ស្រី សុខ៖កងទ័ពវៀតកុងបានទម្លាក់គ្រាប់លើស្រុកកោះធំ

ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ស្រី​ សុខ​[1] ភេទ​ប្រុស​ អាយុ៧១ឆ្នាំ​​ មាន​ទី​កន្លែង​កំណើត​រស់​នៅ​ក្នុង​ឃុំ​លើក​ដែក​​ ស្រុកកោះ​ធំ​ ខេត្ត​កណ្ដាល​​។ សុខ​ បច្ចុប្បន្ន​​រស់​នៅ​ក្នុង​ភូមិ​ទួល​សាលា​ ស្ថិត​នៅ​ក្នុង​​ស្រុក​អន្លង់​វែង​។

សុខ បាន​និយាយ​រៀប​រាប់​ពី​ប្រវត្តិ​ការត​ស៊ូ និង​ទុក្ខ​លំបាក​របស់​ខ្លួន​​នៅ​ក្នុង​របប​ខ្មែរ​ក្រហម​​ដូច​ខាង​ក្រោម​​​៖​ «កាល​ពី​កុមារ​ភាព​ ខ្ញុំ​រស់​នៅក្នុង​គ្រួសារ​មួយ​ដែល​មាន​ជីវភាព​មធ្យម​។ គ្រួសារ​ខ្ញុំ​ ប្រកប​មុខ​របប​ធ្វើ​ស្រែ​ចម្ការ​ និង​នេសាទ​ត្រី​​សម្រាប់​ទ្រទ្រង់​ជីវ​ភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​។ នៅ​មុន​ឆ្នាំ​១៩៧០​ ប្រជាជន​រស់​នៅក្នុង​ស្រុក​កោះ​ធំ​​​ភាគ​ច្រើន​ប្រកប​មុខ​​របរ​នេសាទ​ត្រី​។ នៅ​ជំនាន់​នោះ​ការ​ហូប​ចុក​របស់​ប្រជាជន​សម្បូរ​សប្បាយ​ណាស់​មិន​មាន​ការ​ខ្វះ​ខាត​អ្វី​នោះ​ទេ​។​ ជា​រៀង​រាល់​ថ្ងៃ​ ខ្ញុំ​រួម​ទាំង​ក្មេងៗ​​នៅ​ក្នុង​ភូមិ​តែង​តែ​នាំ​គ្នា​ទៅ​នេសាទ​ត្រី​នៅ​ស្រុក​កោះ​ធំ​។​ នៅ​ទី​នោះ​សម្បូរ​ត្រី​តូច​ត្រី​ធំ​ណាស់​សូម្បី​តែ​ខ្ញុំ​ចែវ​ទូក​ក៏​ប៉ះ​​ត្រី​ដែរ​។

ថ្ងៃ​មួយ​នៅ​ពេល​ដែល​ខ្ញុំ​ និង​មិត្ត​ភក្តិ​នាំ​គ្នា​ចេញ​ទៅ​នេសាទ​ត្រី​ម្ដង​ទៀត​ក៏​ជួប​ជា​មួយ​ក្រុម​យន្ត​ហោះ​ជិះ​ក្រឡឹង​កាណូត​ខ្ញុំ​២ទៅ​៣​ជុំ​ហើយ​បាន​ដាក់​កង​ទ័ព​ចុះ​។​ ខ្ញុំ​ រួម​ទាំង​មិត្ត​ភក្តិ​ដទៃ​ទៀត​បម្រុង​នឹង​បើក​ការ​​ណូត​ចេញ​ទៅ​ហើយ​ប៉ុន្តែ​កង​ទ័ព​ទាំង​នោះ​បាន​ឃាត់​មិន​ចេញ​ទៅ​ថែម​ទាំង​ បន្ទាប់​មកកង​ទ័ព​ក៏​​មក​ផ្ជុង​កាំ​ភ្លើង​​ឲ្យ​ខ្ញុំ​រុះ​រើ​ក្ដារ​កាណូត​ចេញ​ឲ្យ​អស់​ ដើម្បី​​ឲ្យ​ងាយ​ស្រួល​ពិនិត្យ​មើល​ថា​ខ្ញុំ​មាន​លាក់​កាំ​ភ្លើង​នៅ​ក្នុង​កាណូត​​ឬ​ក៏​អត់​។

​ក្រោយ​ពី​បាន​ឆែក​ឆេ​កាណូត​ខ្ញុំ​រួច​អស់​ហើយ​ ខ្ញុំ​និង​មិត្ត​ភក្តិ​ក៏​បាន​បើក​កាណូត​ចេញ​បាន​ពាក់​កណ្ដាល​ផ្លូវ​កង​ទ័ព​ក៏​បាន​ស្ទាក់​ចាប់​ឲ្យ​ឡើង​គោក​ដោយ​បញ្ជា​ឲ្យ​ដោះ​អាវ​ឈរ​តម្រាប់​គ្នា​ រួម​ទាំង​សួរនាំ​​ពី​ប្រវត្តិ​រូប​សង្ខេប​ទាំង​១០០​នាក់​ដែល​បាន​ចាប់​ខ្លួន​នៅ​ពេល​ដែលកំពុង​តែ​​នេសាទ​។ បន្ទាប់​ពី​មាន​ការ​ចាប់​ខ្លួន​និង​សាក​សួរ​អ្នក​ទៅ​នេសាទ​ត្រី​មក​ ប្រជាជន​ដែល​រស់​នៅ​ក្នុង​ស្រុក​កោះ​ធំ​ក៏​នាំ​គ្នា​ទៅ​រក​ត្រី​នៅ​ពេល​យប់​​វិញ​។ ទោះ​បី​ជា​ប្រជាជន​ទៅ​រក​ត្រី​នៅ​ពេល​យប់​ ក៏​កង​ទ័ព​វៀត​កុង​នៅ​តែ​ចាប់​ធ្វើ​បាប​មិន​ឲ្យ​ទៅ​រក​ត្រី​ថែម​ទាំង​បាញ់​គ្រាប់​ផ្លោង​ដាក់​ប្រជាជន​ដែល​បាន​ទៅ​រក​ត្រី​នៅ​ពេល​យប់​ទៀត​ផង​។ មិន​តែ​ប៉ុណ្ណោះ​កង​ទ័ព​វៀត​កុងបាន​​បញ្ជូន​កម្លាំង​ឲ្យ​ចុះ​មក​ត្រួត​ពិនិត្យ​​នៅ​តាម​ភូមិ​ដែល​ស្ថិត​នៅ​ក្នុង​ស្រុក​កោះ​ធំទាំង​អស់​។​

​បន្ទាប់​ពី​កង​ទ័ព​វៀត​កុង​បាន​ធ្វើ​បាប​និង​ហាម​ឃាត់​ប្រជាជន​មិន​ឲ្យ​ទៅ​នេសាទ​ទៀត​ ​ស្រុក​​កោះ​ធំ​ក៏​ចាប់​ផ្ដើម​បង្កើត​កង​ជីវ​ពលប្រចាំ​ភូមិ​​។​ ​ក្រោយ​ពី​ប្រជាជន​ខ្មែរ​បាន​បង្កើត​កង​ជីវពល​​ការ​ពារ​ភូមិក៏​មាន​​ជម្លោះ​ជា​មួយ​ពួក​វៀត​កុង​។ កង​ទ័ព​វៀត​កុង​បាន​ទម្លាក់​គ្រាប់​បែក​ពី​លើ​យន្ត​ហោះ​នៅ​ក្នុង​ស្រុក​កោះ​ធំ​យ៉ាង​សន្ធោ​សន្ធៅ​ធ្វើ​ឲ្យ​ប្រជាជន​ក្នុង​ភូមិ​រួម​ទាំង​គ្រួសារ​ខ្ញុំ​រត់​ចេញ​ពី​ភូមិ​ទៅ​លាក់​ខ្លួន​នៅ​ក្នុង​ព្រៃ​ក្បែរៗ​ផ្ទះ​អស់​មួយ​រយៈ​ពេល​។

ក្នុង​ឆ្នាំ​១៩៧០​ ខ្ញុំ​ក៏​បានសម្រេច​ចិត្ត​​សុំ​ម្ដាយ​ទៅ​ធ្វើ​កង​ទ័ព​​ដោយ​សារ​ការ​រស់​នៅ​ក្នុង​ភូមិ​ចាប់​ផ្ដើម​ពិបាក។​ ស្រុក​ភូមិ​មាន​ភាព​ចលា​ចល​។ បន្ទាប់​ពី​ខ្ញុំ​បាន​ចូល​ជា​កង​ទ័ព​ហើយ។ ​ខ្ញុំ​ត្រូវ​បញ្ជូន​ទៅ​ហាត់​រៀន​យុទ្ធ​សាស្រ្ត​កង​ទ័ព​នៅ​ខាង​ជ្រោយ​តាកែវ​ ​​រយៈ​ពេល​មួយ​ឆ្នាំ​។ បន្ទាប់ពីនោះ ​ខ្ញុំ​​ចេញ​ទៅ​​​សមរភូមិ​។ នៅ​ពេល​ដែល​ខ្ញុំ​បាន​ចេញ​មក​សមរភូមិ ​ខ្ញុំ​តែងតែ​​គិតខ្លួន​ឯង​ថា​«ហេតុ​អ្វី​បាន​ជា​ខ្មែរ​ត្រូវ​វាយ​ខ្មែរ​គ្នា​ឯង​វិញ​បែប​នេះ​»​។

លុះ​ចូល​ដល់​ឆ្នាំ​១៩៧១ ខ្មែរ​ក្រហម​បាន​ប្រមូល​យុវជន​នៅ​ក្នុង​ភូមិ​ឲ្យ​ចូល​ធ្វើ​ជា​កង​ទ័ព​ទាំង​អស់​។ កាល​ណោះ​បើ​មាន​យុវ​ជន​ណា​ម្នាក់​ប្រឆាំង​ខ្មែរ​ក្រហម​ប្រាកដ​ជា​ចាប់​យក​ទៅ​ធ្វើ​បាប​ដោយ​ប្រើ​ឲ្យ​រែក​ទឹក​ដាក់​ពាង​តាម​ផ្ទះ​ប្រជាជន​ក្នុង​ភូមិ​រួច​ទាំង​ទៅ​កាប់​ដី​ និង​រែក​ដី​ជា​ដើម​។ ដោយ​ឡែក​ ក្រុម​កម្លាំង​កង​ទ័ព​បន្ទាប់​ពី​ត្រឡប់​ពី​​សមរភូមិ​ កងទ័ព​​ត្រូវ​មក​ហ្វឹក​ហាត់​យុទ្ធ​សាស្រ្ត​ធ្វើ​សង្គ្រាម​បន្ថែម​។ នៅ​ពេល​ទំ​នេរ​ពី​ការ​ហ្វឹក​ហាត់​កង​ទ័ព​ត្រូវ​ទៅ​ជួយ​ធ្វើ​ការ​ងារ​ប្រជាជន​ដូច​ជា​រែក​ទឹក​ដាក់​ពាង​ និង​ដាំ​បន្លែ​ជា​ដើម​។ ខ្ញុំបាន​ចេញ​ទៅ​​សមរភូមិ​ជា​មួយ​កង​ទ័ព​ លន់​ នល់​ រយៈ​ពេល​មួយ​ឆ្នាំ។ នៅ​​ក្នុង​ឆ្នាំ​១៩៧២ ខៀវ សំផន រួម​​ទាំង​មេៗ​ខ្មែរ​ក្រហម​៣ ឬ៤​នាក់​ទៀត​បាន​មក​ប្រជុំ​នៅ​ក្នុង​ស្រុក​កោះ​ធំ​។ នៅ​ពេល​ធ្វើ​ដំណើរ​ទៅ​ប្រជុំ ខៀវ​ សំផន​ បាន​ឲ្យ​កង​ទ័ព​ស្រុក​ទៅ​តាម​ការ​ពារ​។ ក្នុង​អង្គ​ប្រជុំ​ ខៀវ​ សំផន​ បាន​និយាយ​ណែនាំ​ឲ្យ​ប្រជាជនខ្មែរ​​ខិត​ខំ​ចូល​រួម​ការ​ពារ​ទឹក​ដី​ខ្មែរ​យើង​កុំ​ឲ្យ​សត្រូវ​មក​ឈ្លាន​ពាន​​។

ក្រោយ​ពី​ប្រជុំ​ចប់​ ប្រធាន​កង​ឲ្យ​កង​ទ័ព​ឈប់​សម្រាក​ចំនួន​កន្លះ​ខែ​សិន​បាន​ចេញ​ទៅ​វាយ​នៅ​តាម​គោល​ដៅ​រៀងៗ​ខ្លួន​វិញ​។​ បន្ទាប់​មក​ខ្ញុំ​​ត្រូវ​បាន​​បញ្ជូន​ទៅ​វាយ​ជា​មួយ​កង​ទ័ព​ នល់​ នល់​ នៅ​ខាង​ស្រុក​ពារាំង​។ កាល​ណោះ ​កង​ទ័ព​ខ្មែរ​ក្រហម​ដែល​នៅចំណុច​កណ្ដាល​ ត្រូវ​បាន​កងទ័ព​ នល់​ នល់​ និង​កង​ទ័ព​វៀត​ណាម​បាញ់​ត្រូវ​របួស​និង​ស្លាប់​អស់​ជា​ច្រើន​នាក់​។ ខ្ញុំ​ រួម​ទាំង​កង​ទ័ព​ដែល​នៅ​សេស​សល់​បាន​វាយ​បន្ត​ដេញ​កង​ទ័ព​ លន់​ នល់​ ឡើង​ទៅ​ដល់​ក្រុង​តាខ្មៅ​។ ខ្ញុំរង​​របួស​ធ្ងន់​។ ​មេ​របស់​ខ្ញុំ​ក៏​បានបញ្ជូន​ខ្ញុំ​ទៅ​ព្យាបាល​នៅ​ពេទ្យ​កំពង់​គ ​ដែល​ជា​ពេទ្យ​ធំ​នៅ​សម័យ​ខ្មែរ​ក្រហម​។ ចាប់តាំង​​ពី​ពេល​នោះ​មក​ខ្ញុំ​ក៏​ត្រូវ​ពិការ​​ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ចូល​ទៅធ្វើ​​កង​ទ័ព​វិញ​មិន​បាន​ទេ។ ខ្ញុំ​បាន​ស្ថិតនៅ​ក្នុង​មន្ទីរ​ជន​ពិការ​។

នៅ​ឆ្នាំ​១៩៧៦ មន្ទីរ​ជន​ពិការ​ត្រូវ​បាន​រំសាយ​ចោល​។ ខ្ញុំ​ក៏​បាន​សុំ​ប្រធាន​មន្ទីរ​ទៅមើលខុស​ត្រូវ​​កុមារ​​ខាង​មុខ​ក្នុង​ការ​​ដាំ​ចេក​និង​ដំណាំ​បញ្ជូន​ទៅ​ឲ្យ​កង​ទ័ពនៅ​​សមរភូមិ​មុខ​។ កាល​ណោះ​បាន​ជា​សុំ​ទៅ​មើល​កុមារ​ខាង​មុខ​ព្រោះ​ខ្ញុំ​ដឹង​ថា​បើ​ខ្ញុំ​នៅ​ប្រាកដ​ជា​ស្លាប់​ជា​មួយ​ជន​បង​ប្អូន​ជន​ពិការ​ដទៃ​ទៀត​ដែល​ធ្វើ​ការ​មិន​កើត​ ត្រចៀក​ថ្លង់ ភ្នែក​មើល​មិនឃើញ​ ដៃ​ពិបាក​ ដឹង​តែ​គេ​សម្លាប់​ចោល​អស់​ហើយ​សម័យ​នោះ​។ ខ្ញុំ​ ក៏​បន្ត​ដឹក​នាំ​កុមារ​ដាំ​ចេក​ដាំ​ដំណាំ​បាន​ផល​បញ្ជូន​ឲ្យ​កង​ទ័ព​នៅ​សមរភូមិ​មុខ​បាន​គ្រប់​ចំនួន​​។ កាល​ណោះ​ខ្ញុំ​ក្ដាប់​កុមារ​ចំនួន​៣ក្រុម​ហើយ​ក្នុង​មួយ​ថ្ងៃ​កុមារ​ត្រូវ​គាស់​កូន​ចេក​យក​ទៅ​ដាំ​ឲ្យ​បាន​មួយ​ដើម​។ ខ្ញុំ​នៅ ថែ ទាំ ដំណាំ និងគ្រប់គ្រងកុមារ​រហូត​ដល់​ចន្លោះ​​ឆ្នាំ​១៩៧៨ និង​១៩៧៩​ កង​ទ័ព​វៀត​ណាម​បាន​វាយ​លុក​ចូល​មក​កាន់​តែ​ខ្លាំង​ឡើង​កុមារ​ក៏​រត់​បែក​ខ្ញែក​គ្នា​អស់​។ នៅ​ពេល​ដែល​កុមារ​បែក​គ្នា​អស់​ខ្ញុំ​ក៏​ទៅ​ខាង​រៀប​ចំ​ខ្សែ​ត្រៀម​នៅ​ពារាំង​ក្រោម​ម្ដង​។

បន្ទាប់​ពី​កង​ទ័ព​រៀប​ចំ​ខ្សែ​ត្រៀម​ហើយ​កង​ទ័ព​ខាង​រដ្ឋាភិបាល​លើ​ដៃ​កុំ​ឲ្យ​កង​ទ័ព​ខ្មែរ​ក្រហម​បាញ់​ប៉ុន្តែ​កង​ទ័ព​ខ្មែរ​ក្រហម​នៅ​តែ​បាញ់​ ខ្ញុំ​ក៏​រត់​ចូល​មក​ខាង​ក្នុង​វិញ​។ កាល​ណោះ​ខ្ញុំ​ធ្វើ​ដំណើរ​ម្នាក់​ឯង​ដោយ​មាន​កាំ​ភ្លើង​មួយ​ដើម​ និង​គ្រាប់​បែក​មួយ​ចង្កេះ​ខោ​។ បន្ទាប់​មក​ខ្ញុំក៏​សម្រេច​ចិត្ត​​ធ្វើ​ដំណើរ​ទៅ​រក​បង​ប្អូន​នៅ​ឯ​ស្រុក​កំណើត​វិញ​។ ខ្ញុំ​រស់​នៅ​ក្នុង​ស្រុក​កំណើត​បាន​មួយ​ឆ្នាំ​ខ្ញុំ​ក៏​បាន​រៀប​ការ​។ ចាប់​តាំង​ពីខ្ញុំ​មក​រស់​នៅ​ក្នុង​ស្រុក​កំណើត​វិញ​ស្រុក​ភូមិ​របស់​ខ្ញុំ​ក៏​ទទួល​បាន​សុខ​សន្តិភាព​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ»៕

អត្ថបទដោយ លី សុខឃាង


[1] លី សុខឃាង សម្ភាសន៍ជាមួយ ស្រី សុខ នៅភូមិទួលសាលា ឃុំ​ត្រពាំងប្រិយ៍ ស្រុក​អន្លង់វែង ខេត្តឧត្តរមានជ័យ នៅក្នុងឆ្នាំ​២០២៤។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin