សុខ វិន ៖ «ខ្មែរក្រហមសម្លាប់បងប្អូនខ្ញុំ»

សុខ វិន រស់នៅភូមិអូររុន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ខ្ញុំឈ្មោះសុខ វិន អាយុ៦២ឆ្នាំ ភេទស្រី។[1] ឪពុកឈ្មោះសុខ យ៉ន ម្ដាយឈ្មោះ សុំ ទ្រព្យ។ ម្តាយឪពុកខ្ញុំទទួលមរណៈភាពអស់ហើយ។ ខ្ញុំមានបងប្អូនស្រី ៣នាក់ ហើយខ្ញុំជាកូនទី២ ក្នុងគ្រួសារ។ ខ្ញុំមានស្វាមីឈ្មោះសំរិទ្ធ ឈុន មានកូន៦នាក់ (ស្រី២/ប្រុស៤)។ ខ្ញុំមានស្រុកកំណើតនៅខេត្ត តា កែវ បច្ចុប្បន្នខ្ញុំរស់នៅភូមិអូររុន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ខ្ញុំបានរៀនសូត្រត្រឹមថ្នាក់ទី១១ កាលពីសង្គម មូលហេតុដែលខ្ញុំឈប់រៀនព្រោះខ្លាចម្ជុលពេក ព្រោះម្ជុលធំ។ ដោយសារពីពេលនោះគ្រូពេទ្យចាក់ថ្នាំបង្ការគ្រុនចាញ់ ព្រោះនៅតំបន់នេះមានជំងឺគ្រុនចាញ់ខ្លាំង មានអ្នកស្លាប់ដោយសារគ្រុនចាញ់ជាច្រើន ជាពិសេសអ្នកមកពីស្រុកក្រោម។

ខ្ញុំមករស់នៅតំបន់អូរស្វាយនេះតាំងពីសម្ដេច នរោត្តម   សីហនុ ប្រកាសឲ្យមករស់នៅ។ ពេលមកដល់សម្ដេច នរោត្តម   សីហនុ បានចែកដីដល់គ្រួសារខ្ញុំក្បាល ៥០ម៉ែត្រ និងបណ្ដោយវែង។ ខ្ញុំមកដល់ដំបូង ខ្ញុំបានឃើញការកសាងដូចជា សាលារៀន ផ្សារ បន្ទាយទាហាន សាលាឆទាន។ ខ្ញុំក៏បានទៅទទួលសម្ដេច នរោត្តម   សីហនុ ផ្ទាល់ដែរនៅពេលដែរសម្ដេចយាងមកសម្ពោធបុរីអូរស្វាយនេះ ពេលនោះខ្ញុំមានអាយុ ៨ឆ្នាំ បានទាំងចាប់ដៃសម្ដេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ទៀតផង សម្ដេចបានចែកក្រណាត់ដល់រូបខ្ញុំ រួមទាំងប្រជាជនផ្សេងទៀត។

ចូលដល់របប លន់ នល់ ខ្ញុំនិងក្រុមគ្រួសារបាននាំគ្នារត់ចូលត្រង់សេដើម្បីការពារខ្លួន ខ្ញុំបានឃើញយន្តហោះអាមេរិកទម្លាក់គ្រាប់បែកកម្ទេចផ្ទះសំបែង និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗដែលមាននៅទីនេះខ្ទិចគ្មានសល់។

ចូលដល់សម័យខ្មែរក្រហមខ្ញុំមានអាយុប្រហែល១០ឆ្នាំ អង្គការបានប្រើខ្ញុំកាប់ដី លើកទំនប់ លើកភ្លឺស្រែ ស្ទូងស្រូវ ទាំងយប់ទាំងថ្ងៃ ហើយការបរិភោគវិញក៏មិនឆ្អែតដែរ បាយមួយពេលបានតែមួយកូនចានប៉ុណ្ណោះ សម្លវិញអង្គការយកត្រកួនមកស្លជាមួយទឹកឡើងខ្មៅ និងមានលាយជាមួយផ្លែ ពោត។ ខ្ញុំចេះតែបរិភោគទៅ បើមិនបរិភោគមិនមានកម្លាំងធ្វើការឲ្យអង្គការ ខ្លាចខ្មែរក្រហមយកទៅវាយសម្លាប់ចោល។ ខ្ញុំក៏បានឃើញខ្មែរក្រហមយកមនុស្សទៅកសាងផងដែរ ដោយ ពេលនោះឲ្យតែឃើញកាណូតអាសែងសង មកម្នាក់ៗចាំតែភ័យខ្លួនទៅ បើចំម្នាក់ណាហើយត្រូវតែទៅតាមអង្គការ។ ខ្ញុំសង្កេតឃើញថាមនុស្សដែលបានជិះទូកទៅហើយខ្ញុំមិនដែលឃើញត្រឡប់មកវិញឡើង។ ក្រៅពីនេះខ្ញុំក៏បានឃើញខ្មែរក្រហមប្រយុទ្ធគ្នាជាមួយប្ដី កឹម យ៉ាង គាត់ដឹងថាទាហានខ្មែរក្រហមចង់សម្លាប់គាត់ ដូចនេះប្ដី កឹម យ៉ាបានតដៃជាមួយទាហានខ្មែរក្រហមធ្វើឲ្យរបួសបីនាក់ទើបខ្មែរក្រហមចាប់ប្ដី កឹម យ៉ា បាន។ ពេលទាហានខ្មែរក្រហមចាប់គាត់បាន នាំគាត់ទៅឆ្ងាយពីភូមិបន្តិច ខ្ញុំក៏បានឮសំឡេងកាំងភ្លើងចំនួន១គ្រាប់ ពិតណាស់នេះជាសំឡេងកាំងភ្លើងដែលទាហានខ្មែរក្រហមបាញ់សម្លាប់ប្ដី កឹម យ៉ាហើយ។ ខ្ញុំបានឃើញអង្គការរៀបការឲ្យសមមិត្តដទៃទៀតផងដែរ នៅពេលនោះការរៀបការម្ដងពី ៥ទៅ១០គូនៅពេលរៀបការម្ដង។ នៅសម័យខ្មែរក្រហមខ្ញុំបាត់បង់បងប្អូន និងសាច់ញាតិ៣នាក់ បងឡន, បងសរ និងបងព្រឹម ត្រូវបានខ្មែរក្រហមសម្លាប់ទាំងអស់។

ក្រោយមក កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាសហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាមបានវាយ រំដោះប្រទេសកម្ពុជាពីទិសខាងកើត និងសង្គ្រោះប្រជាជនបានជាបន្តបន្ទាប់។ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ កងទ័ពបានវាយរំដោះទីក្រុងភ្នំពេញ ហើយថ្ងៃនេះបានក្លាយជាថ្ងៃប្រវត្តិសាស្ត្រនៃការរំដោះជាតិ។ រណសិរ្សនេះបានបង្កើតរបបថ្មីឈ្មោះថា “សាធារណរដ្ឋប្រជាមានិតកម្ពុជា”។[2] នៅពេលនោះខ្ញុំកំពុងតែរែកដីលើកទំនប់ មានក្រុមរំដោះមួយក្រុមមកប្រាប់ខ្ញុំថា «បងប្អូនទាំងអស់គ្នារត់ទៅរកម៉ែឪនៅស្រុកវិញទៅប្រទេសត្រូវបានរំដោះ» ខ្ញុំបានរត់ទៅរកឪពុកម្ដាយរហូតដល់ខេត្តកំពង់ធំត្រូវខ្មែរក្រហមវាយស្កាត់មិនឲ្យទៅមុខទៀតខ្ញុំក៏វិលត្រឡល់មករស់នៅភូមិអូរស្វាយវិញ រហូតដល់សព្វថ្ងៃនេះ។

ចំពោះបញ្ហាខុសភាពវិញខ្ញុំមានជំងឺដូចជា លើសឈាម, ខ្សោយបេះដូង, ដេកមិនលក់, ឈឺដៃជើង ខ្ញុំក៏ធ្លាប់បានទៅពិនិត្យសុខភាពម្ដងរួចមកហើយ។

អត្ថបទដោយ ស្រេង លីដា


[1] បទសម្ភាសន៍ «ប្រវត្តិសាស្រ្តផ្ទាល់មាត់៖ បទពិសោធន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម»​ ជាមួយ ទក់ សឿន អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅស្រុកបុរីអូរស្វាយ-សែនជ័យ ខេត្តស្ទឹងត្រែង នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤, បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា។

[2] ឃួន វិច្ឆិកា និងអ្នកឯទៀត, ប្រវត្តិឡាថ្នាក់ទី៦៖ ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព([ភ្នំពេញ]៖ អនុគណៈកម្មការមុខវិជ្ជឯកទេសប្រវត្តិវិទ្យា ក្រសួងអប់រំ យុវជន និងកីឡា ), ទំព័រទី៤១។

 

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin