ទៅធ្វើការចោលកូនព្រោះខ្លាចខ្មែរក្រហមសម្លាប់
(កំពង់ឆ្នាំង) ៖ ស្រី ញ៉ឹប អាយុ៧៤ឆ្នាំ សព្វថ្ងៃរស់នៅភូមិជីប្រង ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
ញ៉ឹប គឺជាប្រជាជនមូលដ្ឋាន និងមិនត្រូវបានឲ្យទៅណាឆ្ងាយពីឃុំជៀបឡើយ បើទោះជាត្រូវផ្លាស់ទីទៅធ្វើការតាមទីកន្លែងនានាក៏ដោយ។ ប៉ុន្តែគាត់នៅតែត្រូវឃ្លាតឆ្ងាយពីកូនៗរបស់គាត់ នៅពេលដែលអង្គការឲ្យគាត់ទៅធ្វើការនៅឆ្ងាយ។ កូនៗរបស់គាត់ត្រូវផ្ញើនៅជាមួយជីដូនចាស់ៗឲ្យមើលថែ។
ញ៉ឹបបាននិយាយថា៖ «ពិបាកណាស់ដែលត្រូវទៅធ្វើការងារចោលកូនៗ ដែលនៅតូច។ កូនយំតាម ហើយហូបមិនឆ្អែត តែបើយើងមិនធ្វើតាមទេនឹងត្រូវគេយកទៅម្លាប់
ដូច្នេះ ត្រូវតែធ្វើតាមបញ្ជារបស់អង្គការ»។ ចំណែកប្ដីរបស់គាត់ក៏ត្រូវទៅធ្វើការឆ្ងាយពីគាត់។ ញ៉ឹប បានប្រាប់ទៀតថា នៅក្នុងរបបនោះពិតជាលំបាក ព្រោះប្រជាជនត្រូវបានខ្មែរក្រហមប្រើឲ្យធ្វើការទាំងយប់ទាំងថ្ងៃ ដោយគ្មានពេលសម្រាក។
ញ៉ឹប បានរៀបរាប់បន្ថែមថា កាលនោះគាត់ត្រូវងើបទៅធ្វើការតាំងពីម៉ោង៤ព្រឹក រហូតដល់ម៉ោង១១ថ្ងៃត្រង់ទើបមានគេវាយរគាំងឲ្យសម្រាកហូបបាយតាមសហករណ៍ បន្ទាប់មកគាត់បន្ដធ្វើការនៅពេលរសៀលថែមទៀត។ មានថ្ងៃខ្លះ ញ៉ឹប ក៏ត្រូវបន្តធ្វើការងារដល់ពេលយប់រហូតដល់ម៉ោង៩យប់ ទើបបានសម្រាក។
ញ៉ឹប បានបន្ដទៀតថា គាត់មិនធ្លាប់ត្រូវបានគេគំរាមសម្លាប់ ឬធ្វើទារុណកម្មណាមួយឡើយ ពីព្រោះគាត់ខំប្រឹងធ្វើការងារ និងមិនសូវឈឺ។ ដោយឡែក ញ៉ឹប ធ្លាប់បានឃើញហេតុការណ៍គួរឲ្យខ្លាចជាច្រើន ដូចជាប្រទះឃើញសាកសពមនុស្សស្លាប់ និងមានមនុស្សដេញបាញ់គ្នាជាដើម។
ញ៉ឹប បាននិយាយថា កាលនោះរបបអាហារមិនគ្រប់គ្រាន់ និងមិនមានមានជីវជាតិឡើយ។ របបអាហារនាពេលនោះមានដូចជា បបរលាយជាមួយដំឡូងមី ពោត និងមានគ្រាប់អង្ករមួយគ្រាប់ៗប៉ុណ្ណោះ។ ចំណែកឯសម្លវិញមានដូចជា សម្លម្ជូរព្រលឹត និងសម្លម្ជូរត្រកួន ដោយគេគ្រាន់តែបង់ប្រហុក ពីព្រោះទឹកសម្លមានពណ៌ថ្លាឆ្វង់។ ញ៉ឹប បានប្រាប់អំពីបញ្ហាសុខភាពរបស់គាត់អំឡុងពេលរបបខ្មែរក្រហមថា គាត់មិនសូវជាឈឺឆ្កាត់អ្វីឡើយ។ បើទោះបីជាគាត់ឈឺ គាត់គ្រាន់តែកោសខ្យល់បន្ដិចបន្ដួច គាត់នឹងធូរស្រាលវិញ។ គាត់ក៏បានប្រាប់បន្តអំពីការព្យាបាលជំងឺកាលពីរបបខ្មែរក្រហមផងដែរថា ខ្មែរក្រហមមិនមានថ្នាំសង្កូវ ឬសម្ភារៈព្យាបាលសម្បូរបែបដូចបច្ចុប្បន្នទេ ដោយមានតែថ្នាំអាចម៍ទន្សាយ។ ការព្យាបាលជួនកាលមានប្រសិទ្ធភាព ជួនកាលមិនមានប្រសិទ្ធភាពធ្វើឲ្យប្រជាជនខ្លះត្រូវបាត់បង់ជីវិត។ ញ៉ឹបក៏បានរៀបរាប់បន្ថែមទៀតទាក់ទងនឹងរឿងរ៉ាវដែលគាត់ឈឺចាប់និងចងចាំមិនភ្លេចនៅរបបខ្មែរក្រហមគឺ របបអាហារមិនគ្រប់គ្រាន់ និងការបង្ខិតបង្ខំឲ្យគាត់ធ្វើការហួសកម្លាំង។ គាត់បន្តថាប្រសិនបើប្រជាជនណាម្នាក់ហ៊ានប្រឆាំងតវ៉ា ខ្មែរក្រហមនឹងចោទថាជាខ្មាំង ហើយនឹងត្រូវបានយកទៅសម្លាប់ពុំខាន ។
សម្ភាសន៍ និងអត្ថបទដោយ ណុល ភក្ដី