ហោអដ្ឋិធាតុ

ហោអដ្ឋិធាតុ, វត្តលង្កា, រាជធានីភ្នំពេញ (រូបភាពដោយ អ៊ូច មករា)

ការតស៊ូឥតឈប់ឈរ ក្នុងការឆ្លើយតបចំពោះអំពើប្រល័យពូជសាសន៍លើវប្បធម៌ ដែលបានកើតមានពីអតីតកាល ព្រមទាំងបានបន្តរហូតមកដល់សព្វថ្ងៃ។

អត្ថបទដោយ ឆាំង យុ

ប្រវត្តិសាវតារនៃហោអដ្ឋិធាតុ ឬបណ្ណាល័យអដ្ឋិធាតុ ផ្សារភ្ជាប់ទំនាក់ទំនងស៊ីជម្រៅជាមួយនឹងប្រវត្តិសាស្ត្រទំនើបរបស់ប្រទេសកម្ពុជា ក៏ដូចជា ការតស៊ូរបស់ប្រជាជនកម្ពុជា ក្នុងការជាសះស្បើយពីអតីតកាលរបស់ខ្លួន។

នៅក្នុងឆ្នាំ ២០១៥ បងស្រីរបស់ខ្ញុំឈ្មោះ កែវ កុលធីតា ឯកស័ក បានទទួលមរណភាព ក្រោយពីបានព្យាយាមជម្នះនឹងជំងឺមហារីកអស់រយៈពេលជាច្រើនឆ្នាំ។ បងស្រីរបស់ខ្ញុំ គឺជាមនុស្សគថ្លង់ពីកំណើត។ គាត់ជាកូនស្រីពៅគេបង្អស់ក្នុងចំណោមបងស្រីប្រាំនាក់របស់ខ្ញុំ។ គាត់មានអាយុខុសគ្នាជាមួយខ្ញុំត្រឹមតែពីរឆ្នាំប៉ុណ្ណោះ ហេតុដូច្នេះ គាត់និងខ្ញុំហាក់បីដូចជាមិត្តជិតស្និទ្ធនឹងគ្នា។ មរណភាពរបស់គាត់ គឺជាពេលវេលាដ៏លំបាកលំបិនមួយសម្រាប់ខ្ញុំ ហើយខ្ញុំបានបួសជាសង្ឃនៅវត្តលង្កា ក្រោយការលាចាកលោកទៅរបស់គាត់។ ក្រោយពីមរណភាពរបស់គាត់ ព្រះសង្ឃបានលើកទឹកចិត្តឲ្យខ្ញុំតាំងសម្មាធិ ហើយខ្ញុំក៏បានដើរចង្គ្រមជុំវិញបរិវេណព្រះវិហារ។ នៅពេលដែលខ្ញុំដើរចង្គ្រមជុំវិញបរិវេណព្រះវិហារ, ដោយចៃដន្យ, ខ្ញុំបានសង្កេតឃើញពន្លឺលេចចេញពីប្រឡោះតូចមួយនៅក្បែរឆព្វណ្ណរង្សីនៃព្រះពុទ្ធប្បដិមា។ ខ្ញុំបានស្នើសុំព្រះសង្ឃនៅក្នុងវត្ត ឲ្យជួយរំកិលព្រះពុទ្ធប្បដិមា ដើម្បីដឹងថា តើពន្លឺលេចឡើងនោះ មានប្រភពមកពីណា។ ព្រះសង្ឃប្រមាណជាង ១៥ អង្គរួមគ្នា ទើបអាចរំកិលព្រះពុទ្ធប្បដិមាធ្វើឡើងពីស៊ីម៉ង់ត៍មួយអង្គនេះរួច។ ក្រោយពីរំកិលពុទ្ធប្បដិមា យើងបានប្រទះឃើញរូងបង្កប់មួយនៅពីក្រោយទ្វារមួយផ្ទាំងដែលជាប់សោរ និងច្រវាក់។ រូងនៅពីក្រោយទ្វារជាប់សោរ និងច្រវាក់នោះ មានសណ្ឋានងងឹត និងគួរឲ្យព្រឺក្បាល។ ទោះបីជាយ៉ាងនេះក្តី យើងបានសម្រេចចិត្តបើកទ្វារនោះដើម្បីពិនិត្យ ថាតើមានអ្វីនៅពីក្រោយ។ នៅពេលដែលយើងបើកទ្វារ ដោយប្រើពិលដើម្បីឆ្លុះមើល យើងបានឃើញកោដ្ឋដែលត្រូវបានគរជាគំនរៗ រុំព័ទ្ធជុំជិតទៅដោយធូលី និងសំបុកពីងពាងជាច្រើន។

គណៈកម្មការវត្តលង្កា បានអនុញ្ញាតឲ្យខ្ញុំរើយកកោដ្ឋទាំងអស់ចេញពីក្នុងរូងនោះ រួចចាត់ថ្នាក់និងថតរូបទុកជាឯកសារ។ យើងកំណត់បានថា មានកោដ្ឋសរុបចំនួន ៤៦៤។ ដោយសារតែមកទល់សព្វថ្ងៃ គណៈកម្មការវត្តលង្កា នៅតែពុំទាន់រកឃើញកោដ្ឋតម្កល់អដ្ឋិធាតុ សម្តេចព្រះធម្មលិខិត ល្វី ឯម នៅឡើយ មានការសន្មតថា អដ្ឋិធាតុរបស់ព្រះតេជគុណ អាចស្ថិតនៅក្នុងចំណោមកោដ្ឋចំនួនរាប់រយនេះ។ ព្រះញាណបវរវិជ្ជា ល្វី ឯម (វជិរប្បញ្ញោ) បានទទួលងារជាព្រះចៅអធិការនៃវត្តលង្កា នៅក្នុងឆ្នាំ១៩១២។ ក្រោយមក ព្រះអង្គ ត្រូវបានគោរពទទួលស្គាល់អំពីស្នាព្រះហស្ថដ៏ថ្លៃថ្លា ក្នុងការសម្រេចបានការសាងសង់ទីអារាមជាទីសក្ការៈនេះ។

ហោអដ្ឋិធាតុ, វត្តលង្កា, រាជធានីភ្នំពេញ (រូបភាពដោយ អ៊ូច មករា)

កោដ្ឋភាគច្រើន មានសភាពបាក់បែក ធ្វើឲ្យយើងមិនអាចកំណត់អំពីព័ត៌មានដែលសរសេរបិទភ្ជាប់ទៅនឹងកោដ្ឋទាំងនោះបាន កុំថាឡើយកំណត់ពីអាយុនៃកោដ្ឋទាំងនោះ។ កោដ្ឋខ្លះមានកាលបរិច្ឆេទបិទភ្ជាប់ ដែលយើងអាចសន្មតថា កោដ្ឋទាំងនេះ ត្រូវបានបន្សល់ពីជំនាន់សង្គ្រាមស៊ីវិល ដែលកើតមានឡើងក្នុងអំឡុងទសវត្សរ៍ឆ្នាំ ១៩៨០ ចំណែកឯកោដ្ឋខ្លះត្រូវបានបន្សល់ទុកពីដើមទសវត្សរ៍ឆ្នាំ១៩៩០។ ទោះបីជាយ៉ាងណាក្តី ឆ្លងកាត់ការសិក្សាស្រាវជ្រាវរបស់យើង យើងជឿជាក់ថា ភាគច្រើននៃកោដ្ឋទាំងនេះ ត្រូវបានបោះបង់ចោលនៅក្នុងអំឡុងពេលនៃការជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ នៅក្នុងឆ្នាំ១៩៧៥។

ភ្លាមៗបន្ទាប់ពីខ្មែរក្រហមកាន់កាប់ទីក្រុងភ្នំពេញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហម បានបង្ខិតបង្ខំប្រជាជនក្នុងទីក្រុងភ្នំពេញទាំងអស់ឲ្យចាកចេញ និងធ្វើការនៅក្នុងសហករណ៍ដែលខ្មែរក្រហមបានបង្កើតឡើងនៅទីជនបទ។ ប្រជាជន ត្រូវបានបង្ខំឲ្យចាកចេញពីទីក្រុង ដោយនាំយកទៅជាមួយនូវរបស់របរបន្តិចបន្តួច ដែលខ្លួនអាចកាន់យកទៅជាមួយបាន។ ប្រជាជនខ្លះ បាននាំយកអដ្ឋិធាតុសាច់សាលោហិតរបស់ខ្លួន ទៅផ្ញើទុកនៅឯ វត្តលង្កា ដោយប្រហែលជារំពឹងថា ខ្លួនអាចសុំយកអដ្ឋិធាតុទាំងនោះត្រលប់មកវិញ នៅពេលដែលខ្លួនវិលមកកាន់ទីក្រុងភ្នំពេញ ក្រោយពេលប្រទេសមានសន្តិភាព។

ហោអដ្ឋិធាតុ, វត្តលង្កា, រាជធានីភ្នំពេញ (រូបភាពដោយ អ៊ូច មករា)

ព្រះសង្ឃ ដែលទទួលរក្សាទុកកោដ្ឋទាំងនេះ កាលពីអំឡុងទសវត្សរ៍ឆ្នាំ១៩៧០ បានទទួលអនិច្ចធម្ម។ ក្រោយពីព្រះតេជគុណអង្គនោះ ទទួលអនិច្ចធម្មទៅ ព័ត៌មានស្តីអំពីរូងតម្កល់កោដ្ឋនេះ ក៏បានសាបសូន្យទៅតាមព្រះអង្គ ពីព្រោះថា ពុំមានព្រះសង្ឃមួយអង្គណានៅក្នុងវត្តលង្កា បានដឹងអំពីរូងសម្ងាត់នេះឡើយ នៅមុនពេលត្រូវបានពើបប្រទះឃើញសាជាថ្មី នៅក្នុងឆ្នាំ២០១៥។

ដោយមានការគាំទ្រយ៉ាងសប្បុរសពីសំណាក់ស្ថានទូតអាមេរិក, ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ និងទាហានជើងទឹកសហរដ្ឋអាមេរិកប្រចាំនៅប្រទេសជប៉ុន យើងបានសាងសង់ទូឈើ សម្រាប់តម្កល់កោដ្ឋទាំងអស់នេះ។ បច្ចុប្បន្ន កោដ្ឋទាំងនេះ ត្រូវបានតម្កល់រក្សាទុកនៅក្នុងទូឈើទាំង ១០ នៅវត្តលង្កា។ ចាប់តាំងពីពេលដែលយើងបានស្រាវជ្រាវរកឃើញកោដ្ឋទាំងនេះ និងបានតម្កល់ទុកនៅទីតាំងសមរម្យជាងមុន នៅវត្តលង្កា យើងបានធ្វើសេចក្តីប្រកាសអំពីវត្តមាននៃកោដ្ឋទាំងនេះ ដោយសង្ឃឹមថា ក្រុមគ្រួសារនៃកោដ្ឋ អាចមកទទួលយកត្រឡប់ទៅវិញ។ តាមលំអាននៃទំនៀមទម្លាប់ខ្មែរស្របនឹងព្រះពុទ្ធសាសនា, កោដ្ឋទាំងអស់នេះ, ពុំអាចត្រូវបោះបង់ចោលទេ។ កោដ្ឋទាំងនេះ ត្រូវទទួលបានសេចក្តីគោរពឲ្យបានសមស្របតាមប្រពៃណី។ ទោះបីជាយ៉ាងណាក្តី អស់រយៈពេលជាង៨ឆ្នាំបន្ទាប់ពីការរកឃើញកោដ្ឋទាំងនេះ មានតែក្រុមគ្រួសារចំនួន៩ តែប៉ុណ្ណោះ ដែលបានដឹង និងខ្លះបានមកទទួលយកអដ្ឋិធាតុនៃសាច់សាលោហិតរបស់ខ្លួនត្រឡប់ទៅវិញ។ យើងជឿជាក់ថា ចំពោះកោដ្ឋដែលបានរក្សាទុកនៅក្នុងអំឡុងពេលនៃការជម្លៀសចេញពីទីក្រុងភ្នំពេញ ក្រុមគ្រួសារនៃអដ្ឋិធាតុ ដែលបានយកកោដ្ឋមកតម្កល់ទុកនៅក្នុងអំឡុងពេលនៃការជម្លៀសកាលពីឆ្នាំ១៩៧៥នោះ អាចបាត់បង់ជីវិតទៅអស់ហើយ ទើបពុំអាចមកទទួលយកកោដ្ឋទាំងនេះត្រឡប់ទៅវិញ។

ហោអដ្ឋិធាតុ, វត្តលង្កា, រាជធានីភ្នំពេញ (រូបភាពដោយ អ៊ូច មករា)

ឆ្លងកាត់ការពិភាក្សារវាងព្រះចៅអធិការវត្តលង្កា សម្តេចព្រះធម្មលិខិត បណ្ឌិត សៅរ៍ ចន្ទថុល្ល និងគណៈ កម្មការគ្រប់គ្រងវត្តលង្កា ព្រះតេជគុណ បានសម្រេចប្រទានបន្ទប់មួយចំនួននៅអគារកំពុងសាងសង់ថ្មី ក្នុងបរិវេណវត្តលង្កា ដើម្បីតម្កល់កោដ្ឋទាំងនេះព្រមទាំងធ្វើជាបណ្ណាល័យនិងទីតាំងសម្រាប់ភ្ញៀវក្នុងការសិក្សារៀនសូត្រ, សម្មាធិ និងឈ្វេងយល់អំពីប្រវត្តិសាស្ត្រ, វប្បធម៌ និងអត្ថន័យផ្នែកសាសនា របស់កោដ្ឋទាំងនេះ នៅក្នុងបរិបទនៃអត្តសញ្ញាណរបស់កម្ពុជា, ទំនៀមទម្លាប់ក្នុងព្រះពុទ្ធសាសនា និងមនុស្សជាតិ។ សម្តេចព្រះចៅអធិការ ក៏បានប្រទាននូវបន្ទប់តូចចំនួន២ ទុកសម្រាប់ភ្ញៀវស្នាក់នៅ ព្រមទាំងបន្ទប់មួយទៀតសម្រាប់ថ្វាយបង្គំព្រះពុទ្ធជាម្ចាស់។ ខ្លឹមសាររៀបរាប់ខាងលើ គឺជាប្រវត្តិសាវតារនៃ «ហោអដ្ឋិធាតុ ឬបណ្ណាល័យអដ្ឋិធាតុ» នៅក្នុងវត្តលង្កា ដែលជាទីតម្កល់កោដ្ឋ និងជាបណ្ណាល័យតម្កល់សៀវភៅ អមជាមួយនឹងឯកសារប្រវត្តិសាស្ត្រ និងសាសនា។

ហោអដ្ឋិធាតុ, វត្តលង្កា, រាជធានីភ្នំពេញ (រូបភាពដោយ អ៊ូច មករា)

ការអភិរក្ស និងការការពារកោដ្ឋទាំងអស់នេះ គឺស្របទៅតាមចក្ខុវិស័យរបស់លោក រ៉ាហ្វាអ៊ែល លេមឃីន តាំងពីឆ្នាំ១៩៤៤ មកម៉្លេះ ក្នុងការរារាំងទប់ស្កាត់ និងផ្តន្ទាទោសលើឧក្រិដ្ឋកម្មប្រល័យពូជសាសន៍។ នៅមុនពេលដែលយើងសម្រេចកំណត់បាននូវនិយមន័យផ្លូវច្បាប់នៃឧក្រិដ្ឋប្រល័យពូជសាសន៍ដូចសព្វថ្ងៃ លោក លេមឃីន បានកំណត់ថា ការបំផ្លិចបំផ្លាញលើវត្ថុ និងបេតិកភណ្ឌវប្បធម៌ គឺជាទង្វើមួយដែលចាត់ចូលជាអំពើប្រល័យពូជសាសន៍លើវប្បធម៌។ កិច្ចការដែលបម្រើដល់ការកំណត់អត្តសញ្ញាណ, ការគោរព និងការអភិរក្សកោដ្ឋទាំងអស់ ដែលស្ទើរតែបាត់បង់ទៅដោយសារតែរបបខ្មែរក្រហម បង្កឡើងកាលពី៥០ឆ្នាំមុន ក្នុងអំឡុងពេលជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ គឺជាកិច្ចការបំពេញបន្ថែមចំពោះការតស៊ូឥតឈប់ឈរ ក្នុងការឆ្លើយតបចំពោះអំពើប្រល័យពូជសាសន៍លើវប្បធម៌ ដែលបានកើតមានពីអតីតកាល ព្រមទាំងបានបន្តរហូតមកដល់សព្វថ្ងៃ៕

ទីតាំង វត្តលង្កា ព្រះកុសុមារាម ក្រុងភ្នំពេញ

ហោអដ្ឋិធាតុ, វត្តលង្កា, រាជធានីភ្នំពេញ (រូបភាពដោយ អ៊ូច មករា)
ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin