ប្តីលង់ទឹកស្លាប់សម័យខ្មែរក្រហម

(ស្វាយរៀង) ៖ ទិត្យ ផា មានអាយុ៦៩ឆ្នាំ ជាកសិករ មានស្រុកកំណើត និងរស់នៅភូមិពោធិ៍តារស់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ គាត់ជាកូនទីពីរក្នុងគ្រួសារដែលមានសមាជិកប្រាំមួយនាក់។ ផា បានរៀបការក្នុងសម័យ លន់ នល់ និងមានកូនប្រុសម្នាក់។

ក្នុងរបបខ្មែរក្រហម ផា មានអាយុប្រហែល២១ឆ្នាំ។ គាត់ និងគ្រួសារត្រូវបានអង្គការឲ្យទៅរស់នៅរួមក្នុងសហករណ៍ ព្រមទាំងបានផ្តល់ទ្រព្យសម្បត្តិ និងសត្វពាហនៈ ដែលមានក្នុងរបប លន់ នល់ ទុកប្រើប្រាស់រួម។ ផា ត្រូវធ្វើការ ដក ស្ទូង ជញ្ជូនស្រូវ រែកដីដំបូក លាមកមនុស្ស និងសត្វដើម្បីទុកធ្វើជី។​

ប្តីត្រូវធ្វើការក្នុងកងចល័តនៅសហករណ៍ស្អាង ស្ថិតក្នុងស្រុករមាសហែក។ ប្តីបានស្លាប់ដោយសារលង់ទឹកពេលអង្គការប្រើឲ្យទៅទប់ទឹកកុំឲ្យលិចផលស្រូវ។

ផា បាននិយាយថា ថ្ងៃមួយមានអ្នកធ្វើការជាមួយប្តីបានមកប្រាប់ថា កងចល័តដែលទៅទប់ទឹកនៅទំនប់ស្អាង​បានស្លាប់អស់ហើយក្នុងនោះក៏មានប្តីរបស់គាត់ដែរ។ ផា បន្តថា ប្តីគាត់​មិនចេះហែលទឹកទេ ប៉ុន្តែត្រូវបានអង្គការបងំ្ខឲ្យគាត់ទៅទប់ទឹកនៅទំនប់ដែលមានទឹកជ្រៅៗ។

ក្រោយមក ផា សម្រាលបានកូនទីពីរ ជាមួយពេទ្យឆ្មបក្នុងភូមិ។ សម្រាលបានមួយខែគាត់ត្រូវបានអង្គការឲ្យទៅធ្វើ​ការជាអ្នកដេរ និងក្រងស្លឹកត្នោតទុកធ្វើស្បូវ។ គាត់ និងស្រ្តី១២នាក់ត្រូវធ្វើស្បូវប្រកផ្ទះតាមផែនការកំណត់មួយថ្ងៃឲ្យបានចំនួន៣០។ នៅពេលសម្រាកពេល​សម្រាល​កូនគាត់បានឮទាហានខ្មែរក្រហមនិយាយថា​ អ្នកជំងឺដែលមិនអាចទៅធ្វើការងារបានរយៈពេលយូរ ត្រូវ​យកទៅសម្លាប់ចោល ព្រោះតាមមាគ៌ារបស់អង្គការគឺទុកក៏មិនចំណេញដកចេញក៏មិនខាត។

ក្រោយប្តីស្លាប់ និង គាត់បានសម្រាលកូនបានមួយខែផា និងគ្រួសារត្រូវបានអង្គការជម្លៀសទៅខេត្តបាត់ដំបង។ គាត់ត្រូវធ្វើដំណើរដោយថ្មើរជើង ជិះកប៉ាល និងរថភ្លើង រយៈពេលមួយខែទើបដល់ខេត្តបាត់ដំបង។ នៅទីនោះអង្គការបានឲ្យគាត់ និងគ្រួសារស្នាក់នៅតំបន់ស្តុកបាវឹក។ កូនពីរនាក់ម្នាក់អាយុបីខែ និងម្នាក់ជាងបីឆ្នាំ ត្រូវបានអង្គការឲ្យទៅរស់នៅក្នុងកងកុមារ។ នៅពេលសម្រាកអង្គការអនុញ្ញាតឲ្យគាត់អាចមកបំបៅដោះកូនដែលចាស់ៗនៅមើលថែ។ ផា តូចចិត្តណាស់ក្នុង​នាមជាម្តាយដែលមិនអាចនៅថែទាំកូនតូចៗដោយផ្ទាល់បាន។

ផា ស្ថិតនៅក្នុងកងចល័តនារីដែលជាស្រ្តីមេម៉ាយប្រហែល៥០នាក់ ត្រូវទៅជីកទំនប់ លើកប្រឡាយ គាស់គល់ឈើ និងរុករានព្រៃ នៅតំបន់អាងទំលែង ដែលជាសហករណ៍គំរូមួយរបស់ប្រជាជនមូលដ្ឋាន។ គាត់ត្រូវងើបទៅធ្វើការទាំងពីម៉ោងបួនទៀបភ្លឺ និងសម្រាកម៉ោងប្រាំ​មួយ​ល្ងាច។

រឿងរ៉ាវដែល ផា ចងចាំមិនអាចបំភ្លេចបានក្នុងរបបខ្មែរក្រហមគឺការបាត់បង់ប្តី និងគាត់ត្រូវទៅធ្វើការទាំងសរសៃខ្ចីឆ្ងាយពីកូនតូចៗ។

ក្រោយរបបខ្មែរក្រហមដួលរលំ ផា បានធ្វើដំណើរត្រឡប់​មករស់នៅស្រុកកំណើតឯខេត្តស្វាយរៀង និងប្រកបរបបជាកសិករ រហូតដល់សព្វថ្ងៃ។

ផា បច្ចុប្បន្នមានជំងឺលើសសម្ពាធឈាម និងជំងឺឈឺសន្លាក់ដៃ ជើង។

សម្ភាសន៍ដោយ  ពេជ សាន  ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ  អេង សុខម៉េង ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin