អ៊ុក ហឿន៖ ខ្ញុំបានបម្រើការជាពេទ្យកងទ័ពខ្មែរក្រហម

អ៊ុក ហឿន[1] ភេទប្រុស អាយុ៦៥ មានស្រុកកំណើតនៅក្នុងឃុំទូកមាស ស្រុកបន្ទាយមាស ខេត្តកំពត។ ហឿន សព្វថ្ងៃរស់នៅក្នុងភូមិអូរតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ហឿន បាននិយាយថា៖ «ខ្ញុំមានបងប្អូនបង្កើតចំនួន៧នាក់ (ស្លាប់ចំនួនបីនាក់)។ ឪពុកម្ដាយខ្ញុំប្រកបមុខរបរធ្វើស្រែចម្ការ ដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ។ ប្រជាជននៅក្នុងសង្គមរាស្រ្តនិយម បានរស់នៅយ៉ាងសុខសាន្ត។ លុះដល់ឆ្នាំ១៩៧០ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ។ នៅពេលនោះ ខ្ញុំនៅសិក្សាថ្នាក់ទី១០នៅឡើយទេ។ ក្រោយមក ខ្ញុំឈប់រៀនដោយសារមានការលុកលុយពីកងទ័ពវៀតណាមនៅក្នុងភូមិ។ ក្នុងជំនាន់នោះ កងទ័ពវៀតណាមមានចិត្តលោភលន់ និងធ្វើបាបប្រជាជនខ្មែរខ្លាំងណាស់ ដោយចាប់សត្វចិញ្ចឹមរបស់ប្រជាជនដោយគ្មានការអនុញ្ញាតទាល់តែសោះ។ ឆ្កែគឺជាម្ហូបពិសេសមួយរបស់វៀតណាម។
ក្នុងឆ្នាំដដែល ខ្មែរក្រហមបានចាប់ផ្ដើមរៀបគម្រោងការណ៍ពិតប្រាកដមួយ ដោយធ្វើការកេណ្ឌកងកម្លាំងប្រជាជនចូលក្នុងព្រៃម៉ាគី។ ការប្រមូលកម្លាំងនេះមានការចូលរួមពីសំណាក់ប្រជាជនកាន់តែច្រើនឡើងៗ។ ខ្មែរក្រហមរៀបចំកម្លាំងទ័ពវាយជាមួយ លន់ នល់ ដើម្បីដណ្ដើមអំណាចជូនសម្ដេចព្រះ នរោត្តម សីហនុ វិញ។ កងទ័ពខ្មែរក្រហមទាំងអស់ បានហ្វឹកហាត់បាញ់កាំភ្លើង និងវិធីសាស្រ្តធ្វើសង្គ្រាម ដើម្បីពង្រឹងកងទ័ពឲ្យកាន់តែខ្លាំងក្លា។
នៅចន្លោះឆ្នាំ១៩៧២ និងឆ្នាំ១៩៧៣ ការវាយគ្នារវាងកងទ័ពខ្មែរក្រហម និងកងទ័ព លន់ នល់ នៅសមរភូមិកាន់តែខ្លាំងឡើង។ នៅពេលនោះ យន្តហោះ របស់កងទ័ព លន់ នល់ បានហោះចូលមកក្នុងភូមិខ្ញុំ។ កងទ័ព លន់ នល់ បានចាប់យកគោក្របីរបស់ប្រជាជន ដើម្បីកាប់ស៊ីគ្មានញញើតដៃ។ សកម្មភាពកងទ័ព លន់ នល់ ជាប្រចាំថ្ងៃ តែងតែបើកយន្តហោះក្រវែលរកមើលជំរំហ្វឹកហាត់ និងបំពាក់បំប៉នកម្លាំងទ័ពរបស់ខ្មែរក្រហម។ នៅពេលដែលកងទ័ព នល់ នល់ មើលឃើញជំរំ ការទម្លាក់គ្រាប់បែកក៏នឹងចាប់ផ្តើមដែរ។ ជំនាន់នោះសូម្បីតែប្រជាជនដែលធ្វើការស្ទូងក្នុងស្រែក៏ត្រូវទាហានលន់ នល់ បាញ់រះមកលើប្រជាជនដែរ។
រហូតដល់ឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហមបានទទួលជ័យជម្នះនៅទីក្រុងភ្នំពេញ។ ភ្លាមៗនោះ ខ្ញុំបានគិតថាប្រទេសជាតិទទួលបានឯករាជ្យត្រឡប់មកវិញហើយ។ នៅក្នុងឆ្នាំដដែល ខ្ញុំបានសម្រេចចិត្តចូលធ្វើជាពេទ្យកងទ័ពខ្មែរក្រហម។ បន្ទាប់មក ខៀវ សំផន បានរៀបចំផែនការណ៍សេដ្ឋកិច្ច និងបង្កើតក្រដាសប្រាក់សម្រាប់ចាយ ដើម្បីមានចរន្តទីផ្សារឡើងវិញ។ គម្រោងការណ៍នេះត្រូវបានរំសាយចោលដោយ សាឡុត ស (ហៅ ប៉ុល ពត) ដែលជានាយករដ្ឋមន្រ្តីថ្មី។ សាឡុត ស បានប្រកាសបញ្ឈប់ការចាយក្រដាសប្រាក់ជាបន្ទាន់។ លើសពីនេះទៅទៀត សាឡុត ស បានបញ្ជាឲ្យប្រជាជនទាំងអស់ចូលជាសហករណ៍ ដោយរស់នៅរួមគ្នា ធ្វើការរួម និងហូបរួម។ ការគ្រប់គ្រងថ្មីបានធ្វើឲ្យប្រជាជនមានការខកចិត្តជាខ្លាំង។ ប៉ុន្តែ គ្មាននរណាម្នាក់ហ៊ានប្រឆាំងតវ៉ាជាមួយរបបគ្រប់គ្រងថ្មីមួយនេះឡើយ។
ចាប់តាំងពីពេលនោះមក ប្រជាជនរស់នៅជួបការខ្វះខាតស្បៀងអាហារ គ្រួសារត្រូវរស់នៅបែកឆ្ងាយពីគ្នា និងគ្មានសិទ្ធិសេរីភាព។ ពីមួយថ្ងៃទៅមួយថ្ងៃ ខ្មែរក្រហមបានបង្ខំឲ្យប្រជាជនធ្វើការហួសកម្លាំង ផ្ដល់អាហារហូបមិនគ្រប់គ្រាន់ និងមានការវាយធ្វើបាបលើប្រជាជនដូចសត្វ។ ចំណែកខ្ញុំ រស់នៅក្នុងកងពេទ្យ ជាមួយវេជ្ជបណ្ឌិត ដន។ គាត់គឺជាវេជ្ជបណ្ឌិតដ៏ពូកែម្នាក់នៅក្នុងសម័យខ្មែរក្រហម។ អង្គភាពពេទ្យខ្ញុំមានគ្នាចំនួន១៥០នាក់ និងបែងចែកជា៣វេន៖ ទី១ ខាងពលកម្ម ទី២ ចូលព្យាបាល និងទី៣ ខាងចុងភៅ។ ក្រុមពេទ្យទាំងអស់ត្រូវធ្វើការទាំងបីវេននេះដូចៗគ្នា។ អ្នកជំងឺដែលខ្ញុំព្យាបាល នៅជំនាន់នោះភាគច្រើនកើតមានជំងឺអត់អាហារ របេង គ្រុនចាញ់ គ្រុនឈាម រួមទាំងអ្នករបួសផងដែរ។ បរិយាកាសនៅមន្ទីពេទ្យខ្ញុំល្អ និងទំនើបណាស់។ អ្នកជំងឺតែងតែជាសះស្បើយពីជំងឺ។ ចំណែកឯ ថ្នាំពេទ្យគឺសុទ្ធតែជាថ្នាំល្អៗ ដោយនាំចូលពីប្រទេសថៃ ។ ជាទូទៅយើងប្រើថ្នាំទាំងនោះ ក្នុងរយៈពេលបួនខែឬប្រាំខែ។
រហូតដល់ឆ្នាំ១៩៧៩ កងទ័ពរដ្ឋាភិបាលកម្ពុជា រួមទាំងកងទ័ពស្ម័គ្រចិត្តវៀតណាមបានវាយចូលមករំដោះ ។ ភ្លាមៗនោះ ក្រុមគ្រូពេទ្យមួយចំនួនធំក៏បានបន្តរត់ចូលទៅក្នុងព្រៃជាមួយកងទ័ពខ្មែរក្រហម។ ខ្ញុំបាននឹកឃើញដល់ប្អូនៗចំនួនពីរនាក់ ដែលត្រូវមើលថែ ក្រោយពីឪពុកម្ដាយបានស្លាប់ចោល។ ខ្ញុំក៏សម្រេចចិត្តត្រឡប់ទៅស្រុកកំណើតវិញ។ បន្ទាប់ពីទៅដល់ស្រុកកំណើត ខ្ញុំបានចាប់ផ្ដើមរកស៊ីរត់ពន្ធឆ្លងទៅខេត្តពោធិ៍សាត់។ ជំនាន់នោះ ខ្ញុំធ្វើដំណើរដោយជិះតែកង់ ព្រោះមិនទាន់មានឡាន និងម៉ូតូជិះដូចយើងសព្វថ្ងៃនៅឡើយទេ។
លុះដល់ឆ្នាំ១៩៨១ ខ្ញុំបានរៀបការជាមួយប្រពន្ធខ្ញុំបច្ចុប្បន្ននេះ។ ក្រោយពីរៀបការហើយ ខ្ញុំក៏នៅតែបន្តរកស៊ីទិញគោក្របី ដើម្បីជួញដូរឲ្យឈ្មួញធំដដែល។ បន្ទាប់មកទៀតខ្ញុំកាន់តែមានបន្ទុកច្រើនឡើងៗ ដោយសារខ្ញុំត្រូវចិញ្ចឹមកូនចំនួន១១នាក់នៅក្នុងគ្រួសារ។ កូនៗខ្ញុំពេញវ័យកាន់តែត្រូវការថវិកាសម្រាប់ផ្គត់ផ្គង់ដល់ការសិក្សារៀនសូត្រ។ ទន្ទឹមនឹងនេះ ដីស្រែខ្ញុំក៏មានតិចតួច ហើយកូនមានច្រើនទៀត។ ខ្ញុំបានសម្រេចចិត្តចាកចេញពីស្រុកកំណើត ដើម្បីស្វែងរកដីធ្វើស្រែចម្ការនៅក្នុងស្រុកអន្លង់វែង។ ខ្ញុំបានស្គាល់ភូមិអូរតាម៉េង ដែលស្ថិតនៅជាប់តំបន់ព្រៃស្អាត។ ខ្ញុំបានទិញដីមួយចំនួន ដើម្បីសាងសង់ផ្ទះរស់នៅក្នុងភូមិនេះ។ នៅពេលនោះ ខ្ញុំធ្វើដំណើរមកអន្លង់វែងតែម្នាក់ឯងនោះទេ។ រយៈពេល៤ខែក្រោយមក ខ្ញុំក៏បាននាំប្រពន្ធ និងកូនខ្ញុំមករស់នៅក្នុងស្រុកអន្លង់វែង»៕
អត្ថបទដោយ លី សុខឃាង
[1] សួត វិចិត្រ សម្ភាសន៍ជាមួយ អ៊ុក ហឿន នៅភូមិអូរតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នៅក្នុងឆ្នាំ២០២៤។