ស កាន៖ បានរស់ដោយសារប្ដីលួចស្រូវ ឬអង្ករមកឲ្យបន្ថែម
ស កាន អាយុ៨១ឆ្នាំ រស់នៅភូមិប្រសៀត ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម គ្រួសាររបស់កាន មិនបានរស់នៅជួបជុំគ្នាទេ ដោយសារប្ដីរបស់គាត់ត្រូវបានអង្គការចាត់តាំងឲ្យទៅធ្វើការងារនៅក្នុងកងភ្ជួរស្រែ ហើយកូនៗរបស់គាត់ដែលមានអាយុចាប់ពី៦ឆ្នាំឡើងទៅ ត្រូវទៅរស់នៅ និងធ្វើការងារនៅក្នុងកងកុមារ។ កាន និងកូនតូច ស្នាក់នៅក្នុងខ្ទមមួយ នៅកន្លែងព្រៃកប់ខ្មោចកាលពីមុន និងធ្វើការងារនៅក្នុងសហករណ៍។ នៅក្នុងសម័យខ្មែរក្រហម កាន សម្រាលកូនទី៥របស់គាត់។
កាន បានឲ្យដឹងថា អ្នកដែលមានផ្ទៃពោះ និងមានកូនតូចដូចជាគាត់ តែងត្រូវអង្គការប្រើឲ្យធ្វើការងារនៅក្នុងសហករណ៍ ដោយធ្វើការដូចជា៖ រែកលាមកមនុស្សតាមផ្ទះយកទៅដាក់ក្នុងឡ, ធ្វើជី, ច្រូតស្រូវ, លើកដី, បោះដុំដីឡើងលើភ្លឺប្រឡាយ និងដងទឹកដាក់ស្រែ។ ចំពោះការងារខាងលើ កាន ចងចាំអំពីការងារដងទឹកដាក់ស្រែខ្លាំងជាងគេ ព្រោះគាត់បានធ្លាក់ក្នុងប្រឡាយស្ទើរតែស្លាប់។ មួយវិញទៀត នៅពេលដែលគាត់ជិះកាណូតទៅដងទឹកដាក់ស្រែ គាត់បានឃើញអង្គការចាប់មនុស្សចងនៅទួលត្រួយថ្ញាន់ និងសម្លាប់ទម្លាក់ចូលក្នុងត្រពាំងក្បែរនោះ។ នៅពេលឃើញដូច្នេះឈ្មោះ ហ៊ាង បានឲ្យគាត់ស្ងាត់មាត់ ប៉ុន្តែឈ្មោះ ចាប ដែលបានធ្វើដំណើរកាត់នោះ ត្រូវបានបាញ់សម្លាប់។
ចំពោះការហូបអាហារ អង្គការរៀបចំបបរ ឬក៏បាយ កន្លះឆ្នាំ ឲ្យប្រជាជនហូបជាមួយសម្លបន្លែគូឆាយ ឬស្លឹកខ្ទឹម សម្រាប់មនុស្ស៤នាក់ក្នុងមួយតុ។ ប្រជាជនទាំងអស់ត្រូវតែចេញទៅធ្វើការងារ បើមិនដូច្នេះទេ នឹងមិនទទួលបានអាហារហូបនោះទេ។ កាន បានឃើញដោយផ្ទាល់ភ្នែក នៅពេលដែលអង្គការវាយប្រជាជនដែលមិនទៅធ្វើការងារហើយចូលទៅហូបបាយនៅក្នុងរោងបាយ និងខ្លះទៀតត្រូវយកទៅសម្លាប់ចោល។
កាន បន្តថា ភាគច្រើនគាត់បានហូបតែទឹកបបរនោះទេ ព្រោះកាកបបរគាត់ទុកឲ្យកូនរបស់គាត់។ ដោយសារតែកាន ហូបអាហារមិនគ្រប់គ្រាន់ ទើបធ្វើឲ្យគាត់ហ៊ានលួចបេះស្លឹកដំឡូង ឬចាប់ត្រីក្នុងស្រែយកមកធ្វើម្ហូបបន្ថែម។ មួយវិញទៀត កាន បានអង្ករ ឬស្រូវមកពីប្ដី ដែលធ្វើការងារសេដ្ឋកិច្ចស្រុក លួចយកមកឲ្យជាញឹកញាប់។ នៅដើមឆ្នាំ១៩៧៩ អង្គការបានប្រាប់ឲ្យប្រជាជននៅក្នុងភូមិចូលទៅប្រជុំ និងហូបនំបញ្ចុកនៅក្នុងវត្តជុំគ្នា។ ការធ្វើនំបញ្ចុកឲ្យប្រជាជនហូបនេះ ក្នុងគោលបំណងសម្លាប់ប្រជាជនទាំងអស់ ប៉ុន្តែសំណាងល្អប្រជាជនត្រូវបានជួយរំដោះទាន់ពេល។ កាន បានឮពីការកាត់ទោស មេដឹកនាំខ្មែរក្រហម ឈ្មោះ ខៀវ សំផន ប៉ុន្តែ គាត់មិនហ៊ានទៅមើលការកាត់ទោសនោះទេ។
សម្ភាសដោយ៖ ខុំ ស្រីនោរ ថ្ងៃទី០៤ សីហា ២០២១
អត្ថបទដោយ៖ ភា រស្មី ថ្ងៃទី២៣ ខែមេសា ២០២៥