ចូល សេ.អ៊ី.អា. ព្រោះខ្លាចអ្នកមានបុណ្យសក្តិក្នុងសង្គមចាស់ធ្វើបាប ឬដាក់ទណ្ឌកម្ម

ឯកសារលេខ D75912 ប្រវត្តិរូប វេជ្ជបណ្ឌិត តិច តូ/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

សង្ខេបចម្លើយសារភាព វេជ្ជបណ្ឌិត តឹក តូ[1]

កើតថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៣៤ នៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង

ចម្លើយសារភាពប្រវែងប្រមាណជា៥០ទំព័រ របស់វេជ្ជបណ្ឌិត តឹក តូ ដែលមានខ្លឹមសារច្រំដែលអំពីផែនការរបស់ភ្នាក់ងារ សេ.អ៊ី.អា. បានបញ្ហាងពីភាពសោកសៅនៃការចាប់ ដោយខ្លួនលោកត្រូវបានឃុំឃាំងនៅមន្ទីរសន្តិសុខ ស-២១ នៅថ្ងៃទី ៥ ខែមករា ឆ្នាំ១០៩៦។ ចម្លើយសារភាពនេះ ក៏បានរំលេចអំពីក្តីបារម្មណ៍ចំពោះសុវត្ថិភាពនៃសមាជិកគ្រួសាររបស់លោក ដែលអង្គការបញ្ជូនមកភ្នំពេញដែរ (ប៉ុន្តែមិនបានបញ្ជូនទៅមន្ទីរឃុំឃាំងជាមួយ តឹក តូ ទេ ដោយ តឹក តូ ក៏បានមិនដឹងថាសមាជិកគ្រួសារត្រូវអង្គការ[2]បញ្ជូនទៅរស់នៅកន្លែងណាដែរ)។ សមាជិកគ្រួសាររបស់ តឹក តូ ដែលខ្មែរក្រហម​ឃាត់ខ្លួនមានដូចខាងក្រោម៖

  • ប្រពន្ធឈ្មោះ វ៉ារ វែនស៊ុន អាយុ ៣៤ឆ្នាំ      សញ្ជាតិខ្មែរ
  • កូនស្រីឈ្មោះ លូរិនដាន អាយុ ១០ឆ្នាំ      សញ្ជាតិខ្មែរ
  • កូនប្រុសឈ្មោះ កាមិលី អាយុ ៧ឆ្នាំ         សញ្ជាតិខ្មែរ
  • កូនប្រុសឈ្មោះ រកា             អាយុ ៦ឆ្នាំ         សញ្ជាតិខ្មែរ
  • ម្តាយក្មេកឈ្មោះ វែន ណេត             អាយុ ៥៥ឆ្នាំ      សញ្ជាតិខ្មែរ
  • ប្អូនថ្លៃ (នារី)ឈ្មោះ វ៉ារ ដែល្លីឡា អាយុ ១៧ឆ្នាំ      សញ្ជាតិខ្មែរ

តឹក តូ មានដើមកំណើតនៅខេត្តស្ទឹងត្រែង និងមានប្រពន្ធឈ្មោះ វ៉ារ វែនស៊ុន។ គាត់រៀនត្រឹមថ្នាក់ទី៧ សង្គមចាស់ ដោយចេះវាយអង្គុលីលេខ និងធ្វើការជាលេខាធិការជំនួយពេទ្យបានរយៈពេលមួយឆ្នាំ ក្នុងឆ្នាំ១៩៧៣។ ក្រោយមក គាត់បានសម្រាកនៅផ្ទះ និងមើលកូន។ តូ មានឪពុកឈ្មោះ តឹក ម៉េងហោរ អាយុ ៧៥ឆ្នាំ ជាអតីតគិលានុបដ្ឋាក ដែលបានចូលនិវត្តន៍នៅអាយុ ៥៥ឆ្នាំ និងម្តាយឈ្មោះ លិម ធួក អាយុ ៧៣ឆ្នាំ។ តឹក តូ មានបងប្អូន ៧នាក់ ក្នុងនោះមានស្រី៣នាក់ និងប្រុស៤នាក់ រួមមាន៖

  1. តឹក ណូ (ប្រុស) អាយុ ៥០ឆ្នាំ អ្នកលក់ថ្នាំនៅហ្វាម៉ាស៊ី លីលី និងមានប្រពន្ធឈ្មោះ យិន
  2. តឹក ម៉ូ (ប្រុស) អាយុ ៤៧ឆ្នាំ អតីតគ្រូពេទ្យនៅខេត្តកោះកុង
  3. តឹក បូ (ប្រុស) អាយុ ៤១ឆ្នាំ ធ្វើការនៅក្រសួងទេសចរណ៍ ប្រពន្ធឈ្មោះ ស៊ីតេង
  4. តឹក តាត (ប្រុស) អាយុ ៤០ឆ្នាំ អតីតឱសថករសាស្ត្រាចារ្យសាលាផ្សំឱសថនៅភ្នំពេញ និងមានប្រពន្ធឈ្មោះ សា តូ ជាមេផ្ទះ
  5. តឹក សាអាត (ស្រី) អាយុ ៣៧ឆ្នាំ មានប្តីជាអ្នកជំនួញរកស៊ីឯកជន
  6. តឹក សាហាត (ស្រី) អាយុ ៣៥ឆ្នាំ មានប្តីឈ្មោះ ខាំ ហួត ធ្វើការជាវិស្វករនៅចម្ការកៅស៊ូជប់
  7. តឹក សុភាព (ស្រី) អាយុ ៣១ឆ្នាំ មានប្តីឈ្មោះ ហេង តឹកលី អតីតវិស្វករសំណង់ (ក្រោយថ្ងៃ១៧មេសា នៅប្រទេសអង់គ្លេស)

ប្រវត្តិការសិក្សា និងការងាររបស់ តិក តូ មុនថ្ងៃទី ១៧ ខែមេសា ឆ្នាំ១៩៧៥

នៅឆ្នាំ១៩៥៤ តឹក តូ ប្រលងជាប់មធ្យមសិក្សាភាគទី២ ផ្នែកវិទ្យាសាស្ត្រពិសោធន៍ រួចបន្តទៅសិក្សានៅក្រុង ម៉ុង ប៉ែល្លីយ័រ (Mont Pellier) ប្រទេសបារាំង។ ដោយការសិក្សានៅប្រទេសបារាំងពុំបានជោគជ័យ តឹក តូ សម្រេចចិត្តត្រលប់មកប្រទេសកម្ពុជាវិញក្នុងឆ្នាំ១៩៥៧ រួចចាប់ផ្តើមរៀនសូត្រពីឆ្នាំទី១ឡើងវិញ។ ចំណាយរយៈពេលអស់៣ឆ្នាំ តូ ទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសបារាំងម្តងទៀត និងបានបញ្ចប់ការសិក្សាផ្នែកវេជ្ជសាស្ត្រ ព្រមទាំងទទួលបានសញ្ញាប័ត្រវេជ្ជបណ្ឌិត ទើបត្រលប់មកប្រទេសកម្ពុជាវិញ។ ក្រោយមក តូ ទទួលបានការងារនៅមន្ទីរពេទ្យឯកជនពីរកន្លែង គឺមន្ទីរពេទ្យចិនពោធិ៍ចិនតុង និងមន្ទីរពេទ្យសូកូអា រយៈពេល២ឆ្នាំ (ឆ្នាំ១៩៦៧-១៩៦៩) ព្រោះមិនទាន់មានឱកាសបានចូលធ្វើការនៅក្នុងជួររដ្ឋាភិបាល។

នៅខែកុម្ភៈ ឆ្នាំ១៩៦៩ តឹក តូ បានចូលធ្វើការនៅមន្ទីរពេទ្យព្រះកេតុមាលា។ លុះចន្លោះឆ្នាំ១៩៧២និងឆ្នាំ១៩៧៤ តូ ក្លាយជាវេជ្ជបណ្ឌិតពេញសិទ្ធ។ ក្រោយមក តឹក តូ បានចូលជាបុគ្គលិកនៅទីស្តីការក្រសួងពេទ្យ និងបានចូលរួមជាសមាជិក សេ.អ៊ី.អា. តាមរយៈ គឹម វៀន និង ប៉ែន វ៉ូឡៃ និងត្រូវទទួលស្គាល់ដោយ ស្ទីសប៊័រហ្គ័រ (Stisburger) តែពុំមានរៀបចំពីធីចូលសមាជិកអ្វីឡើយ។ តូ គ្រាន់តែចូលរួមប្រជុំសេចក្តីថ្លែងការណ៍អំពីជំនួយថ្នាំពេទ្យ និងទទួលថវិកាពេលបញ្ចប់កិច្ចប្រជុំ។ មូលហេតុចម្បងដែល តឹក តូ សម្រេចចូលជាមាជិក សេ.អ៊ី.អា. គឺដោយសារតែជីវភាពនៅភ្នំពេញមានសភាពពិបាកឡើង ព្រោះប្រាក់ខែតិច មិនអាចផ្គត់ផ្គង់គ្រួសារបានគ្រប់គ្រាន់។ ម្យ៉ាងទៀត អ្នកដែលឧទ្ទេសនាម តឹក តូ ឲ្យចូលជាភ្នាក់ងារ សេ.អ៊ី.អា. គឺជារដ្ឋមន្ត្រីក្រសួងសុខាភិបាលនៃរបប លន់ នល់ ដែលមានអំណាច និងអាចធ្វើបាប ឬដាក់ទណ្ឌកម្មលើ តឹក តូ បានគ្រប់ពេលវេលា។

ផែនការ សេ.អ៊ី.អា. មុនថ្ងៃទី ១៧ ខែមេសា ឆ្នាំ១៩៧៥ របស់ តឹក តូ ដែលជាសមាជិក៖

ផែនការ សេ.អ៊ី.អា.  ដែលផ្តល់ឲ្យ តឹក តូ អនុវត្ត មាន៤ធំៗគឺ  ១) ពង្រីកសមាជិកថ្មីបន្ថែម, ២) ឃោសនាប្រឆាំងបក្សកុម្មុយនីស្ត, ៣) ស៊ើបពីសកម្មភាពនៅតំបន់រំដោះតាមរយៈអ្នកជំងឺដែលជាអ្នកជម្លៀស និង ៤) តាមដានសកម្មភាពខ្មែរក្រហមនៅក្នុងចំណោមបុគ្គលិកពេទ្យ និងអ្នកជំងឺ។

ក្នុងឱកាសចូលរួមសន្និសីទជាមួយនិស្សិតពេទ្យពីបញ្ហាវេជ្ជសាស្ត្រ តឹក តូ បានឆ្លៀតឃោសនា សាកល្បង និងអប់រំនិស្សិតពេទ្យមួយចំនួន ដូចជាឈ្មោះ នូ ថៃ និង សាឡេម សាឡា ដែលជាគ្រឹស្តបរិស័ទ្ធ ព្រមទាំអបុគ្គលិកនៅមន្ទីរពេទ្យពីរនាក់ទៀត ឈ្មោះ ឈេង ដូវ ហៅ លីដូវ និង តុប តែពុំបានសម្រេច។ បន្ទាប់ពីនោះមក តឹក តូ បានឧទ្ទេសនាមសមាជិកថ្មី ឈ្មោះ កែវ ឈន ជាវេជ្ជបណ្ឌិត ទៅឲ្យ ស្ទីសប៊័រហ្គ័រ រួចចាប់ផ្តើមទទួលប្រាក់បៀវត្សរ៍ នៅខែតុលា ឆ្នាំ១៩៧៤។ តឹក តូ ទទួលបន្ទុកបណ្តុះបណ្តាល ឈ្មោះ កែវ ឈន និង សៀក លន។

នៅខែកុម្ភៈ ឆ្នាំ១៩៧៥ មុនខ្មែរក្រហមកាន់កាប់ទីក្រុងភ្នំពេញ គឹម វៀន បានបើកការប្រជុំរបស់ភ្នាក់ងារ សេ.អ៊ី.អា. ដែលមានអ្នកចូលរួមដូចជា សូឡី, ប៉ែន វ៉ូឡៃ, អៀង សាកូសុន និង តឹក តូ ដោយពិភាក្សាពីរបៀបទំនាក់ទំនង រវាងភ្នាក់ងារ សេ.អ៊ី.អា ទាំងអស់។ សមាជិកនីមួយៗ ត្រូវតែដឹងពីអាសយដ្ឋានច្បាស់លាស់របស់ភ្នាក់ងារផ្សេងទៀត ដើម្បីងាយស្រួលការពារសកម្មភាពផ្សេងៗ។ គឹម វៀន ចាត់តាំង អៀង សាកូសុន និង កែវ ឈន ជានីរសារទី១ ដើម្បីផ្តល់ព័ត៌មានទៅវិញទៅមកពីភ្នាក់ងារ សេ.អ៊ី.អា. ដទៃទៀត។ ប្រសិនបើដាច់ទំនាក់ទំនងគ្នាក្នុងករណីណាមួយ ភ្នាក់ងារ សេ.អ៊ី.អា. ទាំងអស់ ត្រូវតែម្ចាស់ការលើភារកិច្ចរៀងខ្លួន ដោយរង់ចាំស្តាប់ដំណឹងពីសកម្មភាពនៅកន្លែងដទៃ។

កិច្ចប្រជុំនោះ ក៏បានលើកពីគម្រោងផែនការបង្ការ ពេលខ្មែរក្រហមចូលកាន់កាប់ទីក្រុងភ្នំពេញ ក៏ដូចជាប្រទេសទាំងមូលនៅថ្ងៃទី ១៧​ ខែមេសា ឆ្នាំ១៩៧៥ជាមុនដែរ ដោយពិភាក្សាអំពី ការឃោសនាក្នុងពេលប្រជុំ និងបង្កើតជាក្រុមនយោបាយ ដើម្បីបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរដ្ឋ ឬអ្វីដែលទាក់ទងដល់សេដ្ឋកិច្ចរដ្ឋ ដែលមានដូចជា ទំនប់ប្រឡាយជាដើម។ ក្រៅពីនេះ សមាជិក ត្រូវបង្កើតចោរកម្មតូចធំ ដើម្បីឲ្យខូចខាតដល់នយោបាយ និងបង្កជាអសន្តិសុខសង្គម។ បន្ថែមលើសនេះ សមាជិក ត្រូវមានសកម្មភាពនយោបាយដោយបង្កើតបាតុកម្ម វិច្ឆេតនកម្មឲ្យខ្លាំង និងធ្វើឲ្យផ្ទុះបន្តបន្ទាប់គ្នា នៅខែមីនា ឆ្នាំ១៩៧៦ ឬយ៉ាងយូរត្រឹមខែមេសា ឆ្នាំដដែលនេះ។

សកម្មភាពពីឆ្នាំ១៩៧០ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥

សកម្មភាពឃោសនាដែល តឹក តូ ធ្វើជាប្រចាំ គឺការឃោសនានៅជំរុំជនភៀសខ្លួន និងនៅមន្ទីរព្រះកេតុមាលា នៅរាជធានីភ្នំពេញ។ តូ ឃោសនាឲ្យពេទ្យរួមអាជីព និងអ្នកជំងឺឲ្យគាំទ្ររបបសង្គមចាស់ ដែលមានបរទេសជួយទាំងឱសថ និងផ្ទះដល់ជនភៀសខ្លួន ជាពិសេសនៅពេលដែលគាត់ចុះចែកអំណោយដល់អ្នកជំងឺ និងជនភៀសខ្លួន ឲ្យបានដឹងកាន់តែច្បាស់ពីការស្រលាញ់យកចិត្តដាក់ពីបរទេសពិតប្រាកដ។ មិនតែប៉ុណ្ណោះ តូ ថែមទាំងបាននិយាយអាក្រក់ពីប្រជាជននៅទឹកដីរំដោះ ដូចជា ការពិបាករកម្ហូបអាហារ, ការឈឺស្លាប់ច្រើនដោយសារគ្មានថ្នាំសង្កូវ និងការស្លាប់ដោយសារត្រូវគ្រាប់បែកជាដើម ព្រមទាំងបានលើកទៀតថា ទោះបីជាដីរំដោះមានផ្ទៃដីធំ តែពុំសូវមានប្រជាជនរស់នៅទេ។ បន្ថែមលើនេះ ពេលដែលមានអ្នករបួស ឬអ្នកជំងឺសម្រាកនៅមន្ទីរពេទ្យ តឹក តូ តែងតែអប់រំអ្នកទាំងនោះកុំឲ្យវិលត្រលប់ទៅទឹកដីរំដោះវិញ និងនៅជួយគាំទ្ររបបចាស់ ដែលសម្បូរត្រីសាច់ ថ្នាំពេទ្យ និងសម្ភារយោធាថែមទៀត។ លើសពីនេះទៀត តឹក តូ បានធ្វើសំណើស្នើសុំសម្ភា​រពេទ្យ ថ្នាំពេទ្យ និងឧបករណ៍វះកាត់ ព្រមទាំងទទួលបានជំនួយពីអង្គការ សេ.អ៊ែរ.អែស, អង្គការ ទស្សនៈពិភពលោក និងអង្គការ កែរទៀតផង។ តឹក តូ បានផ្ញើទុកថ្នាំ និងសម្ភារមួយចំនួនធំ នៅឃ្លាំងរបស់អង្គការ អុយ.នី.សែហ្វ (UNICEF) សម្រាប់ផ្ញើបន្តទៅខេត្ត សម្រាប់ឲ្យព្យាបាលយុទ្ធជននៃរបបចាស់។

សកម្មភាពក្រោយថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥

ក្រោយរបបកម្ពុជាប្រជាធិបតេយ្យឡើងកាន់អំណាចពេញលេញ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ប្រជាជនទូទាំងប្រទេស ត្រូវបានជម្លៀសចេញឲ្យទៅរស់នៅតាមជនបទ ធ្វើស្រែចម្ការ និងលើកទំនប់ជីកប្រឡាយ។ ប្រជាជនដែលរស់នៅទីក្រុង ត្រូវជម្លៀសទៅតាមតំបន់ផ្សេងៗគ្នាទូទាំងប្រទេស ដោយឡែកអ្នកធ្លាប់ធ្វើជាអតីតទាហាន លន់ នល់ ឬអ្នកធ្វើការដែលមានតំណែងធំនៅក្នុងជួររដ្ឋាភិបាល លន់ នល់ ត្រូវបានខ្មែរក្រហមយកទៅសម្លាប់ចោលភ្លាមៗទាំងគ្រួសារ។ តឹក តូ និងគ្រួសារ ដែលមានសមាជិក ៧នាក់ ត្រូវបានជម្លៀសទៅភូមិក្តីចាស់ ឃុំបាក់ខែង ស្រុកមុខកំពូល ខេត្តកណ្តាល តំបន់២២។ ដោយឡែក ឪពុកម្តាយ និងបងប្អូនបង្កើត របស់ តឹក តូ ពុំដឹងថាត្រូវជម្លៀសទៅនៅតំបន់ណាទេ។

សម្មភាពឃោសនាប្រឆាំងនឹងកុម្មុយនីស្តរបស់ តឹក តូ នៅតែបន្តក្រោយពេល គាត់ទៅដល់ខេត្តកណ្តាល។ គាត់បានធ្វើសកម្មភាព ដូចជា ១) បានជេរប្រពន្ធ វាយកូន ដើម្បីបង្កចលាចល, ២) ពេលឃ្វាលគោឲ្យគោរួចទៅស៊ីពោត ស៊ីស្រូវ ខូចខាតអស់ ១៥ម៉ែត្រក្រឡា, ៣) ឃោសនាឲ្យប្រជាជនជឿលើរបបចាស់ ជឿលើបរទេស និងសាសនា ព្រោះបើគ្មានសាសនា គ្មានព្រះសង្ឃ គឺពិបាកធ្វើបុណ្យពេលស្លាប់ទៅ និងនៅពេលរដូវភ្ជុំបិណ្ឌ និងពេលប្រារព្ធពិធីសាសនាផ្សេងៗ, ៤) បង្កើតទម្លាប់ខ្ជិលច្រអូសដល់យុវជន ដោយការចុះធ្វើពលកម្មរួមមិនទៀងទាត់ពេលវេលាជាដរាប និង៥) បាចខិតប័ណ្ណនៅភូមិចំបក់មាស និងភូមិច្រាំងស្រុតដែលមានអត្ថន័យដូចខាងក្រោម៖

  • «យើងចង់ហូបបាយវាល់កំប៉ុង ឬក៏ហូបបាយវាល់តៅ»
  • «សូមប្រជាជន ជឿ និងជួយរបបចាស់ និងជឿលើសាសនា»
  • «សូមបងប្អូនក្រោកឡើយ ដើរតាមកក្បួនដង្ហែរ»

ក្នុងខែកក្កដា ឆ្នាំ១៩៧៥ ភ្នាក់ងារ សេ.អ៊ី.អា. ម្នាក់ឈ្មោះ សូឡី បន្លំខ្លួនជាកងទ័ពខ្មែរក្រហម និងដើរដកហូតនាឡិកាពីប្រជាជនជម្លៀសតាមផ្លូវ ដើម្បីស្កាត់ទៅជួប តឹក តូ នៅវត្តក្តីចាស់ បញ្ជាក់ពីអាសយដ្ឋានរបស់ យូ គឹមយាន, ហៃ ប៊ុនរិន, កូ នីយូសុន និង គឹម ហ៊ន។ នៅខែឆ្នាំដដែលនេះ សៀល សន ក៏បានទៅជួប តឹក តូ ផ្តល់ដំណឹងពី មិញ វ័ន នៅជ្រៃធំ ដែលបានអប់រំដល់កសិករដប់នាក់។ លុះដល់ថ្ងៃទី ២ ខែតុលា ឆ្នាំ១៩៧៥ នុត សាវឿន ក៏បានមកជួប តឹក តូ នៅភូមិក្តីចាស់ដដែល ក្នុងគោលបំណងផ្តល់ដំណឹងពីចលនាឃោសនាបំផុសឲ្យប្រជាជនគាំទ្រ និងទាមទារប្រឆាំងដើម្បីផ្តួលរំលំរបបខ្មែរក្រហម។ ជាមួយគ្នានោះ សាវឿន បានស្នើយោបល់ពី តឹក តូ ពីរបៀបធ្វើបាតុកម្ម ដើម្បីឲ្យចេញជារូបរាងឡើង និងប្រគល់បញ្ជីឈ្មោះភ្នាក់ងារ សេ.អ៊ី.អា. ដែលខ្លួនរកឃើញបន្ថែម។ ចំណែក តឹក តូ ក្រោយពីប្រគល់ខ្លឹមសារនៃខិតប័ណ្ណដែលសរសេរផ្ទាល់ដៃទៅ សាវឿន រួចហើយ បានប្រាប់គម្រោងបំផ្លាញរហាត់ទឹក (បើជោគជ័យ គឺធ្វើឲ្យខូចស្រូវទាំងអស់នៅភូមិក្តីចាស់) ទម្លាយទំនប់ទឹក លែងគោឲ្យស៊ីដំណាំពោត និងស្រូវជាដើម ព្រោះនៅភូមិក្តីចាស់ ពុំមានកន្លែងសម្រាប់ធ្វើបាតុកម្មឡើយ។ បន្ទាប់មកទៀត ដល់ថ្ងៃទី ៣០ ខែតុលា ឆ្នាំ១៩៧៥ គឹម វៀន បានបន្លំខ្លួនតាមរយៈអ្នកដឹកអំបិលទៅជួប តឹក តូ។ ប្រហែល ១ម៉ោង ក្រោយពីស្តាប់ការរាយការណ៍លទ្ធផលនៃការងាររបស់ តឹក តូ រួចរាល់ គឹម វៀន ផ្តាំឲ្យខិតខំបំពេញភារកិច្ចតាមការកំណត់ពីមុន សកម្មភាពជិតផ្ទុះហើយ ឲ្យតាមដានឲ្យជាប់ និងម្ចាស់ការ។

ផែនការ សេ.អ៊ី.អា. សម្រាប់ទូទាំងប្រទេស

បរទេសគិតទុកថា របបកម្ពុជាប្រជាធិបតេយ្យ នឹងដួលរលំនៅថ្ងៃណាមួយជាក់ជាមិនខាន ទើបភ្នាក់ងារ សេ.អ៊ី.អា. បានរៀបចំគម្រោងការដណ្តើមយកភ្នំពេញវិញ ដោយបានបញ្ជូនទាហានដែលមានសក្តិធំៗជាច្រើន ទៅសិក្សានៅបរទេស ដូចជា៖ ប្រទេសវៀតណាម ប្រទេសថៃ និងនៅសហរដ្ឋអាមេរិក។ ក្រោយបញ្ចប់ការសិក្សា ទាហានទាំងអស់ នឹងក្លាយជាមេទ័ពដឹកនាំទ័ព ដែលទៅរៀននៅបរទេសចំនួន ៧០០០នាក់ (ទាំងសក្តិធំ និងសក្តិតូច) វាយពីក្រៅប្រទេស ដោយធ្វើយុទ្ធនាការពេលរដូវទឹកស្រក គឺចាប់ពីខែកុម្ភៈ ឆ្នាំ១៩៧៦។ ច្រកគោលដៅដែលត្រូវបើកការប្រយុទ្ធមាន ៣ទិស ហើយច្រកនីមួយៗមានកងទ័ពពី ៣០០០ទៅ៥០០០នាក់៖

  1. ទិសខាងជើង (ភ្នំដងរែក) មាន ២ច្រក ពីប្រទេសថៃ គឺ ច្រកកំពង់ស្រឡៅ ខេត្តព្រះវិហារ និងច្រកសំរោង ខេត្តឧត្តរមានជ័យ។
  2. ទិសខាងលិច មាន ៣ច្រក ពីប្រទេសថៃ គឺ ច្រកថ្មពួក ខេត្តបាត់ដំបង, ច្រកប៉ៃលិន ខេត្តបាត់ដំបង និងច្រកភ្នំស្រល់ ខេត្តពោធិ៍សាត់។
  3. តាមសមុទ្រ មាន ២ច្រក គឺ ច្រកកំពង់សោម និងច្រកកំពត-កែប

ផែនទីច្រកផែនការណ៍វាយដោយយោធាពីខាងក្រៅនៃផែនការណ៍ សេ.អ៊ី.អា សម្រាប់ទូទាំងប្រទេស[3]

មិនតែប៉ុណ្ណោះ ភ្នាក់ងារ សេ.អ៊ី.អា. បានរៀបចំទ័ពបង្កប់ខាងក្នុងមុនរបបខ្មែរក្រហមកាន់អំណាច ដោយមានទ័ពចំនួន ១៧០០០នាក់បង្កប់តាមតំបន់ចំនួន ៥ រួមមាន៖ ខេត្តកំពង់ឆ្នាំង ៣០០០នាក់, ខេត្តកំពត ៣០០០នាក់, ខេត្តកំពង់សោម ៣០០០នាក់, ខេត្តស្វាយរៀង ៣០០០នាក់ និងខេត្តកំពង់ស្ពឺ ៥០០០នាក់។ ក្រោយថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ទ័ពបង្កប់ចំនួនប្រមាណ ១៣០០០នាក់ ដែលប្រហែលនឹង៣ភាគ៤នៃទ័ពបង្កប់ទាំងអស់ ត្រូវបានសម្លាប់ដោយកងទ័ពខ្មែរក្រហម និងទ័ពដែលនៅសេសសល់ប្រហែល ៤០០០នាក់ទៀតស្ថិតក្រោមការគ្រប់គ្រងដោយមេបញ្ជាការ៥នាក់ នៅតាមតំបន់ទាំង៥ មាន៖ ខេត្តកំពត ដោយមេបញ្ជាការ ហ្សង់ ហ្វេរណង់ដែស្ស សក្តិ៥, ខេត្តកំពង់សោម ដោយមេបញ្ជាការ មូល ឃ្លេង ឧត្តមសេនីយ៍, ខេត្តស្វាយរៀង ដោយមេបញ្ជាការ នុប ប៉ារមុង ឧត្តមសេនីយ៍, ខេត្តកំពង់ស្ពឺ ដោយមេញ្ជាការ ចន្ទ រង្សីយ ឧត្តមសេនីយ៍ និងខេត្តកំពង់ឆ្នាំង ដោយមេបញ្ជាការ ជា គិមអេង ឧត្តមសេនីយ៍។ ចំពោះសម្ភារយោធា មានដូចជា រថក្រោះ, ឡានកាមីញុង និងគ្រឿងសព្វាវុធធម្មតាដែលធ្លាប់ប្រើនៅសង្គ្រាមវៀតណាម ទទួលបានពីសហរដ្ឋអាមេរិកតាមរយៈកងទ័ពដែលត្រៀមវាយពីខាងក្រៅ។ ក្រៅពីនេះ មានប្រទេស៣ផ្សេងទៀត ដែលជួយដល់ការត្រៀមវាយប្រយុទ្ធនេះ គឺប្រទេសអូស្ត្រាលី នឹងផ្តល់ជំនួយជាឡាន, ប្រទេសកូរ៉េខាងត្បូង នឹងជួយជាថ្នាំពេទ្យ និងប្រទេសតៃវ៉ាន់ នឹងជួយជាសម្លៀកបំពាក់យោធា និងអង្ករ។

លើសពីនេះទៀត ភ្នាក់ងារ សេ.អ៊ី.អា. បានប្រើយុទ្ធសាស្ត្រវាយប្រហារដោយចិត្តសាស្ត្រ, នយោបាយ, វិច្ឆេតនកម្ម, ជនបង្កប់សម្ងាត់ដែលជ្រើសរើសពីប្រជាជនភៀសខ្លួនទៅប្រទេសថៃ និងនីរសារសម្ងាត់ថែមទៀត។

ឈ្មោះសមាជិក សេ.អ៊ី.អា. ដទៃទៀត[4]

 

អត្ថបទដោយ៖ គឹម សុវណ្ណដានី

ឯកសារយោង

[1] មជ្ឈមណ្ឌលឯកសារកម្ពុជា។ «ចម្លើយសារភាព៖ តិក តូ អតីតវេជ្ជបណ្ឌិត» ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៦, ឯកសារលេខ D៧៥៩១២។

[2] មជ្ឈមណ្ឌលឯកសារកម្ពុជា។ «មន្ទីរ៨៧០៖ សេចក្តីណែនាំអំពីការប្រើពាក្យអង្គការ និងពាក្យបក្ស» ចេញផ្សាយថ្ងៃទី១១ ខែកក្កដា ឆ្នាំ១៩៧៧, ឯកសារលេខD០១២៦៦។

[3] មជ្ឈមណ្ឌលឯកសារកម្ពុជា។ «ចម្លើយសារភាព៖ តិក តូ អតីតវេជ្ជបណ្ឌិត» ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៦, ឯកសារលេខ D៧៥៩១២, ទំព័រទី១២។

[4] មជ្ឈមណ្ឌលឯកសារកម្ពុជា។ «ចម្លើយសារភាព៖ តិក តូ អតីតវេជ្ជបណ្ឌិត» ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៦, ឯកសារលេខ D៧៥៩១២, ទំព័រទី ១៩៦-១៩៨។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin