ទូច ស៊ុក កងចល័តធ្វើស្រែ

ទូច ស៊ុក រស់នៅភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង

(ខេត្តព្រៃវែង) ​ទូច ស៊ុក អាយុ៧៥ឆ្នាំ, មានបងប្អូនប្រុស-ស្រី ចំនួនប្រាំមួយនាក់​​។ ស៊ុក មានឪពុកឈ្មោះ ទូច និងម្ដាយឈ្មោះ សុន។​ ស៊ុក មានស្វាមីឈ្មោះ ជួប និងមានកូនប្រុស-ស្រី ចំនួនប្រាំបីនាក់ (ស្លាប់ម្នាក់)។ ​ស៊ុក មានស្រុកកំណើតនៅភូមិព្រំខ្សាច់ ឃុំល្វា ស្រុកព្រះស្ដេច​ ខេត្តព្រៃវែង។ បន្ទាប់ពីរៀបការក្នុងរបបសង្គមរាស្រ្តនិយម ស៊ុក បានផ្លាស់ប្តូរទីលំនៅមកភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង រហូតដល់សព្វថ្ងៃ។ ស៊ុក មិនបានទទួលការអប់រំរៀនសូត្រច្រើននោះទេ ពោលគឺរៀនបានត្រឹមថ្នាក់អក្ខរកម្មប៉ុណ្ណោះ ដោយសារតែគ្រួសារ​មានជីវិភាពខ្វះខាត និងប្រទេសជាតិជួបប្រទះសង្គ្រាមស៊ីវិល។

នៅខែមីនា ឆ្នាំ១៩៧០ នៅពេលមានសង្គ្រាមរវាងទាហាន លន់ នល់ ជាមួយយោធាបដិវត្តន៍ខ្មែរក្រហម គ្រួសាររបស់ស៊ុក មានជីវភាពក្រីក្រខ្សត់លំបាក​ ហើយនៅក្នុងភូមិមានការវាយប្រហារ​ និងបាញ់គ្រាប់ផ្លោងជាច្រើន ដែលធ្វើឲ្យការរស់នៅរបស់ប្រជាជនប្រកបដោយភាពភ័យខ្លាច។ ប្រជាជន​នាំគ្នារត់ទៅលាក់ខ្លួនក្នុងលេណដ្ឋាន ឬរណ្តៅត្រង់សេ។ ជាសំណាងល្អ គ្មានគ្រាប់បែកទម្លាក់ពីលើយន្តហោះធ្លាក់ចំភូមិដែល ស៊ុក ស្នាក់នៅនោះទេ​ ហើយទ្រព្យសម្បត្តិរបស់គាត់ក៏មិនបានខូចខាតអ្វីដែរនៅសម័យនោះ។

នៅរបបខ្មែរក្រហម ស៊ុក និងសមាជិកគ្រួសារដូចជា ឪពុក-ម្ដាយ ស្វាមី និងកូនៗ គ្មាននរណាម្នាក់បាត់បង់ជីវិតនោះទេ ប៉ុន្តែសមាជិកគ្រួសាររបស់គាត់​​ត្រូវ​បានបំបែកចេញពីគ្នា ដោយត្រូវជម្លៀសពីមួយកន្លែងទៅមួយកន្លែង, ត្រូវធ្វើការងារធ្ងន់ៗគ្មានពេលសម្រាក និងទទួលបានរបប​អាហារមិនគ្រប់គ្រាន់។ ស៊ុក ត្រូវបានខ្មែរក្រហមដាក់​ឲ្យរស់នៅសហករណ៍ភូមិពាយនាយ ក្នុងនាមជាប្រជាជនមូលដ្ឋាន និងចាត់តាំងឲ្យធ្វើការក្នុងកងចល័ត ដោយត្រូវបុកស្រូវ, កើបអង្កាមទៅធ្វើជីដាក់ស្រែ,​ ស្ទូង និងច្រូតស្រូវជាដើម។ ​ ស៊ុក និយាយថាក្នុងរបបខ្មែរក្រហមគាត់សង្កេតឃើញថាមានការបាត់ខ្លួនប្រជាជនជារឿយ​ៗ ប៉ុន្តែគាត់មិនដែលឃើញការធ្វើទារុណកម្ម និងសម្លាប់មនុស្សផ្ទាល់ភ្នែកនោះទេ។

នៅឆ្នាំ១៩៧៨ ស៊ុក ត្រូវបានយោធាភូមិភាគនិរតី ដែលចុះមកគ្រប់គ្រងប្រជាជនភូមិភាគបូព៌ា​ជម្លៀសដោយបង្ខំទៅតំបន់ចាងណាង និងតំបន់អូរតាម៉ៅ ស្ថិតក្នុងខេត្តព្រៃវែង។

ក្រោយពីរបបខ្មែរក្រហមត្រូវបានផ្តួលរំលំដោយកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា សហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាម ស៊ុក និងសមាជិកគ្រួសារឪពុក-ម្ដាយ ស្វាមី និងកូនៗ បានត្រលប់មករស់នៅស្រុកកំណើតវិញ។ ស៊ុក និយាយថាទោះបីជាជីវភាពរស់នៅនាពេលបច្ចុប្បន្នមានភាពមិនល្អប្រសើរ គាត់នៅតែសប្បាយចិត្ត ព្រោះមានអាហារ​ហូបគ្រប់គ្រាន់។

សព្វថ្ងៃ ស៊ុក មានសុខភាពមិនសូវល្អទេដោយ​គាត់ឧស្សាហ៍វិលមុខ និងមានអាការៈឈឺចុករយពេញដងខ្លួន។ គាត់ធ្លាប់ទៅពិនិត្យ និងព្យាបាលនៅមណ្ឌលសុខភាពដែរ។ គ្រូពេទ្យបញ្ជាក់ថា មិនមានអ្វីធ្ងន់ធ្ងរទេ ដោយជំងឺរបស់គាត់គ្រាន់តែជាអាការៈរបស់មនុស្សចាស់ប៉ុណ្ណោះ៕

សម្ភាសន៍ដោយ ជួន រក្សា ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤

អត្ថបទដោយ អេង សុខម៉េង

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin