ស្រ៊ីវ បូណា៖ ខ្ញុំរៀនពេទ្យមធ្យមនៅភ្នំពេញ ក្នុងឆ្នាំ១៩៧២

ក្រុមគ្រួពេទ្យផលិតថ្នាំបុរាណក្នុងរបបខ្មែរក្រហម រូបថតពីទស្សនាវដ្តីស្វែងរកការពិតលេខ ៣០៤ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

ស្រ៊ីវ បូណា[1] ភេទ​ស្រី ​អាយុ​៦៧​ឆ្នាំ​ ជាជន​ជាតិ​ព្នង​ មាន​ទី​កន្លែង​​កំណើត​នៅ​ភូមិ​រយ៉​ ឃុំ​រយ៉ ​ស្រុក​កោះញែក​ ​ខេត្ត​មណ្ឌល​គិរី។ បច្ចុប្បន្ន​​រស់​នៅ​​ស្រុក​​ត្រពាំង​​ប្រាសាទ ខេត្ដ​ឧត្ដរមានជ័យ​។

​បូណា​ ​បាន​​ចូល​រួម​​ចែក​​រំ​លែក​​ថា​៖ «ខ្ញុំគឺ​​ជា​​កូន​​ស្រី​​ម្នាក់​​នៃ​​គ្រួសារ​​កសិករ​​មួយ​​នៅ​​ក្នុង​​ភូមិ​​រយ៉។ ខ្ញុំ​មាន​បង​ប្អូន​ចំនួន​១៣​នាក់​។ បងប្អូនរបស់ខ្ញុំ​ចំនួន​​១០​នាក់​​ស្លាប់​បាត់​បង់​ជីវិត​អស់​ដោយ​សារ​តែ​ជំងឺ​អុត​ក្ដាម។ ​អុតក្ដាមគឺ​ជា​ជំងឺ​មួយ​ប្រភេទ​ដែល​ឆ្លង​ពីមនុស្ស​ម្នាក់ទៅមនុស្សម្នាក់ទៀតដោយ​ការប៉ះ​ពាល់​គ្នា​ ឬ​នៅជាមួយ​​​គ្នា។ ប្រសិនបើ​​នរណា​​ស្លាប់​ដោយ​សារ​ជំងឺ​នេះ​គឺ​ត្រូវ​ដុត​ចោល​តែ​ម្ដង។

​នៅ​​ឆ្នាំ​​១៩៧០​ ​ខ្ញុំ​​បាន​​រៀន​​ត្រឹម​​ថ្នាក់​​ទី​​១០​​ពី​​សង្គម​ហើយបាន​ឈប់រៀន​នៅ​​ពេល​​​ លន់ នល់​ បាន​ធ្វើ​​​រដ្ឋ​​ប្រហារ​​ទម្លាក់​​សម្តេច​​ព្រះ​​នរោត្តម​​ សីហនុ ​ពី​តំណែង​ព្រះ​ប្រមុខ​រដ្ឋ​។​ នៅពេល​នោះ​ ក្រុមគ្រួសារ​របស់​ខ្ញុំក៏ចាប់​ផ្ដើម​នាំ​គ្នា​ទៅរស់នៅ​​ក្នុងព្រៃជាមួយនឹង​អ្នកភូមិ​ដទៃទៀត។ នៅពេ​លសភាព​ការណ៍​មិនអំណោយ​​ផល​ យើងដាំ​បាយ​នៅក្នុង​លេណដ្ឋាន​ ដើម្បី​កុំ​ឲ្យ​ផ្សែង​ភ្លើង​ចេញ​ក្រៅ​។​

លុះ​នៅឆ្នាំ​១៩៧១​ ខ្មែរក្រហម​ក៏​ចាប់​​ផ្ដើមកេណ្ឌ​​​ក្មេងៗ​​​នៅ​​តាម​​ភូមិ​​ឲ្យ​រស់​នៅ​​ក្នុង​​មន្ទីរ​​មួយ​​នៅ​ក្បែរ​ភូមិ។​ ​នៅ​ទីនោះ​ យើង​បាន​​​រស់​​នៅ​​រួម​ ​និង​​​ហូប​​​ចុក​​​រួម។​​ ​ស្ថាន​ភាព​រស់នៅ​ និង​​ការ​ហូបចុក​របស់យើង​នៅពេលនោះជួបការ​លំបាក​ ​​​ ដោយ​​​​សារ​មិន​មាន​អាហារ​ហូបចុក​គ្រប់គ្រាន់​។ ជួនកាល​ ​​​បាយនិងម្ហូប​​​​ត្រូវ​​​​​​ច្របល់​​​ចូល​​​គ្នា មុននឹង​បាន​ហូប។​​​ ដូច្នេះ​​​​​​រាល់​​​​​ពេល​​​​ហូប​​​​បាយ​​​​ម្ដងៗ ​​​ខ្ញុំ​​​​តែង​​​តែ​​​យំ​​​ហើយ​​​​លួច​​​រ​ត់​​​ទៅ​​​ផ្ទះ​​​រក​​​ម៉ែ។ នៅពេល​ហូប​​​បាយ​​​ជា​មួយ​​​ម៉ែ​​​រួច ​​​ទើប​​​ខ្ញុំ​​​ត្រឡប់​​​មកមន្ទីរ​កុមារ​​​​វិញ។​​​ ​​​ប្រធាន​​​​កងតែង​តែ​​​​ដឹ​​ក​​​​នាំ​​​កុមារ​​​ដើរ​​​ជីក​​​មើម​​​​ក្ដួច​ក្នុង​ព្រៃ​។ ​​​នៅពេលនោះ ​​​ខ្ញុំ​​​អត់​​​ស្គាល់​​​មើម​​​ក្ដួចទេ។​​​ នៅ​​​ពេល​​​មួយ​​​​ខ្ញុំ​​​គិត​​​ថា​​​ខ្ញុំប្រាក​ដ​ជា​​​​​​​ស្លា​ប់​​​ក្នុង​​​ព្រៃ​​​នោះ​​​ទៅ​​​​ហើយ​​​ ដោយ​​​សារ​​​តែ​​​ខ្ញុំ​​​វង្វេងក្នុង​ព្រៃ​។​​ បន្ទាប់​មក ​​​ខ្ញុំ​​​ក៏​​​អាច​​​រក​​​ផ្លូវ​​​ត្រឡប់ចេញ​​​មក​​​វិញ​​​ឃើញ​​ ​ប៉ុន្តែមិន​​​​បាន​​​​មើម​​ក្ដួច​មក​ជាមួយ​ទេ​​​ ដោយ​សារ​​​ខ្ញុំ​​​អត់​​​ស្គាល់។​​ ​នៅ​​​​យប់នោះ​ ​​​​​ប្រធាន​កង​កុមារ​​​បាន​​​​ប្រជុំ​​​កសាង និង​​​​ទិតៀន​​​ខ្ញុំ។​ ក្រៅពី​ការងារ​ជីក​មើម​ក្ដួច ខ្មែរក្រហមបាន​ឲ្យខ្ញុំ​ធ្វើការងារ​នៅក្នុង​កងដាំ​​បន្លែ​ស្ពៃ និង​ដំឡូង​ជ្វា​។ ខ្ញុំ​មានតួនាទី​លើករង​ស្ពៃ និងដំឡូង​ជ្វា បន្ទាប់មកស្រោច​ទឹក​។ យើង​មិនទទួល​បាន​ទិន្នផល​តាម​ផែនការ​ទេ។​ ហេតុដូច​នេះ ខ្មែរក្រហម​ប្រជុំ​ស្វ័យ​ទិតៀន និងបម្រុង​​កាច់​ដៃ​កាច់ជើងខ្ញុំចោល​​។​ បន្ទាប់មក ខ្មែរក្រហម​បានដក​ខ្ញុំ​ឲ្យ​ទៅមើលកូន​ក្មេង​។

នៅឆ្នាំ​១៩៧២​ ខ្មែរក្រហម​បាន​ជ្រើស​រើសខ្ញុំ​ទៅរៀនពេទ្យមធ្យមទីពីរ​នៅទីក្រុង​ភ្នំពេញ ដោយសារ​ឃើញខ្ញុំ​មាន​ប្រវត្ដិ​រូប​ល្អ ជាកសិករ​ក្រ មិនចេះ​អក្សរ និងស្មោះត្រង់។​ ខ្ញុំ​ចេះ​ជំនាញ​វះកាត់ ឆ្មប​ និងចាក់​ថ្នាំ។ ខ្ញុំរៀន​ជាមួយ​ពេទ្យ​ជនជាតិ​ចិន​។​ ការរៀន​ជាក់​ស្ដែង​គឺមាន​ការ​លំបាក​ណាស់ ដោយសារ​តែខ្ញុំ​មិន​ចេះ​អក្សរ ហើយ​ខំ​ប្រឹ​ងចងចាំ។​ ចំពោះ​ការងារ​របស់​យើង​មមាញឹក​ណាស់​ ស្ទើរតែ​រកពេល​ហូបបាយ​មិនបាន។

​​​រហូត​​​ដល់ចន្លោះ​​​ឆ្នាំ​​​១៩៧៣​​​ ខ្ញុំមាន​អាយុ​១៨ឆ្នាំ ខ្មែរក្រហម​បាន​រៀបចំ​ឲ្យខ្ញុំមាន​គ្រួសារ។ នៅពេលនោះ ខ្ញុំ​បាន​ប្រកែក​ជាច្រើន​ដង​។​ ម្ដាយ​ខ្ញុំ​បាន​ប្រាប់ឲ្យខ្ញុំ​យកទៅចុះ ដើម្បី​កុំ​ឲ្យ​មានបញ្ហា។​ ម្ដាយ​របស់ខ្ញុំ​អង្គុយ​ស្រក់ទឹក​ភ្នែក​ម្នាក់ឯង​ដោយមិនបាន​រៀបចំ​តាម​ប្រពៃណី​បុរាណ​របស់ខ្មែរ​យើង។​  ប្ដី​របស់​ខ្ញុំ​គឺ​​ជាអ្នក​ចេះដឹង​ម្នាក់ និងមាន​តួនាទីជាមេកងពល​នៅ​ក្នុង​សម័យ​ខ្មែរក្រហម។ គាត់​ស្រណោះ​អាណិត​ខ្ញុំណាស់ ដោយសារ​ខ្ញុំធ្វើ​ការងារ​ធ្ងន់ៗជាប្រចាំ ដូចជា​រែកទឹកសម្រាប់​​ប្រើប្រាស់​ខ្លួនឯងផង និងដាក់នៅ​មន្ទីរពេទ្យ​ផង​​។​ ​ពិធី​​​រៀប​ការ​រ​​​របស់​យើង​​​មិនធំដុំនោះទេ​​ ដោយ​​​​​កូន​​​កំលោះ​និង​​​​កូន​​​ក្រមុំ​ស្លៀក​សម្លៀក​បំពាក់​តែ​​មួយ​​ឈុត​​ប៉ុណ្ណោះ​។ ក្រៅពីនេះនៅ​មានការ​រៀប​ចំ​​ទៀន​ ​​ធូប​ប្រាំ​​សរសៃ​​ និង​​គ្រឿង​​សែន​​ដូន​តា​​មួយ​ចំនួន​ទៀត​។​​

ក្រោយមក ខ្ញុំ​មានតួនាទី​ជាអ្នកគ្រប់គ្រង​កងពេទ្យ​។ ខ្ញុំ​តែង​តែ​ធ្វើដំណើរ​អមប្ដី​របស់ខ្ញុំ​ទៅ​ទស្សន​កិច្ច​នៅក្រៅប្រទេស​ជាញឹកញាប់ ជាពិសេស​ប្រទេស​វៀតណាម។​ ប្ដី​របស់ខ្ញុំ​ក៏ជាគោលដៅ​នៃការ​តាម​សម្លាប់របស់​ខ្មែរក្រហម​ដែរ ដោយសារ​គាត់​ជាបញ្ញាជន និងមិន​ដាច់ខាតចំពោះ​ផែនការ​កសាង​ទៅលើ​សហករណ៍ ឬ​ការ​ដ្ឋាន​​ណាមួយ។​ ដោយ​សារ​ជីវិតគាត់ថ្លៃ គាត់មិន​បាន​ស្លាប់​នៅក្នុងសម័យ​ខ្មែរក្រហមទេ។

​​លុះ​​ឆ្នាំ​​១៩៧៩ កង​ទ័ព​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជាសហការ​ជាមួយ​កងទ័ព​ស្ម័គ្រ​ចិត្ត​វៀត​ណាម ​បាន​វាយ​រំដោះ​ប្រទេស​កម្ពុជា​ពី​ទិស​ខាង​កើត​ និង​សង្គ្រោះ​ប្រជាជន​បាន​ជា​បន្ត​បន្ទាប់។​ ​នៅ​ថ្ងៃ​ទី៧​ ខែ​មករា​ ឆ្នាំ​១៩៧៩ ​កង​​ទ័​ព​បាន​​វាយ​​រំដោះ​​ទី​ក្រុង​​ភ្នំពេញ ​​ហើយ​​ថ្ងៃ​​នេះ​​បាន​​ក្លាយ​​ជា​​ថ្ងៃ​​ប្រវត្តិ​សាស្ត្រ​​នៃ​​ការ​​រំដោះ​​ជាតិ។ ​​រណសិរ្ស​​នេះ​ ​បាន​​បង្កើត​​របប​​ថ្មី​​ឈ្មោះ​​ថា​ ​«​សាធារណ​រដ្ឋ​​ប្រជាមានិត​​កម្ពុជា»[2]។​​ បន្ទាប់មក ខ្ញុំ​បាន​រត់​មកកាន់​ព្រំ​ដែន​ភាគខាងជើង​ជាមួយនឹង​កងទ័ព​ខ្មែរក្រហម​។ យើងបាន​ធ្វើដំណើរជាមួយ​កង​ទ័ព​ខ្មែរ​ក្រហម និង​ប្រជាជន​ប្រមាណ​៥០០នាក់។ នៅតាម​ផ្លូវ​យើង​បាន​ជួប​ឧបសគ្គ​ជាច្រើ​ន​ដូចជា ការ​អត់​អាហារ ជំងឺ ជាន់​មីន ការបាញ់រះ​ពីកងទ័ព​វៀតណាម​នៅ​ឆ្លងទឹក​ទន្លេ​មេគង្គ និងឆ្លងកាត់ផ្លូវគ្រោះថ្នាក់ជា ច្រើន​។​​ នៅទី​បំផុត មនុស្ស​នៅ​សេសសល់​មានចំនួន​ប្រហែល​៤០០នាក់​ប៉ុណ្ណោះ។​

ក្រោយមក យើង​បាន​ធ្វើ​ដំណើរ​ទៅដល់​ជំរំ​នៅលើ​ភ្នំដងរែក។​ ​ ខ្ញុំ​​​បានភាស​​ខ្លួន​​ចេញ​​ពី​​ភ្នំពេញ​​ជា​មួយ​​​និង​​ក្រុម​​គ្រូ​ពេទ្យ​​៦០​​នាក់​​ទៀតមកកាន់​ទល់ដែន។​​ អំឡុង​​ពេល​​នោះ​​ដែរ​​ ខ្ញុំមាន​ផ្ទៃ​​ពោះ​​ជិត​​គ្រប់​​ខែ​​ទៅ​​ហើយ។ ​​ខ្ញុំ​​បាន​​​សម្រាល​​កូន​​តែ​​ម្នាក់​​ឯង​​នៅ​​តាម​​ផ្លូ​វ​​។ ខ្ញុំ​​វេទនា​​ណាស់​​ ដោយ​​សារ​​តែ​​ប្ដីមិន​​បាន​​រួម​ដំណើរ​ជាមួយ​​។​ ​រយៈពេល​​​បី​​ថ្ងៃក្រោយមក​​​ ខ្ញុំ​​​​ត្រូវ​បន្ត​​ដំណើរ​​ទៅកាន់​​​ខេត្ត​​បាត់​ដំបង។​ នៅពេលនោះខ្ញុំបាន​រស់នៅ​ត្រង់​ម្តុំ​​ស្រុក​គាស់​ក្រឡ​ជាមួយ​ប្រជាជន​មូលដ្ឋាន និងប្រជាជន១៧មេសា។      រ​​យៈ​​ពេល​​​​ពីរ​​ឆ្នាំ​​ក្រោយ​​មក ​​ខ្ញុំ​​​​បាន​​ជួបជាមួ​យប្ដី​​របស់​​ខ្ញុំ​​ហើយយើង​បាន​បន្ដដំណើរ​ទៅ​​ស្ទឹង​​ចាន់​ក្នុង​​ប្រទេស​​ថៃ​​។ យើង​រស់នៅ​ទីនោះ​​អស់​​​រយៈ​ពេល​​​២​​ឆ្នាំ។​ យើងបានរស់នៅលើជំរំ​លើភ្នំដងរែក​ជាច្រើនកន្លែង រហូត​ដល់​យើង​បាន​ចុះ​មករស់នៅ​តំបន់អន្លង់វែង​នៅដើម​​​ឆ្នាំ​ ១៩៩០​​។ ទីតាំង​ផ្ទះរបស់ខ្ញុំ គឺនៅ​​ភូមិ​​ថ្នល់កែង១០៥ ហើយ​បន្ដ​​​រហូត​​​មក​​ដល់​​ពេល​​បច្ចុប្បន្ន​​នេះ»៕

អត្ថបទដោយ សួត វិចិត្រ


[1] សួត វិចិត្រ និងណេត ឌីណា សម្ភាសន៍ជាមួយ​ ស្រ៊ីវ បូណា នៅក្នុងឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្ដឧត្ដរមានជ័យ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥។

[2] ចម្លងចេញពី៖ សៀវភៅប្រវត្តិវិទ្យាថ្នាក់ទី៦ ចំណងជើង «ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព»។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin