អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រៀបរាប់ពីភាពតក់ស្លត់ពេលឃើញកំណរសាកសព

កំពង់ឆ្នាំង ៖​ «…ឃើញតែខ្មោចងាប់…តាមតែផ្លូវហ្នឹង រថក្រោះដេញ​ពឹពៗៗ ចេះតែដេញ ចេះតែរត់ទៅ…» ស្រ្ដី​រស់​រាន​មាន​ជីវិត​ពីរបប​ខ្មែរ​ក្រហម​ រៀបរាប់​ពី​ភាព​តក់​ស្លត់​របស់​ខ្លួន​នៅ​ពេល​ឃើញ​កំណរ​គរ​សាកសព​មនុស្ស​ដែលបាន​​ស្លាប់​បាត់​បង់​ជីវិត​ អំឡុង​កងទ័ព​វៀតណាម​មក​រំដោះ​ប្រជាជន​ខ្មែរ​ពី​របប​ខ្មែរ​ក្រហម។

ទឹម ផាន់​ ជា​អ្នក​រស់រាន​មាន​ជីវិតម្នាក់​​ពីរបប​ខ្មែរ​ក្រហម ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​របប​ប្រល័យ​ពូជ​សាសន៍​ដ៏សាហាវ​​ឃោរឃៅ​។ បច្ចុប្បន្ន គាត់​មាន​មុខ​របរ​ជាកសិករ នៅ​ភូមិ​បុសមាស ឃុំ​ពពេល ស្រុក​បរិបូណ៍ ខេត្ត​កំពង់​ឆ្នាំង​។ គាត់​រៀប​រាប់​ពី​ដំណើរ​ជម្លៀសខ្លួន​ទៅ​ជាច្រើនភូមិ និង​ស្រុក ដើម្បី​គេច​ពី​គ្រាប់​កាំភ្លើង​ និង​យន្ត​ហោះ​ទម្លាក់​គ្រាប់​បែក​។

ផាន់ វ័យ​ ៨០ ឆ្នាំ រៀបរាប់ថា​ «​…និយាយ​ពី​រត់​ពីដើម​​ឆ្នាំ​ ៧០ [១៩៧០] រត់​នៅ​គ្រប់​កន្លែង…​ទូល​ចាន​ទូល​ឆ្នាំង ទូល​​ចាន​បាយ​យក​ទៅ​ស៊ី​ហ្នឹង​ យប់​ឡើង​ចូល​ផ្ទះ​វិញ​…»។ គាត់បន្ថែម​ថា ក្រោយ​ពី​ទៅ​ទីលំនៅ​​វិញ គាត់​ត្រៀម​ខ្លួន​ឈ្លៀស​​នៅ​ថ្ងៃ​ស្អែក​បន្ត​ទៀត រហូត​ទៅ​ដល់​ភូមិ​ស្វាយ​មួយ​ដើម ដែល​ស្ថិតនៅ​ក្នុង​ស្រុក​បរិបូណ៍​ ខេត្ត​កំពង់​ឆ្នាំង។

មិន​យូរ​ប៉ុន្មាន​ គាត់​ក៏​បន្ត​ប្តូរ​ទី​កន្លែង​ទៅ ភូមិ​ព្រៃក្រូច​ នៃ​ខេត្ត​សៀមរាប​ ដោយ​ហេតុ​ថា​គ្មាន​អាហារ​ហូប​ ដូចជា​ប្រហុក និង​អំបិល​គ្រប់​គ្រាន់​សម្រាប់​ខ្លួន​ និង​គ្រួសារ គាត់​ក៏​បេះ​ដើម​ព្រិច​ដើម្បី​យក​ទៅ​ដូរ​ជាមួយ​ត្រី និង​ប្រហុក​នៅ​មាត់​ទន្លេ។ គាត់​ក៏​ត្រូវ​បាន​គេ​ជម្លៀស​បន្ត​មក​បន្ទាយ​ដើម នៅ​ខាង​ក្រោយ​វត្ត​កាន់​យួរ ស្រុកបរិបូណ៍​ មុននឹង​គេ​ជម្លៀស​​ទៅ​នៅ​​ក្នុង​វត្ត​។

ស្នាក់​នៅ​ក្នុង​វត្ត​កាន់​យួរ​បាន​តែ ២ ថ្ងៃ គាត់​ត្រូវ​បាន​គេ​ជម្លៀង​បន្ត​ទៀត​ទៅ​ភូមិ​ ជរ ដែល​នៅទី​នោះ​គេ​ប្រើ​ឲ្យគាត់ធ្វើ​ជី​លាមក​មនុស្ស​ ហើយ​កាប់​ដី​ដំបូក​យក​មក​ជាន់​រែងឲ្យ​ម៉ដ្ឋ​ យក​ទៅ​លាយ​ជាមួយ​លាមក និង​យក​ទៅ​ហាល​ថ្ងៃ​​ដាក់​តាម​វាល​ស្រែ​​ រី​ឯ​ប្ដី​របស់គាត់​ត្រូវ​បាន​គេ​ប្រើ​​ឲ្យ​ចឹញ្ចឹម និង​ថែទាំ ​សត្វ​ រួម​មាន​សត្វ​ជ្រូក​ មាន់​ គោ ក្របី​។ ​

គាត់​ត្រូវ​បាន​គេ​ប្រើ​ឲ្យ​ធ្វើ​ការងារ​ជា​ច្រើន​ រួម​មាន​ធ្វើ​ជី​លាមក​ ច្រូត​ និង​កិន​ស្រូវ ជាន់​អង្ករ​ មើល​កូន​ក្មេង​ ក្រោយ​មក​គេ​ប្រើ​ឲ្យ​ប្ដី​គាត់​ឡើង​ដើម​ត្នោត​ រី​ឯគាត់​រម្ងាស់​ទឹក​ត្នោត។

រហូត​ដល់​ចន្លោះ​ឆ្នាំ​ ១៩៧៥-១៩៧៦ គាត់​ត្រូវ​បាន​គេ​ផ្លាស់​ឲ្យ​ទៅ​នៅ​ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្ត​បាត់​ដំបង។ មិនយូរ​ប៉ុន្មានដល់​រដូវ​ស្រូវ​ទុំ​​ កងទ័ព​វៀតណាម​ក៏​ចូល​មក​ជម្លៀស​ប្រជាជន​ខ្មែរ​ ផាន់​បន្ត​ជម្លៀស​ខ្លួន​បន្ត​បន្ទាប់​​រហូត​មក​ដើម្បី​រក​ទី​កន្លែង​សុវត្ថភាព។

អំឡុង​ពេល​ជម្លៀស​ខ្លួន​ពី​មួយ​កន្លែង​ទៅ​មួយ​កន្លែងជាមួយ​ប្ដី​របស់ផាន់ រួមមាន​អ្នក​រួម​ដំណើរ​ប្រមាណ​ ៧​ នាក់​​ទៀត​​ គាត់​ប្រទះ​ឃើញ​សាកសព​ជា​ច្រើន​រាប់​មិន​អស់​​​។

គាត់​បាន​បន្តថា «​…​បរ​រទេះ​កាត់​ ទៅ​ផុង​នៅ​អន្លង់​ខ្មោចតែ​ម្ដង…ធ្លាក់​ភ្លក់​ បាស់​រងើរៗជើង អាណាបាស់​ជើង​ៗ​ អាខ្លះ​បាស់ក្បាល ជាន់​ជើងទៅ​ក្បាល​បាស់​ ជាន់​ក្បាលជើង​បាស់​មក​​​ ទម្រាំតែ​ទាញ​រទេះបានមក​វិញ​»។

គាត់រៀបរាប់​បន្ថែម​ថា រណ្ដៅ​មាន​ប្រវែង​ប្រហែល​ ៤ ម៉ែត្រ​ ពោរពេញ​ដោយ​សាកសព​​គរ​លើ​គ្នា​ មាន​ចំនួន​ច្រើនលើស​ពី​ ១០០ នាក់​ឯណោះ។ ផាន់ ​រន្ធត់​ចិត្ត​ជា​ខ្លាំង ​ដោយសាររបប​ខ្មែរ​ក្រហម​បាន​សម្លាប់​មនុស្ស​ជាច្រើន​គរ​​លើ​គ្នា​ដោយ​គ្មាន​ត្រា​ប្រណី រីឯ​ឆ្អឹង​មនុស្ស​ស្លាប់​គរដូច​ភ្នំ។ ​​​

ក្រោយ​ពី​ចែក​ផ្លូវ​គ្នា​ទៅ​ស្រុក​រៀងៗ​ខ្លួន​ អ្នក​រួម​ដំណើរ​ជាមួយគាត់​ក៏​ធ្វើ​ដំណើរ​ទៅ​ស្រុក​របស់​ខ្លួន រីឯគាត់​ក៏​ទៅ​ខេត្ត​កំពង់​ឆ្នាំង​ និង​រស់​នៅ​រហូត​ដល់​សព្វ​ថ្ងៃ។

នៅ​ពេល​សួរ​អំពី​គ្រួសារ​របស់​គាត់​ គាត់រៀប​រាប់​ថា​​ បាន​បែក​គ្នាហើយ​​នៅ​សល់​តែ​កូនស្រី​ម្នាក់ ​ដែលគាត់​រស់​នៅ​ជាមួយ​បច្ចុប្បន្ន។ រីឯកូន​ប្រុស​ពីរនាក់​ទៀត គាត់​ថា​បាន​ទៅ​ជាមួយ​គ្រូ​របស់​ពួក​គេ​ ដោយសារ​ពួក​គេ​ឈឺ។

ក្រោយ​មក​អ្នក​ស្គាល់​គ្នា​ដែលគាត់​ហៅ​ថា បង​ផេង​ បាន​នាំ​កូន​ប្រុស​ម្នាក់​ក្នុង​ចំណោម​ពីរ​នាក់​មក​ជួបគាត់​វិញ ដោយឡែក​កូន​ប្រុស​ម្នាក់​ទៀត​ពុំ​បាន​មក​ជាមួយ​ទេ​ ដោយសារកំពុង​ឈឺ​ និងទៅ​ជាមួយ​គ្រូហើយ។ ក្រោយគ្មាន​ដំណឹង​ពី​កូន​ប្រុស​ម្នាក់​ទៀត​ទាល់​តែ​សោះ​ គាត់​ក៏​បាន​ទៅមើល​ហោង​ចង់ដឹង​ថា​តើ​កូន​របស់​គាត់​នៅ​រស់​ឬទេ។

ហោរ​បាន​ប្រាប់​គាត់​ថា កូន​ប្រុស​មិន​ទាន់​បាត់​បង់​ជីវិតទេ និង​កំពុង​រស់​នៅ​​ឯ​ប្រទេស​បារាំង​ ហើយ​បាន​គិត​ថា​ឪពុក​ម្ដាយ​របស់​ខ្លួន​បាន​ស្លាប់​បាត់​ជីវិត​ហើយ​ទើប​មិន​បាន​ស្វែង​រក​គាត់។

អត្ថបទដោយ បៀន សីនៈ​

 

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin