ធូ នួន លេខាស្រុកស្វាយរៀង និងជាជំនួយបច្ចេកទេសសេដ្ឋកិច្ចតំបន់២៣ នៃភូមិភាគបូព៌ាត្រូវបានកម្ទេចនៅស-២១ «ទួលស្លែង»

ធូ នួន ហៅ ថុនា ជាកូនច្បងក្នុងគ្រួសារដែលមានបងប្អូនប្រំាបីនាក់ ស្រីប្រាំនាក់ និងប្រុសបីនាក់។ គាត់ត្រូវបានឃាត់ខ្លួនបញ្ជូនមកមន្ទីរសន្តិសុខ-ស២១ ហៅ គុកទួលស្លែង នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ១៩៧៨ នៅពេលនោះគាត់មានអាយុ៥៩ឆ្នាំ កំពុងបម្រើការងារជាជំនួយបច្ចេកទេសសេដ្ឋកិច្ចតំបន់២៣។[1] តំបន់២៣ ជាតំបន់មួយស្ថិតនៅក្នុងចំណោមតំបន់ទាំងប្រាំ នៃភូមិភាភបូព៌ាដែលរួមមាន តំបន់២០ តំបន់២១ តំបន់២២ តំបន់២៣ និងតំបន់២៤)[2]។ ខែឧសភា ឆ្នាំ១៩៧៨ សោ ភឹម ជាលេខាភូមិភាគបូព៌ានេះបានធ្វើអត្តឃាតបន្ទាប់ពីត្រូវបានអង្គការចោទប្រកាន់ថាជាជនក្បត់ ប្រឆាំងមាគ៌ារបស់បក្ស និងបានចូលដៃជាមួយវៀតណាម បន្ទាប់ពីនោះមកប្រជាជន និងកម្មាភិបាលខ្មែរក្រហម ជាច្រើនត្រូវបានសម្លាប់ដោយការចោទថាជាប់ពាក់ព័ន្ធនឹងអំពើក្បត់នេះ​។

ប្អូនស្រី របស់ ធូ នួន គឺ ធូ យ៉ុង បានរៀបរាប់ថា ក្នុងរបបសង្គមរាស្រ្តនិយម ធូ នួន បានចូលសិក្សាតាមសាលាមួយចំនួននៅក្នុងខេត្ត។ ធូ នួន មានស្រុកកំណើតនៅភូមិព្រៃធំ ឃុំព្រៃធំ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ ក្នុងរបប លន់ នល់ ចាប់ពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៣ គាត់គឺជាលេ​ខាស្រុកស្វាយរៀង​។ គាត់បានរៀបការមានគ្រួសារតាំងពីមុនឆ្នាំ១៩៧០ ជាមួយប្រពន្ធឈ្មោះ មុំ សុន ដែលក្រោយមកបានបម្រើការងារជាបុគ្គលិកផ្នែកគមនាគមន៍តំបន់២៣ និងមានកូនចំនួនប្រាំបួននាក់ ស្រីប្រាំមួយនាក់ និងប្រុសបីនាក់។ ធូ នួន ក៏ធ្លាប់ធ្វើជាជំទប់ទីមួយ នៃឃុំព្រៃធំ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បន្ទាប់ពីគាត់បានឈប់រៀន។[3] ធូ យ៉ុង បាននិយាយបន្តថា បងប្រុសគឺជាមនុស្សម្នាក់ដែលចូលចិត្តធ្វើនយោបាយតាំងពីពេលដែលគាត់ធ្វើជាជំទប់ឃុំ។

ក្រោយពីព្រឹត្តិការណ៍ទម្លាក់សម្តេចព្រះបាទនរោត្តមសីហនុ ក្នុងថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ធូ នួន ត្រូវបានថ្នាក់លើប្តូរការងារគាត់ពីជំទប់ទីមួយឃុំ ទៅជាលេខាស្រុកនៅខេត្តស្វាយរៀង បម្រើការងារនៅទីរួមខេត្ត។ ប្រពន្ធ និងកូនៗរបស់គាត់ក៏បានផ្លាស់មករស់នៅជាមួយគាត់ផងដែរ។

ធូ យ៉ុង បាននិយាយបន្តទៀតថា បងប្រុស និងគ្រួសារមានជីវភាពធូរធា និងមានផ្ទះច្រើនកន្លែង។ បងប្រុសរបស់ខ្លួនតែងតែប្រើប្រាស់ឡានស៊ីបជាមធ្យោបាយធ្វើដំណើរនាំប្រពន្ធ និងកូនៗមកលេងប្អូន និងឪពុកម្តាយនៅស្រុកកំណើត។ ចំណែកប្អូនៗ និងឪពុកម្តាយក៏បានទៅលេងបងប្រុស ពេលខ្លះ​មិន​បានជួបគាត់នោះទេ ដោយសារតែផ្ទះដែលគាត់ស្នាក់នៅមានច្រើនកន្លែងដូចជានៅជាយឬស្សី តាសួស ចំបក់ និងឈើទាល​ ហើយមានពេលខ្លះគាត់ក៏ស្នាក់នៅសាលាស្រុកស្វាយរៀង។

តាមការរៀបរាប់របស់ ធូ យ៉ុង ក្នុងខែមករា ឆ្នាំ១៩៧២ មានហេតុការណ៍ធំមួយគឺការទម្លាក់គ្រាប់បេ-៥២ របស់សហរដ្ឋអាមេរិក មកលើវត្តមួយឈ្មោះថាវត្តដុង ស្ថិតនៅក្នុងឃុំព្រៃធំ ដែលបានបណ្តាលឲ្យប្រជាជនទើបផ្លាស់ទីលំនៅមកថ្មីៗដោយសារតែសង្គ្រាមប្រមាណ៣០០នាក់ និងសត្វពាហនៈមួយចំនួនបានស្លាប់។ ធូ យ៉ុង និយាយបន្តថានៅពេលនោះក្នុងឃុំព្រៃធំ និងកន្លែងបងប្រុសគាត់ធ្វើការ ខ្មែរក្រហមជាអ្នកគ្រប់គ្រង។

ថ្ងៃទី១៧ ខែមេសា​ ឆ្នាំ១៩៧៥ ពេលដែលរបបខ្មែរក្រហមចូលគ្រប់គ្រងប្រទេសកម្ពុជាទាំងមូល ធូ នួន នៅបន្តធ្វើការក្នុងសាលាស្រុកស្វាយរៀង។ នៅពេលនោះដោយសារតែគាត់ជាកម្មាភិបាលស្រុកមួយរូប គាត់អាចទៅមកលេង ឪពុក ម្តាយ ប្អូនៗបានជាញឹកញាប់ ព្រមទាំងបាននាំយក​ក្រមា និងសំភារៈផ្សេងៗមកចែកឲ្យសមាជិកគ្រួសារប្រើប្រាស់ទៀតផង។

ឆ្នាំ១៩៧៧ ធូ យ៉ុង បានមកលេងបងប្រុស និងបានឃើញការចាប់ខ្លួនបងផ្ទាល់ភ្នែក​។ ធូ យ៉ុង បានរំលឹកថាពេលនោះមានខ្មែរក្រហមប្រុសៗបីនាក់ស្លៀកពាក់ស៊ីវិល គ្មានអាវុធ អ្នកទាំងនោះទំនងជាមន្រ្តីធំៗបានមកនិយាយបញ្ជុះបញ្ចូលបងប្រុសឲ្យទៅជាមួយដោយប្រាប់ថាខាងមជ្ឈិមឲ្យទៅរៀនសូត្រ។ ធូ នួន បានឡើងលើឡានឃ្លប់បិទជិតទៅជាមួយបុរសទាំងបីនាក់នោះបាត់ទៅ។ ធូ យ៉ុង បានបន្ថែមថា ពេលចាប់ខ្លួននោះបងប្រុសនឹកស្មានតែអង្គការហៅទៅក្នុងគោលបំណងល្អទើបបងគាត់មិនតដៃ ព្រោះបងប្រុសគាត់ចេះមន្តអាគម។

ធូ យ៉ុង បាននិយាយក្នុងសម្រង់សំដីដើមថា «ខ្ញុំសុំជម្រាបឲ្យអស់សាច់រឿងទៅបើមកធម្មតាយកមិនបានទេ ឃើញកន្លែងហ្នឹង បាត់ពីកន្លែងហ្នឹងទៅឃើញនៅនោះពីរបីរយដីអីនោះ…»។

អំឡុងពេលបងប្រុសធ្វើការជាលេខាស្រុកស្វាយរៀង ធូ យ៉ុង ធ្លាប់ឃើញ សោ ភឹម ដែលជាលេខាភូមិភាគបូព៌ាបានចុះមកជួប និងធ្វើការជាមួយបងប្រុសខ្លួនជារឿយៗ។

ក្រោយមក ធូ យ៉ុង បានទទួលដំណឹងថាអង្គការបានយក​បងប្រុសទៅដាក់នៅមន្ទីរសន្ទិសុខនៅឯភ្នំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។ ចាប់តាំងពីពេលនោះមក ធូ យ៉ុង ក៏បានបាត់ដំណឹងបងប្រុសរហូត។

ក្រោយការបាត់ខ្លួនឪពុកកូនប្រុសរបស់ ធូ នួន ឈ្មោះ សាលី ដែលជាគ្រូពេទ្យបានលេបថ្នាំសម្លាប់ខ្លួនដោយសារខឹង នឹងអង្គការដែលបានយកឪពុកខ្លួនទៅបាត់។ ចំណែកឯប្រពន្ធ និងកូនៗ របស់ ធូ នួន ត្រូវបានអង្គការឲ្យទៅរស់នៅតាមសហករណ៍។ កូនប្រុសស្រីបួននាក់ របស់ ធូ នួន ត្រូវបានស្លាប់ និងសម្លាប់បន្ទាប់ពីឪពុកត្រូវបានចាប់ខ្លួន។

យោងតាមប្រវត្តិអ្នកទោសជាប់ឃុំឃាំងនៅមន្ទីរសន្តិសុខស-២១ ទួលស្លែង ធូ នួន ត្រូវបានឃាត់ខ្លួននៅថ្ងៃទី១៩ ខែមេសា ឆ្នាំ១៩៧៨ ពីភូមិភាគបូព៌ាតំបន់២៣។ គាត់មានឪពុកឈ្មោះ យួន ធូ និងម្តាយ​ឈ្មោះ ហាស់ ម៉ម មានមុខរបបធ្វើស្រែ។

ក្នុងបញ្ជីឈ្មោះជនរងគ្រោះដែលបានកម្ទេចនៅស-២១ ទួលស្លែង ធូ នួន ត្រូវបានកម្ទេច នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ១៩៧៨។[4]

អត្ថបទដោយ អេង សុខម៉េង

ឯកសារយោង

[1] មជ្ឈមណ្ឌលឯកសារកម្ពុជា, ប្រវត្តិរូបអ្នកជាប់ឃុំ K03836, ទំព័រទី១

[2] ឌី ខាំបូលី ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ភ្នំពេញ ដោយមជ្ឈមណ្ឌលឯកសារកម្ពុជា ២០០៧ ទំព័រទី២៩។

[3] មជ្ឈមណ្ឌលឯកសារកម្ពុជា, បទសម្ភាសន៍ដោយ ឡុង ដានី ក្នុងគម្រោងការជំរុញឲ្យមានការទទួលខុសត្រូវ (Promoting Accountability) SVI0002

[4] មជ្ឈមណ្ឌលឯកសារកម្ពុជា បញ្ជីឈ្មោះជនរងគ្រោះដែលបានកម្ទេចនៅស-២១ (ទួលស្លែង)  លេខរៀងទី៩០០៩, ទំព័រទី៥៤១

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin