កូនខ្ញុំស្លាប់ដោយសារជំងឺកញ្ជ្រិល

សូយ សៀងផល រស់នៅក្នុងភូមិត្រពាំងឫស្សី ឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា។

អំឡុងពេលអង្គការជម្លៀសប្រជាជនចេញពីភូមិភូមិត្រពាំងឫស្សី ឃុំរូង ស្រុកមេមត់ សូយ សៀងផល ពិតជាអាណិតដល់កុមារតូចៗជាខ្លាំង។ ជាក់ស្ដែងនៅក្នុងគ្រួសារ សូយ សៀងផល ផ្ទាល់ដែរមានកូនតូចចំនួន ២រូប។ កូន ររបស់ សូយ សៀងផល បានកើតជំងឺកញ្ជ្រិល ដោយហេតុថាកុមារនោះឃ្លានខ្លាំងពេកបានលួច ហូបទឹកក្ដាម ធ្វើឲ្យមានប្រតិកម្មក្ដៅខ្លាំង ហើយហើមដៃហើមជើង។ សូយ សៀងផល បាននាំទៅមន្ទីរពេទ្យស្ថិត ក្នុងវត្តសសរ១០០ដែលមានទីតាំងស្ថិតនៅក្នុងភូមិភូមិសំបូរ ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ ដើម្បីរង់ចាំពេទ្យ ព្យាបាល ប៉ុន្តែគួរឲ្យស្ដាយកុមារនោះបានបាត់បង់ជីវិតទៅហើយ ខាងក្រោមនេះជាសាច់រឿងរបស់សូយ សៀង ផល៖

ខ្ញុំឈ្មោះសូយ សៀងផល[1] ភេទស្រី អាយុ៧៤ឆ្នាំ មានទីកន្លែងកំណើតនៅភូមិថ្មី ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម។ បច្ចុប្បន្នរស់នៅក្នុងភូមិត្រពាំងឫស្សី ឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ឪពុក ខ្ញុំឈ្មោះសូយ ធីវ ទទួលមរណៈភាពដោយសារជំងឺនៅឆ្នាំក្នុង១៩៨៨។ ម្ដាយខ្ញុំឈ្មោះ អ៊ន់ ហេនទទួលរមណៈ ភាពដោយសារជំងឺនៅក្នុងឆ្នាំ២០១៥។ ខ្ញុំមានបងប្អូនចំនួន១០នាក់ ក្នុងនោះមានប្រុស៣នាក់និងស្រី ៧នាក់។ ខ្ញុំជាកូនទី៤ នៅក្នុងគ្រួសារ។ បច្ចុប្បន្ននៅសល់ស្រី៦នាក់(ស្លាប់៤នាក់)។ ស្វាមីខ្ញុំឈ្មោះតុយ លំ អេង ទទួលមរណៈភាពដោយសារជំងឺសួត។ ខ្ញុំមានកូនចំនួន៦នាក់(ស្រី៥នាក់) ។

កាលពីកុមារភាពខ្ញុំបានចូលរៀននៅសាលាពាមប្រធ្នោះ ត្រឹមថ្នាក់ទី៨(ចាស់)។ ក្នុងមួយថ្នាក់មាន ៣០ទៅ៤០នាក់។ ពេលព្រឹកខ្ញុំរៀនភាសាបារាំង ហើយពេលរសៀលខ្ញុំរៀនភាសាខ្មែរ។ ខ្ញុំឈប់រៀន ហើយមក ធ្វើស្រែចម្ការជាមួយឪពុកម្ដាយ។ ពេលខ្លះខ្ញុំជួយត្បាញក្រមានៅផ្ទះ។ ក្រមាត្បាញរួចមានឈ្មួញមកយកដល់ ផ្ទះដែល ក្រមាមួយមានតម្លៃចាប់ពី១០ទៅ១២រៀលទៅតាមប្រភេទក្រមា។ របៀបធ្វើក្រមាមុនដំបូងទិញ អំបោះដុំមកខារ ហើយយកទៅជាន់ទឹក រួចយកទៅលាងថ្នាំស្អុយឲ្យមានពណ៌ស ដូចក្រដាស់ទើបយកទៅ ហាលថ្ងៃ។ លុះស្អែកឡើងខ្ញុំយកទៅដាក់បំពង់ និងយកទៅអន្ទង រួចមូលដាក់កី។ បន្ទាប់ចាក់ថ្ករចងឈ្នាន់ ចុងក្រោយដាក់កីតម្បាញ។ នៅក្នុងមួយថ្ងៃខ្ញុំត្បាញក្រមាក្បាល២០បាន ចំនួន១០ក្រមា។

ពេលបាតុកម្មខ្ញុំឃើញមានកាន់កាំបិត និងពូថៅដើរតាមផ្លូវ។ អំឡុងពេលនោះមានប្រជាជនត្រូវរបួស ច្រើនណាស់។ ប្រជាជនមួយចំនួនដែលទៅចូលរួមធ្វើបាតុកម្ម ខ្ញុំមិនដែលឃើញត្រឡប់មកវិញទេ។ ពេល វៀតកុងចូលមកក្នុងឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម ប្រជាជនរស់នៅលាយឡំជាមួយគ្នា។ វៀតកុងដើរទាំងយប់និងថ្ងៃ។ អាមេរិ កាំងឃើញវៀតកុងនៅកន្លែងណា យន្តហោះទម្លាក់គ្រាប់កន្លែងនោះជា ពិសេសនៅតាមមាត់ទន្លេ។ កាលនោះឪពុកម្ដាយខ្ញុំ និងប្រជាជននៅក្នុងភូមិមិនហ៊ានធ្វើស្រែចម្ការទេ។ គ្រួសារ ខ្ញុំជីករណ្ដៅត្រង់សេសម្រាប់លាក់ខ្លួនចំនួន៣កន្លែង។ ដើម្បីការពារគ្រាប់គ្រួសារខ្ញុំជីករណ្ដៅជម្រៅ២ម៉ែត្រ និង បណ្ដោយ៣ម៉ែត្រ។

ចុងឆ្នាំ១៩៧៣ខ្ញុំបានរៀបការជាមួយ តុយ លំអេង ហើយបាននាំគ្នាមករស់នៅក្នុងភូមិត្រពាំងឫស្សី ឃុំរូង ស្រុកមេមត់។ ពេលខ្ញុំមកដល់ភូមិត្រពាំងឫស្សីដំបូងមានប្រជាជន៨៧គ្រួសារ និងមានមេភូមិឈ្មោះបូរ។ នៅឆ្នាំ១៩៧៤ ក្នុងភូមិត្រពាំងឫស្សីចាប់ផ្ដើមរៀបចំបង្កើតជាសហករណ៍កម្រិតទាបឬ ប្រវាស់ដៃ។ ប្រជាជនត្រូវធ្វើការប្តូនវេនគ្នា ហើយផលស្រូវដែលទទួលបានត្រូវយកទៅទុកនៅជង្រុកសហករណ៍។ ប្រជាជន នាំគ្នាចែកស្រូវយកទៅបុកដាំបាយហូបតាមផ្ទះរៀងខ្លួនៗ។ ប្រជាជនរស់នៅបានហូបចុកគ្រប់គ្រាន់។ កាល នោះខ្ញុំនៅត្បាញក្រមា ចំណែកប្ដីខ្ញុំទៅធ្វើស្រែចម្ការប្រវាស់ដៃជាមួយប្រជាជននៅក្នុងភូមិ។ ខ្ញុំត្បាញក្រមា អំបោះសូត្រជាមួយយាយនៅក្នុងភូមិត្រពាំងឫស្សី។ របៀបធ្វើក្រមាអំបោះសូត្រមុនដំបូងខ្ញុំយកអំបោះសូត្រទៅ ត្រាំទឹកជ្រលក់ពណ៌ រួចយកទៅត្រាំទឹកធម្មតា។ បន្ទាប់មកយកទៅជាន់ជាមួយឈើខ្មៅៗ ហើយយកទៅហាល ថ្ងៃរួចយកទៅអន្ទងចុងក្រោយចាក់ធ្មេញរួចត្បាញ។ នៅក្នុងមួយថ្ងៃខ្ញុំត្បាញ ក្រមាបាន២ ហើយមានលាយក្រមា អំបោះសូត្រចំនួន ទើបមានអ្នកភូមិខ្លះច្រណែនគ្នារឿងអំបោះដុំ និង អំបោះ សូត្រ។ កាលនោះ មានប្រជាជន នៅក្នុងភូមិស្អប់ខ្ញុំច្រើន ។

នៅឆ្នាំ១៩៧៥អង្គការចាត់តាំងខ្ញុំនៅក្រុមកូនខ្ចី។ ក្រុមខ្ញុំមានមានសមាជិក១៣នាក់។ អង្គការឲ្យខ្ញុំ នៅត្បាញក្រមាអំបោះចិន។ នៅក្នុងមួយថ្ងៃខ្ញុំត្បាញក្រមាបាន២ទៅ៣ក្រមាទៅតាមប្រភេទក្រមា។ នៅក្នុងក្រុម កូនខ្ចីមានខ្ញុំជាមួយបងថ្លៃខ្ញុំនៅត្បាញក្រមា។ ចំណែកប្ដីខ្ញុំអង្គការឲ្យទៅធ្វើរបងស្រែទៅជាមួយកម្លាំងមុខព្រួញ លើកប្រព័ន្ធភ្លឺស្រែនៅភូមិតោញ ឃុំរូង ស្រុកមេមត់។ ពេលយប់ឡើងមកសម្រាកជួបជាមួយគ្រួសារតាមផ្ទះ ធម្មតា។ កុមារនៅក្នុងភូមិត្រពាំងឫស្សីមិនបានសិក្សារៀនសូត្រទេ។ មនុស្សចាស់ជរាអង្គការឲ្យទៅដេញ ចាបនៅតាមវាលស្រែ ហើយខ្លះទៀតចិញ្ចឹមជ្រូក ដើម្បីផ្គត់ផ្គង់ធ្វើជាម្ហូបឲ្យអង្គការ។ តាមួន និង យាយចន្ថា អង្គការចាត់តាំងឲ្យមើលកុមារតូចៗ ដើម្បីឲ្យឪពុកម្ដាយកុមារទាំងនោះទៅធ្វើការ។

នៅឆ្នាំ១៩៧៧ អង្គការបានជម្លៀសគ្រួសារខ្ញុំចេញពីភូមិត្រពាំងឫស្សីទៅ ភូមិងើ ឃុំត្រមូង ស្រុកមេមត់។ នៅភូមិងើអង្គការឲ្យខ្ញុំស្ទូងស្រូវ។ ខ្ញុំហូបចុកមិនបានគ្រប់គ្រាន់ទេ។ ខ្ញុំនៅបាន៣ខែអង្គការបាន ជម្លៀសគ្រួសារខ្ញុំទៅភូមិដូនមាស ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ។ ខ្ញុំនៅធ្វើស្រែបានមួយខែ អង្គការ ជម្លៀសទៅឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ។ ពេលដំណើរតាមផ្លូវខ្ញុំអាណិតកូនណាស់គ្នាតូចៗ ដើរឆ្ងាយ។ កូនទី២របស់ខ្ញុំបានស្លាប់នៅវត្តសសរ១០០ដោយសារមូលហេតុកូនខ្ញុំកើតជំងឺកញ្ជ្រឹល ហើយតែវា ឃ្លានពេកក៏លួចហូបទឹកក្ដាម ធ្វើឲ្យមានប្រតិកម្មហើមដៃជើង។ ពេលបញ្ជូនទៅវត្តសសរ១០០ ដើម្បីរង់ចាំ ពេទ្យព្យាបាលក៏ ស្លាប់តែម្ដង។

នៅឆ្នាំ១៩៧៨ គ្រួសារខ្ញុំទៅថ្មគ្រែជិះកប៉ាល់ឡើងទៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ពេលមកដល់ ស្ទឹងត្រង់ខ្ញុំបាននៅចាំឡានដើម្បីធ្វើដំណើរទៅភូមិដូនបុស្ស ឃុំចំការអណ្ដូង ស្រុកចំការលើ ខេត្តកំពង់ចាម ដើម្បីធ្វើការស្ទូងដក។

ខ្ញុំនៅបានមួយខែ ទើបមានសេចក្ដីប្រកាសឲ្យត្រឡប់មកស្រុកកំណើតវិញ។ ខ្ញុំបានធ្វើដំណើរមកដល់ ភូមិថ្មី ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម ហើយរស់នៅបានរយៈពេល១ឆ្នាំ ទើបប្អូនថ្លៃបានហៅឲ្យ មកជៀរជ័រកៅស៊ូនៅភូមិភូមិត្រពាំងឫស្សី ឃុំរូង ស្រុកមេមត់។ ពេលមកដល់ខ្ញុំចាប់ផ្ដើមកាប់ឆ្ការព្រៃដាំដំណាំ និង សាងសង់ផ្ទះរស់នៅរហូតមកដល់សព្វថ្ងៃ៕

អត្ថបទ វី ស៊ីថា


[1] មជ្ឈមណ្ឌលឯកសាកម្ពុជា , បទសម្ភាសន៍ជាមួយសូយ សៀងផល ភូមិត្រពាំងឫស្សី ឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ, ថ្ងៃទី៧ ខែ វិច្ឆិកា ឆ្នាំ២០២៣។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin