តូនី ម៉ាត់៖ ខ្ញុំជួបជនជាតិអាមេរិកាំង ហៅឪអាយ៉េ នៅមន្ទីរសន្តិសុខចម្ការកាហ្វេ

តូនី ម៉ាត់ រស់នៅភូមិព្រែកពួយ ឃុំគគីរ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

នៅឆ្នាំ១៩៧៧ ខ្ញុំបានជួបជាមួយឪអាយ៉េ(ជនជាតិអាមេរិក) នៅមន្ទីរសន្តិសុខចម្ការកាហ្វេ ប្រហែល១០០ម៉ែត្រ កំពុងដើរតាមផ្លូវ ប៉ុន្តែខ្ញុំមិនបាននិយាយជាមួយទេ ប្រឹងលើកដែកដាក់ឲ្យពេញរទេះប្រញាប់ត្រឡប់ទៅវិញ។ តាមខ្ញុំដឹងពីអ្នកយាមមន្ទីរសន្តិសុខចម្ការកាហ្វេ ឈ្មោះ ស៊ន ប្រាប់ថា ឪអាយ៉េ អត់បានជម្លៀសទៅណាទេ គឺនៅក្នុងមន្ទីរសន្តិសុខសម្ការកាហ្វេ។ ក្រោយមកទៀត ខ្ញុំលែងទទួលបានដំណឹងពីឈ្មោះ ឪអាយ៉េ (ជនជាតិអាមេរិក)។

ឈ្មោះ តូនី ម៉ាត់[1] ភេទប្រុស អាយុ ៧២ឆ្នាំ (ជនជាតិចាម) មានស្រុកកំណើត នៅភូមិឆ្លូង១ ឃុំកំពាន់ ស្រុកមេមត់ ខេត្តកំពង់ចាម បច្ចុប្បន្នរស់នៅភូមិព្រែកពួយ ឃុំគគីរ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ប្រពន្ធឈ្មោះ កុប ខមីស អាយុ ៧២ឆ្នាំ(ស្លាប់២០១៥) មានកូនចំនួន១១នាក់ (ស្រី៩)។ ស្លាប់ក្នុងសម័យ ប៉ុល ពត ២នាក់ និងស្លាប់ដោយសារជំងឺម្នាក់។  ឪពុក ខ្ញុំឈ្មោះ ម៉ាន តូនី (ស្លាប់២០១៥) និង ម្តាយឈ្មោះ សុះ ម៉ាស់។ ខ្ញុំមានបងប្អូនចំនួន១៦នាក់ (ស្រី២) ហើយ ខ្ញុំជាកូនច្បងក្នុងគ្រួសារ។

កាលពីក្មេង ខ្ញុំ បានចូលរៀននៅសាលាបឋមសិក្សាសូបា (បច្ចុប្បន្នស្ថិតនៅភូមិឆ្លូង១​ ឃុំកំពាន់)។ នៅពេលខ្ញុំរៀនចប់ថ្នាក់បឋមសិក្សា ឡើងទៅសិក្សានៅអនុវិទ្យាល័យមេមត់។ ខ្ញុំរៀនបាន៨ខែ​ ប្រទេសជាតិច្របូកច្របល់។ ប្រជាជនតាមភូមិ-ឃុំ នាំគ្នាឡើងទៅធ្វើបាតុកម្មនៅទីរួមស្រុកមេមត់។ ខ្ញុំសម្រេចចិត្តឈប់រៀនទៅជួយធ្វើស្រែចម្ការឪពុក-ម្តាយ វិញ។

នៅឆ្នាំ១៩៧០-១៩៧១ កាលរៀននៅវិទ្យាល័យមេមត់ ខ្ញុំបានស្គាល់ជាមួយទាហានអាមេរិកាំង ឈ្មោះហៅថា ឪអាយ៉េ។ ជនជាតិអាមេរិកាំងនោះ មានស្បែកខ្មៅ និងចេះនិយាយភាសាខ្មែរបានតិចតួច​។ ខ្ញុំសុំ ឪអាយ៉េ ធ្វើជាពួកម៉ាក ហើយខ្ញុំប្រាស្រ័យទាក់ទងជាមួយគ្នាបានដោយសារខ្ញុំចេះនិយាយភាសាបារាំងបន្តិចបន្តួច ហើយឪអាយ៉េ ក៏ចេះភាសាបារាំង។ ខ្ញុំសួរទៅកាន់ជនជាតិអាមេរិកាំងថា ម៉េចបានពួកម៉ាកមកដល់ស្រុកមេមត់? ហើយគាត់ឆ្លើយថា ខ្ញុំត្រូវបានកងទ័ពវៀតកុងចាប់ពីប្រទេសវៀតណាមប្រគល់មកឲ្យខ្មែរ។

ខ្ញុំ និងជនជាតិអាមេរិកាំង(ឪអាយ៉េ) មិនសូវបានជួប និងនិយាយជាមួយគ្នារាល់ថ្ងៃទេ។ ការជួបគ្នាម្តងម្កាលនៅថ្ងៃសៅរ៍-អាទិត្យ ខ្ញុំបានជួបឪអាយ៉េ ដើរតាមផ្លូវនៅភូមិសង្គមមានជ័យចាស់ ឃុំមេមត់ ស្រុកមេមត់។ អំឡុងពេលខ្ញុំជួបជាមួយឪអាយ៉េ គាត់មានអាយុប្រហែល ២០ឆ្នាំក្រាស់ ទៅអាយុ៣០ឆ្នាំ។ គាត់មានមាឌធំ, ខ្ពស់, ស្បែកខ្មៅ និងស្លៀកខោខ្លីពណ៌ខ្មៅ ដើរតាមផ្លូវជាតិលេខ៧ ភូមិសង្គមមានជ័យចាស់ ឃុំមេមត់។

នៅឆ្នាំ១៩៧២ យន្តហោះមកទម្លាក់គ្រាប់បែកនៅឃុំកំពាន់ ទ័ពវៀតកុង វាយជាមួយធីវគី តាមផ្លូវជាតិលេខ៧។ ឃុំកំពាន់ វៀតកុងបានចូលមករស់នៅ ហើយ វៀតកុង បង្កើតជាឃ្លាំងអង្ករធំមួយ នៅសូហាយ (បច្ចុប្បន្នភូមិឆ្លូង៣ ឃុំកំពាន់) ហើយអង្កទាំងនោះទិញពីប្រជាជនខ្មែរ។ ការប៉ះទង្គិចគ្នារវាងវៀតកុង និងអាមេរិកាំងនៅផ្លូវជាតិលេខ៧ ភូមិឆ្លូង៣ ឃុំកំពាន់ និងភូមិសាឡង់ពីរ ឃុំដារ ស្រុកមេមត់ បណ្តាលឲ្យរថក្រោះត្រូវបានឆេះខ្ទេច។ ពីរខែបន្ទាប់ខ្ញុំបានធ្វើដំណើរទៅដល់ភូមិសាឡង់ពីរ ឃុំដារ ឃើញកម្ទេចដែករថក្រោះ កន្លែងវាយប្រយុទ្ធនៅភូមិសាឡង់ពីរ។

នៅឆ្នាំ១៩៧៥ ខ្មែរក្រហមជម្លៀសខ្ញុំទៅឃុំគគីរ និងឲ្យរស់នៅក្នុងសហករណ៍ ហើយប្រធានកងធំឃុំគគីរ ឈ្មោះ តាំង សឹម ខ។ ខ្មែរក្រហមជម្លៀសចាមឲ្យនៅជាមួយខ្មែរ។ រយៈពេលមួយសប្តាហ៍ក្រោយមក ខ្ញុំត្រូវបានប្រធានកងធំ ចាត់តាំងឲ្យបង្កើតសិប្បកម្មរោងឈើក្នុងឃុំគគីរ។ ក្រោយមក តាំង សឹម បញ្ជូនខ្ញុំទៅធ្វើការងារជាជាងដំដែកដើម្បីផលិតចប, កាំបិត, ពូថៅ និងមានសម្ភារផ្សេងទៀត សម្រាប់ប្រើប្រាស់ខាងកសិកម្ម។ ពេលខ្ញុំផលិតបានខាងប្រធានកងដឹកជញ្ជូនទៅតាមមូលដ្ឋាន។ ក្នុងឆ្នាំ១៩៧៥ នៅមន្ទីរសន្តិសុខចម្ការកាហ្វេ មិនទាន់មានអ្នកទោសច្រើនទេ។ ដែកដែលផលិតនៅឃុំកំពាន់ ខ្វះខាតច្រើន ដោយសារតម្រូវការប្រើប្រាស់​មានច្រើន។ ប្រធានកងធំ ឈ្មោះ តាំង សឹម ឲ្យខ្ញុំទៅយកដែកនៅមន្ទីរសន្តិសុខចម្ការកាហ្វេ។

នៅឆ្នាំ១៩៧៦ ខ្ញុំទៅដឹកដែក នៅមន្ទីរសន្តិសុខចម្ការកាហ្វេ នៅភូមិលោ ឃុំកំពាន់ ស្រុកមេមត់។ លើកទីពីរខ្ញុំបរទេះគោ បានជួបជាមួយអ្នកយាមគុក នៅមន្ទីរសន្តិសុខចម្ការការហ្វេ ប្រើឲ្យជួយលើកដែកដាក់រទេះ។ នៅមន្ទីរសន្តិសុខមានបីរោង រោងមួយធំជាងនៅចំកណ្តាល ចំណែករោងពីរតូចៗនៅសងខាង។ ខ្ញុំក្រឡេកឃើញ ខ្នោះ ច្រវ៉ាក់ ខ្សែភ្លើង អ្នកទោសខ្លះ នៅខាងក្រៅកណ្តាលវាល។ ខ្ញុំបានជួបឈ្មោះ យ៉ា ជាអ្នកទោសក្នុងមន្ទីរសន្តិសុខចម្ការកាហ្វេ ចាប់ចោទពីបទបះបោរនៅកោះផល។ អ្នកទោសមានពីរប្រភេទ អ្នកទោសស្រាល នៅមន្ទីរចម្ការកាហ្វេ ឯអ្នកទោសធ្ងន់បញ្ជូនទៅស្រែសង្កែ (ស្រែសង្កែ បច្ចុប្បន្នភូមិសុខសាន្ត)។ អ្នកទោសនៅមន្ទីរសន្តិសុខចម្ការកាហ្វេប្រហែល១០០នាក់។ អ្នកគ្រប់គ្រងខាងមន្ទីរសន្តិសុខ មានឈ្មោះ តាដូច ជាអ្នកឃុំស្រឡប់ ស្រុកតំបែរ, តាសណ្តែកដី មកពីកំពង់សោម, តាវ៉ែន មកពីភូមិរំចេក ឃុំរំចេក, តាត មកពីខេត្តកោះកុង, កាវ បាន មកពីឃុំរំចេក ក្រោយមកទៀតមានឈ្មោះ ស៊ន​។

ខ្ញុំធ្លាប់បររទេះទៅដឹកដែក នៅមន្ទីរសន្តិសុខចម្ការកាហ្វេប្រហែល១០ដង និងភូមិព្រែកពួយ៣ដង។ ខ្ញុំធ្លាប់ជួបជាមួយឪអាយ៉េ នៅភូមិសង្គមមានជ័យចាស់ ឃុំមេមត់ និងជួបនៅមន្ទីរសន្តិសុខចម្ការកាហ្វេ នៅភូមិលោ ឃុំកំពាន់។ ក្នុងឆ្នាំ១៩៧១ ជួបនិយាយលេងជាមួយឪអាយ៉េ បានបន្តិចបន្តួច  ព្រោះឪពុកប្រាប់ថាកុំសូវនិយាយច្រើនជាមួយអ្នកទោស ខ្លាចជាប់ពាក់ព័ន្ធរឿងនិយាយ​ច្រើន។ ខ្ញុំជួបឪអាយ៉េ នៅសង្គមមានជ័យចាស់ គឺនៅក្រៅឃុំឃាំង កាលពីមុនមានមន្ទីរសន្តិសុខនៅភូមិសង្គមមានជ័យចាស់ ឃុំមេមត់ ក្រោយមកបានផ្លាស់ទៅជាមន្ទីរសន្តិសុខចម្ការកាហ្វេ ភូមិលោ ឃុំកំពាន់ ស្រុកមេមត់។

នៅឆ្នាំ១៩៧៧ ខ្ញុំបានជួបជាមួយឪអាយ៉េ ម្តងទៀត នៅមន្ទីរសន្តិសុខចម្ការកាហ្វេប្រហែល១០០ម៉ែត្រ កំពុងដើរតាមផ្លូវ ប៉ុន្តែខ្ញុំមិនបាននិយាយជាមួយទេ ប្រឹងលើកដែកដាក់ឲ្យពេញរទេះប្រញាប់ត្រឡប់ទៅវិញ។ តាមខ្ញុំដឹងពីអ្នកយាមមន្ទីរសន្តិសុខចម្ការកាហ្វេ ឈ្មោះ ស៊ន ប្រាប់ថា ឪអាយ៉េ អត់បានជម្លៀសទៅណាទេ គឺនៅក្នុងមន្ទីរសន្តិសុខចម្ការកាហ្វេ។ ក្រោយមកទៀត ដំណឹងឪអាយ៉េ ខ្ញុំលែងទទួលបាន មិនដឹងថាសម្លាប់នៅមន្ទីរសន្តិសុខចម្ការកាហ្វេឬសម្លាប់កន្លែងណា?

នៅឆ្នាំ១៩៧៨ ខ្មែរក្រហមជម្លៀសខ្ញុំទៅដំដែងនៅភូមិស្រែពោល ស្រុកមេមត់ រហូតដល់ទ័ពនិរតីចូលមក។ ទ័ពនិរតីចូលមកចាប់អតីតទាហាន លន់ នល់ ប្រធានតូច ប្រធានកងធំ គ្រូបង្រៀនជាដើម។ កាលនោះខ្ញុំកាន់កាំភ្លើងមួយដើម នៅអំឡុងទ័ពនិរតីចូលមកឪធម៌ខ្ញុំឈ្មោះ មាស ហួន ឲ្យបោះកាំភ្លើងចោល ធ្វើជាប្រជាជនធម្មតា។ ខ្ញុំបោះកាំភ្លើងចូលក្នុងប្រឡាយទឹកធ្វើជាប្រជាជនធ្មតា រហូតកងកម្លាំងវៀតណាមចូលមកដល់។ ប្រុសៗ ត្រូវបានកងកម្លាំងវៀតណាមដឹកទៅឡុងថាញ់ នៃប្រទេសវៀតណាម ដើម្បីរៀនពីយុទ្ធសាស្ត្រសង្គ្រាម។ ខ្ញុំរៀនបាន៨ខែ បញ្ជូនទៅរៀនដល់ឡុងយ៉ាវ ជាមួយមេផ្កាយមួយ យប់ឡើងរៀន ថ្ងៃធ្វើជាជាងដំដែកដូចនៅប្រទេសខ្មែរ។

ឆ្នាំ១៩៧៩ ត្រឡប់មកពីវៀតណាម វាយជាមួយខ្មែរក្រហមដែលមិនទាន់ចុះចូលជាមួយរាជរដ្ឋាភិបាល។ ក្រោយឆ្នាំ១៩៧៩ ខ្ញុំត្រឡប់មកនៅស្រុកកំណើតភូមិឆ្លូង១ ដោយសារជីវិតភាពមិនសូវធូរធារ ចាកចេញពីភូមិឆ្លូង១ មករស់នៅភូមិព្រែកពួយ ឃុំកំពាន់ រហូតដល់សព្វថ្ងៃ។

អត្ថបទដោយ ឈុំ រ៉ា


[1] មជ្ឈមណ្ឌលឯកសារកម្ពុជា, បទសម្ភាស ឡុង ដានី ជាមួយ តូនី ម៉ាត់ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ សម្ភាសនៅសាលាឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin