ធីម ណម៖ ប្រធានក្រុមកងចល័តតំបន់៥

ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

នៅចុងឆ្នាំ១៩៧៦ ណម ត្រូវបានមេកងបញ្ចូនចេញពីឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ឲ្យទៅឃុំប៉ោយចារ ស្រុកភ្នំស្រុក ដើម្បីលើកទនប់អាងត្រពាំងថ្ម។ បន្ទាប់មក ណម ត្រូវបាន តា ស្មិន ប្រធានសហករណ៍ជ្រើសរើសឲ្យធ្វើជាប្រធានក្រុមកងចល័តតំបន់៥ ធ្វើការងារលើកទំនប់អាងត្រពាំងថ្ម និងធ្វើស្រែចល័តក្នុងស្រុកព្រះនេត្រព្រះ និងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

ឈ្មោះ ធីម ណម[1] ភេទស្រី អាយុ៧១ឆ្នាំ មានមុខរបរធ្វើស្រែ និងរបរចាប់ចាប។ ណម មានស្រុកកំណើតនៅក្នុងភូមិប៉ោយក្ដឿង ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបាត់ដំបង។ សព្វថ្ងៃរស់នៅក្នុងភូមិប៉ោយក្ដឿង ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ណម មានឪពុក ឈ្មោះ  ធីម លិញ (ស្លាប់) និងម្ដាយឈ្មោះ ប៊ុន ឈឿន។ ណម មានបងប្អូនបង្កើតចំនួន៧នាក់ (ស្រី៥នាក់) ហើយ ណម ជាកូនទី៦។ ស្វាមីឈ្មោះ ឡាច ថន អាយុ៦៩ឆ្នាំ។ ណម មានកូនចំនួន៤នាក់ (ស្រីម្នាក់)។

នៅឆ្នាំ១៩៦៦ ណម បានចូលរៀនសូត្រនៅសាលាមួយក្នុងឃុំព្រះនេត្រព្រះ។ ណម រៀនបានត្រឹមថ្នាក់ទី៨ (សម័យសង្គមចាស់)។  ណម បានចូលរៀនបានរយៈពេល៤ឆ្នាំ ទើបឈប់រៀន។ បន្ទាប់ពីឈប់រៀន ណម នៅជួយធ្វើស្រែចម្ការជាមួយបងៗ និងម្ដាយ ព្រោះម្ដាយជាស្រ្តីមេម៉ាយ។

នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ លោកសេនាប្រមុខ លន់ នល់​ បានធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះបាទ នរោត្ដម សីហនុ។ បន្ទាប់មក ធ្វើឲ្យកើតមានសង្រ្គាមស៊ីវិលរវាងទាហាន លន់ នល់ ជាមួយកងទ័ពខ្មែរក្រហម។ នៅឆ្នាំ១៩៧១ នៅក្នុងភូមិប៉ោយក្ដឿង មានយន្តហោះរបស់ទាហានអាមេរិកាំង បានបើកមកទម្លាក់គ្រាប់យ៉ាងច្រើនសន្ធឹកសន្ធាប់។

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហមបានចូលកាន់កាប់ទីក្រុងភ្នំពេញ និងតាមបណ្ដារខេត្តនានាបានដោយជោគជ័យ។ បន្ទាប់មក ខ្មែរក្រហមបានចូលមកគ្រប់គ្រងក្នុងភូមិប៉ោយក្ដឿង ព្រមទាំងបានប្រមូលទ្រព្យសម្បត្តិរបស់ ក្រុមគ្រួសាររបស់ ណម និងប្រជាជនទាំងអស់ទៅដាក់ក្នុងសហករណ៍រួម។ បន្ទាប់មកទៀត ខ្មែរក្រហមបានចាប់ផ្ដើមបែងចែកមនុស្សចាស់ យុវជន យុវនារី និងកុមារទៅតាមក្រុម។ ដំបូង ណម ត្រូវបានខ្មែរក្រហមចាត់ឲ្យចូលក្នុងកងចល័តភូមិ ដែលមាន នារី បឿន ដឹកនាំទៅធ្វើការងារលើកទំនប់ ជីកប្រឡាយនៅក្នុងភូមិមួយចំនួនក្នុងឃុំព្រះនេត្រព្រះ។ ក្រៅពីការងារលើកទំនប់ ជីកប្រឡាយណម និងនារីក្នុងកងចល័តភូមិត្រូវបានចល័តឲ្យទៅលើកភ្លឺស្រែ ដក និងស្ទូងស្រូវនៅរដូវធ្វើស្រែវស្សា ហើយនៅពេលយប់ ណម ត្រូវទៅធាក់រហាត់ទឹករហូតដល់ម៉ោង៩យប់។​ បន្ទាប់មក ណម ត្រូវបានខ្មែរក្រហមដកចេញពីកងចល័តភូមិ ដោយចាត់ឲ្យចូលក្នុងកងចល័តឃុំព្រះនេត្រព្រះ ដែលមានឈ្មោះ តា ក្រក ជាប្រធានកងចល័តឃុំ។ ណម បានចល័តទៅលើកទំនប់មួយចំនួនក្នុងឃុំព្រះនេត្រព្រះ មានដូចជា ទំនប់កំបោរ ទៅទល់ទំនប់ស្រេះ និងទំនប់រន្ទះបាញ់។  បន្ទាប់មក ណម ត្រូវបាន តា ក្រក ដកចេញពីឃុំព្រះនេត្រព្រះ ដោយបញ្ចូនឲ្យទៅលើកទំនប់ក្នុងភូមិព្រៃមាន់ ឃុំរហាល ស្រុកព្រះនេត្រព្រះ។ បន្ទាប់មកទៀត ណម ត្រូវបានចល័តឲ្យទៅលើកទំនប់មួយក្នុងឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ។ នៅរដូវវស្សាឆ្នាំ១៩៧៦ ណម ត្រូវបានចល័តឲ្យទៅដក និងស្ទូងស្រូវវិញ។

នៅខែវិច្ឆិកា ឆ្នាំ១៩៧៦ ណម ត្រូវបានខ្មែរក្រហមបញ្ចូនឲ្យទៅលើកទំនប់នៅអាងត្រពាំងថ្ម ស្ថិតក្នុងភូមិត្រពាំងថ្ម ក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ កងចល័តនារី និងយុវជន ដែលមកពីឃុំព្រះនេត្រព្រះ មានចំនួនប្រហែលរាប់រយនាក់ ត្រូវបានខ្មែរក្រហមបោះទីតាំងឲ្យស្នាក់នៅក្បែរភូមិតាវង ហៅថា វាលឫស្សី ស្ថិតក្នុងឃុំពន្លៃ ស្រុកភ្នំស្រុក។ ដំបូងឡើយ អាងត្រពាំងថ្ម គឺជាវាលស្រែសុទ្ធសាធរបស់ប្រជាជន។  បន្ទាប់មក ឈ្មោះ តា ស្មិន ជាប្រធានសហករណ៍រួម បានមកចាត់ចែងឲ្យលើកទំនប់អាងត្រពាំងថ្មនៅតាមឃុំរៀងៗខ្លួន និងមិនឲ្យរែកច្របូកច្របល់ជាមួយកងចល័តឃុំផ្សេងនោះឡើយ។ ដំបូង តា ស្មិន បានជ្រើសរើសនារី និងយុវជន ដែលមានមាឌធំៗទៅដាក់ម្ខាង ដោយដាក់ឈ្មោះថា កម្លាំងទី១ កំណត់ឲ្យម្នាក់ត្រូវលើកចំនួន៣ម៉ែត្រគីប។ ចំណែកនារីៗ ដែលមានមាឌតូចល្អិតៗឲ្យនៅម្ខាងទៀត ដោយដាក់ឈ្មោះថា កម្លាំងទី២ កំណត់ឲ្យម្នាក់ត្រូវលើកចំនួន២ម៉ែត្រគីប។ ណម ត្រូវបាន តា ស្មិន ជ្រើសរើសឲ្យធ្វើប្រធានក្រុមគ្រប់គ្រងនារីចំនួន១០នាក់។ ចំនួន៣ម៉ែត្រគីប បានន័យថា កំណត់ឲ្យជីកជម្រៅចំនួនមួយម៉ែត្រ ទទឹងចំនួន១ម៉ែត្រ និងបណ្ដោយចំនួន១ម៉ែត្រ។ ក្នុងចំនួន៣ម៉ែត្រគីបនេះ ត្រូវជីក និងកាយអាចម៌ដីឲ្យអស់ ហើយរែកអាចម៌ដីយកទៅចាក់នៅលើមាត់ទំនប់ដែលមានចម្ងាយប្រហែល១០ម៉ែត្រ។ ណម ត្រូវក្រោកចាប់ពីម៉ោង៣ឬម៉ោង៤ទៀបភ្លឺ ដើម្បីទៅរែកដីចាក់ទំនប់ ព្រោះខ្លាចធ្វើមិនទាន់តាមការកំណត់។ នៅម៉ោង៧ព្រឹក ណម បានហូបបបរម្ដង លុះម៉ោង១១ព្រឹក ទើបបានហូបបាយ។ ក្រោយហូបបាយរួច ណម និងនារីៗមួយចំនួនមិនហ៊ានឈប់សម្រាកទេ ត្រូវទៅជីក និងរែកដីបន្តរហូតដល់ម៉ោង៥ទៅម៉ោង៦ល្ងាច ទើបសម្រាកហូបបាយម្ដងទៀត។ នៅពេលយប់ ណម ត្រូវទៅរែកដីបន្តទៀតឲ្យបានរួចរាល់តាមកំណត់​ទើបអាចចូលសម្រាកបាន។

អំឡុងពេលលើកទំនប់អាងត្រពាំងថ្ម គឺមិនមានទឹកបរិភោគគ្រប់គ្រាន់នោះទេ ក្នុងចំណោមប្រជាជនប្រហែល១០០នាក់ ខ្មែរក្រហមបានដឹកទឹកឲ្យចំនួន២ធុងសាំងប៉ុណ្ណោះ ដើម្បីឲ្យចែកគ្នាហូបក្នុងរយៈពេលពេញមួយថ្ងៃ។ ថ្ងៃមួយ មានមិត្តនារីឈ្មោះ រ៉ន ក្នុងក្រុមជាមួយ ណម រែកដីមិនទាន់រួចតាមការកំណត់ ទើប ណម បានទៅជួយរែក ប៉ុន្តែត្រូវបាន តា វ៉ាល ដើរចុះពីលើឡាន រួចដកកាំភ្លើងភ្ជង់បម្រុងនឹងបាញ់ទៅកាន់ ណម ភ្លាមៗ។  តា វ៉ាល បានសួរថា មិត្តឯងកូនចៅអ្នកណា? ណម បានប្រាប់ថា ប្រធានខ្ញុំ តា ស្មិន ហើយ តា ស្មិន បានប្រាប់ តា វ៉ាល ថា មិត្តយើងមិនដឹងម៉ោង ព្រោះអត់មាននាឡិកាពាក់ ទើប តា វ៉ាល យកកាំភ្លើងទុកវិញ។ តា វ៉ាល ជាប្រធានគណៈស្រុកព្រះនេត្រព្រះ និងគណៈគ្រប់គ្រងកងចល័តតំបន់៥ និងអនុប្រធានគណៈស្រុកឈ្មោះ តា មោង ដែលត្រូវជាប្អូនបង្កើតរបស់ តា វ៉ាល។ មូលហេតុ ដែល តា វ៉ាល បម្រុងបាញ់​ ណម ព្រោះធ្វើការងារចំពេលវេលាសម្រាក និងខុសម៉ោងដែលខ្មែរក្រហមបានកំណត់។ ណម មានភាពឈឺចាប់ខ្លាំងណាស់នៅពេលត្រូវបាន តា វ៉ាល​ ភ្ជង់កាំភ្លើងស្ទើរតែបាញ់សម្លាប់ចោល ប៉ុន្តែមិនអាចធ្វើអ្វីបាន។ ណម បានរៀបរាប់ថា ខ្មែរក្រហមតែងនាំយកមនុស្សទៅសម្លាប់ជាញឹកញាប់ បន្ទាប់ពីសាកសួរប្រវត្តិរូបផ្ទាល់ខ្លួន ព្រមទាំងស៊ើបដឹងថា ប្រជាជនកុហកថាឈឺ និងមិនបានទៅធ្វើការងារ។ បន្ទាប់ពីស៊ើបដឹង ប្រជាជនទាំងនោះតែងតែបាត់ខ្លួននៅរៀងរាល់ពេលយប់ជាបន្តបន្ទាប់។ សម្រាប់របបអាហារ ណម បានហូបបាយច្រើន ប៉ុន្តែមិនសូវមានម្ហូបហូបជាមួយនោះទេ។ រយៈពេលប្រហែល១ខែ ខ្មែរក្រហមបានកាប់គោឲ្យហូបម្ដង។ រីឯទឹក គឺហូបមិនបានគ្រប់គ្រាន់ទេ។  ដោយសារខ្វះខាតទឹកខ្លាំងពេក ណម និងមិត្តនារីមួយចំនួន បានទៅជីកដីដំបូកដែលបានមានជាតិទឹកសន្សើម ដើម្បីត្រងទឹក។ ណម ជីកដីដំបូងជម្រៅប្រមាណពី៣ទៅ៤ម៉ែត្រ ទើបមានទឹកចេញ។ ក្នុងរយៈពេលមួយយប់ ទឹកអាចចេញបានចំនួន២ថាំង ហើយ ណម និងមិត្តនារីបានយកកន្សែងជ្រលក់ទឹក រួចយកទៅលាបខ្លួន។

នៅថ្ងៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ខ្មែរក្រហមបានឲ្យ ណម នារី និងយុវជននៅគ្រប់កងចល័តនៅអាងត្រពាំងថ្មទាំងអស់ឈប់សម្រាកចំនួន២ថ្ងៃ។ ខ្មែរក្រហមមិនបានអនុញ្ញាតឲ្យត្រឡប់ទៅលេងផ្ទះ ឬឪពុកម្ដាយនោះឡើយ ប៉ុន្តែខ្មែរក្រហមបានចាក់បញ្ជាំងកុនបដិវត្តន៍របស់ខ្មែរក្រហមឲ្យទស្សនានៅអាងត្រពាំងថ្ម។ បន្ទាប់មក ណម និងកូនក្រុមត្រូវបាន តា ស្មិន ប្ដូរចេញពីវាលឫស្សី ឲ្យទៅស្នាក់នៅក្បែរទំនប់អាងត្រពាំងថ្មវិញ។ ក្រោយមក ណម បានរៀបរាប់ថា តា វ៉ាល និង តា មោង ត្រូវបានថ្នាក់លើចាប់ខ្លួន មិនឃើញត្រឡប់មកអាងត្រពាំងថ្មទៀតទេ។ បន្ទាប់ពីចាប់ខ្លួន តា វ៉ាល និង តា មោង មានឈ្មោះ ឈួង មកពីស្រុកវ៉ារិន ខេត្តសៀមរាប បានមកកាន់តួនាទីជាអនុប្រធានគណៈស្រុកព្រះនេត្រព្រះ និងជាអនុប្រធានកងចល័តតំបន់៥ ជំនួសវិញ។ ឈួង បានកាន់តួនាទីអស់រយៈពេលប្រហែល២ខែ ទើបបាត់ខ្លួន។ ក្រោយ ឈួង បាត់ខ្លួន មានឈ្មោះ តា ពួត ឡើងមកកាន់ដំណែងជំនួស។ តា ពួត បានកាន់ដំណែងរយៈពេល២ទៅ៣ខែ មានឈ្មោះ លឿង ឡើងមកជំនួសបន្តទៀត។ មុនពេលបាត់ខ្លួន ណម បានឃើញ តា វ៉ាល ,តា មោង និង ឈួង ត្រូវបានខ្មែរក្រហមចាប់ចងដឹកតាមឡានចេញទៅ ដោយមិនមានមូលហេតុ និងមិនឃើញត្រឡប់មកវិញនោះឡើយ។

ខែមិថុនា ឆ្នាំ១៩៧៧ ណម ត្រូវបានមេកងប្ដូរចេញពីកងចល័តឃុំ លើកទំនប់អាងត្រពាំងថ្ម ឲ្យទៅចូលរួមក្នុងកងចល័តតំបន់៥វិញ  ដែលមានប្រធានគ្រប់គ្រងឈ្មោះ យាយ ចែម។ ណម ត្រូវបានចល័តទៅធ្វើស្រែនៅមួយជួរមាន់ព្រៃ និងមួយជួរភូមិគោករំចេក ស្ថិតក្នុងឃុំស្រះជីក ស្រុកភ្នំស្រុក។ ប្រធានកងធំឈ្មោះ លឿង ភេទប្រុស និងមានកូនចៅឈ្មោះ ចក់ ភេទប្រុស កាន់ក្ដាប់ប្រជាជន១០០នាក់។ អស់រយៈពេលប្រហែល៣ខែ មេកងបានអនុញ្ញាតឲ្យ ណម និងនារីៗផ្សេងទៀតត្រឡប់ទៅលេងផ្ទះចំនួន២យប់។ បន្ទាប់មក​ ណម បានត្រឡប់ទៅលេងផ្ទះចំនួនបីយប់ មិនទាន់ត្រឡប់ទៅធ្វើការងារវិញ ទើបត្រូវបានឈ្មោះ ចក់ មកចាប់ខ្លួន។ ណម និងមិត្តនារីម្នាក់ឈ្មោះ សៀន ត្រូវបាន ចក់ ចាប់ចងស្លាបសេកបណ្ដើរចេញពីភូមិប៉ោយក្ដឿង ទៅកាន់ឃុំស្រះជីកវិញ ព្រមទាំងនិយាយទៅកាន់ ណម ថា «រត់ចោលជួរ នឹងយកទៅសម្លាប់ចោល»។ ក្នុងពេលជាមួយគ្នា មានមិត្តនារីសរុបចំនួន៣០នាក់ត្រូវបានចាប់ខ្លួនបណ្ដើរទៅជាមួយ ណម។ នារីទាំងអស់រស់នៅក្នុងភូមិប៉ោយព្រីង ភូមិប៉ោយសំរោង ភូមិជើងវត្ត ក្នុងឃុំព្រះនេត្រព្រះ។ បន្ទាប់មក ណម ត្រូវបានចល័តទៅធ្វើការស្រែនៅគ៣ដើម ក្នុងភូមិពង្រ ឃុំប៉ោយចារ ស្រុកភ្នំស្រុក។ សម្រាប់របបអាហារ ណម បានហូបក្នុងមួយថ្ងៃបីពេល បានហូបគ្រប់គ្រាន់ មិនមានការខ្វះខាតទេ។ អំឡុងពេលធ្វើស្រែ ណម បានស្គាល់ជាមួយស្រ្តីប្រជាជន១៧ មេសា ម្នាក់ ដែលមានរូបសម្រស់ស្រស់ស្អាត និងមានស្វាមីរួចហើយ។ ស្រ្តី(មិនប្រាប់ឈ្មោះ) បានបែកជាមួយស្វាមីនៅពេលខ្មែរក្រហមចូលកាន់កាប់ទីក្រុងភ្នំពេញ។ ស្រ្តី បានប្រាប់ ណម ថា ប្ដីរបស់គាត់ធ្វើការមន្រ្តីរាជការ និងឋានៈមានបុណ្យសក្តិគួរសម។ ស្រ្តីនោះ ស្រឡាញ់ ណម ប្រៀបដូចជាប្អូនម្នាក់។  ស្រ្តីនោះ មានអាយុបង ណម ប្រហែល៤ឆ្នាំ ហើយបានឲ្យអាវទៅ ណម ចំនួន១។ ក្រោយស្រ្តី បានឲ្យអាវទៅ ណម រយៈពេលប្រហែល៥ថ្ងៃ ខ្មែរក្រហមបានចាប់ស្រ្តីនោះយកទៅសម្លាប់ចោល ព្រោះបានស៊ើបដឹងពីជីវប្រវត្តិរបស់គាត់។ ណម មានភាពសោកស្ដាយ និងអាណិតខ្លាំងណាស់ បន្ទាប់ខ្មែរក្រហមបានយកស្រ្តីនោះ ទៅសម្លាប់ចោល ព្រោះមានស្វាមីជាមន្រ្តីរាជការ។ ដើមឆ្នាំ១៩៧៩ កងទ័ពវៀតណាមបានចូលមកពាសពេញភូមិគោករំចេក ប្រជាជនមួយចំនួនបានរត់ភៀសខ្លួនទៅតាម យាយ ចែម ប៉ុន្តែ ណម និងនារីម្នាក់ បានរត់ចេញពីភូមិគោករំចេកត្រឡប់ទៅរកម្ដាយនៅស្រុកកំណើតក្នុងភូមិប៉ោយក្ដឿងវិញ។ ក្រោយដួលរលំរបបខ្មែរក្រហមក្នុងឆ្នាំ១៩៧៩ ណម បានរៀបការជាមួយស្វាមីឈ្មោះ ឡាច ថន និងបានប្រកបមុខរបរធ្វើស្រែរហូតដល់បច្ចុប្បន្ននេះ។

អត្ថបទដោយ មឿន ស្រីណុច


[1] ឯកសារលេខ BMI0131 , តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា, ឡុង ដានី សម្ភាសន៍ជាមួយឈ្មោះ ធីម ណម នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១១។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin