ដំណើរជីវិត ទី សុខ អ្នករស់រានមានជីវិតក្នុងរបបខ្មែរក្រហម
(កំពង់ឆ្នាំង) ៖ ទី សុខ ជាកសិករ អាយុ៥២ឆ្នាំ រស់នៅភូមិបុសមាស ឃុំពពេល ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។
ឆ្នាំ១៩៧៥ ទី សុខ មានអាយុប្រហែល៨ឆ្នាំ ស្ថិតក្នុងវ័យសិក្សាត្រូវបានខ្មែរក្រហមឲ្យទៅរៀនជាមួយក្មេងៗ១០នាក់ទៀតក្នុងភូមិ។ ទី សុខ ត្រូវបានបង្រៀងតែពីរតួរអក្សរប៉ុណ្ណោះក្នុង១ថ្ងៃ បន្ទាប់ពីរៀនរួច ទី សុខ ត្រូវទៅធ្វើការដូចក្មេងៗ និងប្រជាជនដទៃទៀតក្នុងភូមិដែរ គឺត្រូវធ្វើការដូចជា៖ កាប់ចិញ្ច្រាំទន្ទ្រានខេត្ត កាប់ដីដំបូក ដើររើសគួរស្រូវមួយថ្ងៃឲ្យបានមួយល្អី និងពេលយប់ត្រូវដេកយាមសណ្តែក នៅឯកន្លែងដែល ទី សុខ រៀន។ ម្តាយរបស់ ទី សុខ ធ្វើជាចុងភៅនៅរោងបាយ។ ក្នុងរបបខ្មែរក្រហមដោយសារនៅវ័យក្មេង ទី សុខ តែងតែរត់ទៅរកម្តាយជាញឹកញាប់ នឹងត្រូវខ្មែរក្រហមធ្វើទារុណកម្មពេលដែលខ្មែរក្រហមចាប់បាន។ ក្នុងរបបខ្មែរក្រហមប្រជាជននៅកន្លែងផ្សេងគ្នាមិនអនុញ្ញាតឲ្យទៅសួរសុខទុក្ខគ្នាទោះបីជាម្តាយ និងកូនក៏ដោយ។ ចំណែកមា្តយតែងតែលួចលាក់យកបាយឲ្យឪពុកហូប តែពេលខ្មែរក្រហមឃើញក៏យកបាយនោះបោះចោល ហើយម្តាយរបស់ ទី សុខ យំ និងត្រូវបានខ្មែរក្រហមដាក់ទោសទៀតផង។ ក្នុងវ័យកុមារ ទី សុខ បានឃើញសាកសពដែលគេទើបសម្លាប់ដោយកប់មិនជិត និងសាកសពដែលគេសម្លាប់ដោយទម្លាក់ក្នុងអណ្តូងជាច្រើននាក់។
ថ្ងៃមួយ ទី សុខ ជួបព្រឹត្តិការណ៍រន្ធត់ខ្លាំងគឺគាត់បានឃើញខ្មែរក្រហមនាំមនុស្ស៧នាក់យកទៅសម្លាប់ ដែលអ្នកទាំងនោះត្រូវបានចោទប្រកាន់ថា ជាខ្មាំង។ ទី សុខ ពេលជួបហេតុការសម្លាប់មនុស្សមានការភិតភ័យ ញ័រ ជាខ្លាំង។ ពេលខ្មែរក្រហមសម្លាប់រួច ទី សុខ បានទៅមើលក្រែងមានម្តាយរបស់ខ្លួនត្រូវបានសម្លាប់ដែរ។ ទី សុខ គិតថាហេតុអ្វីបានជារបបនេះសាហាវឃោរឃៅម្លោះ សម្លាប់មនុស្សគ្មានត្រាប្រណី។ ទី សុខ គិតក្នុងចិត្តថាថ្ងៃណាមួយគេនឹងយកខ្លួនទៅសម្លាប់ចោលដែរ ព្រោះអ្នកដែលត្រូវសម្លាប់មិនមានប្រព្រឹត្តិអ្វីខុសទេ ដូចតែប្រជាជនដទៃទៀតដែរ។ ទី សុខ តែងតែខ្លាច និងធ្វើតាមគេប្រាប់ជានិច្ចអត់ហ៊ានប្រកែកនោះទេ ដោយគិតថាខ្លួននៅក្រោមបង្គាប់គេ គេចង់យកទៅសម្លាប់ចោលពេលណាក៏បានដែរ។ បងរបស់ ទី សុខ ម្នាក់បានស្លាប់ដោយសារជំងឺហើម គឺហើមជើង និងហើមខ្លួន។ ម្តាយរបស់ ទី សុខ បានទៅសុំយកគាត់ទៅព្យាបាលតែគេមិនឲ្យ ដែលបណ្តាលឲ្យបងរបស់ ទី សុខ ដេកឈឺរហូតដល់ស្លាប់។ មុនពេលស្លាប់បងរបស់ ទី សុខ យំ និងបាននិយាយប្រាប់ ទី សុខ ថា មុនស្លាប់ចង់ហូបឆ្អែត។ ទី សុខ មានការអាណិតបងខ្លាំងណាស់។ ថ្ងៃមួយគេបានប្រើ ទី សុខ ឲ្យទៅគាស់ដំឡូង ពេលនោះហើយដែល ទី សុខ គិតថានិងយកដំឡូងនោះទៅស្ងោឲ្យបងហូប តែពេលដើរជិតដល់កន្លែងបងស្នាក់នៅគេប្រាប់ថាគាត់បានស្លាប់បាត់ទៅហើយ។ ទី សុខ បានចោលដំឡូងរួចរត់ទៅមើលបងតែគេបានប្រាប់ថាគេបានយកសពគាត់ទៅកប់បាត់ហើយ។
«ទី សុខ៖ ទុកបងខ្ញុំឈឺចោលទាល់តែស្លាប់ ហើមពេញខ្លួនមិនព្យាបាល តែពេលស្លាប់ទើបប្រាប់ឲ្យគេយកទៅកប់ខ្ញុំអាណិតបងខ្ញុំណាស់មុនគាត់ស្លាប់គាត់យំចង់ហូបឆ្អែតតែខ្ញុំមិនអាចជួយគាត់បានខ្ញុំអាសូរណាស់។ ការងារប្រើទាំងយប់ ទាំងថ្ងៃដល់អាធ្រាតុ ប៉ុន្តែមិនដែលស្គាល់រស់ជាតិដេកឆ្អែត ហូបឆ្អែតទេ»។
របបអាហាររបស់ ទី សុខ គឺហូបបបរមួយឆ្នាំងជាមួយក្មេងៗ១០នាក់រៀនជាមួយគ្នា។ បបររ៉ាវៗដែលមានតែអង្ករ១កំប៉ុង លាយជាមួយដើមចេក គល់ល្ហុង។ អ្នកដែលដូសមុនគេគ្រាន់បើបន្តិចអ្នកចុងក្រោយគេគឺសល់តែទឹក។
ក្នុងរបបខ្មែរក្រហមក្រៅពីបងប្រុស ទី សុខ ក៏បានបាត់បង់សមាជិកគ្រួសារ២នាក់ផ្សេងទៀត ដូចជាអ៊ំ និងឪពុក។
សម្ភាសន៍ដោយ បឿន ស្រីនិច នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២
អត្ថបទដោយ៖ អេង សុខម៉េង