ស្រី សែម ៖ ពេទ្យឃុំស្វាយតាយានក្នុងរបបខ្មែរក្រហម
ខ្ញុំឈ្មោះ ស្រី សែម[1] កើតនៅឆ្នាំ១៩៣៩ នៅភូមិពោធិ៍ ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ ខ្ញុំមានប្រពន្ធឈ្មោះ ចាប យឹង និងមានកូនចំនួន៨នាក់ គឺស្រី៣នាក់ និងប្រុស៥នាក់។ ខ្ញុំមានឪពុកឈ្មោះ ស្រី មាស និងម្តាយឈ្មោះ ហូយ ផាត។ ឪពុកម្តាយខ្ញុំបានស្លាប់អស់ហើយដោយសារជំងឺ។ ខ្ញុំមានបងប្អូនបង្កើត១០នាក់ គឺស្រី៤នាក់ និងប្រុស៦នាក់។ ក្នុងចំណោមបងប្អូនខ្ញុំ មានប្អូន២នាក់បានបាត់ខ្លួនក្នុងរបបខ្មែរក្រហមគឺឈ្មោះ ស្រី ហេន និង ស្រី កន។ ប្អូនខ្ញុំឈ្មោះ ស្រី ហេន បានចូលរៀននៅសាលានៅក្បែរផ្ទះ (បច្ចុប្បន្នសាលា ម៉ឹង សំផន) ដល់ថ្នាក់ទី៦ពីសង្គមចាស់ក៏ឈប់រៀន។ បន្ទាប់មក ខាងយុវជនភូមិឃុំដែលគ្រប់គ្រងដោយខ្មែរក្រហម បានមកអូសទាញប្អូនខ្ញុំឱ្យចូលបម្រើកងទ័ព។ ដំបូងប្អូនរបស់ខ្ញុំមិនចូលកងទ័ពទេ ប៉ុន្តែក្រោយមកដោយសារកម្មាភិបាលភូមិឃុំលើកឡើងថាប្អូនខ្ញុំមិនដើរតាមអង្គការបដិវត្តន៍ (ខ្មែរក្រហម) និងឃើញយុវជននៅក្នុងភូមិចូលកងទ័ពរំដោះខ្មែរក្រហមកាន់តែច្រើន ទើបប្អូនខ្ញុំសម្រេចចិត្តចូលកងទ័ពដែរ។ ប្អូនខ្ញុំចូលកងទ័ពនៅឆ្នាំ១៩៧៦ ហើយមួយឆ្នាំក្រោយមកទើបប្អូនខ្ញុំមកលេងផ្ទះម្តង។ ប្អូនខ្ញុំបានរៀបរាប់ប្រាប់ម្តាយនិងបងប្អូនខ្ញុំថា គាត់នៅកងកាំភ្លើងធំក្នុងកងពលលេខ៣ ចល័ត និងការពារនៅព្រំដែននៅក្នុងខេត្តស្វាយរៀង។ ខ្ញុំឃើញប្អូនខ្ញុំមានរូបរាងស្គម ធ្វើខ្ញុំអាណិតអាសូរប្អូនយ៉ាងខ្លាំង។ ប្អូនខ្ញុំប្រាប់ថា នៅអង្គភាពទ័ពហូបមិនបានគ្រប់គ្រាន់ទេ ព្រោះរបបអាហារមានកំណត់។ ប្អូនខ្ញុំស្នាក់នៅផ្ទះបានរយៈពេល៥ថ្ងៃក៏ត្រឡប់ទៅអង្គភាពវិញ ហើយបាត់ដំណឹងរហូត។ រីឯប្អូនខ្ញុំម្នាក់ទៀតឈ្មោះ ស្រី កន ធ្វើការនៅតំបន់ (២៣ ក្នុងស្វាយរៀង) ត្រូវបានខ្មែរក្រហមកយកទៅធ្វើការនៅស្រុកកំពង់រោទិ៍ ហើយបាត់ដំណឹងមកដល់សព្វថ្ងៃដែរ។
បន្ទាប់ពី លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ កងកម្លាំងរំដោះខ្មែរក្រហមចូលមកឃោសនានៅក្នុងភូមិ និងរៀបចំប្រជាជនជាក្រុមសាមគ្គីប្រវាស់ដៃ ដោយចាប់ពី៤ទៅ១០ស្មើមួយក្រុមសាមគ្គីប្រវាស់ដៃ។ នៅតាមតំបន់រំដោះខ្លះ ខ្មែរក្រហមបានរៀបចំប្រជាជនចាប់ពី១០ទៅ៣០គ្រួសារស្មើនឹងមួយក្រុមសាមគ្គីប្រវាស់ដៃ[2]។ ប្រជាជនដែលធ្វើការក្នុងក្រុមសាមគ្គី ពេលទទួលផលស្រូវ ឬដំណាំត្រូវបែងចែកផលទាំងនោះទៅតាមចំនួនសមាជិកគ្រួសារនៅក្នុងក្រុមសាមគ្គីប្រវាស់ដៃ។ ទោះបីយ៉ាងណា ការរៀបចំជាក្រុមសាមគ្គីមិនទាន់បានស្រួលបួលទេ ព្រោះនៅក្នុងភូមិដែលខ្ញុំរស់នៅគឺជាតំបន់ប្រទាញប្រទងនៅឡើយ គឺនៅពេលកងទ័ព លន់ នល់ ឬកងទ័ពធីវគី (វៀតណាមខាងត្បូង) ចូលមក ប្រជាជនបាននាំគ្នារត់ចេញពីផ្ទះ ហើយពេលកងទាំងនោះចេញទៅអស់ ទើបប្រជាជនចូលមករស់នៅក្នុងភូមិវិញ។ ប្រសិនបើគ្រួសារណាមិនរត់ចេញពីផ្ទះ ហើយកងទ័ពរំដោះខ្មែរក្រហមដឹង កងទ័ពរំដោះខ្មែរក្រហមនឹងចោទគ្រួសារនោះថាចូលដៃជើងជាមួយកងទ័ព ធីវគី ឬកងទ័ព លន់ នល់ រួចហើយចាប់យកទៅធ្វើបាប និងទៅព្រមានមិនខាន។
នៅសម័យនោះ ខ្ញុំរៀនដល់ថ្នាក់ទី៧ពីសង្គមចាស់ ហើយនៅឆ្នាំ១៩៧២ ខ្ញុំបានចូលធ្វើពេទ្យខាងកងទ័ពរំដោះខ្មែរក្រហមនៅឃុំស្វាយតាយាន។ ខ្ញុំចេះជំនាញពេទ្យនេះតាំងពីពេលឪពុកខ្ញុំធ្លាក់ខ្លួនឈឺ ហើយខ្ញុំបានទៅរៀនពេទ្យទាហានដើម្បីព្យាបាល និងចាក់ថ្នាំឱ្យឪពុកខ្ញុំ។ ទោះបីយ៉ាងណា ថ្នាំសម្រាប់ព្យាបាលអ្នកជំងឺពេលនោះភាគច្រើនគឺជាថ្នាំបុរាណ ដែលផ្សំពីស្លឹក និងឬសឈើ ហើយសូន្យចេញជាគ្រាប់។ ចំណែកថ្នាំអំពូលសម្រាប់ចាក់កម្រមានណាស់ យូរៗម្តងទើបខ្ញុំទទួលបានមួយឬពីរអំពូល។ ខ្ញុំនៅព្យាបាលប្រជាជនរស់នៅក្នុងឃុំដោយមិនគិតប្រាក់ឡើយរហូតបានជាសះស្បើយ។ ប៉ុន្តែបើប្រជាជនណាឈឺធ្ងន់ ខ្ញុំបញ្ជូនបន្តទៅព្យាបាលនៅមន្ទីរពេទ្យស្រុក។ នៅក្នុងមន្ទីរពេទ្យឃុំស្វាយតាយាន មានពេទ្យចំនួន៥នាក់ និងមានភារកិច្ចផ្សេងៗ ដោយពេទ្យខ្លះត្រូវជូនអ្នកជំងឺធ្ងន់ទៅមន្ទីរពេទ្យស្រុក ខ្លះទៅមើលអ្នកជំងឺនៅតាមផ្ទះ និងខ្លះទៀតនៅប្រចាំការ។ ក្រៅពីព្យាលអ្នកជំងឺ ខ្ញុំត្រូវដើររកឫសឈើយកមកផ្សំថ្នាំឱ្យអ្នកជំងឺ ទៅតាមការកត់ចំណាំពីគ្រូបូរាណប្រចាំភូមិដែលធ្លាប់ផ្សំពីមុនមក ដូចជា ជំងឺដេកមិនលក់ និងហូបបាយមិនបាន ត្រូវយកសម្បកស្តៅមកដាំទឹកផឹក។
នៅពេលកងទ័ពរំដោះខ្មែរក្រហមទទួលជ័យជម្នះលើរបប លន់ នល់ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្ញុំធ្វើជាអនុប្រធានពេទ្យឃុំស្វាយតាយានដដែល។ ដោយឡែកពេទ្យមធ្យមត្រូវបានខ្មែរក្រហមបញ្ជូនទៅបណ្តុះបណ្តាលបន្ថែមនៅមន្ទីរពេទ្យអូររាំងឱ ក្នុងខេត្តកំពង់ចាម។ ទន្ទឹមនោះដែរ ខ្ញុំឃើញខ្មែរក្រហមជម្លៀសប្រជាជនជាច្រើនគ្រួសារមកនៅឃុំស្វាយតាយាន និងបានបែងចែកប្រជាជននៅក្នុងឃុំជា៣ក្រុមគឺ ១) ប្រជាជនត្រៀម ២) ប្រជាជនពេញសិទ្ធិ និង៣) ប្រជាជនផ្ញើ គឺប្រជាជនជម្លៀសមកថ្មី ឬប្រជាជន ១៧ មេសា ១៩៧៥។ ខ្មែរក្រហមបានតាមដានប្រជាជនថ្មីទាំងនោះ ហើយប្រសិនបើប្រជាជនថ្មីណាហ៊ានប្រព្រឹត្តខុស ខ្មែរក្រហមចោទប្រកាន់តែម្តង។ ទោះបីយ៉ាងណា ខ្ញុំព្យាបាលជំងឺទាំងប្រជាជនចាស់និងប្រជាជថ្មីដូចគ្នា ដោយមិនកាន់ឡើយ ហើយថ្នាំពេលនោះភាគច្រើនគឺថ្នាំច្រកដបទឹកក្រូច រួមមានវីតាមីនសេ, បេអង, បេឌូ ដែលផលិតនៅក្នុងស្រុក។ ខ្ញុំព្យាបាលប្រជាជនដែលមានជំងឺក្អួតបានធូរស្បើយ ដោយឡែកជំងឺរបេងខ្ញុំព្យាបាលមិនជាឡើយព្រោះមិនមានថ្នាំពេទ្យ។ ខ្ញុំត្រូវរាយការណ៍អំពីស្ថានភាពអ្នកជំងឺ និងចំនួនអ្នកជំងឺក្នុងមួយសប្តាហ៍ម្តងទៅមន្ទីរពេទ្យស្រុកកំពង់រោទិ៍ ហើយប្រសិនបើមានអ្នកជំងឺធ្ងន់ព្យាបាលមិនបាន ខ្ញុំបញ្ជូនភ្លាមៗទៅមន្ទីរពេទ្យស្រុកតែម្តងដោយមិនទុកយូរឡើយ។ មន្ទីរពេទ្យស្រុកក៏បានណែនាំខ្ញុំនិងពេទ្យឃុំមិនឱ្យជឿលើជំនឿអរូបិយដែរ។
នៅអំឡុងខ្ញុំធ្វើការនៅពេទ្យឃុំ ពេលខ្លះខ្ញុំដេកនិងហូបបាយនៅពេទ្យតែម្តង ពេលខ្លះខ្ញុំមកដេកនៅផ្ទះវិញ។ ចំណែកប្រពន្ធខ្ញុំធ្វើការនៅសហករណ៍ភូមិពោធិ៍ ក្នុងឃុំស្វាយតាយាន ហើយហូបបាយនៅសហករណ៍ ប៉ុន្តែរបបអាហារនៅពេលនោះមិនគ្រប់គ្រាន់ឡើយ។ ខ្ញុំធ្វើការងារខាងពេទ្យគឺមិនមានថ្ងៃឈប់សម្រាកឡើយ។ ថ្ងៃមួយ ពេលខ្ញុំចុះទៅធ្វើការនៅឃុំខ្សែត ខ្ញុំឃើញខ្មែរក្រហមហៅប្រជាជនមូលដ្ឋានពីភូមិព្រៃតាញ៉យមកមន្ទីរឃុំខ្សែត ក្នុងស្រុកកំពង់រោទិ៍។ ពេលមកដល់ ឈ្លបឃុំបានចាប់ប្រជាជនមូលដ្ឋាននោះចងដៃទៅក្រោយ ឃើញដូច្នេះខ្ញុំភិតភ័យយ៉ាងខ្លាំង និងមិនហ៊ានសំឡឹងមើលឡើយ។ នៅដើមឆ្នាំ១៩៧៧ ឈ្លបខ្មែរក្រហមចាប់ប្អូនជីដូនមួយខ្ញុំឈ្មោះ ផេង អ៊ី និងប្អូនថ្លៃឈ្មោះ ឈួលឹម អៀង ទៅដាក់នៅមន្ទីរសន្តិសុខស្ថិតនៅវត្តឫស្សីសាញ់ ដែលជាមន្ទីរសន្តិសុខរបស់ស្រុកតាមការរាយការណ៍ពីសហករណ៍ ដែលក្នុងមួយសហករណ៍មានបក្សជនពីរនាក់។ ខ្ញុំមិនដឹងថាប្អូនជីដូនមួយខ្ញុំបានប្រព្រឹត្តអ្វីខុសឡើយ បានជាខ្មែរក្រហមសម្លាប់នៅមន្ទីរសន្តិសុខឬស្សីសាញ់។
ក្រោយមក ខ្មែរក្រហមបានបញ្ជូនកម្មាភិបាលមកពីភូមិភាគនិរតីឱ្យមកគ្រប់គ្រងនៅឃុំស្វាយតាយាន និងស្រុកកំពង់រោទិ៍ ហើយជម្លៀសខ្ញុំនិងគ្រួសារឱ្យទៅរស់នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលវិញ។ ខ្ញុំរស់នៅស្រុកកណ្តាលស្ទឹងរហូតដល់របបខ្មែរក្រហមដួលរលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ទើបខ្ញុំត្រឡប់មកស្រុកកំណើតវិញ។
សរសេរដោយ សោម ប៊ុនថន
ឯកសារយោង
[1] មជ្ឈមណ្ឌលឯកសារកម្ពុជា, គម្រោងជំរុញឱ្យមានការទទួលខុសត្រូវ, បទសម្ភាសន៍របស់ ឡុង ដានី ជាមួយ ស្រី សែម រស់នៅភូមិពោធិ៍ថ្មី ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤។
[2] ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) បោះពុម្ពលើកទី២ ដោយមជ្ឈមណ្ឌលឯកសារកម្ពុជា ឆ្នាំ២០២០, ទំព័រ ៣៩។