងកងចល័តដូចនៅស្រុកកំណើតដែរ ប៉ុន្តែការងារច្រើនជាងមុន គាត់ត្រូវជីក និងរែកដីដើម្បីកសាងទំនប់ព្រមទាំងគាស់គល់ឈើ។ ការងាររបស់គាត់បានចាប់ផ្តើមនៅពេលព្រឹក និងបញ្ចប់នៅពេលល្ងាច ហើយជួនកាលគាត់ត្រូវធ្វើការបន្ថែមម៉ោង នៅពេលយប់ ដែលគេហៅថា ម៉ោងសង្គមនិយមត្រូវដាំដំណាំផ្សេងៗ ដូចជាដំឡូង និងបន្លែបង្ការផ្សេងៗ។
នៅខេត្តពោធិ៍សាត់ សាប៊ាន និងគ្រួសារ ក៏ដូចជាប្រជាជនភូមិភាគបូព៌ាដទៃទៀតបានជួបការលំបាកទ្វេដងជាងនៅស្វាយរៀងទាំងការងារ និងរបបអាហារ។ គាត់មិនដែលបានជួបបងប្អូន និងឪពុកម្តាយទេ នៅអំឡុងពេលស្នាក់នៅពោធិ៍សាត់ ម្នាក់ៗត្រូវធ្វើការដោយខ្លួន និងឆ្ងាយៗពីគ្នា ទោះបីបានជួបមុខគ្នាដោយចៃដន្យក៏មិនហ៊ាននិយាយរកគ្នាដែរ។ ដោយសារជំងឺរាគ នៅទីនេះ សាប៊ាន បំរុងនឹងបាត់បង់ជីវិតម្តងទៀត សំណាងល្អគាត់បានយកសម្បកស្តៅទៅដំាទឹកផឹកទើបជា។ តាមផ្លូវក្នុងព្រៃទៅកន្លែងធ្វើការគាត់ឧស្សាហ៍ឃើញសាកសពហើមដែលគេកប់មិនត្រឹមត្រូវជាញឹកញាប់។
ពេលដែលរបបខ្មែរក្រហមជិតដួលរលំ ខ្មែរក្រហមចង់បន្តជម្លៀសប្រជាជនឲ្យទៅទិសខាងលិចបន្តទៀត ប៉ុន្តែ សាប៊ាន និងប្រជាជនបូព៌ាដទៃទៀតបានបដិសេធ។
ពេលកងទ័ពរំដោះចូលមកដល់សហករណ៍ទាហានខ្មែរក្រហមបានរត់គេចខ្លួន។ គាត់ក៏មានឱកាសធ្វើដំណើរស្វែងរក បង ប្អូន ឪពុក ម្តាយ ដើម្បីនាំគ្នាត្រឡប់មករស់នៅស្រុកកំណើត ឯខេត្តស្វាយរៀងវិញ។
បច្ចុប្បន្ន សាប៊ាន មានជំងឺលើសជាតិអាស៊ីត និងជំងឺរលាកបំពងក។
សម្ភាសន៍ដោយៈសុខ ចន្ទ្រា នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១
អត្ថបទដោយ អេង សុខម៉េង