សុត សឹង រំឭកពីជីវិតជាអ្នកឡើងត្នោតក្នុងសម័យខ្មែរក្រហម និងបទពិសោធន៍ដែលខ្មែរក្រហមបម្រុងនឹងសម្លាប់

ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ខ្ញុំឈ្មោះ សុត សឹង[1] ភេទប្រុស អាយុ៨១ឆ្នាំ។ ខ្ញុំមានស្រុកកំណើតរស់នៅភូមិសេកយា ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។ បច្ចុប្បន្ន ខ្ញុំរស់នៅភូមិបឹងម្កាក់ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ ខ្ញុំមានឪពុកឈ្មោះ សុត (ស្លាប់) និងម្ដាយឈ្មោះ តុង (ស្លាប់)។ ខ្ញុំមានបងប្អូនបង្កើត ៧នាក់ ប្រុស៣នាក់ ស្រី៤នាក់។ បច្ចុប្បន្ន បងប្អូនខ្ញុំនៅរស់២នាក់ទេគឺ ខ្ញុំនិងប្អូនប្រុសខ្ញុំ។ ខ្ញុំបាន​រៀបការនៅឆ្នាំ១៩៥៩ ជាមួយ ប្រពន្ធខ្ញុំឈ្មោះ ថ្លាង ហេវ។ យើង​មាន​កូនប្រុសស្រី៨នាក់ ប៉ុន្តែក្រោយមកកូនប្រុសរបស់ខ្ញុំម្នាក់បានស្លាប់។

នៅក្នុងរបបខ្មែរក្រហម ខ្មែរក្រហមបានចាត់តាំងខ្ញុំឲ្យ​ទៅធ្វើការនៅក្នុងកង​សេដ្ឋកិច្ច ដើម្បីដឹកជញ្ជូនបន្លែបង្ការទៅដាក់តាមសហករណ៍នៅក្នុងមូលដ្ឋាន។ ថ្វីត្បិតតែខ្ញុំរស់នៅក្នុងស្រុកកំណើតរហូតដល់ពេញមួយរបបខ្មែរក្រហមក៏ដោយ ក៏ខ្មែរក្រហមបានចាត់ទុកខ្ញុំជាប្រជាជនផ្ញើដែរ ព្រោះខ្ញុំមានបងថ្លៃ និងប្អូនប្រុសធ្លាប់ធ្វើទាហានកាលពីរបប លន់ នល់។ បងថ្លៃខ្ញុំម្នាក់ឈ្មោះ ម៉ាក បានសម្រេចចិត្តសម្លាប់ខ្លួនដោយចងក មុនពេលដែលពួកខ្មែរក្រហមសម្លាប់គាត់ដោយសារគាត់ជាអ្នកធ្វើការនៅក្នុងរបប លន់ នល់។

បន្ទាប់មក ខ្មែរក្រហមបានបញ្ជូនខ្ញុំឲ្យទៅធ្វើការនៅក្នុងក្រុមអ្នកឡើងត្នោតនៅភូមិកោះក្អែក, ភូមិអង្គរនាប, ភូមិថ្មកែវ និង ភូមិត្រពាំងខ្ចាយ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ ខ្ញុំស្ថិតនៅក្រុមទី១ ​ ​ទទួលបន្ទុកឡើងត្នោតនៅភូមិអង្គរនាប​។ ខ្ញុំចាប់ផ្ដើមធ្វើតាំងពីម៉ោង៤ព្រឹក រហូតដល់ថ្ងៃត្រង់ ទើបបានសម្រាកហូបបាយ។ នៅពេលរសៀល ខ្ញុំត្រូវធ្វើការចាប់ពីម៉ោង៣ រហូតដល់ម៉ោង៦ល្ងាច។ ការងារនេះ ត្រូវធ្វើទាំងខែប្រាំង និងខែវស្សា។ ក្នុងរយៈពេលកន្លះខែ ឬ១ខែម្តង ទើបខ្ញុំអាចមកលេងផ្ទះបាន។ ខ្ញុំក៏​អាចនាំយកស្ករមកផ្ញើប្រពន្ធកូននៅផ្ទះបានដែរ។ ប្រធានកងខ្ញុំ កាលនោះ ឈ្មោះ តាសឹម។ គាត់ស្លូតណាស់! គាត់មិនដែលធ្វើបាបខ្ញុំ និងអ្នកឯទៀតទេ។ គាត់​ថែមទាំងបាននិយាយសរសើរក្រុមខ្ញុំថា ធ្វើការងារបានល្អទៀតផង។ រៀង​រាល់មួយសប្ដាហ៍ម្តង ខ្មែរក្រហមបានបញ្ជាឲ្យដឹកជញ្ជូនស្ករត្នោតពី៥ ទៅ ១០ពាង យកទៅដាក់នៅតាមសហករណ៍។

ឪពុកម្ដាយខ្ញុំ ត្រូវខ្មែរក្រហម​បញ្ជូនទៅរស់នៅឯក្រុងភ្នំពេញ។ ក្រោយមក ខ្ញុំបានឮដំណឹងថា ឪពុករបស់ខ្ញុំបានស្លាប់បាត់ហើយ។ ខ្ញុំត្រូវរស់នៅក្នុងកងជាមួយអ្នកឯទៀតដែលជាសមាជិកក្នុងកងឡើងត្នោត ដោយបែកឆ្ងាយពីឪពុកម្ដាយ និងប្រពន្ធកូន។ នៅក្នុងកង ខ្ញុំត្រូវកម្មាភិបាលខ្មែរក្រហមកំណត់ថា ឲ្យឡើងត្នោតឲ្យបាន១៥ដើម និងរំងាស់​ស្ករឲ្យបាន២ខ្ទះទៀតក្នុងមួយថ្ងៃ។ ខ្ញុំពុំសូវមានពេល​ឈប់សម្រាកទេ ហើយការងារនេះក៏ខ្ញុំពុំដែលធ្លាប់ធ្វើពីមុនមកដែរ  ​ ប៉ុន្តែខ្ញុំមិនអាចប្រកែកតវ៉ាបានឡើយ។ ​ ​ខ្ញុំមានអារម្មណ៍ភ័យខ្លាចណាស់ ព្រោះជីវិតត្រូវផ្ញើទៅលើចុងត្នោត។ ប៉ុន្តែជាសំណាងខ្ញុំដែរ ខ្ញុំបានទទួលការហូបចុកគ្រាន់បើ។ ខ្ញុំបានហូបបាយជាប្រចាំ។

រហូតមកដល់ដើមឆ្នាំ១៩៧៩ ខ្ញុំត្រូវបានកម្មាភិបាលខ្មែរក្រហមម្នាក់ មកចាប់ខ្ញុំទាំងយប់​ បញ្ជូនទៅដាក់ឃុំឃាំងនៅក្បែរស្រះទឹកមួយកន្លែងនៅភូមិបឹងម្កាក់ ដោយមូលហេតុដោយសារខ្ញុំបានចាប់ទាមួយក្បាលយកមកធ្វើម្ហូប។ ប្រធានកងចោទ​ថាខ្ញុំក្បត់នឹងអង្គការ។ ក្នុងពេលចាប់ខ្លួន ខ្ញុំមានតែសារុង​ប្រពន្ធខ្ញុំមួយតែប៉ុណ្ណោះដែលអាចយកតាមខ្លួនបាន។ ពេលនោះ ខ្ញុំមានអារម្មណ៍ភ័យខ្លាចណាស់។ ​ខ្ញុំបានគិត​​ក្នុងចិត្ត​ថា ខ្ញុំប្រហែលជាមិនអាចមានជីវិតរស់នៅជួបជុំប្រពន្ធកូនវិញឡើយ។ ខ្ញុំមានពូថៅមួយសៀតជាប់នឹង ចង្កេះ។ កម្មាភិបាលនោះមិនដឹងឡើយថាខ្ញុំមានពូថៅ។ ខ្ញុំគិតថា ខ្ញុំអាចតដៃជាមួយកម្មាភិបាលខ្មែរក្រហមវិញប្រសិនបើអ្នកនោះចង់សម្លាប់ខ្ញុំទាំងយប់។ ​ខ្ញុំបានឮខ្មែរក្រហមនោះនិយាយថា តាឌន នឹងមកដល់ ហើយគាត់​នឹង​សម្លាប់ខ្ញុំទម្លាក់ចូលក្នុងស្រះទឹក។ ជាចៃដន្យ តាឌន មិនបានមកឡើយ ហើយប្រទេសជាតិត្រូវបានរំដោះ។ ដូច្នេះ ទើបខ្ញុំអាចរួចខ្លួន ហើយមានជីវិតរស់មកដល់សព្វថ្ងៃនេះ៕

អត្ថបទដោយ ជីម សុខគា


[1] ​បទសម្ភាសជាមួយ សុត សឹង  ​ ភេទប្រុស អាយុ៨១ឆ្នាំ រស់នៅភូមិបឹងម្កាក់​ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ, ចំណងជើងអត្ថបទ​«​សុត សឹង រំឭកពីជីវិតជាអ្នកឡើងត្នោតក្នុងសម័យខ្មែរក្រហមនិងបទពិសោធន៍ដែលខ្មែរក្រហមបម្រុងនឹងសម្លាប់»។ សម្ភាសន៍ដោយ ជីម សុខគា នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin