ថុន ទឹម៖ការងារក្នុងកងកុមារ

ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ថុន ទឹម[1] ភេទប្រុស អាយុ៥៥ឆ្នាំ មានទីកន្លែងកំណើតនៅក្នុង​​ឃុំ​ខ្នារ​ពោធិ៍​ ស្រុកសូទ្រ​និគម ខេត្ត​សៀម​រាប។ បច្ចុប្បន្ន ទឹម រស់នៅក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

ទឹម បាននិយាយថា៖ «កាលពីកុមារភាព ខ្ញុំរៀនបានត្រឹមថ្នាក់ទី៣ ដោយ​សារ​ស្រុក​ទេស​ចាប់​ផ្តើម​កើតមានសង្គ្រាម។ ខ្ញុំក៏ឈប់រៀន។ ខ្ញុំមានបងប្អូនបង្កើតចំនួន៩នាក់ ហើយខ្ញុំជាកូនទី៣នៅក្នុងគ្រួសារ។ កាល​ពី​សម័យសង្គមរាស្រ្ត​និយម​ គ្រួសាររបស់ខ្ញុំប្រកបមុខរបរធ្វើស្រែចម្ការ។

លុះ​​ដល់​ឆ្នាំ​១៩៧០​ ​នៅ​ក្នុង​ភូមិ​របស់​ខ្ញុំ ​មាន​ការ​ប្រកូក​ប្រកាស​ថា លន់ នល់ បាន​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​​សម្ដេចព្រះ​ នរោត្តម​ សីហនុ​ ពី​តំណែង​។ ​ប្រជាជន​នៅ​ក្នុង​ភូមិ ​បាន​នាំ​គ្នា​រកទី​​កន្លែង​សុវត្តិ​ភាព​ និង​នាំ​គ្នា​​ជីក​​​លេណដ្ឋាន​សម្រាប់​ការ​ពារ​ខ្លួន​ពី​ការ​ទម្លាក់​គ្រាប់​បែក​។​ ការ​ទម្លាក់​គ្រាប់​បែក​ក៏​ចាប់​ផ្ដើម​គំរាម​កំហែង​ដល់​​ការ​​រស់​នៅ​​ប្រជាជន​ពី​មួយ​ថ្ងៃ​ទៅ​មួយថ្ងៃ។​ ជា​ពិសេស ​ប្រជាជន​ជួបការ​​លំបាកខ្លាំង​​ ក្នុង​ការ​ប្រកប​មុខ​របរ​ធ្វើ​ស្រែ​ចម្ការ សម្រាប់​ផ្គត់​ផ្គង់​ជីវភាព​គ្រួសារ​។ ​អ្នក​ភូមិ​នាំ​គ្នា​ទៅ​ធ្វើ​ស្រែ​ម្ដងៗទាំង​​ប្រថុយ​ជីវិត ​ដោយ​សារ​យើង​មិន​អាច​ដឹង​ថា ​យន្ត​ហោះ​នឹង​មក​ទម្លាក់​គ្រាប់​បែក​នៅ​ពេល​ណា​នោះទេ។ ពេល​ខ្លះ យើង​​គ្រាន់​តែ​ឮ​សំឡេង​យន្ត​ហោះ​ ​អ្នក​ភូមិ​រត់​ចោល​ស្រែ​ចោល​ស្រូវ​អស់​ទៅ​ហើយ។​ អ្នក​ខ្លះ​ទៀត​រត់​​ពួន​នៅ​តាម​គល់​ឈើ​ ឬ​តាម​ដំបូក​។

នៅ​ក្នុងឆ្នាំ១៩៧៣ ខ្ញុំត្រូវបញ្ជូនឲ្យ​ធ្វើការនៅក្នុងកងកុមារ។ ខ្ញុំ​ត្រូវ​បាន​ប្រាប់ថាការ​ចូល​កង​កុមារនេះ ដើម្បីបាន​រៀនសូត្រនៅក្នុង​សាលា។ ជាក់ស្ដែង ជារៀងរាល់ថ្ងៃ ខ្ញុំ​និង​កុមារ​ដទៃ​ទៀត​ត្រូវ​បាន​បញ្ជា​ឲ្យទៅកាប់ទន្ទ្រានខែត្រ ដើម្បីធ្វើជីដាក់តាមអន្លង់ធំៗ រួច​ត្រលប់​ទៅ​សហករណ៍​ក្មេងៗ​វិញ​។ ក្រៅ​ពី​ការ​ងារ​​ទាំង​អស់​នេះ​ ខ្ញុំនិង​កុមារ​ដទៃ​ទៀត​​​ត្រូវ​បាន​ប្រធាន​សហករណ៍​បញ្ជាឲ្យ​ទៅ​រើស​អាចម៍​គោ​ពី​ក្រោល​គោ​​និង​​ដាក់រាយ​តាម​វាល​ស្រែ​។ ចំពោះ​ការ​ស្នាក់​នៅទាំង​​កុមារី​ និង​កុមារា​ គឺ​សម្រាក​ជា​មួយ​គ្នា។​ កាល​ណោះ​ ​កុមារ​ទាំង​អស់​នាំ​គ្នា​ដេក​តម្រៀប​​គ្នា​ជា​ជួរៗនៅពេល​យប់ ​នៅ​ក្នុង​រោង​សហករណ៍​។ ចំណែក​ឯ​កុមារ​​មួយ​​ចំនួន​ទៀត​ បាន​នាំ​គ្នា​ទៅ​ដេក​នៅ​តាម​រោង​ និង​នៅ​ក្នុង​ថ្នាក់​រៀន​ជា​ដើម​។ ជំនាន់​នោះ​ កុមារ​មិន​សូវ​​មាន​ពេល​វេលា​រៀន​គ្រប់​គ្រាន់​នោះ​ទេ​ ដោយ​សារ​មួយថ្ងៃៗ យើង​ដើរស្វែង​រកតែដើមទន្ទ្រានខែត្រ និង​ធ្វើការ​ទៅតាមប្រធាន​សហករណ៍​​។ ​ កុមារទាំងអស់មិនបានទទួលការហូបចុកគ្រប់គ្រាន់នោះទេ។ ជំនាន់​នោះ កុមារ​ហូបបបររាវៗតែប៉ុណ្ណោះ។ បើទោះបីជាម្នាក់ៗហូប​មិនឆ្អែត ក៏កុមារទាំងអស់​មិនហ៊ានមាត់ក ឬ​តវ៉ា​ដែរ។​ កុមារ​ទាំងអស់​សុទ្ធសឹង​តែ​នៅវ័យ​ក្មេង និង​មិនទាន់ដឹងអី្វទេ។ កុមារ​អាច​​បាន​ហូប​បាយរយៈ​ពេល​២​ទៅ​​៣​​ថ្ងៃ​ម្ដង​។ ​នៅក្នុងកងកុមារ ខ្ញុំបានឃើញកុមារម្នាក់ត្រូវបានយកទៅឃុំខ្លួន​នៅក្នុងផ្ទះតូចមួយ។ ពេល​នោះ ខ្ញុំក៏នឹកគិតថាចេះតែបាត់មុខវាមិនដឹងទៅណា តាមការពិតទៅ កុមារខ្លះ​ត្រូវ​នាំយក​ទុកក្នុងផ្ទះសោះ។ ​កាលណោះ ខ្ញុំមិនបានឃើញការ​ចាប់ចងឬវាយធ្វើបាបកុមារនោះទេ។ ប៉ុន្តែ​ កុមារទាំងនោះ​គ្រាន់​តែ​គ្នា​មាន​រូបរាងស្គមស្គាំង។

ការ​រស់​នៅ​ក្នុង​កង​កុមារធ្វើឲ្យ​ខ្ញុំ​​ជួប​ការ​លំបាក​ជាច្រើន​ ដោយខ្ញុំ​​នៅ​តូច ហើយ​​ត្រូវ​បែក​ចេញ​ពី​ឪពុក​​ម្ដាយ​ទៀត។ ​ខ្ញុំ​នឹក​ម្ដាយ​រហូត​ដល់​មាន​បង​ៗនៅ​ក្នុង​សហករណ៍​បបួល​ខ្ញុំ​លួច​ចេញ​ពី​សហករណ៍​ដើម្បី​​ទៅ​​ផ្ទះ​​ជួប​ម្ដាយ​។​ កាល​ណោះ ខ្ញុំ​ រួមទាំងបងៗ៤​នាក់ទៀត បានដើរទៅដល់ភូមិ ហើយ​ដើរ​តម្រង់​ទៅ​រក​ផ្ទះ។ ប៉ុន្តែពេលទៅដល់ ខ្ញុំ​មិនឃើញឪពុកម្ដាយនៅផ្ទះនោះ​ទេ។ ​យើង​ក៏​សម្រេច​ចិត្ត​នាំ​គ្នា​ដើរ​ត្រលប់​មក​វិញ។ នៅពាក់កណ្ដាលផ្លូវ ខ្ញុំ​​ក៏បាន​ឮដំណឹង​ថាប្រធានកងកុមារ​តាមចាប់បងៗដែល​មក​ជា​មួយ​ខ្ញុំ​។ បន្ទាប់​​ពី​បាន​ឮ​ដំណឹងនេះ​ ក្រុម​​របស់ខ្ញុំ​ទាំង​៥​នាក់​ក៏​បាន​នាំ​គ្នា​រត់គេចចេញពីកងកុមារ។ យើង​ទាំង​៥​នាក់​បាន​ដើរតាំងពីមេឃ​ភ្លឺ​​រហូត​​ដល់​យប់ងងឹត​ និង​ឃ្លាន​បាយយ៉ាងខ្លាំង​។​ យើង​មិនមានអង្ករសម្រាប់​ដាំ​បាយ​ហូប​ទេ។ ខ្ញុំនិង​បងៗ​ក៏​បាន​បន្តដំណើរ​ទៅមុខទៀត រហូតដល់ខ្ទមស្រែ​មួយ។ នៅទីនោះ​យើង​បានឃើញ​ឆ្នាំង​ចាស់ទុក​ចោល​ ហើយ​យើង​ក៏​នាំ​គ្នាដើរចាប់ខ្យងស្ងោរក្នុង​ឆ្នាំ​ងនោះហូប។ បន្ទាប់ពី​ហូប​ខ្យង​រួចហើយ យើង​ក៏​​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​រហូត​ជួបជាមួយយាយរបស់​ខ្ញុំ ដែលធ្វើការក្នុងសហករណ៍មួយ​។ គាត់​ក៏បាន​នាំ​យើង​​​​ត្រលប់​​ទៅ​​នៅសហករណ៍កុមារ​វិញ។ ខ្ញុំបាន​បន្ត​រស់នៅ និង​ធ្វើការក្នុងកងកុមារ​រហូត​ដល់​ឆ្នាំ​១៩៧៩ គឺនៅពេល​កង​ទ័ព​វៀតណាម​​ចូលមកដល់តំបន់​​សៀម​រាប។ ពេលនោះ​ យើង​បាន​នាំ​គ្នា​ចាកចេញពី​សហករណ៍​​ហើយ​ត្រលប់​ទៅ​ផ្ទះរៀងៗ​ខ្លួន​វិញ។

នៅស្រុកកំណើត ខ្ញុំ​ក៏បានជួបជាមួយឪពុកម្ដាយនិងបងប្អូនវិញ ហើយក្រុម​គ្រួសារ​ខ្ញុំ​ក៏​ចាប់ផ្ដើម​រស់​នៅ​ធ្វើស្រែចម្ការចិញ្ចឹមជីវិតជា​ថ្មី។ ចំណែក​ឯ​ឪពុក​ខ្ញុំ​ ត្រូវ​បាន​តែង​តាំង​ឲ្យ​ធ្វើ​ជា​មេភូមិ​តាពោធិ៍​​តាំង​​ពី​ ពេ​ល​នោះ​មក​។

នៅ​ចន្លោះ​ឆ្នាំ​១៩៨១ ដល់​១៩៨២​ ​ភូមិ​ខ្ញុំ​មាន​ការ​ជ្រើស​រើស​កង​ឈ្លប​ភូមិ​ចំនួន​ពីរ​នាក់​។ ឪពុក​ខ្ញុំ​​ ​បាន​ឲ្យ​ខ្ញុំ​ចុះ​ឈ្មោះ​ធ្វើ​កង​ឈ្លបនោះ​។ ​ក្រោយមក​​ កង​ទ័ព​វៀត​ណាម​បាន​ប្រមូល​ប្រជាជនចំនួន៣ឡាន​នៅ​ក្នុង​ភូមិ​ទៅ​ត្រួស​ត្រាយ​ព្រៃនៅ​ម្ដុំ​ស្វាយ​​លើ​ ក្នុង​ខេត្ត​សៀម​រាប​​ ហើយ​ក៏​បញ្ជូន​ខ្ញុំ​​ទៅ​ការ​ពារ​សុវត្ថិ​ភាព​ប្រជាជន​​។​ មួយរយៈក្រោយមក ខ្ញុំ​និង​កម្លាំង​៥​នាក់​​ទៀតក៏​​បាន​ជិះ​ឡាន​ត្រលប់​​មក​ភូមិ​វិញ។ ​យប់​បន្តិច យើង​​ក៏​ត្រូវ​បានចាត់កម្លាំង​​​បញ្ជូន​​ទៅ​ទិស​ខាង​លិចតំបន់សៀម​រាប​ ដើម្បី​ទៅ​វាយនៅ​​ជំរំ​ណង​ចាន់​​។ ខ្ញុំ​ធ្វើ​ដំណើរ​បាន​ពាក់​កណ្ដាល​ផ្លូវ​ កម្លាំង​ឈ្លបចំនួន​៦​នាក់​បាន​រត់​​ត្រលប់ទៅ​ផ្ទះរបស់ខ្លួន​វិញ។ ​ នៅ​​តាម​ផ្លូវ ​កម្លាំង​ក្នុង​​ក្រុមរបស់ខ្ញុំ​ក៏បានប្រយុទ្ធ​​គ្នា ​​បណ្ដាល​ឲ្យ​​បង​ថ្លៃ​របស់​ខ្ញុំម្នាក់បាន​ស្លាប់​ និងកម្លាំង​ម្នាក់​ទៀតរង​របួស។ សមាជិកក្នុង​​ក្រុមរបស់​​ខ្ញុំ​ដែល​​សេស​សល់​ក៏​បាន​បន្ត​ដំណើរ​ត្រលប់​ទៅ​ដល់​ស្រុក​កំណើត​ប្រកប​ដោយ​​​​សុវត្ថិភាព​។ ​ខ្ញុំផ្ទាល់​​បាន​ប្រគល់​កាំ​ភ្លើង​ជូន​ប្រធាន​ឈ្លប​វិញ ​និង​​បន្ត​​រស់​នៅ​ជា​មួយ​ឪពុក​ម្ដាយនៅ​ពេល​​ទៅ​ដល់ស្រុកកំណើត​​។​​ ​ថ្ងៃ​មួយ ​កង​ទ័ព​វៀត​ណាម​បាន​ចូល​មក​បាញ់សត្វ​ជ្រូក ដែល​ឪពុករបស់​​ខ្ញុំ​​ចិញ្ចឹមដោយមិនបាន​សុំ​។ ខ្ញុំមាន​​ការ​អន់​ចិត្ដជាខ្លាំង​ជា​មួយ​កង​ទ័ព​​វៀត​​ណាម​។

នៅវេលាមួយក្នុង​​រដូវ​ធ្វើ​ស្រែ​ គ្រួសារ​ខ្ញុំ​ក៏​បាន​ដឹក​គោ​ទៅ​ភ្ជួរដី​។ លុះដល់ពេល​សម្រាក​ថ្ងៃ​ត្រង់​ គោ​ខ្ញុំ​ក៏​​បាន​​បាត់​មួយ​ក្បាល​​ទៀត។​ ខ្ញុំបាន​តាម​រក​គោ​ដល់​បន្ទាយ​កង​ទ័ព​វៀត​ណាម ហើយក៏​ប្រទះ​ឃើញ​កង​ទ័ព​ទាំង​នោះ​បាន​កាប់ធ្វើជា​អាហារ និងផឹកស៊ី​យ៉ាងសប្បាយ​រីករាយ​​។ ខ្ញុំ​​មាន​ចិត្ត​ខឹងសម្បារ​​យ៉ាង​​ខ្លាំងនូវទង្វើ​ទាំងអស់នេះ ហើយក៏បាន​សម្រេចចិត្ដ​រត់ចូល​កង​​ទ័ព​ខ្មែរ​ក្រហម។

នៅ​ចន្លោះ​ឆ្នាំ​១៩៨៥ ដល់​១៩៨៨ ខ្ញុំ​ត្រូវ​បាន​បញ្ជូន​ឲ្យ​ទៅ​នៅ​តាម​ព្រំ​ដែន​កម្ពុជា​-ថៃ​ នៅ​លើ​ភ្នំ​ដង​រែក​។ ខ្ញុំបាន​​ត្រូវ​របួស​ចំ​ភ្លៅ និង​ចំ​គ្រាប់​ភ្នែក​ម្ខាង​ អំឡុង​​ពេល​ធ្វើ​ដំណើរ​ទៅ​វាយជាមួយកងទ័ព​​វៀត​ណាម​នៅ​តាម​ព្រំ​ដែន​។​ បន្ទាប់​ពី​រង​របួស​ ខ្ញុំ​ត្រូវ​បាន​​បញ្ជូន​ទៅ​ព្យាបាលនៅមន្ទីរពេទ្យ​ឯសមរភូមិក្រោយ​​។ ចាប់​តាំង​ពី​ពេល​នោះ​មក ​ខ្ញុំ​លែង​ចេញ​ទៅ​ធ្វើ​សង្គ្រាម​នៅ​សមរ​ភូមិ​​ទៀត​ហើយ​ រហូត​ដល់ខ្ញុំ​រៀបការ​នៅ​ចុង​ឆ្នាំ​១៩៨៨។ ក្រោយមក​យើង​ក៏បានធ្វើដំណើរ​ចុះ​ពី​លើ​ភ្នំ​ដង​រែក​មក​រស់​​នៅ​ក្នុង​ភូមិ​ជើង​ភ្នំ​ រហូត​មកទល់​បច្ចុប្បន្ននេះ​​»៕

អត្ថបទដោយ សួត វិចិត្រ


[1] មេក វិន សម្ភាសន៍ជាមួយ ថុន ទឹម នៅក្នុងភូមិជើងភ្នំ ឃុំ​ត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ឆ្នាំ​២០២៣។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin