សមាជិកនារីឃុំសម័យខ្មែរក្រហម

(ស្វាយរៀង) ៖ ស៊ី សុផន ជាអ្នករស់រាន​មាន​ជីវិត​ពីរបប​ខ្មែរក្រហម អាយុ៦៨ ជាកសិករ បច្ចុប្បន្នរស់នៅ ភូមិកំពង់អំពិល ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង។

មុន​ពេល​ខ្មែរ​ក្រហម​ឡើងកាន់​កាប់អំណាច សុផន ជាកសិករ រស់នៅសុ្រកកំណើត ឃុំកំពង់អំពិល។ ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ សុផន ឃើញទាហានខ្មែរក្រហមដើរប្រមូលទ្រព្យសម្បត្តិ ​សត្វពាហនៈ ស្រូវ អង្ករ និងរបស់របបរផ្សេងៗរបស់ប្រជាជនយកមកទុករួមក្នុងសហករណ៍ ហើយខ្មែរក្រហម​បានប្រកាស​ឲ្យប្រជាជន ធ្វើការរួម រស់នៅរួម និងហូបបាយរួម និងស្លៀកសំលៀកបំពាក់ខ្មៅ ព្រមទាំងកាត់សក់ខ្លី។ ខ្មែរក្រហមបានផ្សព្វផ្សាយប្រាប់ប្រជាជនថា ពេលនេះ ជាពេលដែលយើងត្រូវតស៊ូធ្វើបដិវត្តន៍ដូច្នោះយើង​ត្រូវធ្វើការលះបង់ និងមិនត្រូវមានរបបដែលជាកម្មសិទ្ធតទៅទៀត​ទេ។ សុផន ត្រូវ​បាន​ចាត់​ឲ្យ​ចូលគេប្រើឲ្យគាត់ធ្វើជាសមាជិក​នារី ស្ថិតក្នុងកងនារីឃុំ ដោយត្រូវ​យឲ្យធ្វើការបណ្តុះបណ្តាលនារីៗក្នុងភូមិឲ្យចេះបង្កបង្កើនផល និងដាំដុះបន្លែ ផ្លែឈើ។

ក្រោយមកទៀត សុផន ត្រូវបានប្រើឲ្យជីក និងរែកដីយកទៅធ្វើផ្លូវនៅទួលច្រេស និងលើកភ្លឺស្រែ ច្រូស្រូតស្រូវ នៅទួលពង្រ។ សុផន ធ្លាប់បានឃើញខ្មែរក្រហមជិះកង់ដឹកមនុស្សយកទៅសួរចម្លើយ និង​សម្លា​ប់​​នៅមន្ទីរសន្តិសុខទួលច្រេស។

ក្នុងរបបខ្មែរក្រហម សុផន បានបាត់បង់បងប្រុសម្នាក់ ប្អូនប្រុសម្នាក់ ​និងបងថ្លៃ។ ប្អូន និងបងប្រុសរបស់គាត់​បានបាត់ខ្លួនដោយសារធ្វើជាទាហានសម័យ លន់ នល់។ ចំណែកបងថ្លៃឈឺជំងឺរាគ​គ្មានថ្នាំព្យាបាលត្រឹមត្រូវ។

សុផន បានឃើញការរៀបការក្នុងសម័យខ្មែរក្រហមដែលមានចាប់ពី២រហូតដល់៤០គូ។ សុផន ឲ្យដឹងទៀតថា ខ្មែរក្រហមបានផ្តល់សិទ្ធិឲ្យ បុរស ស្រី្ត ដែលដល់វ័យត្រូវរៀបការ ក្នុងការជ្រើសរើសគូស្រករ និងធ្វើការស្នើមកអង្គការ​។ ពេលរៀបការប្តីប្រពន្ធតំរូវឲ្យឡើងបេ្តជ្ញាចិត្ត «ខ្ញុំឈ្មោះ…សូមបេ្តជ្ញាយកយុវជនឈ្មោះ…ទោះ​បី​ក្នុងភ្នក់ភ្លើងសង្គ្រាមនេះគាត់ខ្វាក់ភ្នែក បាក់ដៃ បាក់ជើង ក៏សុខចិត្តថារក្សាគ្នាអស់មួយជីវិត»។  យុវជន យុវនារីរៀបការនាសម័យនោះធ្វើឡើងនៅរោងបាយសហករណ៍ ឬនៅសាលារៀន ដោយស្លៀកពាក់សំលៀក​បំពាក់ខ្មៅ។

សុផន ឲ្យដឹងទៀតថា របបអាហារក្នុងសម័យខ្មែរក្រហមគឺមានតែគេចែកបបរឲ្យម្នាក់១វែកក្នុង១ពេល។ ការរស់នៅគឺគ្មានសិទ្ធិគ្មានសេរីភាពទេ។ យើង​ឃើញខុសក៏មិនហ៊ាននិយាយ។​ ម្នាក់ៗចេះតែធ្វើតាមគេប្រើ និងដំាដើមគរគ្រប់ៗ​គ្នា។ ប្រជាជនម្នាក់ៗខិតខំធ្វើការគ្មានពេលសម្រាកហើយគា្មនសិទ្ធិហូបរបស់ដែលខ្លួនបង្កបង្កើនផលបាន របស់អ្វីក៏ជា​របស់អង្គការ។

សុផន បច្ចុប្បន្ន មានជំងឺខ្សោយបេះដូង និងខ្វះឈាមដែលបណ្តាលឲ្យគាត់ឧស្សាហ៍ ហេវអស់​កម្លាំង​ល្វើយ​និងហត់ដក​ដង្ហើម​ខ្លី​ៗ​ញាប់​ៗ​ប្រផុត​ប្រផើយ​ដោយ​ខ្សោយ​កម្លាំង​ជារឿយៗ៕

សម្ភាសន៍ដោយ ហម សាវឿន នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១

អត្ថបទដយ អេង សុខម៉េង

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin