សុំ សឿម៖ វិប្បដិសារីដោយសារការសងសឹក

សុំ សឿម[1] ភេទ ប្រុស អាយុ៦៦ឆ្នាំ មានស្រុកកំណើតនៅ ខេត្តកំពង់ចាម។ សឿម បច្ចុប្បន្នរស់នៅក្នុងឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
សឿម បានចែករំលែកអំពីបទពិសោធន៍ និងជីវិតរស់នៅប្រចាំថ្ងៃរបស់ខ្លួននាសម័យខ្មែរក្រហម ថា៖ «មុនឆ្នាំ១៩៧០ ខ្ញុំរស់នៅក្នុងគ្រួសារកសិករមួយ ដែលមានឪពុកជាជនជាតិចិន និងម្ដាយជាជនជាតិខ្មែរ។ គ្រួសារខ្ញុំបានរស់នៅជួបជុំគ្នាយ៉ាងសម្បូរសប្បាយ និងប្រកបដោយសេចក្ដីសុខ។ ជារៀងរាល់ព្រឹក ខ្ញុំត្រូវជួយធ្វើការងារនៅក្នុងផ្ទះឪពុកម្ដាយខ្ញុំ។ ចំណែកឯនៅពេលថ្ងៃខ្ញុំទៅរៀនអក្សរនៅសាលាដូចក្មេងៗដទៃទៀតដែរ។ រហូតដល់ខ្ញុំមានអាយុ១២ឆ្នាំ លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់ សម្ដេច ព្រះនរោត្តម សីហនុ ពីព្រះតំណែង នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០។
នៅចន្លោះឆ្នាំ១៩៧១ ដល់១៩៧២ ខ្ញុំ រួមទាំងសិស្សានុសិស្សប្រហែល ៣០ ទៅ៤០នាក់ បាននាំគ្នារត់ចូលព្រៃម៉ាកគី ជាមួយលោកគ្រូបន្ទុកថ្នាក់។ កាលណោះខ្ញុំនៅរៀនថ្នាក់ទី១០នៅឡើយទេ។ ដោយសារតែភាពវ័យក្មេងរបស់ខ្ញុំ ដែលមិនទាន់ចេះគិតឲ្យបានច្បាស់លាស់ និងឆាប់ជឿពាក្យលួងលោម បញ្ចុះបញ្ចូលរបស់គ្រូៗ បានធ្វើឲ្យខ្ញុំត្រូវបែកបាក់ពីឪពុក ម្ដាយ បងប្អូន នៅឯផ្ទះ។ ក្រោយពីបានធ្វើដំណើរទៅដល់ព្រៃម៉ាកគីហើយ ខ្ញុំក៏បានជួបជាមួយមេកងពលម្នាក់ ឈ្មោះ តាវឿន។ ដោយក្ដីអាណិត និងស្រឡាញ់ តាវឿន ក៏បានយកខ្ញុំទៅធ្វើជានីរសារ។ នៅទីនោះ ខ្ញុំមានតួនាទីរត់សំបុត្រទៅសមរភូមិខាងមុខម្ដងម្កាល និងអមដំណើរទៅជាមួយមេរបស់ខ្ញុំនៅពេលមានប្រជុំតាមភូមិភាគ។ ក្រៅពីនេះ ខ្ញុំទទួលខុសត្រូវលើការចម្អិនអាហារ និងដាំទឹកក្ដៅ ទឹកត្រជាក់ជូនមេរបស់ខ្ញុំ។ ខ្ញុំរស់នៅធ្វើជានីរសារបានមួយឆ្នាំ។ តាវឿន ក៏អនុញ្ញាតឲ្យខ្ញុំឈប់ ហើយបញ្ជូនខ្ញុំឲ្យចូលធ្វើជាកងទ័ពវិញ។
រហូតដល់ឆ្នាំ១៩៧៣ ខ្ញុំបានចូលក្នុងជួរកងទ័ពខ្មែរក្រហម និងបានរួមដំណើរទៅធ្វើសមរភូមិជាមួយកងកម្លាំងជាច្រើននាក់ទៀត។ នៅពេលនោះ ទិសដៅរបស់កងទ័ពខ្មែរក្រហម គឺទៅវាយជាមួយកងទ័ព លន់ នល់។ ការធ្វើសង្គ្រាមមិនមែនជារឿងងាយនោះទេ បងប្អូនដែលជាកងទ័ពទាំងអស់ត្រូវយកអាយុជីវិតទៅប្រថុយ ទាំងដែលខ្លួនមិនចង់ធ្វើ។ មិនតែប៉ុណ្ណោះ អ្នកខ្លះទៀតត្រូវស្លាប់ចោលគ្រួសារ ឪពុក ម្ដាយ ប្រពន្ធកូនជាទីស្រឡាញ់របស់ខ្លួន។ បន្ទាប់មក ខ្ញុំ និងកងកម្លាំងខ្មែរក្រហម បានធ្វើដំណើរឆ្ពោះទៅកាន់គោលដៅរៀងៗខ្លួន ដើម្បីទប់ទល់វាយបកជាមួយ កងកម្លាំង លន់ នល់។ ខណៈពេលដែលកំពុងវាយគ្នា កងទ័ព លន់ នល់ បានទម្លាក់គ្រាប់បែក និងគ្រាប់គីមី ជាច្រើនដែលធ្វើឲ្យខូចខាតសម្ភារ និងគ្រឿងសភាវុធទាំងស្រុង។ កងកម្លាំងទាំងអស់គ្មានអ្នកត្រូវរបួសធ្ងន់ធ្ងរ ឬស្លាប់នោះទេ។
នៅកំឡុងឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហម បានវាយបែកទីក្រុងភ្នំពេញ។ ខណៈពេលនោះ ខ្ញុំពិតជាមានសេចក្ដីត្រេកអរ និងសប្បាយចិត្តជាខ្លាំង ព្រោះខ្ញុំគិតថានៅពេលទទួលបានជ័យជម្នះ ប្រាកដជាអាចត្រឡប់ទៅស្រុកកំណើតជួបជុំឪពុក ម្ដាយ នៅឯស្រុកកំណើត។ ប៉ុន្តែ ជាអកុសលខ្ញុំមិនអាចត្រឡប់ទៅរកគ្រួសារបានឡើយ ដោយសារតែខ្ញុំមានរបួសត្រង់កំភួនជើង ពេលធ្វើសង្គ្រាមទើបត្រូវនៅព្យាបាលក្នុងទីក្រុងភ្នំពេញរយៈពេលមួយខែទម្រាំតែជាសះស្បើយ។ ក្រោយពីខ្ញុំព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃបានមួយខែហើយ ខ្ញុំក៏ត្រឡប់ទៅនៅតាមសមរភូមិខាងក្រោយវិញ។ ដោយសារតែការសប្បាយតាមមិត្តភក្កិក្រោយបានជ័យជម្នះ និងបានជាសះស្បើយពីរបួស ខ្ញុំមិនទាន់បានត្រឡប់ទៅផ្ទះនៅឡើយទេ។ បន្ទាប់មកទៀត ខ្ញុំក៏ទៅនៅឈរជើងក្នុងទឹកដីខេត្តកំពង់ចាមមួយរយៈ។
លុះដល់ឆ្នាំ១៩៧៧ ខ្ញុំបានទទួលដំណឹងអកុសលមួយដែលនឹកស្មានមិនដល់នោះគឺ ឪពុក ម្ដាយ របស់ខ្ញុំត្រូវបានគេសម្លាប់ចោលទាំងគ្រួសារ។ ដំណឹងដ៏សាហាវព្រៃផ្សៃនេះធ្វើឲ្យខ្ញុំមានកំហឹងគំគួន។ ខ្ញុំចាំបានថា ឃាតករដែលសម្លាប់ឪពុកម្ដាយ ខ្ញុំគឺជាអ្នកនៅភូមិជាមួយគ្នា និងមានមុខងារជាឈ្លបភូមិ។ ព្រោះតែចង់បានមុខមាត់និងបុណ្យស័ក្កិខ្លាំងពេក ឈ្លបភូមិដែលជាឃាតករ បានរាយការណ៍ទៅថ្នាក់លើថា គ្រួសារខ្ញុំក្បត់អង្គការ និងជាប់ខ្សែចិន។ ម្យ៉ាងវិញទៀតនៅសម័យនោះឲ្យតែជាប់ឈ្មោះជាខ្សែចិន ដឹងតែត្រូវយកទៅសម្លាប់ចោល ទាំងដែលសាមីខ្លួនមិនបានធ្វើអ្វីខុសទាល់តែសោះ។ ក្រោយពីបានទទួលដំណឹង ខ្ញុំមានការខឹង ការគុំគួន និងការសោកស្ដាយដល់ឪពុកម្ដាយ និងបងប្អូន ដែលបានស្លាប់យ៉ាងអណោចអធម ធ្វើឲ្យខ្ញុំចងកំហឹងសងសឹកឃាតករដែលសម្លាប់គ្រួសាររបស់ខ្ញុំ។
នៅក្នុងឆ្នាំ១៩៧៩ កងទ័ពវៀតណាមបានចូលវាយបែកបន្ទាយខ្មែរក្រហម។ ខ្ញុំ រួមទាំងកងទ័ពជាច្រើននាក់ទៀតបានរត់ភៀសខ្លួនទៅភ្នំឱរ៉ាល់ ដែលស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ។ ក្រោយពីបានធ្វើដំណើរទៅដល់ទីនោះហើយ កងទ័ពទាំងអស់ហាក់ដូចជាមានសភាពរាង្គកាយទ្រុតទ្រោមជាខ្លាំង។ ដោយសារតែពេលធ្វើដំណើរតាមផ្លូវ មានការខ្វះខាតស្បៀងអាហារ និងទឹក ដែលជាហេតុធ្វើឲ្យយើងទាំងអស់គ្នាមិនមានកម្លាំងកំហែង។ បន្ទាប់មក យើងបានបន្តរស់នៅទីនោះមួយរយៈពេលខ្លី និងនាំគ្នាដើររកជីកមើមក្ដួចយកមកធ្វើអាហារសម្រាប់ហូបដើម្បីបន្តជីវិតរស់។ ការអត់ឃ្លាន ដោយខ្វះស្បៀងអាហារហូបចុកបែបនេះមិនអាចឲ្យយើងបន្តរស់នៅក្នុងព្រៃបានទៀតនោះទេ។ មិនយូរប៉ុន្មាន ខ្ញុំ និងកងទ័ពដែលនៅសេសសល់បានសម្រេចចិត្តចាកចេញពីទឹកដីភ្នំឱរ៉ាល់ឆ្ពោះទៅកាន់ភ្នំដងរែក។ ការធ្វើដំណើរបានចំណាយពេលអស់ជាច្រើនខែទើបទៅដល់ភ្នំ១០០១ ដែលស្ថិតនៅខេត្តព្រះវិហារ។ ពេលទៅដល់ទីនោះមេកងពល និងមេកងវរសេនាធំ ចាប់ផ្ដើមប្រមូលកម្លាំងតាមភូមិភាគ តាមស្រុក-ភូមិ អស់រយៈពេល៥ខែទើបបានមកជួបជុំគ្នាអស់។ ក្រោយពីប្រមូលកម្លាំងបានអស់ហើយ មេកងពលធំ បានបង្កើត និងបែងចែកកម្លាំងទៅជាកងពលតូចៗជាច្រើនទៀត។ កាលណោះខ្ញុំ នៅកងពលធំ៧៨៥។ បន្ទាប់មកខ្ញុំ ត្រូវបានបញ្ជូនឲ្យទៅវាយនៅសមរភូមិកងទ័ពជើងទឹក។ កាលណោះការធ្វើដំណើរដើម្បីទៅដល់គោលដៅបានយើងត្រូវធ្វើដំណើរចុះពីលើភ្នំដងរែកដោយថ្មើរជើងរហូតដល់ខេត្តកំពង់ធំ ទើបជិះទូក ឆ្ពោះទៅកាន់ទន្លេសាបតែម្ដង។ ទូក ដែលយើងធ្វើដំណើរមានប្រវែងពី៨ ទៅ៩ម៉ែត្រ។ ខ្ញុំមិនដែរវាយជាមួយកងទ័ពខ្មែរគ្នាឯងនោះទេ ព្រោះមុនពេលខ្ញុំចេញទៅវាយជាមួយវៀតណាម ខ្ញុំបានសរសេរសំបុត្រផ្ញើទៅតាមរយៈអ្នកស្រុកឲ្យប្រាប់កងកម្លាំងខ្មែរ ឆាប់ចាកចេញពីទីនោះឲ្យអស់ និងឲ្យបានលឿនបំផុត ព្រោះ ខ្ញុំមិនចង់ឲ្យកងទ័ពខ្មែរវាយគ្នាឯង។
រហូតដល់ឆ្នាំ១៩៨២ ខ្ញុំក៏បានទទួលតំណែងជា មេបញ្ជាការវរសេនាតូចលេខ៥១។ កងកម្លាំងដែលខ្ញុំក្ដោបក្ដាបមានគ្នាចំនួន១១០នាក់។ ក្រោយពីបានទទួលតំណែង ខ្ញុំក៏បានទៅលេងបងប្អូននៅស្រុកកំណើត។ នៅពេលទៅដល់ស្រុកកំណើត អ្វីដែលនឹកស្មានមិនដល់នោះ គឺខ្ញុំបានរកមុខឃាតករសម្លាប់ឪពុក ម្ដាយរបស់ខ្ញុំឃើញ។ ភ្លាមៗនោះ ដោយសារតែខ្ញុំនៅមានកំហឹង និងអំណាចនៃការសងសឹងជូនដល់ឪពុក ម្ដាយ ខ្លាំងពេក ខ្ញុំក៏ដើរឆ្ពោះទៅផ្ទះឃាតករ។ បន្ទាប់មកខ្ញុំក៏បានស្រែកហៅ ឃាតករនោះឲ្យចុះពីលើផ្ទះ ប៉ុន្តែមិនទាន់បានចុះដល់ដីផង ខ្ញុំក៏បានដកកាំភ្លើងខ្លី ដែលក្រវ៉ាតនឹងចង្កេះបាញ់ធ្លាក់ពីលើកាំជណ្ដើរមកដល់ដីធ្វើឲ្យស្លាប់ភ្លាមៗ។ នៅសម័យនោះការសម្លាប់មនុស្សមិនមានអ្នកណាមួយរកភាពយុត្តិធម៌ឲ្យអ្នកស្លាប់បានទេ ព្រោះរស់នៅក្នុងសម័យខ្មែរក្រហម។
ក្រោយពីខ្ញុំបានបាញ់សម្លាប់ឃាតករនោះហើយ ខ្ញុំពិតជាមានវិប្បដិសេរី និងការសោកស្ដាយជាខ្លាំង។ ខ្ញុំគិតថា ដោយសារតែកំហឹងមួយឆាវដែលគិតឃើញទៅដល់ការស្លាប់របស់គ្រួសារខ្ញុំ បានធ្វើឲ្យខ្ញុំក្លាយខ្លួនជាឃាតករសម្លាប់មនុស្ស។ ហើយអ្វីដែលខ្ញុំមានការសោកស្ដាយខ្លាំងបំផុតនោះ គឺខ្ញុំមិនគួរបាញ់សម្លាប់គេឲ្យមានឈ្មោះជាឃាតករដូចដែលគេសម្លាប់ឪពុក ម្ដាយ ខ្ញុំនោះទេ។ ចាប់តាំងពីពេលនោះមក ខ្ញុំបានលះបង់ចោលទាំងអស់នូវអ្វីៗដែលខ្ញុំមានពីមុន។ ខ្ញុំក៏បានចាកចេញពីជួរកងទ័ព និងកាត់ផ្ដាច់ពីការចងគំនុំសងសឹកចោលទាំងអស់។ ពីពេលនោះមកខ្ញុំរស់នៅក្នុងសង្គមបច្ចុប្បន្នសុំតែសេចក្ដីសុខ និងមានភាពស្មោះត្រង់ជាមួយអ្នកដទៃ រហូតមកដល់សព្វថ្ងៃនេះ»៕
អត្ថបទដោយ មេក វិន
[1] សួត វិចិត្រ និង មេក វិន សម្ភាសន៍ជាមួយ សុំ សឿម នៅក្នុងឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នៅក្នុងឆ្នាំ២០២៥