ធី ធួន ហៅ ផល៖ ខ្មែរក្រហមបង្រៀនខ្ញុំឲ្យចេះមើលថែកូនខ្ញុំ

«ខ្ញុំចេះមើលថែកូនខ្ញុំពេលវាឈឺម្តងៗ ដោយសារខ្ញុំធ្លាប់ជាពេទ្យក្នុងរបបខ្មែរក្រហម។ បង ម៉ិញ ជាគណៈមន្ទីរពេទ្យ នៅពេលគាត់មកប្រជុំម្តងៗ គាត់អត់មាននិយាយអ្វីក្រៅពីដាស់តឿននារីពេទ្យទាំងអស់ឲ្យស្រឡាញ់ការងារ បម្រើអ្នកជំងឺ និងយកចិត្តទុកដាក់ព្យាបាលអ្នកជំងឺ។ គាត់បានបង្រៀនខ្ញុំគ្រប់ពេលឲ្យយកចិត្តទុកដាក់ថែទាំ និងព្យាបាលអ្នកជំងឺដែលមកព្យាបាលនៅក្នុងមន្ទីរពេទ្យ។ ដោយសារគាត់នេះហើយ បានជាខ្ញុំអាចមើលថែកូនខ្ញុំបាននាពេលនេះ។» នេះជាសម្តីរបស់ ធី ធួន[1] ក្នុងពេលផ្តល់បទសម្ភាស កាលពីចុងខែមីនា ឆ្នាំ២០០១ ដល់មជ្ឈមណ្ឌលឯកសារកម្ពុជា។
ធួន មានប្តីឈ្មោះ យឹម ប៉ឹង។ គាត់មានកូន២នាក់ក្នុងបន្ទុក។ ធួន និងប្តី ប្រកបរបរធ្វើស្រែចិញ្ចឹមជីវិតប្រចាំថ្ងៃ និងរស់នៅក្នុងស្រុកកំណើតភូមិមឿងចារ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ។ ធួន បានប្រាប់ថា គាត់មិនពិបាកមើលថែកូនៗទាំងពីររបស់គាត់ឡើយ ព្រោះគាត់ធ្លាប់មានបទពិសោធន៍មើលថែអ្នកជំងឺក្មេងៗជាកូនៗរបស់កម្មាភិបាលខ្មែរក្រហម កាលពីគាត់នៅធ្វើពេទ្យនៅមន្ទីរពេទ្យ ព-១ របស់ខ្មែរក្រហម។
នៅអាយុ១៣ឆ្នាំក្នុងឆ្នាំ១៩៧៧ ធួន ត្រូវអង្គការជ្រើសរើសចេញពីកងកុមារនៅក្នុងឃុំជាងទង ស្រុក១០៥ (ស្រុកត្រាំកក់) តំបន់១៣ ភូមិភាគនិរតី ឲ្យមកធ្វើពេទ្យនៅមន្ទីរពេទ្យ ព-១ ស្ថិតក្នុងក្រុងភ្នំពេញ។ ធួន និងកុមារីទាំង៥នាក់ទៀត ត្រូវស្នាក់នៅទីរួមខេត្តតាកែវរយៈពេលកន្លះខែទៀត មុនពេលដែលអ្នកទាំងនោះត្រូវបញ្ចូលទៅកាន់ក្រុងភ្នំពេញ។ ធួននិយាយថា «ខ្ញុំមិនដឹងទេថា តើគេបញ្ចូនខ្ញុំទៅណា? គេបញ្ចូនយកទៅសម្លាប់ ក៏ខ្ញុំមិនដឹងដែរ។ ចុងក្រោយ ខ្ញុំបានមកដល់ភ្នំពេញ គឺចុះនៅមន្ទីរពេទ្យ ព-១ តែម្តង។ ខ្ញុំអត់ដឹងអាលីងថា ពេទ្យហ្នឹងធ្វើអ្វីខ្លះទេ។ ខ្ញុំក៏អត់ដឹងមូលហេតុអ្វីបានជាអង្គការជ្រើសរើសតែស្រី្តក្មេងៗ ឲ្យមកធ្វើពេទ្យដែរ។»
ធួន បានស្នាក់នៅ រៀនសូត្រ និងធ្វើការនៅក្នុងមន្ទីរពេទ្យ ព-១ អស់រយៈពេលជិតពីរឆ្នាំក្រោយមកទៀត។ ម៉ិញ ជាគណៈមន្ទីរពេទ្យ ព-១ បានដាក់ឈ្មោះបដិវត្តន៍ឲ្យ ធួន ថា «ផល»។ ផល បានចាប់ផ្តើមភារកិច្ចថ្មីក្នុងតួនាទីជាអ្នកមើលថែ និងព្យាបាលកុមារនៅមន្ទីរពេទ្យខ្មែរក្រហម ព-១។ នៅក្នុងមន្ទីរពេទ្យ ផល ធ្វើការបណ្តើរ និងរៀនសូត្របណ្តើរ។ គាត់រៀនវិជ្ជាពេទ្យជាមួយគ្រូបង្រៀនជាជនជាតិចិន ពីជំនាញព្យាបាល និងមើលថែក្មេងៗ។ ផល មិនចេះអាន និងសរសេរអក្សរទេ ប៉ុន្តែគាត់ចូលចិត្តរៀនទ្រឹស្តីវិជ្ជាពេទ្យតាមរយៈការស្តាប់ និងអនុវត្តផ្ទាល់។ ជារៀងរាល់ពេលព្រឹកពីថ្ងៃចន្ទដល់សុក្រ ផល បាន ព្យាបាល និងថែទាំអ្នកជំងឺ តាមទ្រឹស្តីដែលគាត់បានរៀនពីគ្រូរបស់គាត់ ហើយនៅពេលរសៀល គាត់ទៅចូលរួមការរៀនសូត្រពីទ្រឹស្តីវិជ្ជាពេទ្យបន្តទៀត។ ក្នុងការអនុវត្តជាក់ស្តែងជាមួយអ្នកជំងឺ ផល តែងតែទទួលបានការអប់រំបន្ថែមទៀតពីកម្មាភិបាលដឹកនាំមន្ទីរពេទ្យ ក្នុងការថែទាំ និងព្យាបាលអ្នកជំងឺ។ ផល និយាយប្រាប់ថា «ពេលដែលខ្ញុំកំពុងបម្រើការជាពេទ្យមើលថែអ្នកជំងឺនៅមន្ទីរពេទ្យ ព-១ ខ្ញុំតែងតែត្រូវបានដាស់តឿន និងចូលរួមប្រជុំជីវភាពជាប្រចាំថ្ងៃ។ អង្គការខ្មែរក្រហម មិននិយាយច្រើនទេ និយាយតែពីរបីម៉ាត់! អាណាធ្វើតាមរួចខ្លួន អាណាមិនធ្វើតាមដកចោលដូចកូនស្ពៃអ៊ីចឹង។ ការប្រជុំប្រចាំថ្ងៃ ផ្តោតលើការមើលថែអ្នកជំងឺឲ្យបានដិតដល់ និងយកចិត្តទុកដាក់លើភារកិច្ចរបស់ខ្លួន។ ខ្ញុំធ្វើតាមទាំងអស់។»
ជារៀងរាល់ចុងសប្តាហ៍ ផល ទទួលបានការអនុញ្ញាតឲ្យដើរទស្សនកិច្ចនៅតាមមន្ទីរធំៗទាំង៣ទៀតក្នុងក្រុងភ្នំពេញ គឺមន្ទីរពេទ្យ ព-៣ (ជាប់នឹងមន្ទីរពេទ្យគន្ធបុប្ផានាពេលបច្ចុប្បន្ន), មន្ទីរពេទ្យ ព-៦ (មន្ទីរពេទ្យព្រះកេតុមាលា) និងមន្ទីរពេទ្យ ព-១៧ (មន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត)។ ក្រោពីនេះ គាត់ក៏ទទួលបានការអនុញ្ញាតឲ្យទៅទស្សនាខ្សែភាពយន្តចិន ការសម្តែងសិល្បៈ ល្ខោន និង សៀក(សម្តែងដោយក្រុមសិល្បៈជនជាតិចិន) នៅក្នុងស្តាតអូឡាំពិកក្នុងទីក្រុងភ្នំពេញដែរ។ ទោះបីជាមានការអនុញ្ញាតឲ្យដើរលេងកម្សាន្តក៏ដោយ ក៏ ផល ត្រូវបានហាមឃាត់ពីរឿងប្រព្រឹត្តកំហុសឆ្គងសីលធម៌ជាមួយបុរស ព្រោះថាមន្ទីរពេទ្យ ព-១ ធ្លាប់មានករណីប្រព្រឹត្តកំហុសឆ្គងសីលធម៌ម្តងរួចមកហើយ រវាងកម្មាភិបាលបុរសមកពីខេត្តស្វាយរៀង ជាមួយនឹងកម្មាភិបាលនារីមកពីខេត្តកំពត ហើយលទ្ធផលចុងក្រោយ អ្នកទាំងពីរត្រូវបានបញ្ជូនចេញពីមន្ទីរពេទ្យ និងបាត់ដំណឹងរហូត។
ផល ទទួលបានរបបអាហារបីពេល និងបង្អែម (បបស្ករ និងបាយដំណើបទឹកស្ករ) ក្រោយពេលអាហារ ជារៀងរាល់ថ្ងៃ។ ផល មិនដែលបានមកលេងស្រុកកំណើតឡើយ ហើយគាត់ក៏ពុំបាននឹកនាដល់ឪពុកម្តាយគាត់ដែរ។ នៅពេលយប់ ផល សម្រាកនៅក្នុងបន្ទប់រួមមួយនៃអគារពេទ្យ ជាមួយកុមារីបួនប្រាំនាក់ផ្សេងទៀត។ អ្នកទាំងនោះស្នាក់នៅលើគ្រែតូចល្មមមួយម្នាក់ ដែលមានភួយ ខ្នើយ និងមុង ដាច់ដោយឡែកពីគ្នា។ ជារៀងរាល់បីខែម្តង ផល ទទួលបានសម្លៀកបំពាក់ថ្មីមួយសម្រាប់ពីអង្គការមិនដែលខានឡើយ។
នៅឆ្នាំ១៩៧៨ ផល បានសង្កេតឃើញថា កម្មាភិបាលពេទ្យដែលមានវ័យលើសពី៣០ឆ្នាំ មួយចំនួន ត្រូវអង្គការផ្លាស់ចេញ និងចាប់ខ្លួន។ ផល បានប្រាប់ថា «ខ្ញុំឃើញគេហៅនារីពេទ្យចាស់ៗជាងខ្ញុំម្តងមួយៗទៅសួរនាំហើយបាត់ខ្លួនរហូត។ ខ្ញុំពុំឃើញពួកគាត់បានប្រព្រឹត្តកំហុសឆ្គងអ្វីឡើយ។» ផល បាននិយាយថា សម្លៀកបំពាក់ពេទ្យគឺនៅដដែល នៅពេលដែលកម្មាភិបាលចាស់ៗទាំងនោះត្រូវអង្គការបញ្ចូនចេញ ឬចាប់ខ្លួន។ កម្មាភិបាលពេទ្យវ័យក្មេងៗទាំងអស់ មិនត្រូវបានអង្គការចាប់ខ្លួនឡើយ ហើយអ្នកទាំងនោះ នៅបន្តធ្វើកិច្ចការងាររបស់ខ្លួននៅក្នុងមន្ទីរពេទ្យបន្តទៀត ដោយមិនមានការរំខាន ឬគំរាមកំហែងឡើយ។ ផល បានអះអាងថា គាត់បានឮ អៀង សារី និង ខៀវ សំផន និយាយថា កម្មាភិបាលនារីពេទ្យវ័យក្មេងៗទាំងអស់ នឹងត្រូវរៀបការជាមួយជនជាតិចិននៅថ្ងៃអនាគតដ៏ខ្លី។ ផល បានប្រាប់ថា គាត់មិនបានភ្ញាក់ផ្អើលនឹងសម្តីទាំងនេះឡើយ។
ក្នុងរយៈពេលជិតពីរឆ្នាំនៅក្នុងមន្ទីរពេទ្យ ផល ទទួលបានការផ្គត់ផ្គង់ពី ម៉ិញ និងឧស្សាហ៍បានជួបជាមួយ អៀង ធីរិទ្ធ, អៀង សារី, ខៀវ សំផន និងបានចូលរួមប្រជុំនៅក្នុងមន្ទីរពេទ្យជាមួយ ប៉ុល ពត ចំនួនបីលើក។ «ខ្ញុំឧស្សាហ៍បានជួបមុខផ្ទាល់ជាមួយ ខៀវ សំផន និងអៀង សារី ក្នុងពេលដែលគាត់មកកាន់មន្ទីរពេទ្យ ឬមកកាន់ «សាលា ផ៥» មានចម្ងាយប្រហែល១០០ម៉ែត្រពីមន្ទីរពេទ្យ ព១ ដើម្បីបើកអង្គប្រជុំជារៀងរាល់ពីរបីសប្តាហ៍ម្តង។ ខ្ញុំបានឃើញ ប៉ុល ពត មកទស្សនកិច្ចនៅក្នុងមន្ទីរពេទ្យដែលខ្ញុំធ្វើការចំនួនបីដង។ គាត់បាននិយាយមកកាន់នារីពេទ្យទាំងអស់ដូចបង ម៉ិញ និយាយប្រាប់អ៊ីចឹងថា ឲ្យយើងយកចិត្តទុកដាក់ព្យាបាល និងមើលថែអ្នកជំងឺឲ្យបានល្អ។»
