ខ្មែរក្រហមចង់សម្លាប់ខ្ញុំដោយសារខ្ញុំមានជំងឺមិនអាចធ្វើការបាន

(ស្វាយរៀង)៖ “ប្រជាជនគ្រប់ៗរូបក្នុងរបបខ្មែរក្រហមត្រូវតែធ្វើការដើម្បីទទួលបានរបបអាហារ។ ខ្ញុំ មានជំងឺមិនអាចធ្វើការឲ្យអង្គការបានពេញលេញត្រូវបានចោទប្រកាន់ថាខ្ជិលស្ទើរតែត្រូវបាននាំយកទៅសម្លាប់ចោល”។ នេះជាការលើកឡើងរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់ ខាងក្រោមនេះជាប្រវត្តិរូបសង្ខេបដែលសម្ភាសន៍ដោយអ្នកស្ម័គ្រចិត្តកម្ពុជានាពេលកន្លងមក៖

សុក សម្បត្តិ អាយុ៧២ឆ្នាំ (២០២៤) មានស្រុកកំណើត នៅភូមិព្រៃរំដេង ឃុំព្រៃរំដេង ស្រុកមេសាង ខេត្តព្រៃវែង។ នៅឆ្នាំ១៩៧១ សម្បតិ្ត បានរៀបការ និង​បានមករស់នៅ​ភូមិធ្លក ឃុំធ្លក ស្រុកស្វាយជ្រំ ខេត្ត​ស្វាយរៀង រហូតដល់ពេលបច្ចុប្បន្ន។ សម្បត្តិមាន​បងប្អូនចំនួន៥នាក់ ស្រី២នាក់ និងប្រុស៣នាក់​។

ក្នុងរបប លន់ នល់ ពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ សម្បត្តិ បានឃើញការរស់នៅរបស់ប្រជាជនក្នុងភូមិជួបប្រទះទុក្ខលំបាកទាំងជីវភាព និងសុវត្ថិភាពដោយសារតែសង្គ្រាម និងការទម្លាក់គ្រាប់បែក។ កក្តានេះ បានបណ្តាលឲ្យប្រជាជនក្នុងភូមិមួយចំនួនបានស្លាប់ និងរងរបួស ព្រមទាំងបានបំផ្លិចបំផ្លាញផ្ទះសម្បែង ផ្លូវថ្នល់ ស្ពាន មន្ទីរពេទ្យ សាលារៀន និងវត្តអារាម អស់ជាច្រើន។

នៅក្នុងខែមេសា ឆ្នាំ១៩៧៥ សម្បត្តិ មានអាយុប្រហែល២៣ឆ្នាំ ត្រូវបានអង្គការខ្មែរក្រហមកំណត់ឲ្យរស់នៅក្នុងភូមិធ្លក ដោយមិនបានជម្លៀសទៅកន្លែងណាមួយនោះទេ។ ក្នុងនាមជាប្រជាជនចាស់ សម្បត្តិ ត្រូវបានអង្គការប្រមូលទ្រព្យសម្បត្តិកម្មសិទ្ធផ្សេងៗដូចជា៖ មាសប្រាក់ គោក្របី និងសម្ភារប្រើប្រាស់ដទៃទៀត និងបានបង្ខំឲ្យទៅរស់នៅក្នុងសហករណ៍ធ្វើការរួម និងហូបបាយរួម។ ខ្មែរក្រហមបានបង្ខំ សម្បត្តិ និងប្រជាជនទាំងអស់ឲ្យធ្វើការងារស្រែ​ចម្ការ និងជីកទំនប់ លើកប្រឡាយ ដោយគ្មានពេល​សម្រាក “៧ថ្ងៃ ក្នុង១សប្តាហ៍” តាំងពីព្រឹកព្រលឹម រហូតដល់យប់ជ្រៅ។

ក្នុងរបបខ្មែរក្រហមបងប្រុសម្នាក់របស់ សម្បត្តិ ដែលជាទាហានក្នុងរបប លន់ នល់ ត្រូវបានបាត់ខ្លួនរហូតដល់សព្វថ្ងៃ។ ម្តាយ ត្រូវបានឈ្លបខ្មែរក្រហមនាំយកទៅសម្លាប់ដោយការចោទប្រកាន់ថាជា “យួន”។ បងប្អូន២នាក់ទៀតជាប្រជាជនរស់នៅក្នុងសហករណ៍​ត្រូវបាននាំយកទៅសម្លាប់​​ដោយមិនដឹងពីមូលហេតុ។ ចំណែករូបគាត់មានជំងឺមិនអាចធ្វើការងារ​ធ្ងន់ៗបានស្ទើរតែត្រូវបានខ្មែរក្រហមនាំយកទៅសម្លាប់ចោល។ ឈ្លបខ្មែរក្រហមបានចោទប្រកាន់គាត់ថាធ្វើពុតជាឈឺដើម្បីគេចវេសពីការងារ។ របប​អាហារគាត់ទទួលបាន “បបរ១ចាន ព្រឹកនិងល្ងាច” ប៉ុន្តែអំឡុងពេលអត់ទៅធ្វើការដោយសារតែជំងឺ អង្គការមិនផ្តល់របបអាហារឲ្យគាត់នោះទេ។

សម្បតិ្ត បានដឹងថាឈ្លបខ្មែរក្រហមបានធ្វើទារុណ​កម្ម និងចាប់រំលោភស្រីៗមុននឹងយកទៅសម្លាប់ចោលនៅ​មន្ទីរសន្តិសុខវត្តធ្លក។

បច្ចុប្បន្ន សម្បត្តិ មានជំងឺសន្លាក់ដៃ និងសន្លាក់ជើង។

សម្ភាសន៍ដោយ ម៉ុន សុធារ៉ា ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤

អត្ថបទដោយ អេង សុខម៉េង ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin