អង្គការបញ្ជូនខ្ញុំទៅបាត់ដំបងដើម្បីសម្លាប់

(ស្វាយរៀង) ៖ តន់ សារ៉ន ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មានអាយុ៦៩ឆ្នាំ ជាកសិករ រស់នៅភូមិត្រពាំងស្គន់ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។ សារ៉ន បានរៀបការក្នុងសម័យសង្គមរាស្រ្តនិយម និងមានកូនចំនួនពីរនាក់។ ក្នុងរបប លន់ នល់ សារ៉ន ជាសេនាជនឃុំគគីរការពារនៅព្រំដែនវៀតណាម។

ឆ្នាំ១៩៧៥ ក្នុងរបបខ្មែរក្រហម សារ៉ន ត្រូវបានអង្គការឲ្យរស់នៅរួមគ្នាក្នុងសហករណ៍ស្ថិតនៅក្នុងភូមិគគីរ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។ នៅក្នុង​របបខ្មែរក្រហម​គាត់ធ្វើការដូចរបប លន់ នល់ ដែរ គឺត្រូវទៅការពារនៅព្រំដែនជាមួយប្រទេសវៀតណាម។ គាត់​ត្រូវ​ស្នាក់​នៅទីនោះបីខែ ទើបអង្គការអនុញ្ញាតឲ្យគាត់មកលេងគ្រួសារម្តង។ គាត់បន្តថា ប្រពន្ធគាត់​មានសុខភាពមិនល្អ ប៉ុន្តែត្រូវធ្វើការនៅកងចល័តនារីធ្វើស្រែ ចម្ការ លើកភ្លឺស្រែ និងជីក រែកដី។ កូនៗត្រូវរស់នៅក្នុងកងកុមារជាមួយចាស់ៗក្នុងសហករណ៍។ ថ្ងៃមួយពេលទៅការពារព្រំដែន សារ៉ន បានឮអ្នកធ្វើការជាមួយប្រាប់ថា អង្គការបម្រុង​សម្លាប់គាត់ ដោយសារតែអង្គការចោទគាត់ថា ជាខ្មាំង​ព្រោះធ្លាប់ធ្វើការជាមួយនឹងរបបចាស់។ សារ៉ន ឮដូច្នោះ​តក់ស្លុតជាខ្លាំង ហើយ​បានខិតខំធ្វើការទ្វេដងលើសពីថ្ងៃធម្មតាដើម្បីយកចិត្តអង្គការ។

ឆ្នាំ១៩៧៨ សារ៉ន និងគ្រួសារត្រូវបានអង្គការជម្លៀសឲ្យទៅរស់នៅខេត្តបាត់ដំបង។ គាត់ត្រូវធ្វើដំណើរដោយថ្មើរជើង​ទាំងថ្ងៃទាំងយប់ ដល់អ្នកលឿងឆ្លងកប៉ាល និងធ្វើដំណើរដល់ភ្នំពេញរួចបន្តជិះរថភ្លើងដោយ​ចំណាយពេល ប្រមាណជិតមួយខែបានដល់ខេត្តបាត់ដំបង។ នៅទីនោះ សារ៉ន បានខិតខំធ្វើការជាខ្លាំងព្រោះខ្លួនដឹងថា ការជម្លៀសមកទីនេះគឺអង្គការមានបំណងដើម្បីចាប់កំហុសនាំគាត់និងគ្រួសារយកទៅសម្លាប់។ គាត់ត្រូវក្រោកពីព្រលឹមម៉ោងប្រាំព្រឹកទៅជីក រែកដី ដើម្បីធ្វើទំនប់ និងប្រឡាយខ្ពស់ៗតាមផែនការ។ ប្រពន្ធរបស់គាត់​​មិនសូវបានធ្វើការឲ្យអង្គការដិតដល់ទេ ដោយសារតែជំងឺដុះដំសាច់កដែលធ្វើឲ្យគ្មានកម្លាំង។ ដូច្នោះអង្គការប្រើប្រពន្ធគាត់ឲ្យធ្វើការងារស្រាលៗ។ នៅអំឡុងពេលទៅធ្វើការ សារ៉ន ធ្លាប់ឃើញសាកសព ដែលទើបត្រូវ​បាន​សម្លាប់ជាច្រើន មានសាកសពខ្លះនៅជាប់ចំណងនៅឡើយ។

សារ៉ន បន្តថា ការជម្លៀសទៅខេត្តបាត់ដំបងមានរយៈពេលប្រហែលប្រាំមួយខែ។ គាត់ និងគ្រួសារត្រូវរងទុក្ខលំបាកទំាង​ការរស់នៅ ធ្វើការ និងរបបអាហារ។ អ្នកជម្លៀសពីខេត្តស្វាយរៀង ទៅខេត្តបាត់ដំបងជាច្រើននាក់បាន​ស្លាប់។ មាន​គ្រួសារ​ខ្លះបានបាត់បងសមាជិកគ្រួសារ ទាំងអស់ក៏មាន។

ក្នុងរបបខ្មែរក្រហមនៅខេត្តបាត់ដំបងកូនរបស់ សារ៉ន ម្នាក់បានស្លាប់ដោយសារតែគ្មានអាហារហូប និងកូនម្នាក់ទៀតបានស្លាប់ដោយសារការធ្វើដំណើរផ្លូវ​ឆ្ងាយ នៅពេលត្រឡប់មកស្រុកកំណើតវិញ​បន្ទាប់ពីសម្រាលបានមួយខែ។

រឿងរ៉ាវដែល សារ៉ន ចងចាំមិនអាចបំភ្លេចបានក្នុងរបបខ្មែរក្រហម គឺការដែលកូនគាត់ពីរនាក់បានស្លាប់ និង ដែលប្រពន្ធមានជំងឺ និងសរសៃខ្ចី ត្រូវធ្វើការគ្មានពេលសម្រាក​។

បច្ចុប្បន្ន សារ៉ន មានជំងឺដុះសាច់ច្រមុះ។ គាត់ធ្លាប់មានជំងឺរបេង និងជំងឺគ្រុនចាញ់។ សារ៉ន បានផ្តំាផ្ញើឲ្យក្មេងជំនាន់ក្រោយត្រូវចូលរួមទប់ស្កាត់របបឃោរឃៅខ្មែរក្រហមកុំឲ្យកើតមានលើទឹកដីកម្ពុជាសារជាថ្មីម្តងទៀត។

សម្ភាសន៍ដោយ  សៅ ចាន់ណា ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ  អេង សុខម៉េង នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin