កងនារី
(ស្វាយរៀង) ៖ តូច សុខ មានអាយុ៦៣ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម សព្វថ្ងៃរស់នៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ គាត់មានឪពុកឈ្មោះ តូច ទិត្យ បានស្លាប់ក្នុងរបបខ្មែរក្រហមដោយសារជំងឺរាគ គ្មានការព្យាបាលត្រឹមត្រូវ ចំណែកម្តាយឈ្មោះ សាំង ពុធ បានស្លាប់ដោយសារជំងឺនៅបន្ទាប់ពីរបបខ្មែរក្រហម។ សុខ ជាកូនទីបីក្នុងចំណោមបងប្អូនចំនួនប្រាំបីនាក់។
កាលពីវ័យកុមារ សុខ មិនទទួលបានការសិក្សាអប់រំទេដោយសារតែជីវភាពគ្រួសារក្រីក្រ ខ្វះខាត និងស្ថានភាពប្រទេសជាតិពេលនោះមានសង្រ្គាម និងការទម្លាក់គ្រាប់បែក។
នៅក្នុងរបបខ្មែរក្រហម សុខ និងគ្រួសារត្រូវបាន ជម្លៀសពីស្រុកកំណើតភូមិស្វាយតាភ្ល ឲ្យទៅរស់នៅខេត្តបាត់ដំបង។ នៅទីនោះគាត់ស្ថិតនៅក្នុងកងចល័តនារីដែលជាកម្លាំងស្រួចរបស់សហករណ៍ មានភារកិច្ចត្រូវទៅធ្វើការឆ្ងាយៗពីភូមិ ដើម្បីជីក និងរែកដីដើម្បីកសាងទំនប់សម្រាប់ស្តុកទឹកទុកធ្វើស្រែ។ សុខ និងយុវជនចល័តដទៃទៀតទទួលបានរបបបាយ ដែលគេវាល់ចែកពីរពេលក្នុងមួយថ្ងៃ។ គាត់ត្រូវងើបពីព្រឹកព្រលឹមដើម្បីទៅធ្វើការឲ្យទាន់ម៉ោងប្រាំមួយព្រឹក រហូតដល់ម៉ោងប្រាំល្ងាចទើបអាចសម្រាក។ ដើម្បីធ្វើការបានគ្រប់តាមផែនការកំណត់ ថ្ងៃខ្លះគាត់ត្រូវបន្ថែមម៉ោងនៅពេលយប់ដើម្បីមានសិទ្ធិអាចទទួលបានរបបអាហារ។
នៅបាត់ដំបង កន្លែងសហករណ៍ សុខ រស់នៅមានការខ្វះខាតទឹកសម្រាប់បរិភោគ និងប្រើប្រាស់ជាខ្លាំង។ គាត់ត្រូវទៅដងទឹកស្ទឹងដែលនៅឆ្ងាយៗពីកន្លែងស្នាក់នៅនិងកន្លែងធ្វើការ។ នៅទីនេះ សុខបានឃើញយុវជនចល័តដែលធ្វើការជាមួយគាត់ឈឺមិនអាចទៅធ្វើការបាន និងមិនត្រូវបានផ្តល់របបអាហារឲ្យហូបទេ។ សុខ ក៏ធ្លាប់ឃើញទាហានខ្មែរក្រហមសម្លាប់យុវជនក្នុងកងចល័តដែលឈឺច្រើន និងបានយកសំលៀកបំពាក់យុវជននោះមកប្រើប្រាស់ខ្លួនឯងទៀតផង។ ប្រធានកងរបស់គាត់បាននិយាយប្រាប់ថា មានតែអ្នកធ្វើការទេដែលមានសិទ្ធិទទួលបានរបបអាហារ។
ក្នុងរបបខ្មែរក្រហម សុខ មិនហ៊ានប្រាប់ថា ខ្លួនឈឺទេ គាត់តែងតែបង្ហាញមុខនៅការដ្ឋានជីកទំនប់ជានិច្ចព្រោះខ្លាចខ្មែរក្រហមយកទៅសម្លាប់ចោល ដោយសារគាត់ជាប់និន្នាការជាប្រជាជនភូមិភាគបូព៌ា ដែលជម្លៀសមកភូមិភាភពាយ័ព្យ។
ក្នុងរបបខ្មែរក្រហម សុខ បានបាត់បងប្រុសពីរនាក់ម្នាក់ស្លាប់ដោយសារតែជាន់គ្រាប់មីនអំឡុងពេលទៅធ្វើការនៅការដ្ឋានខេត្តបាត់ដំបង និងម្នាក់ទៀតជាអតីតទាហាន លន់ នល់ បានស្លាប់នៅស្រុកកំណើត ពេលដែលខ្មែរក្រហមបោសសំអាតអតីតទាហាន និងអ្នករាជការពីរបបចាស់។
ក្រោយរបបខ្មែរក្រហមដួលរលំ សុខ បានវិលត្រឡប់មករស់នៅស្រុកកំណើតវិញ។ គាត់បានរៀបការនៅពេលក្រោយមក។ ប្តីគាត់បានស្លាប់ដោយសារជំងឺ សព្វថ្ងៃគាត់រស់នៅជាមួយកូន និងដាំបន្លែនៅជុំវិញផ្ទះព្រមទាំងមើលថែទាំចៅៗ។
សុខ ធ្លាប់មានជំងឺគ្រុនចាញ់។ ដើម្បីឲ្យក្មេងជំនាន់ក្រោយចងចំាពីរបបខ្មែរក្រហម គាត់ឧស្សាហ៍និយាយរឿងពីរបបនោះប្រាប់ដល់កូន និងចៅៗពេលជួបជុំគ្នាម្តងៗ។ គាត់បានប្រាប់ថា ក្មេងជំនាន់ក្រោយមានសំណាងជាងគាត់ដែលបានរស់នៅក្នុងប្រទេសមួយដែលមានសុខសន្តិភាព គ្មានសង្រ្គាម។
អត្ថបទដោយៈ អេង សុខម៉េង នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤
សម្ភាសន៍ដោយៈ សុខ ចន្ទ្រា នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១