ក្មេងកំព្រាដោយសាររបបខ្មែរក្រហម

(ស្វាយរៀង) ៖ ទេព យាន អាយុ៦០ឆ្នាំ ជាកសិករ មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅ ភូមិពោធិ៍តារស់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ក្នុងរបប លន់ នល់ ទេព យាន បានឈប់រៀនត្រឹមថ្នាក់ទី១២ បច្ចុប្បន្នថ្នាក់ទី១។ ដោយសារពេលនោះសាលាបានបិទទ្វារឈប់ដំណើរការប្រទេសមានសង្រ្គាម និងទម្លាក់គ្រាប់បែកពីសំណាក់សហរដ្ឋអាមរិក។ ពូ និងមីងរបស់ យាន បានស្លាប់ដោយសារការទម្លាក់គ្រាប់បែកនាពេលនោះ។ នៅក្នុងរបបខ្មែរក្រហម យាន មានអាយុ១៥ឆ្នាំ។ អង្គការបានចាត់តាំងឲ្យយាន ធ្វើការក្នុងកងចល័តដើម្បីធ្វើស្រែ។ ក្រោយមកគាត់បានដឹកនាំកុមារបីនាក់ អូស រទះដើររើសអាចម៍គោ និងក្របីយកទៅធ្វើជី។ គាត់ទទួលខុសត្រូវគ្រប់គ្រងក្មេងៗ ដែលឃ្វាលគោក្របី នៅឆ្ងាយៗពីភូមិ រហូតដល់ស្រុកកំពង់រោទ៍។ ថ្ងៃមួយក្របីបានស៊ីស្រូវរបស់អង្គការដែលទើបតែស្ទូងរួច ប្រធានកងក៏បានដាក់ទណ្ឌកម្មបង្អត់អាហារមួយថ្ងៃ ដល់ យាន និងក្មេងៗដែលឃ្វាលគោក្របី។ បន្ទាប់មកទៀតអង្គការបានចាត់ឲ្យ យាន ដើរប្រមូល លាមកមនុស្សយកមកធ្វើជីលេខ១ ដោយប្រមូលតាមបង្គន់ផ្សេងៗយកមកហាលថ្ងៃឲ្យស្ងួត រួចយកទៅដុំឲ្យម៉ត់ លាយជាមួយនិងដីដំបូកដើម្បីធ្វើជាជីលេខ១ ដាក់ស្រូវ និងដំណំាហូបផ្លែដទៃទៀត។ ដល់រដូវចម្រូត យាន ត្រូវបានចាត់ឲ្យដឹកនាំកងកុមារដើររើសគួរស្រូវ​ ដែលបាក់ធ្លាក់តាមវាលស្រែដើម្បីប្រមូលយកទៅទុក​ហូប​ក្នុង​សហ​ករណ៍​ស្រុកស្វាយជ្រំ។ រឿងរ៉ាវដែល យាន ចងចាំមិនភ្លេចនោះគឺរូបភាពដែលគាត់បានឃើញ អង្គការប្រើឪពុករបស់គាត់ឲ្យលីបាវស្រូវធំៗយកទៅដាក់ឡាន ទាំងដែលឪពុករបស់គាត់មានវ័យចាស់ជរា និងក្រោយមកខ្មែរក្រហមបាននាំឪពុករបស់គាត់ទៅសម្លាប់ដោយមិនដឹងពីមូលហេតុ។

បន្ទាប់ពីការស្លាប់របស់ឪពុក យាន និងគ្រួសារត្រូវបានខ្មែរក្រហម ជម្លៀសឲ្យទៅរស់នៅឯខេត្តបាត់ដំបង។ យាន និងប្រជាពលរដ្ឋផ្សេងទៀត បានធ្វើដំណើរដោយថ្មើរជើងទាំងថ្ងៃ ទាំងយប់ រយៈពេលមួយខែទើបទៅដល់តំបន់អ្នកលឿង ខេត្តព្រៃវែង។ ក្រុមគ្រួសារបានសម្រាកទីនោះបាន៣ថ្ងៃ ក៏ឆ្លងទន្លេបន្តទៅភ្នំពេញ និងតាមរថភ្លើងឆ្ពោះទៅកាន់ខេត្តបាត់ដំបង។ ទៅដល់ខេត្តបាត់ដំបង គេបានបំបែកសមាជិកគ្រួសារគាត់ឲ្យរស់នៅ និងធ្វើការតាមប្រភេទអាយុ និងកម្លាំង។

១ខែក្រោយមកអង្គការបាននាំម្ដាយរបស់គាត់ទៅសម្លាប់ដោយមិនដឹងពីមូលហេតុ។ មិនយូរប៉ុន្មានប្អូនស្រីរបស់គាត់ក៏បានស្លាប់ដោយសារកើតជំងឺកញ្ជ្រឹល ដែលខ្វះការមើលថែ និងគ្មានថ្នាំព្យាបាល។

យាន និយាយថា «ខ្ញុំនៅតែមិនយល់តើគ្រួសាររបស់ខ្ញុំមានកំហុសអ្វីបានជាខ្មែរក្រហមសម្លាប់ទាំងម្តាយ និងឪពុកខ្ញុំព្រោះគាត់ខិតខំធ្វើការយ៉ាងខ្លាំងជូនអង្គការ»។

ក្រោយរបបខ្មែរក្រហមដួលរលំ យាន បានរៀបចំសម្ភារៈធ្វើដំណើរដោយថ្មើរជើងពីខេត្តបាត់ដំបង ត្រ​ឡប់​មក​រស់នៅស្រុកកំណើតវិញដោយគ្មាន ឪពុក ម្តាយ។ យាន បានក្លាយជាកូនកំព្រា និងរស់នៅក្នុងភាពក្រីក្រ ដោយប្រកបរបបលក់នំ និងកាប់អុសលក់ដើម្បីចិញ្ចឹមបងប្អូន។ យាន មានជំងឺបេះដូងប្រចាំកាយច្រើនមុខដូចជា៖ ជំងឺលើសឈាម និង ជំងឺឈឺសន្លាក់ដៃជើង។ ចំណែកបញ្ហាផ្លូវចិត្តវិញ យានតែងតែយល់សុបនិ្តឃើញសកម្មភាពផ្សេងៗ ក្នុងរបបខ្មែរក្រហម ជាពិសេសការដែលគេនាំយក ឪពុក ម្តាយរបស់គាត់ទៅសម្លាប់ និងការធ្វើការងារផ្សេងៗដែលគាត់ធ្លាប់ធ្វើឲ្យ អង្គការដូចជា ដើររើសអាចម៍គោ ក្របី និងដើរប្រមូលលាមកមនុស្សទៅធ្វើជីជាដើម។

សម្ភាសន៍ដោយ ឃួន រស្មី ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ អេង សុខម៉េង 

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin