សុខ ហេង ប្រធានក្រុមទូរលេខនៅមន្ទីរវ.៦៦

ប្រវត្តិសកម្មភាពក្បត់របស់ សុខ ហេង និងបក្ខពួករកឃើញថាបានក្បត់បដិវត្តន៍ដោយចូលរួមជាមួយកម្លាំង សេ.អ៊ី.អា[1] នៅមន្ទីរវ.៦៦ ផ្នែកទូរលេខ។ សកម្មភាពរបស់ ហេង ធ្វើឲ្យខូចខាត ម៉ាស៊ីនទូរលេខ, ម៉ាស៊ីនភ្លើង, ធុងអាគុយ, វិទ្យុទាក់ទង, ទូរស័ព្ទចំនួន៣១គ្រឿង, នាឡិកាវាស់ខ្យល់អុកស៊ីហ្សែន, បំផ្លាញខ្សែអង់តែន និងសម្ភារផ្សេងទៀត។ ខាងក្រោមនេះគឺជាចម្លើយសារភាពរបស់ ហេង ក្នុងសកម្មភាពក្បត់បដិវត្តន៍៖[2]
ហេង មានអាយុ២៥ឆ្នាំ រស់នៅភូមិស្រែសៀម ឃុំជីរោទី២ ស្រុកត្បូងឃ្មុំ តំបន់២១។ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៧០ ហេង ចូលចលនាបដិវត្តន៍ខ្មែរក្រហមតាមរយៈ ឈ្មោះ ឱ គឹង អនុប្រធានភូមិស្រែសៀមត្រូវជាឪពុកមា (ស្លាប់ឆ្នាំ១៩៧១ ដោយសារការទម្លាក់គ្រាប់បែក)។ ហេង មានឪពុកឈ្មោះ សុខ សែម អាយុ៥៧ឆ្នាំ និងម្តាយឈ្មោះ ទួត យ៊ាន អាយុ៤៦ឆ្នាំ អ្នកទាំងពីរជាកសិករ។ ហេង មានបងប្អូនប្រំានាក់ (ស្រីបីនាក់)។[3] នៅខែធ្នូ ឆ្នាំ១៩៧១ ហេង ត្រូវបានអង្គការបញ្ជូនទៅរៀនពីរបៀបប្រើប្រាស់ទូរលេខ នៅសេនាធិការភូមិភាពបូព៌ា ជាមួយឈ្មោះ ហ៊ែល ជានាយកសាលា (ស្លាប់) និងឈ្មោះ អាន ជានាយករង(ស្លាប់)។ នៅខែធ្នូ ឆ្នាំ១៩៧២ ហេង រៀនចប់ និងត្រលប់មកធ្វើជាយុទ្ធជន ជាមួយឈ្មោះ ម៉ុន ជាគណៈបញ្ជាការសមរភូមិទី១ និងមាន តាល់ ជាអនុបញ្ជាការ។ នៅខែឧសភា ឆ្នាំ១៩៧៥ ហេង បានផ្លាស់ប្តូរមកធ្វើការនៅកងពលទី២។ ក្រោយមកកងពលនេះប្តូរទៅជាកងពល២៩០ ដែលមានឈ្មោះ គាត ជាស្នងការនយោបាយ, ឈ្មោះ តាល់ ជាមេបញ្ជាការកងពល និងឈ្មោះ យិន (អង្គការកម្ទេច) ជាអនុបញ្ជាការ។
សកម្មភាពជាខ្សែសង្វាក់ចាត់តាំងកម្លាំង សេ.អ៊ី.អា
នៅខែតុលា ឆ្នាំ១៩៧៣ ហេង ត្រូវឈ្មោះ ហោ ឆៃលីម និង ហុង ឆៃលី អប់រំថា “ធ្វើបដិវត្តច្រើនឆ្នាំហើយមិនបានលទ្ធផល ហើយការខិតខំប្រឹងប្រែងនៅតែជាយុទ្ធជន កាន់តែទូរលេខគ្មានបានឡើងសក្តិស្អីទេ និងការរស់នៅគ្មានសិទ្ធិសេរីភាពដើរហើរ”។ លីម និងលី ប្រាប់ ហេង ទៀតថា “មើលប្រទេសជិតខាងអ្នកកាន់ទូរលេខ, កាន់តេអូ សុទ្ធតែមានសក្តិពាក់យ៉ាងហោចណាស់ក៏សក្តិមួយដែរ និងមានអ្នកបំរើទៀត ការរស់នៅជាមួយបដិវត្តន៍ដូចជាប់គុក”។ ហេង ត្រូវបានណែនាំថាអង្គការធ្វើបដិវត្តន៍ខុសគេ និងមិនអាចទទួលបានជ័យជម្នះទេ។ សព្វថ្ងៃប្រជាជនបានក្រោកឈរប្រឆាំងច្រើនណាស់ យើងត្រូវតែរួមកម្លាំងគ្នាទើបទៅថ្ងៃមុខមានសុភមង្គល ព្រោះសមត្ថភាពយើងក៏ខ្ពស់ដែរ កុំប្តូរស្លាប់ដើម្បីតែប្រយោជន៍គេ ត្រូវចេះគិតពីខ្លួនយើង។ ក្រោយពីស្តាប់ទាំងពីររួច ហេង ក៏យល់ស្របទាំងស្រុង ហើយយល់ព្រមធ្វើសកម្មភាពប្រឆាំងបដិវត្តន៍តាំងពីពេលនោះមក។
នៅថ្ងៃទី២៨ ខែមករា ឆ្នាំ១៩៧៤ ហេង និង ស៊ិន មឿន ជាជាងជួសជុលវិទ្យុមន្ទីរស.១ បានចូលជាសមាជិក សេ. អ៊ី. អា នៅភូមិព្រៃដើមជ្រៃ សង្កាត់សំរោង ស្រុកលើកដែក តំបន់២៥ តាមរយៈឈ្មោះ កែវ សារុំ ជាកងធំនៅសេនាធិការកងពល២៩០ ។ ក្រោយមក ហេង និង មឿន បានបំផុសចលនាឲ្យយុទ្ធជនចូលរួមជាសមាជិក សេ. អ៊ី. អា និងបានបំផ្លិចបំផ្លាញសម្ភាររបស់អង្គការជាបន្តបន្ទាប់។ នៅឆ្នាំដដែល ហេង បានចូលរួមប្រជុំជាមួយ សារុំ និង មឿន ដើម្បីទទួលផែនការពីឈ្មោះ ហុង ឆៃលី ប្រធានក្រុមទូរលេខ ក្នុងការអនុវត្តផែនការប្រឆាំងបដិវត្តន៍, អូសទាញកម្លាំងបន្ថែម, បំផ្លាញសម្ភារសំខាន់ៗរបស់អង្គការ ដូចជាម៉ាស៊ីនភ្លើង និងវិទ្យុទាក់ទង ព្រមទាំងរក្សាការសម្ងាត់ចំពោះសមាសភាពកម្លាំង សេ. អ៊ី. អា។ ក្រោយប្រជុំ ហេង បានបំផុសឲ្យសិក្ខាកាមឈប់រៀនដោយពន្យល់ថារៀនដដែលៗ។ សិក្ខាកាមទាំងអស់បានធ្វើតាម ហេង។ នៅខែមករា ឆ្នាំ១៩៧៦ ហេង បានចូលរួមប្រជុំម្តងទៀតជាមួយ សំអាត, សុខ និងភាព។ ខឹ្លមសារប្រជុំគឺពិនិត្យសភាពការណ៍កន្លងមក និងការរៀបចំផែនការបន្ត។
នៅខែកុម្ភៈ ឆ្នាំ១៩៧៦ ហេង អប់រំកម្លាំង សេ. អ៊ី. អា បានបួននាក់ឈ្មោះ ពៅ សារិន, ស្រិល សំអាត, ខាន់ ណាត និង រៀប បូរ៉ា ព្រមទាំងបានបំផ្លិចបំផ្លាញសម្ភារក្នុងឃ្លាំងមួយចំនួន។ នៅឆ្នាំដដែល ហេង កសាងកម្លាំងបានប្រាំមួយនាក់ទៀត ឈ្មោះ លាន វ៉េង, គង់ រ៉ែម, សំ អឿន, គង់ ឈាន, ឌឿ វេង ជាប្រធានក្រុមនៅកងពល១៦៤ និង អង់ សាគុន ជាយុទ្ធជន។ ហេង បានអប់រំ អ្នកទាំងនេះឲ្យបន្តកសាងកម្លាំង, បំផ្លិចបំផ្លាញសម្ភារអង្គការ និងបំផុសឲ្យសិក្ខាកាមរៀនទូរលេខគ្មានរបៀបរៀបរយ។ នៅខែមិថុនា ឆ្នាំ១៩៧៦ ហេង បានចូលរួមប្រជុំជាមួយ សំអាត និងភាព ដោយបំផ្លាញខ្សែភ្លើង និងវិទ្យុទូរលេខដើម្បីផ្តាច់ការទាក់ទងរបស់អង្គការ។
នៅខែកក្កដា ឆ្នាំ១៩៧៦ កម្លាំង សេ. អ៊ី. អា មួយចំនួន ក្នុងសាលាទូរលេខ និងមន្ទីរវ.៦៦ ត្រូវបានអង្គការចាប់ខ្លួន និងស្ថិតក្រោមការតាមដាន។ សំអាត ជាអ្នកគ្រប់គ្រងសាលាត្រូវបានអង្គការចាប់ខ្លួន ហើយអង្គការបានចាត់តាំង ហេង ឲ្យគ្រប់គ្រងសាលារយៈពេលខ្លីដើម្បីបញ្ចប់វគ្គទូរលេខ។ នៅថ្ងៃទី៤ ខែកញ្ញា សាលាត្រូវបានបិទទ្វា។ ចាប់ពីខែវិច្ឆិកា ឆ្នាំ១៩៧៦ រហូតដល់ខែមេសា ឆ្នាំ១៩៧៧ អង្គការបានចាត់តាំង ហេង ឲ្យទៅធ្វើផ្ទះ និងរៀបចំធុងអាគុយ នៅកង៧០៣។ នៅខែមេសា ឆ្នាំ១៩៧៧ អង្គការផ្លាស់ប្តូរ ហេង ទៅគ្រប់គ្រងទូរលេខនៅមន្ទីរវ.៦៦។ ចាប់ពីពេលនោះ ហេង ឈប់ធ្វើសកម្មភាពរបស់ សេ. អ៊ី. អា ព្រោះគាត់ដឹងថាអង្គការកំពុងសង្ស័យ។ ដើម្បីគេចពីការតាមឃ្លាំមើលរបស់អង្គការ ហេង បានប្តូរជំហរ រាយការណ៍ពីសកម្មភាពអសកម្មនៅមន្ទីរវ.៦៦ ប៉ុន្តែគាត់នៅតែត្រូវបានអង្គការចាប់ខ្លួន។ ចម្លើយប្រវត្តិក្បត់របស់ហេង បានបញ្ចប់ការសាកសួរនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ១៩៧៧៕
កំណត់ចំណាំ៖ ចម្លើយប្រវត្តិក្បត់ដែលបានឆ្លើយសារភាពរបស់អ្នកទោសទាំងអស់សុទ្ធតែឆ្លងកាត់ការបង្ខិតបង្ខំ និងការធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរពីសំណាក់កងសួរចម្លើយរបស់ខ្មែរក្រហម។
អត្ថបទដោយ អេង សុខម៉េង
[1] ឯកសារD427, ដីកាដំណោះស្រាយរបស់សហចៅក្រមស៊ើបអង្កេត នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក), ចុះថ្ងៃទី ១៥ ខែកញ្ញា. ទំព័រទី២៩៩ កថាខណ្ឌ៩២១, សរសេរថា “នៅពេលចូលខ្លួនដំបូងនៅចំពោះមុខសហចៅក្រមស៊ើបអង្កេត. នួន ជា និយាយថា ភ្នាក់ងារសេ.អ៊ី.អា (CIA) អាមេរិក, កា.ហ្សេ.បេ (KGB) សូវៀត, ជាខ្មែរសេរី, ជាភ្នាក់ងារសង្ងាត់វៀតណាមក៏មាន ហើយភ្នាក់ងារនេះមានបង្កប់ខ្លួននៅក្នុងបក្ស និងចំណោមប្រជាជន សហករណ៍យើងខ្ញុំ ហើយធ្វើឲ្យមាគ៌ាបក្ស «ឆៅ» និង«ខ្មោច» និងបំផ្លាញប្រទេសជាតិឯង បក្ស និងប្រជាជន”។
[2] ឯកសារ J00213 (ឆ្នាំ១៩៧៧), ឯកសារប្រវត្តិក្បត់ដែលបានឆ្លើយសារភាពរបស់ សុខ ហេង, បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា។
[3] ដូចខាងលើទំព័រទី៣