អ៊ុក វ៉ន ហៅវិន៖ សកម្មភាពឃោសនាឲ្យយុវជន ជឿជាក់លើការគ្រប់គ្រងរបស់សម្ដេចព្រះនរោត្ត សីហនុ និងបំផុសឲ្យប្រឆាំងនឹងអង្គការបដិវត្តន៍

រូបថតពីរបបខ្មែរក្រហម(១៩៧៥-១៩៧៩) (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

ឯកសារចម្លើយសារភាពសរសេរដោយដៃចំនួន៥២ទំព័រ​ ជារបស់ ​​អ៊ុក វ៉ន ហៅវិន[1] មុនអង្គការចាប់ខ្លួន ​​មានតួនាទី សមាជិកវរសេនាតូច ៥០៣ តាមរយៈចម្លើយសារភាពនៅក្នុងឯកសារនេះ(J០០៤៦៧​) ​បង្ហាញអំពីសកម្មភាព ​វិន ​​ ​ចូលបម្រើ​ក្នុងជួរបដិវត្តន៍ តាមការណែនាំពីឈ្មោះ  បួ បញ្ចូលជា សេ អ៊ី អា ​។ ការចូលបម្រើបដិវត្តន៍នេះ ​វិន ​​​​​​​​​​​​បានធ្វើផែនការឃោសនាឲ្យយុវជនខ្មែរជឿជាក់លើការគ្រប់គ្រងរបស់សម្ដេច ព្រះនរោត្តម សីហនុ ​និង​បំផុស​ឲ្យ​ប្រឆាំងនឹងអង្គការបដិវត្តន៍។ ខាងក្រោមនេះ ជាចម្លើយសារភាពរបស់​ ​អ៊ុក វ៉ន​៖

អ៊ុក វ៉ន ហៅ វិន ភេទប្រុស អាយុ៣០ឆ្នាំ មានស្រុកកំណើតនៅភូមិក្បាលសំរោង ឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ។ តាំងពីធំដឹងក្ដីមក វិន រស់នៅជាមួយឪពុកម្ដាយ។ ​នៅពេលមានអាយុ១០ឆ្នាំ វិន បានចូលរៀននៅសាលាវត្តក្បាលសំរោ​ង ជាមួយគ្រូឈ្មោះ បួ។ រៀន​បានរយៈពេល​៧ឆ្នាំ​ ​ វិន ក៏ប្រឡងជាប់ថ្នាក់ទី៦ទំនើប នៅអនុវិទ្យាល័យ ព្រះកៅឌិន្យ (អង្គប្រិយ៍)។

នៅឆ្នាំ១៩៦៤ វិន​ ក៏ត្រឡប់មកជួយរកស៊ីឪពុកនៅស្រុកកំណើតវិញ។ បន្ទាប់មក​ តាមរយៈ​ឈ្មោះ បួ ដែលជាគ្រូបង្រៀន​ បានហៅ វិន ទៅជួបនៅសាលា​ និងបានអប់រំ ​ឲ្យស្អប់ចលនារបស់ខ្មែរក្រហម ​ហើយត្រូវស្រឡាញ់ និងការពារ​របបនយោបាយអព្យាក្រិត ក្រោមការដឹកនាំរបស់សម្ដេចព្រះនរោត្តម សីហនុ។ ក្នុងឆ្នាំដដែល ​វិន ​​ ​​​និងសមាជិកម្នាក់ទៀត ឈ្មោះ ម៉ង់ បានទំនាក់ទំនងខ្សែ ចំនួន៨នាក់ និង​បាន​​ធ្វើសកម្មភាពស៊ើបការណ៍ពីខ្មែរក្រហម ដែលចូលបង្កប់ខ្លួននៅតាមភូមិ និងតាមឃុំនានា។ ​ខណៈពេលនោះ ស្រាប់តែមាន​ឈ្មោះ បួយ បានលើកពីការ​គ្រប់គ្រងរបស់សម្ដេចព្រះនរោត្តម សីហនុ បង្ហាញឲ្យឃើញនូវ​អំពើពុករលួយ អាវ៉ាសែ ប៉ុន្តែសរសើរពីការដឹកនាំរបស់ខ្មែរក្រហម ថា ជារបបមួយដែលស្នេហាជាតិ។ ដំណឹងនេះបានឮទៅដល់ឈ្មោះ បួ ក៏មកចាប់ខ្លួនឈ្មោះ បួយ ទាំងយប់។

