ឪពុកស្លាប់ដោយសារអង្គការចោទថាក្បត់
ស្រូវ ភ្លើង ភេទស្រី ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម អាយុ៦៤ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិ ពូក្រែង ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ ក្នុងរបបខ្មែរក្រហម ភ្លើង មានអាយុប្រមាណ១៥ឆ្នាំ ពេលនោះអង្គការបានជម្លៀសគាត់ និងគ្រួសារឲ្យធ្វើដំណើរដោយថ្មើរជើងរយៈពេល ៤យប់៥ថ្ងៃ ចេញពីភូមិពូក្រែង ទៅស្រុកកោះញែក ខេត្តមណ្ឌលគិរី។
នៅកោះញែក ភ្លើង ត្រូវរស់នៅភូមិទី៣។ តំបន់ដែល ភ្លើង រស់នៅមាន៣ភូមិគឺភូមិទី១, ភូមិទី២ និងភូមិទី៣។ ខ្មែរក្រហមបានប្រើ ភ្លើង ឲ្យធ្វើការក្នុងកងចល័ត។ ភ្លើង ត្រូវធ្វើស្រែចម្ការ និងទប់ទំនប់ប្រឡាយទឹកជាដើម។ ការងារនៅពេលនោះ ភ្លើង ត្រូវធ្វើស្ទើរគា្មនពេលសម្រាក គាត់ត្រូវចូលធ្វើនៅម៉ោង៥ទៀបភ្លឺ និងពេលយប់ទើបបានសម្រាក។
ចំណែកឪពុករបស់ ភ្លើង ត្រូវបានខ្មែរក្រហមយកទៅសម្លាប់ ដោយយកលេសប្រាប់ថាឲ្យទៅប្រជុំប៉ុន្តែបានបាត់ដំណឹងរហូតដល់សព្វថ្ងៃ។ អង្គការចោទឪពុករបស់ ភ្លើង ថាគឺជាខ្មាំង និងបានចូលដៃជាមួយវៀតណាមចង់ផ្តួលរលំរបបខ្មែរក្រហម។ បន្ទាប់ពីឪពុកបាត់ដំណឹង អង្គការបានមកសួរគ្រួសារ ភ្លើង ថាតើនរណាចង់ទៅតាមឪពុកទេ? គាត់បានឆ្លើយថាមិនចង់ទៅតាមទេ ព្រោះបើសិនជាភ្លើង ឆ្លើយថាចង់ទៅនោះអង្គការនឹងយក ភ្លើង និងសមាជិកគ្រួសារទៅសម្លាប់ចោលជាក់ជាមិនខានឡើយ។
ចំណែករបបអាហារវិញ ភ្លើង ទទួលបានបបរលាយជាមួយ មើមក្តួច មើមដំឡូង ៣ពេលក្នុង១ថ្ងៃ។ រីឯសំលៀកបំពាក់វិញ ភ្លើង ទទួលបាន២កម្លេ ក្នុងមួយឆ្នាំ។
សម្ភាសន៍ និងអត្ថបទ៖ ដោយ ធី ស្រីពេជ្រ