នៅដើមខែមករា ឆ្នាំ១៩៧៩ ផល និងកម្មាភិបាលពេទ្យឯទៀត ព្រមទាំងអ្នកជំងឺទាំងអស់ ត្រូវបានបង្ខំឲ្យភៀសខ្លួនទៅកាន់ភាគខាងលិចប្រទេស ដើម្បីគេចចេញពីការមកដល់របស់កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងកងទ័ពស្ម័គ្រចិត្តវៀតណាម។ បួនខែក្រោយមកទៀត ផល បានវិលត្រឡប់មកកាន់ស្រុកកំណើតវិញ បន្ទាប់ពីអ្នកជំងឺទាំងអស់បានស្លាប់ដោយសារតែគ្រាប់ផ្លោងរបស់កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា សហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាម នៅស្រុកបវេល ខេត្តបាត់ដំបង។ នៅស្រុកកំណើត ផល បានរៀបការ និងបង្កើតបានកូនពីរនាក់ ព្រមទាំងរស់នៅក្នុងជីវិតជាកសិករដូចគេឯងក្នុងភូមិកំណើតរបស់គាត់ រហូតដល់សព្វថ្ងៃ។
ប្រវត្តិរូបសង្ខេប ធី ធួន ហៅ ហេង សុផល[2]
ធួន មានឈ្មោះបដិវត្តន៍ថា ផល។ គាត់កើតនៅឆ្នាំ១៩៦៣ នៅភូមិមឿងចារខាងជើង ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ។ ធួន មានឪពុកឈ្មោះ ឡេង និងម្តាយឈ្មោះ យី។ ធួន មានបងប្អូន៥នាក់ ហើយគាត់ជាកូនទីពីរក្នុងគ្រួសារ។ ធួន រស់នៅក្នុងគ្រួសារកសិករកណ្តាលថ្នាក់ក្រោម ដែលមានផ្ទះប្រក់ស្លឹកត្នោតមួយខ្នង គោមួយនឹម នង្គ័លមួយ រនាស់មួយ និងដីស្រែមួយហិកតា។ គាត់ពុំដែលបានចូលរៀនឡើយ។ មុនពេលចូលបម្រើក្នុងជួរបដិវត្តន៍ ធួន មានអត្តចរិកឆេវឆាវ ឆាប់ខឹង មិនចេះជួយឪពុកម្តាយ និងមិនខ្វល់ខ្វាយពីមនុស្សដែលជុំវិញខ្លួន។ គាត់បានកែប្រែអត្តចរិកទាំងនោះ បន្ទាប់ពីគាត់បានចូលបម្រើបដិវត្តន៍ និងទទួលបានការអប់រំមនោគមន៍វិជ្ជាបដិវត្តន៍រួចមក។
បន្ទាប់ពីភូមិកំណើតរបស់គាត់ធ្លាក់ចូលក្នុងការកាន់កាប់របស់កងកម្លាំងខ្មែររំដោះ ធួន បានចូល រៀននៅក្នុងភូមិជាមួយក្មេងៗឯទៀត។ យាយ យី[3] ជាម្តាយ បានប្រាប់ថា កូនស្រីគាត់មានឱកាសបានចូលរៀននឹងគេនៅក្នុងភូមិហើយ។ គ្រូបង្រៀនរបស់ ធួន មានច្រើននាក់ ប៉ុន្តែ ធួន នៅចាំតែឈ្មោះបីនាក់ប៉ុណ្ណោះគឺ ផាត, ស៊ុំ និង យី។ ធួន ប្រាប់ថា គ្រូខ្លះនៅរស់ ហើយគ្រូខ្លះទៀតបានស្លាប់បាត់បង់ជីវិត ហើយនាពេលបច្ចុប្បន្ននេះ។ ធួន បានរំឭកពីការៀនសូត្ររបស់គាត់ថា គ្រូបង្រៀនទាំងអស់ពុំសូវបង្រៀនពីអក្សរ ឬលេខប៉ុន្មានទេ ប៉ុន្តែបង្រៀនតែទ្រឹស្តីមនោគមន៍វិជ្ជាឲ្យក្មេងៗទាំងអស់ចេះស្រឡាញ់អង្គការ។ ក្រោយថ្ងៃ ១៧ មេសា ១៩៧៥ ធួន ត្រូវអង្គការបញ្ជូនឲ្យទៅធ្វើការនៅក្នុងកងកុមារ។ នៅឆ្នាំ១៩៧៦ ធួន បានចូលបម្រើបដិវត្តន៍ តាមរយៈសមមិត្ត បឿន ជាគណៈឃុំ ហើយនៅខែមីនា ឆ្នាំ១៩៧៧ ធួន ត្រូវអង្គការបញ្ចូនមកកាន់ក្រុងភ្នំពេញ ជាកន្លែងដែលគាត់បម្រើការនៅក្នុងមន្ទីរពេទ្យ ព-១ ក្រោមការដឹកនាំរបស់ សមមិត្ត ម៉ិញ ជាកូនរបស់ អៀង សារី និងអៀង ធីរិទ្ធ រហូតដល់ថ្ងៃដួលរលំរបបខ្មែរក្រហមនៅដើមខែមករា ឆ្នាំ១៩៧៩។
អត្ថបទដោយ ផេង ពង្សរ៉ាស៊ី
[1] ឯកសារប្រតិចារិកលេខ KTI0001 តម្កល់នៅក្នុងបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង «ករណី ធួន ហៅ ផល I00291 ភេទស្រី សម្ភាសជាមួយ យាយ យី ជាម្តាយ និងម្ចាស់ប្រវត្តិរូប ធួន ហៅ ផល នៅភូមិមឿងចារ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ» នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០០១។ សម្ភាសដោយ អែម សុខឃីម, គឹម កែវកន្និថា និង ស៊ឹម សូរិយា។
[2] ឯកសារ I00291 តម្កល់នៅក្នុងបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង «ពិនិត្យប្រវត្តិរូបបដិវត្តន៍៖ សមមិត្ត ធួន នៅមន្ទីរ ពេទ្យ ព-១ ក្រសួងសង្គមកិច្ច»។
[3] ឯកសារប្រតិចារិកលេខ KTI0001 តម្កល់នៅក្នុងបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង «ករណី ធួន ហៅ ផល I00291 ភេទស្រី សម្ភាសជាមួយ យាយ យី ជាម្តាយ និងម្ចាស់ប្រវត្តិរូប ធួន ហៅ ផល នៅភូមិមឿងចារ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ» នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០០១។ សម្ភាសដោយ អែម សុខឃីម, គឹម កែវកន្និថា និង ស៊ឹម សូរិយា។