ប្រជាជនមិនពេញសិទ្ធិ

(តាកែវ) ៖ ទេព លាង ភេទស្រី មានអាយុ៧៦ឆ្នាំ សព្វថ្ងៃរស់នៅភូមិផ្សារជ្រែ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។

គាត់បានរៀបរាប់ថាកាលពីរបបខ្មែរក្រហម អង្គការបានប្រើឲ្យគាត់ទៅដឹកដីល្បាប់ ដឹកចម្បើង ដឹកស្មៅ។ នៅយប់មួយពេលគាត់ត្រឡប់មកផ្ទះវិញ អង្គការបានជម្លៀសកូនរបស់គាត់បីនាក់ចេញពីគាត់ឲ្យទៅរស់នៅក្នុងកងកុមារ។ ជារៀងរាល់យប់គាត់សម្រាន្តមិនលក់នោះទេព្រោះនឹកដល់កូន។ ប្រជាជនដែលនៅជាមួយគ្នានោះបាននិយាយទៅកាន់គាត់ថា៖

«យាយឯងមិនព្រមកុហកគេថាកូននៅបៅ» ។ លាង បានឆ្លើយទៅវិញថាមិនដឹងថាត្រូវកុហកអង្គការបែបណានោះទេ។

ក្រៅពីការងារដែលបានរៀបរាប់ខាងលើ លាង ក៏ត្រូវបានអង្គការប្រើឲ្យដឹកជីអាចម៍គោនៅពេលម៉ោងបីទាបភ្លឺទៅដាក់ស្រែ លុះព្រឹកឡើងគាត់ទៅច្រូតស្មៅគោវិញម្ដង។ គាត់ចេញទៅធ្វើការតាំងពីព្រឹករហូតដល់យប់ទើបបានត្រឡប់ទៅកន្លែងស្នាក់នៅ។ ក្រៅពីការងារដែលគាត់បានរៀបរាប់ខាង អង្គការក៏បានប្រើឲ្យគាត់ជីកព្រែកដែរ។

គាត់បានខិតខំជីកព្រែក ព្រោះខ្លាចគេយកទៅសម្លាប់ចោល ដោយសារគាត់ជាប្រជាជនមិនពេញសិទ្ធិ។ នៅពេលដែលទទួលដំណឹងថាកូនឈឺ ពេលសម្រាកពីការងារគាត់បានឆ្លៀតទៅមើលសួរសុខទុក្ខកូនរបស់គាត់ដែលសម្រាកនៅមន្ទីរពេទ្យអកយំ។ ប៉ុន្តែអង្គការមិនអនុញ្ញាតឲ្យនៅមើលថែកូនរបស់គាត់ឡើយ។

ចំពោះការងារដែលគាត់ធ្វើនៅពេលនោះគឺ ដកស្ទូង បាចជី(ជីដែលធ្វើមកពីលាមកមនុស្ស)។ គាត់បាននិយាយថាប្រជាជនដែលជម្លៀសមកពីភ្នំពេញ អង្គការមិនឲ្យបាចជីនោះទេ គឺឲ្យតែប្រជាជនដែលនៅក្នុងតំបន់នោះជាអ្នកបាច។ អង្គការបានឲ្យប្រជាជនជីករណ្ដៅដើម្បីលាយដីដំបូក និងលាមករបស់មនុស្សសម្រាប់ធ្វើជី ទុកដាក់ក្នុងដំណាំ ឬទុកដាក់ក្នុងស្រូវ។

នៅពេលដែលស្ទូង គេបានយកសំណាបដែលបានដករួចយកទៅត្រាំនៅក្នុងរណ្ដៅជីនោះ មានទាំងដង្កូវ កាកពោត និងក្លិនស្អុយ ហើយយកមកឲ្យប្រជាជនស្ទូងដោយមិនអនុញ្ញាតឲ្យដាក់សំណាបនោះក្នុងទឹកឡើយ។

យើងត្រូវធ្វើការដោយគ្មានការត្អូញត្អែឡើយ ប្រសិនជាមានអ្នកដែលខ្ជិល ធ្វើការងារមិនរហ័សរហួន អង្គការនឹងយកទៅធ្វើទារុណកម្ម ឬដាក់ទោស ដោយចោទថាជាការទម្រន់គេចពីការងារ។ ចំពោះរបបអាហារវិញ លាងបានប្រាប់ថាមិនមានអាហារគ្រប់គ្រាន់សម្រាប់បរិភោគឡើយ គឺមានតែបបររាវ ជាមួយសម្លព្រលឹត មួយខ្ទះដាក់អង្ករបីកំប៉ុង។ កូនស្រីរបស់គាត់ម្នាក់បានត្អូញត្អែរប្រាប់គាត់ថា៖

«ម៉ែហ៊ើយ! ខ្ញុំអត់មានបាយស៊ីទេ ហុតតែទឹកទេ»។

លាង ក៏បាននិយាយទៅកាន់អ្នកដួសបបរថា៖

«អូនហា៎! អូនឯងដួសមកដំបូងចឹង កូរៗចុះ ប៉ុន្តែដួសដាក់មួយវែកៗម្នាក់ឲ្យគ្រប់គ្នាហើយចាំដួសទឹកថែមទៅ ចឹងអ្នកក្រោយហ្នឹងអត់មានកាកស៊ីទេ ឲ្យគ្នាហុតតែទឹកហ្នឹង» 

ដោយអាហារហូបមិនគ្រប់គ្រាន់គាត់បានយកចុងអង្ករទៅដុតដើម្បីចម្អែតក្រពះ ពេលនោះប្រធានកងមកដល់ភ្លាម គេបានសួរគាត់ថាដុតអ្វីទៀតហើយ គេស្ដីបន្ទោសឲ្យគាត់ជាខ្លាំង។ ចំណែកឯប្រធានកងវិញបានអាហារសម្រាប់បរិភោគគ្រប់គ្រាន់ មានបាយ និងត្រីសម្បូរបែប៕

សម្ភាសន៍ដោយ ផន ហេងលី នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣

អត្ថបទដោយ នេន ស្រីមុំ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin