លួចបាយជ្រូកហូប

(ស្ទឹងត្រែង)៖ កើតឆ្នាំ១៩៧៣ ស្រេង ទិត្យ ភេទប្រុស មានអាយុ ៥១ឆ្នាំ។ ទិត្យ មានស្រុកកំណើតនៅភូមិព្រះរំកិល និងសព្វថ្ងៃរស់នៅភូមិអូររុន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ទិត្យ មានបងប្អូនប្រាំនាក់ ស្រីម្នាក់។ ទិត្យ មានកូនបួននាក់ ក្នុងនោះមានស្រីម្នាក់។
នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានជម្លៀសគ្រួសារទិត្យទៅភូមិរំដេង។ នៅរបបខ្មែរក្រហម ទិត្យ មិនបានរៀនសូត្រអ្វីច្រើននោះទេ និងរស់នៅតាមរោងបាយ។ ចំណែក ឪពុកម្តាយរបស់គាត់ត្រូវទៅធ្វើពលកម្ម ដោយគ្មានពេលសម្រាក និងហូបមិនគ្រប់គ្រាន់។ ដោយឡែក ឪពុកមារបស់ទិត្យ ដែលធ្វើការក្នុងកងកុមារឈានមុខ ត្រូវបានខ្មែរក្រហមនាំខ្លួនយកទៅ ដោយមិនឃើញត្រលប់មកវិញនោះទេ។
នៅរោងបាយ ដោយសារ ទិត្យ មានវ័យក្មេង និងឃ្លានខ្លាំងពេក ទិត្យ បានទៅលួចបាយជ្រូកយកមកហូប។ ទិត្យ និយាយថាប្រសិនបើខ្មែរក្រហមដឹងថាគាត់លួចហូប ខ្មែរក្រហមនឹងយកឪពុកម្ដាយរបស់គាត់ទៅកសាង។ របបអាហារ គឺមានតែបាយលាយជាមួយដើមចេក ឬគល់ល្ហុង ក្នុងមួយថ្ងៃហូបពីរពេល គឺពេលថ្ងៃត្រង់ និងពេលល្ងាច។
នៅឆ្នាំ១៩៧៩ កងទ័ពវៀតណាមបានជម្លៀសគ្រួសារទិត្យពីភូមិរំដេង ឲ្យត្រលប់មករស់នៅភូមិព្រះរំកិលវិញ។ ទិត្យ ក៏ចាប់ផ្តើមប្រកបរបរនេសាទ ប៉ុន្តែពេលបច្ចុប្បន្ន ទិត្យ ជួបប្រទះបញ្ហាលំបាក ដោយសារការធ្លាក់ចុះនៃចំនួនត្រី។ អ្វីដែល ទិត្យ ចងចាំមិនភ្លេចពីរបបខ្មែរក្រហមនោះ គឺការហូបចុកមិនគ្រប់គ្រាន់ និងរស់នៅបែកបាក់គ្រួសារ៕
សម្ភាសដោយ អ៊ី រក្សា ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