ចម្លើយសារភាពរបស់ទេព រៀម ពីសកម្មភាពក្បត់របស់ខ្លួនឯង

ខ្ញុំឈ្មោះ ទេព រៀម[1] ហៅ អ៊ុំ មានស្រុកកំណើតនៅភូមិព្រៃខ្លា ឃុំសឹង ស្រុកសំរោង ខេត្តតាកែវ។ ខ្ញុំរៀបការជាមួយប្រពន្ធឈ្មោះ ផង់ គឿន (ហៅ ណាត)និងមានកូនស្រីម្នាក់។ ខ្ញុំមានតួនាទីលេខាវរៈសេនាតូចលេខ៥១២ និងជាសមាជិកវរៈសេនាធំលេខ៥១ កងពល៥០២។ ឪពុកខ្ញុំឈ្មោះ ទេព អួង និងម្ដាយឈ្មោះ កុយក្រូច។ ខ្ញុំមានបងប្អូនប្រុសចំនួន២នាក់។ កាលពីកុមារ ខ្ញុំរៀនសូត្រនៅសាលាបឋមសិក្សាក្ដីទន្ទឹម និងស្នាក់នៅវត្តក្ដីទន្ទឹម ឃុំជើងគួន ស្រុកសំរោង។ នៅឆ្នាំ១៩៦៤ ខ្ញុំប្រឡងចូលរៀននៅវិទ្យាល័យកៅឌិន្យនៅក្នុងឃុំបឹង ត្រាញ់ ស្រុកសំរោង ខេត្តតាកែវ។ ខ្ញុំចូលរៀននៅថ្នាក់ទី៦ រហូតដល់ថ្នាក់ទី៤។ ក្នុងខែសីហា ឆ្នាំ១៩៦៧ ខ្ញុំឈប់រៀនមកជួយប្រកបរបរចិញ្ចឹមជីវិតជាមួយឪពុកម្ដាយ។ នៅឆ្នាំ១៩៦៨ ខ្ញុំសុំឪពុកម្ដាយមកប្រករបរនៅភ្នំពេញនិងស្នាក់នៅជាមួយបងបង្កើតឈ្មោះរ៉េន ដែលរកស៊ីធាក់ស៊ីក្លូ។
នៅឆ្នាំ១៩៧០ មុនពេលរដ្ឋប្រហារ ខ្ញុំនិងបងរបស់ខ្ញុំវិលត្រលប់មកស្រុកវិញ។ នៅខែសីហា ឆ្នាំ១៩៧០ ខ្ញុំបានចូលរួមបដិវត្តន៍ និងធ្វើជាឈ្លបភូមិព្រៃខ្លា តាមការចាត់តាំងរបស់អង្គការ។ ខ្ញុំឆ្លងកាត់ពីអង្គភាពមួយមកអង្គភាពមួយទៀត ។ នៅឆ្នាំ១៩៧២ ខ្ញុំមិនទាន់ធ្វើសកម្មភាពអ្វីទេ គ្រាន់តែស្ទាបស្ទង់ពីមហាជនដែលបានស្គាល់ និងទទួលការអប់រំពីប្រធានអនុសេនាធំ៦៣ ឈ្មោះផល ឲ្យក្បត់បដិវត្តន៍ជាបន្តបន្ទាប់។ នៅឆ្នាំ១៩៧៤ ខ្ញុំចាប់ផ្ដើមកសាងកម្លាំងបាន២នាក់ ដោយប្រើវិធីមនោសញ្ជេតនា និងតំឡើងតួនាទី គួបផ្សំជាមួយនឹងការឃោសនាបំភ្លៃ ដើម្បីឲ្យសាម៉ីខ្លួនទាំងពីរងាករេពីបដិវត្តន៍ រួចចាត់តាំងធ្វើសកម្មភាពតែម្ដង។ នៅចុងឆ្នាំ១៩៧៤ ខ្ញុំបានចេញពីអង្គភាព១១៦ មកនៅវរៈ១៣៧ តួនាទីលេខា វ/ត របស់កងពល១១។ ខ្ញុំបានភ្ជាប់ការទាក់ទងជាមួយនឹងឈ្មោះ សាវ៉ន ជាលេខាវរៈសេនាតូច១២៨ដែលជាបក្សពួកក្នុងខ្សែជាមួយនឹងឈ្មោះផល។ ពេលនោះ សាវ៉ន បានឲ្យដឹងថានៅកងពល១១នេះ មានការធ្វើសកម្មភាពក្បត់តាមរយះ ឈ្មោះសំអុន សេនាធិការកងពលធំបង្អែក។ នៅខែកមរា ឆ្នាំ១៩៧៥ ខ្ញុំបានចូលរួមប្រជុំមួយក្រោមការដឹកនាំរបស់ សំអុន នៅសមរភូមិទួល១២។ នៅក្នុងការប្រជុំនេះ សំអុន លើកផែនការបំផ្លាញកម្លាំងបដិវត្តន៍ ក្នុងសមរភូមិទួលដោយប្រើវិធីបញ្ឆោត រួចបញ្ជាឲ្យកម្លាំងសម្រុកចូល។ បក្សពួកក្បត់ទទួលមុខព្រួញម្ខាងដកថយ និងឲ្យខ្មាំងកម្ទេចកម្លាំងបដិវត្តន៍។ ក្រោយពីអនុវត្តផែនការកម្ទេចកម្លាំងបដិវត្តន៍ក្នុងសមរភូមិជាបន្តបន្ទាប់ ខ្ញុំបានកសាងកម្លាំងបានជាខ្សែសង្វាក់ក្បត់ចំនួនបីនាក់ ធ្វើតាមមនោសញ្ឆេតនាឲ្យស្រឡាញ់ខ្លួន ដោយឲ្យភ្លើតភ្លើន សេរីក្នុងការរស់នៅ។ ក្រោយមកចាប់ផ្តើមអប់រំខ្ញុំដោយធ្វើការប្រៀបធៀបថាបដិវត្តន៍កម្ពុជាថា អនុវត្តខុសពីបដិវត្តន៍សកលោក។
នៅខែកក្កដា ឆ្នាំ១៩៧៥ ខ្ញុំបានចូលរួមប្រជុំមួយ នៅផ្ទះរបស់ ឡាយ សារឹម ហើយការប្រជុំនេះមាន សំអុន ជាប្រធាននិងមានសមាជិកចូលរួមចំនួន១២នាក់ទៀត។ សំអុន លើកបញ្ហា, ពិនិត្យបញ្ហា និងកសាងកម្លាំងក្នុងអង្គភាពនីមួយៗបានជាខ្សែសង្វាក់ ហើយជំរុញបញ្ហាកសាងកម្លាំងឲ្យមានប្រសិទ្ធភាព។ ខ្ញុំ កសាងកម្លាំងបានជាខ្សែសង្វាក់២នាក់ ដោយប្រើវិធីអូសទាញតាមរូបភាពស្របនឹងអត្តចរិត្តរបស់បុគ្គលម្នាក់ៗ ដោយប្រើប្រាស់ មុខមាត់បុណ្យស័ក្ដិ និងតួនាទីនៅក្នុងអង្គភាព។ នៅខែកញ្ញា ឆ្នាំ១៩៧៥ ខ្ញុំបានទទួលការណែនាំពីឈ្មោះផល ឲ្យធ្វើការបំផុសនៅក្នុងអង្គភាព ឲ្យយុទ្ធជនរត់ទៅផ្ទះ។ ហើយរករឿងឆ្កិះទំនាស់ជាមួយក្រសួងនានា ដែលនៅជុំវិញដោយប្រើវិធីហួងហែងកម្មសិទ្ធិនៅក្នុងមុខសញ្ញាខ្លួន។ ទង្វើនេះមានគោលបំណងធ្វើឲ្យបែកបាក់សាមគ្គីភាពគ្នារវាងមន្ទីរ, ក្រសួង និងកងទ័ព។ នៅខែតុលា ឆ្នាំ១៩៧៥ ខ្ញុំបានទៅជួប សំអុន នៅអូឡាំពិក ក៏បានណែនាំឲ្យស្គាល់បក្សពួក២នាក់នៅកងពល៦០៥ គឺឈ្មោះ វ៉ាន់នី ជាកងស៊ើបការណ៍ និងហ៊ន ជាប្រធានមន្ទីរវរៈសេនាធំ១៥៤។
នៅខែវិច្ឆិកា ឆ្នាំ១៩៧៥ ខ្ញុំទទួលផែនការពី សំអុន នៅផ្ទះផល ជិតវត្តទួលទំពូង តែផែនការនេះមិនទាន់សម្រេចឲ្យអនុវត្តទេ ដោយត្រូវនៅរង់ចាំយោបល់ពីមេដឹកនាំ សិន។ ក្រោយទទួលបានផែនការ និងការសម្រេចពីមេក្បត់ ខ្ញុំបានដឹកនាំកម្លាំងដុតផ្ទះនៅខាងត្បូងសាលាយុគន្ធអស់៣ខ្នង។ នៅខែកុម្ភៈ ឆ្នាំ១៩៧៦ ផលឲ្យខ្ញុំទៅស្រង់ឈ្មោះបក្សពួកនៅកងពល៥១៤ ដែលមានឈ្មោះ អៀត ជាអ្នកដឹកនាំ ដើម្បីមករាយការណ៍ជូនតាម៉ៅ។ ក្រោយពីការរៀបចំបក្សពួកឲ្យចូលបង្កប់ក្នុងបច្ចេកទេសកងទ័ពអាកាស ខ្ញុំបានទៅរាយការណ៍ឲ្យផល។ ផល បានឧទ្ទេសនាមឈ្មោះ យន់ ជាអុនសេនាធំឲ្យមកនៅជាមួយខ្ញុំរ។ ក្នុងខែមីនា ឆ្នាំ១៩៧៦ ខ្ញុំបានទៅប្រជុំបក្សពួកក្បត់នៅ វ/ត៥១១ ដើម្បីពង្រឹងជំហរអនុវត្តន៍សកម្មភាពប្រឆាំងបក្សឲ្យកាន់តែសកម្ម និងពង្រឹងជំហរលាក់ការណ៍កម្រិតខ្ពស់។ ចុងខែមីនា ផលចាត់ឲ្យខ្ញុំទៅទាក់ទងឈ្មោះ សឿន វ/ត៥១១ ដើម្បីរៀបចំកម្លាំងក្បត់មួយកងធំត្រៀមពេលមានការខាងមុខ និងប្រើប្រាស់កម្លាំងនេះនៅភ្នំពេញ។ បីថ្ងៃក្រោយ ផល ហៅឈ្មោះសឿន, អៀត និងខ្ញុំមកមន្ទីរវ/ត៥១១ ហើយណែនាំរៀបចំកម្លាំងប្រយុទ្ធមួយអនុសេនាធំដែលមានសឿនជាគ្រប់គ្រងផ្ទាល់ និងត្រៀមមួយកងអនុសេនាតូចដែលមានឈ្មោះអៀតដឹកនាំ។ កងពល៥១១ បានដោះដូរកម្លាំងនិងត្រូវបញ្ជូនកម្លាំងក្បត់ជាច្រើនមកនៅភ្នំពេញ។
នៅខែមេសា ឆ្នាំ១៩៧៦ ខ្ញុំចូលរួមប្រជុំមួយនៅទួលទំពូងសមាសភាពចូលប្រជុំមាន ផលជាប្រធាន សាវ៉ន អៀត សឿន។ ផល បានលើកពីគម្រោងការ នៅពេលពិធីបុណ្យថ្ងៃ១៧ មេសា ១៩៧៦ តាមការណែនាំរបស់ សោម។ ការរៀបចំកម្លាំង ផល រៀបជាពីរក្រុម ឈ្មោះសឿនក្ដាប់មួយក្រុមចំនួន១២នាក់និង អៀត មួយក្រុមចំនួន១២នាក់។ កម្លាំងនេះយកទៅត្រៀមបង្កប់នៅផ្ទះថ្ម ជុំវិញស្ដាតអូឡាំពិកគឺ៤កន្លែងសម្រាប់ធ្វើសកម្មភាពពីក្រៅ ដើម្បីឲ្យអ្នកខាងក្នុងដោះខ្លួន។ នៅក្នុងខែមីនា ឆ្នាំ១៩៧៧ បក្សពួកខ្ញុំគ្មានសកម្មភាពអ្វីទេ គឺមានតែការព្រួយបារម្ភចំពោះសភាពការណ៍ដែលកើតឡើងនៅជុំវិញខ្លួន។ មួយសប្ដាហ៍ក្រោយមក ខ្ញុំបានទទួលដំណឹងពី ផល៥០២ ថា សាវ៉ន បានចងកស្លាប់នៅជិតភូមិកំណើតគឺនៅភូមិព្រែករកា ឃុំព្រែករកា ស្រុក១៥៤ តំបន់២៥។ ពេលនោះ ផល និងខ្ញុំបបួលគ្នាទៅមើលខ្មោច សាវ៉ន។ នៅតាមផ្លូវ ផលនិយាយតែអំពីបញ្ហាការសម្រិតសម្រាំងរបស់អង្គការបដិវត្តន៍ ហើយបញ្ជាក់ថា ត្រូវសម្របខ្លួនជាមួយបដិវត្តន៍ និងឈប់ធ្វើសកម្មភាពអ្វីទាងអស់ ត្រូវសុំរស់ក្នុងបដិវត្តន៍។ ចាប់តាំងពីពេលនោះមក បក្សពួកខ្ញុំមានការព្រួយបារម្ភចំពោះស្ថានភាពនេះ។ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩៧៧ ផលបានប្រាប់ខ្ញុំថា អង្គការនឹងចាប់ខ្ញុំ ព្រោះមានគេឆ្លើយដាក់ខ្ញុំថាក្បត់។ យប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ១៩៧៧ វេលាម៉ោង១០យប់ អង្គការក៏ចាប់ខ្លួនខ្ញុំមកកាន់មន្ទីរអប់រំ។
ដោយទូច វណ្ណេត បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម
[1] ដកស្រង់ចេញពីឯកសារ KCDC-CAM3259 J00896 ចម្លើយ ទេព រៀម ហៅ អ៊ុំ អំពី ប្រវត្តិ សកម្មភាព ក្បត់ តួនាទីលេខា វ.ត៥១២ វ.ធ៥១ ក.ព៥០២