សួស ផុន ហៅ ឈាងស៊ី៖ អនុលេខាស្រុកមានជ័យថ្មីតំបន់២៣ ភូមិភាគបូព៌ា

ខ្ញុំឈ្មោះ សួស ផុន ហៅ ឈាងស៊ី[1] អាយុ៦២ឆ្នាំគិតក្នុងឆ្នាំ១៩៧៨ មានស្រុកកំណើតនៅភូមិព្រៃតាអី ឃុំព្រៃតាអី ស្រុកប្រសូត តំបន់២៣ ភូមិភាគបូព៌ា។ តំបន់២៣រួមមាន៖ស្រុករមាសហែក,ស្រុក ចន្រ្ទា,ស្រុកសំរោង,ស្រុកមានជ័យថ្មី[2],ស្រុកប្រសូត[3],ស្រុកក្រសាំង[4],ស្រុកកំពង់ត្រាច[5],ស្រុកកំពង់រោទិ៍[6] និងស្រុកស្វាយរៀង[7]។
នៅពេលខ្ញុំអាយុ១៤ឆ្នាំ ឪពុកម្ដាយ ខ្ញុំស្លាប់ចោលអស់។ ខ្ញុំបាននាំប្អូនខ្ញុំពីរនាក់ទៀតមករស់នៅជាមួយបងជីដូនមួយឈ្មោះ រស់ ថោង រស់នៅក្នុងភូមិជាមួយគ្នា។ ពេលខ្ញុំអាយុ១៨ឆ្នាំ បងជីដូនមួយបានឱ្យខ្ញុំទៅនៅវត្ត ព្រៃតាអី ជាមួយចៅអធិការវត្តឈ្មោះ ភោគ អុក។ នៅបានរយៈពេល៣ឆ្នាំខ្ញុំបួស ហើយបានរយៈពេល២ឆ្នាំក្រោយខ្ញុំសឹក និងរស់នៅជាមួយបងជីដូនមួយវិញ។ ពេលខ្ញុំអាយុ២៦ឆ្នាំ បានរៀបការប្រពន្ធជាមួយឈ្មោះ ព្រុំ ខន ហើយចាប់ផ្ដើមរកស៊ីជំនួញ ជ្រូក មាន់ ទាយកទៅលក់នៅវៀតណាម។
នៅឆ្នាំ១៩៤៧ ខ្ញុំចូលជាមួយរណសិរ្សឯកភាពឥស្សរៈ[8] ឬខ្មែរឥស្សរៈ គឺជានាយស្រុកប្រសូត រហូតដល់ផ្អាកសង្គ្រាមឆ្នាំ១៩៥៤។ នៅក្នុងឆ្នាំ១៩៥១ ខ្ញុំចូលបក្សកុម្មុយនីស្ដឥណ្ឌូចិន បង្កើតដោយ ហូ ជីមិញពីមុនមានឈ្មោះ បក្សកុម្មុយនីស្តវៀតណាម[9]។ អ្នកបញ្ជូលមានឈ្មោះ ហុង ហ៊ីង គឺជាសមាជិកភូមិភាគបូព៌ាកាលតស៊ូ៩ឆ្នាំ, នៃ សារ៉ាន់ ហៅ យ៉ា អនុលេខាភូមិភាគបូព៌ា និង ជៃ សារ៉េត សមាជិកភូមិភាគបូព៌ា តស៊ូ៩ឆ្នាំ។ នៅឆ្នាំ១៩៦៦ នៃ សារ៉ាន់ ហៅ យ៉ា , សុត[10] ហៅ ឈូក ហៅ ម៉ែន បានចុះមកពីភ្នំពេញមកជួបយើងខ្ញុំក្នុងភូមិសង្គមមានជ័យ ឃុំគគីរសោម ស្រុកប្រសូត តំបន់២៣ ភូមិភាគបូព៌ា។ យើងខ្ញុំមាន៖ ង៉ាត់ ហៅ ហ៊ុត វង់ ហៅ សូ អតីតឥស្សរៈ(លេខាតំបន់២៣), ឆាន់ សុវ៉ាន់ ហៅ គួន អតីតឥស្សរៈ(អនុលេខាតំបន់២៣), យន់ ហៅ ឧស្សា អតីតឥស្សរៈ(លេខាស្រុកស្វាយរៀង)។
នៅឆ្នាំ១៩៦៧ បងសូ បានសរសេរសំបុត្រមួយឱ្យខ្ញុំ ដោយណែនាំឱ្យខ្ញុំទាក់ទងជាមួយ យ៉ា ប្រធានសេនាធិកាយោធាតំបន់២៣, កែវ អាន តស៊ូសម្ងាត់នៅស្រុកត្របែកតំបន់២៤, សាផាត អតីតតស៊ូឥស្សរៈ, យ៉ុន ហៅ ជៃ សាវី តស៊ូសម្ងាត់តំបន់២០, សាលីវ អតីតឥស្សរៈ(១៩៧៥លេខាស្រុកប្រសូត), សំអន (១៩៧៦ លេខាស្រុកចន្ទ្រា), យន់ ហៅ សៅ សារ៉េត (១៩៧៥ លេខាស្រុកសំរោង)។
នៅឆ្នាំ១៩៧២ បងសូ បានចាត់តាំងខ្ញុំឱ្យមកស្រុកមានជ័យ ជាសមាជិកស្រុក។ មុនមកបងសូ បានហៅខ្ញុំទៅជួប នៅមន្ទីរស្រុកមានជ័យថ្មី នៅភូមិក្រពាត់ជ្រូក សង្កាត់ដូនស។ ពេលនោះមានឈ្មោះ នង សារឿន គឺជាអនុលេខាតំបន់២៣,សាផាត គឺជាសមាជិកតំបន់២៣(បាត់ខ្លួនឆ្នាំ១៩៧៦),កែវ អាន, សាវិន (១៩៧២ សមាជិកស្រុកមានជ័យថ្មី ផ្នែកឃោសនាការ), ផល្លី (១៩៧២ សមាជិករងរបស់ស្រុកមានជ័យថ្មី ផ្នែកពេទ្យស្រុក),គួន, សាមិត្ត លេខាស្រុកមានជ័យថ្មី តំបន់២៣(១៩៧៦ចាប់)។ ពេលជួបជុំហើយដំបូងបងសូ ចាត់តាំងភារកិច្ចបដិវត្តន៍។ បន្ទាប់មកបងសូ ឧទ្ទេសនាមឱ្យយើងខ្ញុំភ្ជាប់ខ្សែដើម្បីទាក់ទងគ្នាធ្វើសកម្មភាព។
នៅខែកុម្ភៈ ឆ្នាំ១៩៧៣ សាមិត បានហៅខ្ញុំ,ផល្លី, សាវិន ,ប្រាក់ សែម មកប្រជុំនៅមន្ទីរស្រុកភូមិព្រៃដំឡូង ខ្លឹមសារសាមិត្តលើកឡើងរួមមាន៖ ១) បំភ្លៃមាគ៌ាចាត់តាំងសហករណ៍ របស់បក្សគឺរៀបចំត្រឹមប្រវាស់ដៃតូចបានហើយ, ២) ចលនាប្រជាជនឱ្យស្រែកតវ៉ាពីការរៀបចំសមូហភាព។ នៅខែសីហា ឆ្នាំ១៩៧៣ ជាសកម្មភាពរបស់យើងខ្ញុំបានចលនាប្រជាជនមិនឱ្យយកគោ សម្ភារដាក់រួម។ នៅចុងឆ្នាំ១៩៧៣ បងសូ បានហៅខ្ញុំ ,សៅ សារ៉េត, ឧស្សា,ផន មកជួបនៅមន្ទីររបស់សេនាធិការតំបន់នៅកំពង់ចក។ ពេលជួបជុំគ្នាបងសូ លើកអំពី ១)រំឭកពីបក្សឥណ្ឌូចិន កុំឱ្យយើងខ្ញុំភ្លេច មិនឱ្យបំភ្លេចគុណវៀតណាម ដែលដឹកនាំបដិវត្តន៍នៅប្រទេសយើងមុន, ២) ត្រូវខំកសាងកម្លាំងទាំងជួរកម្មាភិបាល និងជួរកងទ័ព, ៣) កំណត់គ្នាថាបើគ្មានបញ្ហាអ្វីទេមួយខែជួបជុំគ្នាម្ដង។
នៅឆ្នាំ១៩៧៤ ជាសកម្មភាពយើងខ្ញុំនៅស្រុកមានជ័យថ្មី មានតែលួចផ្ដល់សេដ្ឋកិច្ចឱ្យវៀតណាម ជាស្រូវអង្ករ ជ្រូក គោ ជាប់រហូតក្នុងមួយលើកចាប់ពី១០០បាវឡើង ជ្រូក៣ឬ៤ក្បាលព្រោះមន្ទីរយោធារបស់វៀតណាមបោះនៅផ្សាររបស់ ព្រីង ជាប់រហូតដល់រំដោះហើយយើងខ្ញុំនៅតែផ្ដល់ឱ្យជាប់ដែរ។ ក្នុងឆ្នាំ១៩៧៤ នេះដែលក្រោយពីខ្ញុំទទួលផែនការគឺពង្រឹងកម្លាំងចាស់ សហការជាមួយវៀតណាម ដើម្បីវាយពួក លន់ នល់ ឱ្យឈ្នះ។
ដើមឆ្នាំ១៩៧៥ បងសូ ឬ អ៊ុក សាវ៉ាន លេខាតំបន់២៣[11] បានហៅខ្ញុំ , សាមិត, ផល្លី, សាវិន មកចូលរួមប្រជុំនៅមន្ទីរស្រុករមាសហែក។ អ្នកចូលរួមមាន គួន,កែវ, សាផាត, ឆែម, ឈិត, សាម,សាផុន,យន់ កុមារ, សុផល, ឧស្សា, ផន, សំអន, សាលីវ, ប៉ូរិវ៉ាន់ ហៅ ប៉ុន ក្នុងនោះមានវៀតណាមពីរនាក់ ឈ្មោះ អ៊ុក ហុក និង ទឺកាម។ ពេលប្រជុំនោះនៅពេលព្រឹក បងសូ បានលើកឡើងការខំពង្រីកកម្លាំងបន្ថែម, ហើយ អ៊ុក ហុក លើកពីសកម្មភាពបច្ចុប្បន្ន, បក្សកុម្មុយនីស្តឥណ្ឌូចិន កុំឱ្យយើងខ្ញុំបំភ្លេច, ស្នើដល់បងសូ សុំទិញស្រូវ និងសត្វយកទៅចិញ្ចឹមកងទ័ព។ ក្រោយពី អ៊ុក ហុក ស្នើបងសូយល់ព្រមតែឱ្យយកសម្ភារ មកដូរជាក្រណាត់ ឬប្រេង។ បងសូ បានប្រាប់អំពីផែនការអង្គការឱ្យដេញកម្លាំងវៀតណាម។ អ៊ុក ហុក យល់ព្រមដកកម្លាំងមកតាមព្រំដែនសិន។
ខែកក្កដា ឆ្នាំ១៩៧៦ បងសាមិត បានចាត់តាំងខ្ញុំឱ្យយកកម្លាំង១០នាក់ដែលគាត់ចាត់តាំងបានមករៀបចំជាគណៈសហករណ៍ដែលជាកម្លាំងនៅបញ្ឈរចោលបង្កប់តាមសហករណ៍។ នៅពេលចុះបានចាត់តាំង១) សហករណ៍ចេកមានឈ្មោះ សាវ៉ាន់ ,សាវុត និង ពត ២) សហករណ៍ធ្លក មានឈ្មោះ សួន និងសុភាត់, ៣) សហករណ៍អង្គតាសូ មានឈ្មោះ ឆយ និង សុវ៉ាត ក្រៅពីនេះជាប្រជាជនដដែល។ នៅចុងខែកក្កដា ឆ្នាំ១៩៧៦ ខ្ញុំបានជួបជាមួយបង គួន នៅមន្ទីររបស់គាត់ក្នុងក្រុងស្វាយរៀងខាងកើតរូបគោ។ បងគួន បានណែនាំចាត់តាំងពិសេសនីរសារចាំនាំទ័ពវៀតណាមចូល និងរៀបចំចាត់តាំងតាមសហករណ៍ចំពោះប្រជាជនណាដែអប់រំបានឱ្យធ្វើជាបាតុកម្មតូចៗដើម្បីទាមទារពីជីវភាពរស់នៅ។ នេះគ្រាន់ជាចាត់តាំងទុកទេមិនទាន់ឱ្យអនុវត្តន៍ទេ។ ចុងខែសីហា ឆ្នាំ១៩៧៦ សាមិត បានមកជួបបងសូ ហើយត្រឡប់មកវិញប្រាប់ខ្ញុំថា សភាពការណ៍កងទ័ពវៀតណាម វាយមកហើយតែបរាជ័យដោយសារវៀតណាមយកកម្លាំងតូចមកបុកមក។ ប៉ុន្តែពេលដកទៅវិញគឺរៀបចំកម្លាំងមិនមែនដកទៅរហូតទេ។ នៅខែវិច្ឆិកា ឆ្នាំ១៩៧៦ ខ្ញុំបានចុះមកជួបខ្មៅ និង ញាន នៅម៉ឺនសៃ ហើយបានណែនាំទាំងពីរនាក់បើសភាពការណ៍ខាងក្រៅបុកមកឱ្យ ទៅ ធ្វើសកម្មភាពពីព្រំដែនមក។ នៅខែវិច្ឆិកា ឆ្នាំ១៩៧៦ អង្គការដកបងសាមិត ហើយបងសូ បានចាត់តាំងខ្ញុំជាលេខាស្រុកបណ្ដោះអាសន្ន។
នៅខែកុម្ភៈ ឆ្នាំ១៩៧៧ ខ្ញុំបានឡើងមកជួបបងសូ នៅមន្ទីរតំបន់ត្រើយតាហោ។ ខ្ញុំបានស្នើយោបល់សម្រាប់ក្រុមធ្វើបាតុកម្មតូចរៀបចំបានហើយនៅសង្កាត់ស្វាយយា(បច្ចុប្បន្ន ស្ថិតនៅស្រុកស្វាយជ្រុំ)។ បងសូ សម្រេចចិត្តឱ្យយើងខ្ញុំធ្វើ។ ពេលធ្វើប្រសិនមានសភាពការណ៍មិនស្រួលគឺចាប់គ្នាយើងដើម្បីកុំឱ្យខាងលើថាយើងចូលដៃជើងជាមួយគ្នា។ បន្ទាប់ពីបានជួបជាមួយបងសូ ខ្ញុំបានត្រឡប់មកវិញដោយហៅ ទៀត ផាន់ ឱ្យធ្វើជាអ្នកដឹកនាំបាតុកម្មតូចៗយកភូមិដំណាក់កន្ទួត ដែលមានកម្លាំងរៀបចំហើយ។ ធ្វើនៅខែមីនា ឆ្នាំ១៩៧៧ ឱ្យបានព្រោះនៅស្វាយរៀងក៏ធ្វើនៅថ្ងៃនេះដែរ។ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៧៧ បាតុកម្មផ្ទុះនៅភូមិដំណាក់កន្ទួត ក្នុងឃុំស្វាយយា(បច្ចុប្បន្ន ស្ថិតនៅស្រុកស្វាយជ្រុំ) ពេលម៉ោង៩ព្រឹក ប្រធានកងតូចហៅមករៀនសូត្រទស្សនាវដ្ដី ចំនួនគ្នាជាង៣០នាក់ហើយបានស្រែកថា«ជយោបដិវត្តន៍ កម្ទេចពួកអាក្បត់ជិះជាន់ពលកម្ម» រួចដើរវាយកម្ទេចសម្ភារ និង ដេញកម្មាភិបាលដែលនៅក្នុងសហករណ៍។ ពេលសភាពការណ៍កើតឡើងខ្ញុំបានរាយការណ៍ឱ្យបង គួន។ បងគួន សរសេរសំបុត្រសួរអំពីសភាពការណ៍កំណាក់កន្ទួត(បច្ចុប្បន្នស្រុកស្វាយជ្រំ) និងយកមនុស្សបីនាក់ដែលរត់ទៅកន្លែងគាត់ដាក់សន្តិសុខ។ ក្រោយពីសភាពការណ៍ស្ងប់ស្ងាត់បងគួន ឱ្យចាប់ទាំង៣០នាក់ដាក់ក្នុងសន្តិសុខស្រុកមានជ័យថ្មីដើម្បីកុំឱ្យបែកការណ៍។ ដល់ពេលថ្ងៃរសៀលបងសូ បានមកជួបខ្ញុំ,បងគួន ហើយបានណែនាំថា ឱ្យអប់រំតែពីរឬបីថ្ងៃបានហើយដោះលែងវិញទៅ។ សកម្មភាពបាតុកម្មលែងឱ្យផ្ទុះខ្លាចបែកការណ៍។ ចំណែកនៅស្វាយរៀងមិនផ្ទុះទេ ហើយម្យ៉ាងទៀតអង្គការតាមដានតំបន់២៣ ក្រោយចាប់ធុច និង សាមិត មក។
នៅខែមីនា ឆ្នាំ១៩៧៧ ខ្ញុំបានឡើងមកជួបបងគួន ហើយបងគួន បានណែនាំខ្ញុំផ្អាកធ្វើសកម្មភាពសិន ហើយចុះក្ដាប់សភាពការណ៍គ្រប់មូលដ្ឋាន។ នៅខែមេសា ឆ្នាំ១៩៧៧ អង្គការចាប់ខ្សែមួយចំនួន។ ក្រោយពីសភាពការណ៍អង្គការចាប់ យើងខ្ញុំផ្អាកធ្វើសកម្មភាព។ ខែឧសភា ឆ្នាំ១៩៧៧ បងសូ បានហៅខ្ញុំ, ឧស្សា,ផន ,សំអន, សៅ សារ៉េត ,សុផល ,ឆែម, ស៊ែល ,ឈិត, សាម, សាផុន, យន់ ហៅ កុមារ, សំអាង ហៅ អាន , ប្រាក់សំបាត់ ហៅ សោម,កែវ សាន់, អុង គិន ហៅសារិន,រាជ ហៅ ជៃសារុំ និង ស៊ិប ហៅ សាវ៉ាត មកប្រជុំនៅត្រើយតាហោ គឺជាកន្លែងរបស់ បងសូ។ ខ្លឹមសារ បងសូ លើកឡើងពីសភាពបែកការណ៍ត្រូវអង្គការចាប់អស់មួយចំនួន ហើយត្រូវរៀបចំផែនការទប់ទល់វិញមិនដូច្នេះអង្គការចាប់អស់ហើយ។ ចំណែកផែនការទប់ទល់គឺការធ្វើរដ្ឋប្រហារនៅក្នុងឆ្នាំ១៩៧៧នេះ។ នៅចុងខែមិថុនា ឆ្នាំ១៩៧៧ ខ្ញុំបានមកជួប បងគួន នៅក្រុងស្វាយរៀង មានទាំងឧស្សា និង ផន នៅទីនោះដែរ។ បន្ទាប់ពីបាយហើយធ្វើដំណើរដោយម៉ូតូហុងដាម្នាក់មួយគ្រឿង និងមានកងការពារម្នាក់មួយមកតាមផ្លូវកំពង់ចម្លង មកកំពង់តានូ ហើយចូលវត្តតានូ ឱ្យកងការពារនៅចាំម៉ូតូ។ ក្រោយមក ឧស្សា នាំចូលដីវៀតណាមក្នុងមន្ទីររបស់ណាំឡុង។ បងគួន បានលើកពីផែនការថ្មីក្នុងតំបន់២៣គឺ ផែនការតំបន់២៣ ត្រូវធ្វើរដ្ឋប្រហារឆ្នាំ១៩៧៧ ដើម្បីដណ្ដើមយកខេត្តស្វាយរៀង។ ស្នើសុំកម្លាំងបុកឱ្យធំជាខ្សែសង្វាក់ដើម្បីបុកចូលបាន ណាំ ឡុង យល់ព្រមប៉ុន្តែស្នើសុំដឹកអង្ករ និងស្រូវយកមកចិញ្ចឹមទ័ពហើយបង គួន យល់ព្រម។
នៅខែកក្កដា ឆ្នាំ១៩៧៧ បងសូ ប្រាប់ឱ្យខ្ញុំយកទ័ពស្រុករបស់ខ្ញុំចុះមកទល់ដែនទៅមុខសញ្ញាផ្លូវលេខ១៣(ខ្នាខ្នង់) ដើម្បីកុំឱ្យអង្គការចាប់អារម្មណ៍។ បងសូ បានចាត់តាំង ឈ្មោះ សយ គឺជាលេខាស្រុកមានជ័យថ្មី តំបន់២៣ ដែលដកពីស្រុកចន្ទ្រាមក។ នៅខែតុលា ឆ្នាំ១៩៧៧ បងសូ ឱ្យខ្ញុំដកទ័ពមកនៅក្រាំងលាវ ស្រុកស្វាយរៀង ឱ្យខ្ញុំមកនៅ ស្រុកមានជ័យថ្មីវិញ។
នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ១៩៧៨ បងសូ បានហៅខ្ញុំ,ឧស្សា, ផន,សយ មកជួបនៅមន្ទីររបស់ខ្ញុំនៅភូមិព្រៃដំឡូង ដែលមានបងគួន ចូលរួមដែរ។ បងសូ បានលើកឡើងឱ្យ ឧស្សា ត្រួតពិនិត្យមើលលទ្ធភាពទាក់ទងវៀតណាម ប្រសិនទាក់ទងបានត្រូវកំណត់ខែមេសា ឆ្នាំ១៩៧៨ ឱ្យវៀតណាមបុកចូលទៀត។ ច្រកចូលមានចំនួន៤គឺ១) ច្រកស្រុកកំពង់រោទិ៍ តាមបាយាប, ២) ច្រក ស្រុកកំពង់រោទិ៍ តាមផ្សារកំពង់រោទិ៍,៣) ច្រក ស្រុកចន្ទ្រា តាមច្រកផ្លូវមេសោថ្ងក, ៤) ស្រុក ស្រុកចន្រ្ទា តាមច្រកផ្លូវជាតិលេខ១ កុងអាងនិងបាវិត។ ចំនួន៤ច្រកនេះសម្រាប់កងពលលេខ៧។ ឯកងពលខេត្តតៃនិញ មានចំនួន៣គឺ១) ផ្សារដើមអំពិលផ្លូវលេខ១, ២) ក្បាលជ្រូក គគីរសោម, ៣) ផ្លូវ១៣(ទ្រឿង)។ បន្ទាប់ពីណែនាំចប់ហើយបែកគ្នារហូតដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩៧៨ អង្គការចាប់ខ្លួនខ្ញុំតែម្ដង៕
អត្ថបទដោយ ដារ៉ារដ្ឋ មេត្តា
[1] ឯកសារលេខ J00885 តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង,«អំពីប្រវត្តិសកម្មភាពក្បត់របស់ សួស ផុន ហៅ ឈាង ស៊ី ៖ អនុលេខាស្រុកមានជ័យថ្មី តំបន់២៣ » សរសេរដោយដៃចំនួន៥១ទំព័រ។ កំណត់សម្គាល់ៈ ចម្លើយសារភាពរបស់អ្នកទោសទាំងអស់សុទ្ធតែឆ្លងកាត់ការបង្ខិតបង្ខំនិងធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរពីកងសួរចម្លើយរបស់ខ្មែរក្រហម ដូច្នេះយើងមិនអាចសន្និដ្ឋានបានថាចម្លើយសារភាពរបស់ សួស ផុន ហៅ ឈាងស៊ី ពិតឬយ៉ាងណានោះទេ?
[2] ឯកសារD៤១២៨៤ តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង,«សាវិន៖ សមាជិកស្រុកមានជ័យថ្មី» សរសេរដោយដៃ និងអង្គលីលេខចំនួន១៤៦ទំព័រ។
[3] ឯកសារ D១៥៧២១ តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង,«កំណត់ហេតុចំលើយ បឋមរបស់ ឥត សារ៉ុន ហៅ ឥន ថុល អតីតសិស្សថ្នាក់ទី៥ មុនចាប់ខ្លួន អនុប្រធានកងការពារមន្ទីរតំបន់២៣ ភូមិភាគបូព៌ា» សរសេរដោយដៃមានចំនួន៤ទំព័រ។
[4] ឯកសារ D១០៤១៣ តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង,«គណៈស្រុកកំពង់ត្រាច តំបន់២៣» អក្សរវាយអង្គុលេខមានចំនួន១ទំព័រ។
[5] ឯកសារ D១៣៨៧៨ តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង,«ស្រុកកំពង់រោទិ៍តំបន់២៣» អក្សរវាយអង្គុលេខមានចំនួន៥ទំព័រ។
[6] ឯកសារ K០៣១៣៥ តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង,« ខ្សែក្រោម ភួន» អក្សរសរសេរដោយដៃមានចំនួន១ទំព័រ។
[7] ឯកសារ D០១៦២៨ តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង,«សភាពការណ៍ខ្មាំងតាមព្រំដែន» តំបន់២៣ អក្សរវាយអង្គុលេខមានចំនួន២ទំព័រ។
[8] ផេង ពង្សរ៉ាស៊ី និងផ្សេងទៀត,ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩)៖ ជំពូកទី២«តើខ្មែរក្រហមជានរណា? តើខ្មែរក្រហមឡើងកាន់អំណាចដោយរបៀបណា?»,បោះពុម្ពលើកទី២,(ភ្នំពេញ៖មជ្ឈមណ្ឌលឯសារកម្ពុជា,២០២០),៥។
[9] ផេង ពង្សរ៉ាស៊ី និងផ្សេងទៀត,ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩)៖ ជំពូកទី១៧«សេចក្ដីបញ្ចប់»,បោះពុម្ពលើកទី២,(ភ្នំពេញ៖មជ្ឈមណ្ឌលឯសារកម្ពុជា,២០២០),១០៧។
[10] ឯកសារលេខ D១៦៦៤៤ តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង,«សួស នៅ ហៅ ឈូក ហៅ ម៉ែន៖ លេខា តំបន់២៤»។ ឯកសារនេះមានចំនួន៥៧១ទំព័រ សរសេរដោយដៃលើកទី ៣០។
[11] ឯកសារលេខK០១២០២ តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង,«ប្រវត្តិរូបអ្នកទោសជាប់ឃុំឃាំង៖ សូ ស៊ីណាត» វាយអង្គុលេខមានចំនួន១ទំព័រ។