នៅឆ្នាំ១៩៦៥ វិន បានបួសនៅវត្តក្បាលពោធិ៍ ឃុំទ្រា ស្រុកសំរោង នៅភូមិភាគនិរតី(៤០៥) តំបន់៣៣ ខេត្តតាកែវ។[2] វិន បួសរៀនបាន​ចំនួនពីរវស្សា ក៏សឹក ហើយត្រឡប់មករស់នៅជាមួយឪពុកម្ដាយវិញ។ ពេលនោះ ឈ្មោះ បួ បានហៅវិន ទៅជួបនៅសាលារៀន ហើយណែនាំឲ្យស្គាល់ឈ្មោះ អួក ដែលជាខ្សែគិញ។ អស់​រយៈពេល៣ឆ្នាំក្រោយ ឈ្មោះ បួ បានហៅ វិន, ​អ៊ុំ និងអួក ទៅជួបដល់ផ្ទះ ដោយ​ប្រគល់តួនាទីឲ្យដើរស៊ើបអង្កេតរកខ្មែរក្រហមតាមរយៈរូបភាព ដើរទិញមាន់ប្រជាជន ជាពិសេសត្រូវកសាងកម្លាំងឲ្យបានច្រើន។ ពេលនោះ វិន ទទួលបានប្រាក់ពីឈ្មោះ បួ ចំនួន១០០០រៀល ដើម្បីធ្វើជាទន់ក្នុងការដើរទិញមាន់។ បន្ទាប់មក វិន ក៏បានដើរទិញមាន់នៅតាម​ឃុំចំនួន២គឺ ឃុំជើងគួន និងឃុំសឹង។ សកម្មភាពបន្ទាប់ វិន ត្រូវទាក់ទងជាមួយឈ្មោះ មុត ដែលខ្សែនៅភូមិបាណា ឃុំសឹង និងឈ្មោះ គន់ នៅភូមិ គួន ឃុំគួន ស្រុកសំរោង ដោយទទួលបានការអប់រំពីឈ្មោះ បួ ឲ្យប្រឆាំងនឹងខ្មែរក្រហម។ ​ក្នុងការចុះស៊ើបអង្កេតខ្មែរក្រហមនេះ ធ្វើឡើងរហូតដល់​រដ្ឋប្រហារថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ប៉ុន្តែមិនទាន់ចេញជាលទ្ធផលអ្វីឡើយ។ នៅចុងខែមីនា ឆ្នាំ១៩៧០ ឈ្មោះ បួ បានហៅ វិន និងសមាជិកចំនួន២នាក់ ទៅជួបនៅសាលាសំណាក់ នៅខាងកើតស្រៈ វត្តក្បាលសំរោង ​ដើម្បីដាក់ផែនការឲ្យចូលទៅបង្កប់ខ្លួននៅអង្គភាពវៀតណាម ជាពិសេស ឃោសនាឲ្យយុវជនខ្មែរជឿជាក់លើការគ្រប់របស់ សម្ដេចព្រះនរោត្តម សីហនុ ​និង​បំផុសឲ្យ​ប្រឆាំងនឹងអង្គការបដិវត្តន៍។ ជាងនេះទៅទៀត ត្រូវកសាងកម្លាំង និងលួចយកអាវុធ​ដែលទុក​នៅក្នុងអង្គភាពទាំងអស់។ មួយរយៈពេលក្រោយមក វិន និងសមាជិកចំនួនពីរនាក់ បានស្នើសុំវៀតណាម ដែលមានតួនាទី​មេបញ្ជាការវរសេនាតូចកាំភ្លើងធំ លេខសេ៦ ប្រចាំកងពល៥១០ ទៅបោះទ័ពនៅភូមិពន្លៃ ឃុំពន្លៃ ស្រុកព្រៃកប្បាស ភូមិភាគនិរតី (៤០៥) តំបន់៣៣ ខេត្តតាកែវ។[3] វិន និងសមាជិក បានទៅរស់នៅក្នុងអង្គភាពនេះរហូតមក ថែមទាំងបាន​អប់រំយុវជនបានចំនួន៣នាក់ ដោយស្អប់វៀតណាម លើកលែងតែ វៀតណាមចូលមកកាន់កាប់ក្រុម​​ជាមួយគ្នាប៉ុណ្ណោះ ដោយទទួលភារកិច្ចឃោសនា ឲ្យ​លួចយកអាវុធ​ និងធ្វើសកម្មភាពអុកឡុកក្នុងជួរអង្គភាពវៀតណាម។ រំលងបានរយៈពេល២ខែ វិន និងសមាជិកចំនួន៦នាក់ បាន​ធ្វើសកម្មភាពលួចអាវុធពីវៀតណាម ប្រគល់ទៅឲ្យឈ្មោះ​ បួ ​ចំនួន៥ដើម ​​​ក្នុងនោះមាន អាការចំនួន៤ដើម, បង់ត្រឡោក១ដើម និងគ្រាប់អាការចំនួន២ឡាំងដែក។

ក្រោយមក អង្គភាពវៀតណាមបានផ្លាស់មកនៅភូមិដីឥដ្ឋ នៅខាងលិចផ្លូវជាតិលេខ៣។ នៅ​ទីនោះ បាន​រយៈពេលមួយសប្ដាហ៍ ​ វិន ក៏នាំគ្នាលួចរត់​ទាំងយប់ ដោយយកកាំភ្លើងអាការបានចំនួន៤ដើម​ផងដែរ។ ​សកម្មភាពបន្ទាប់ វិន បានត្រឡប់​មករស់នៅជាមួយឈ្មោះ បួ ​​​នៅអង្គភាពឈ្លបស្រុកសំរោង​ ហើយបាន​ស្គាល់ខ្សែចំនួន២នាក់ ដែលជា​កសាងកម្លាំងស៊ីរូងក្នុងទ័ព។ មួយវិញទៀត ត្រូវឃោសនា​យុទ្ធជនឲ្យវាយបដិវត្តន៍ និងទាក់ទងខ្សែនៅក្នុងជួរទាហាន។ រំលងបាន ​ពីរថ្ងៃ វិន និងស្រេង ចាប់បានប្រធានភូមិចំនួន២នាក់ នៅឃុំសឹង និងឈ្លប ម្នាក់ឈ្មោះ ស រួមទាំង​ប្រជាជន​មួយចំនួនទៀត។ បន្ទាប់មក អង្គភាពនេះ បានផ្លាស់មកនៅភូមិត្រពាំងអង្គ។ ​ ភ្លាមៗស្រាប់តែ មានយន្ដហោះឧទ្ទម្ភា ចក្រចំនួន៣គ្រឿង បានធ្វើសកម្មភាពបាញ់រះ​ បណ្ដាលឲ្យមនុស្សចំនួន៤នាក់ត្រូវស្លាប់ ក្នុងនោះមានឈ្មោះ បួ ​និងយុវជនឈ្លបចំនួន៣នាក់ទៀត។ បន្ទាប់ពីឈ្មោះ បួ ​ស្លាប់ទៅ​ វិន ត្រូវទាក់ទងឈ្មោះ ឡាំ ជិន និងប៊ី ដើម្បីបញ្ចូលជាកម្លាំង សេ អ៊ី អា។ ​ ​ រំលងបានមួយអាទិត្យក្រោយ ឡាំ ជិន មានតួនាទីអនុសេនាតូច បានចាត់ វិន ឲ្យទាក់ទង សេង និងស្រេង នៅវត្តទន្លាប់ ដើម្បីសហការណ៍វាយនឹងបដិវត្តន៍។ ​នៅចុងឆ្នាំ១៩៧១ វិន បានស្គាល់ជាមួយឈ្មោះ ស្រី ហ៊ីម និងណុច ​និងបាន​ធ្វើសកម្មភាពប្រឆាំងនឹងបដិវត្តន៍ចំនួន២ដង គឺបំផុស​ប្រជាជនឲ្យធ្វើបាតុកម្មប្រឆាំងជាមួយមនុស្ស៣នា​ក់ និងធ្វើ​ឲ្យបែកការណ៍ក្នុងជួរ​ទាហាននៅ​តាមសមរភូមិទាំងបី។ ​ពេលនោះ វិន និងខ្សែចំនួន៣នាក់ បានបំផុស យុវជនចំនួន២នាក់ ឲ្យរត់ទៅនៅផ្ទះ ដោយបំផុសថា នឹងកើតមានជំងឺគ្រុនចាញ់នៅក្នុងអង្គភាព។ ក្នុងឆ្នាំដដែល វិន និងសមាជិក៣នាក់បាន​ ធ្វើសកម្មភាពកម្ទេចកម្លាំងបដិវត្តន៍ ដោយបញ្ជូនទាហាន ​ទៅប្លោងដាក់កន្លែងទ័ព ធ្វើឲ្យយុវជន​ចំនួន២នាក់បានស្លាប់ និងរបួស៤នាក់ ដោយមើលឃើញថា សភាពការណ៍ មិនសូវល្អ កងទ័ពក៏ផ្លាស់ទីតាំង។ ស្របពេលជាមួយគ្នា វិន ​ក៏ចាប់បានឈ្លបចំនួន២នាក់។ ​នៅខែ កុម្ភៈ ឆ្នាំ១៩៧៣ វិន បានត្រឡប់មកកាន់អង្គភាពតំបន់១៥ ក្នុងកងវរសេនាតូច១២២ ភូមិភាគពិសេស។ ពេលនោះ វិន បានជួបជាមួយ ផល និងសឿន ហើយបានបំផុសឲ្យយុវជន​រត់ចោលជួរ និងបំផ្លាញអាវុធគ្រាប់ប្រភេទទាំងអស់របស់អង្គភាព។ តាមផែនការនេះ វិន, ផល និងមុត បានធ្វើសកម្មភាពនៅក្នុងសមរភូមិចំនួន២ដង បញ្ជាឲ្យយុវជនបាញ់ពីខាងក្រោយខ្នង និងបំផុសឲ្យយុវជនរត់ចេញពីសមរភូមិ។

នៅខែ មករា ឆ្នាំ១៩៧៤ អង្គភាពបាន​កំណត់ទិសដៅ​ វាយចូលទីក្រុងភ្នំពេញ។  ភ្លាមៗនោះ ឈ្មោះ ឈឺន និងម៉ៅ បានហៅវិន និងបក្ខពួកចំនួន៤នាក់ ទៅប្រជុំ​នៅភូមិអំពៅព្រៃ ស្រុកដង្កោ ភូមិភាគនិរតី (៤០៥) តំបន់២៥ ខេត្តកណ្ដាល[4] ​ដោយបំផុសឲ្យយុវជនលួចរត់, ​បំផ្លាញគ្រាប់រំសេវ និងអាវុធ ទាំងអស់។ មួយខែក្រោយមក វិន និងសមាជិកបានធ្វើសកម្មភាព​ដាក់ប្លោងគ្រាប់បេ​​ ​ ប៉ុន្តែការវាយចូលក្នុងសមរភូមិ ត្រូវបានបរាជ័យ។ ​អង្គភាពក៏បញ្ជូន វិន ឲ្យមកស្នាក់នៅភូមិព្រៃរការ ឃុំព្រៃរកា ស្រុកដង្កោ តំបន់១៥ ខេត្តកណ្ដាល[5] ​​និងបានអប់រំ​កម្លាំងបានចំនួន២នាក់ ​និង​បញ្ចូលជា សេ អ៊ី អា។ នៅខែឧសភា ឆ្នាំ១៩៧៤  វិន ​ត្រូវបានអង្គភាព១២២ ផ្លាស់ឲ្យមកនៅកងកាំភ្លើងធំលេខ ១៣៦ ជាមួយឈ្មោះ នឿន ​នៅភូមិព្រែកប៉ិន ឃុំព្រែកគយ ស្រុកស្អាង តំបន់២៥​ ខេត្តកណ្ដាល[6] វិនត្រូវបែកខ្ញែកចេញ​កម្លាំងទាំងអស់។ ក្នុង​នោះមានសមាជិកចំនួន៧នាក់ បានបែក​ទៅកាន់ភូមិភាគពាយ័ព្យ រហូតបែកទីក្រុងភ្នំពេញ ទើបមកជួបជុំគ្នាវិញ។ ​

នៅខែមករា ឆ្នាំ១៩៧៥ ទិសដៅរួមរបស់បក្ស គឺចង់វាយផ្ដាច់ទន្លេមេគង្គ។ ក្នុងពេលនោះ វិន និងសមាជិកចំនួន៤នាក់បានធ្វើសកម្មភាពប្លោងកាំភ្លើង ១០៥ មីលីម៉ែត្រ, ១២០មីលីម៉ែត្រ និង៩២មីលីម៉ែត្រ ទៅកាត់ផ្ដាច់ខ្សែត្រៀម​។ រំលងបានមួយសប្ដាហ៍ អង្គការក៏ដក វិន  ឲ្យមករៀននៅសាលាយោធាក្នុងកងពលតូច១១ ដល់ថ្ងៃរំដោះ ទើបឈប់ ហើយត្រឡប់មកភ្នំពេញវិញ។ នៅដើមខែមិថុនា ឆ្នាំ១៩៧៥ វិន បានទៅរស់នៅចំការដូង។  ​ ​បន្ទាប់មក វិន និងសមាជិកបានធ្វើសកម្មភាពបំផ្លាញត្រាក់ទ័រ ចំនួន១គ្រឿង នង្គ័ល និងរនាស់អស់ជាច្រើន។ ​ ក្រោយមក វិន ​ បាន​ធ្វើផែនការប្រមូលកម្លាំង​ចំនួន១៣នាក់ មកប្រជុំនៅពោធិ៍ចិនតុង ឲ្យធ្វើសកម្មភាពបំផុសយុវជន និងបន្តអនុវត្តសកម្មភាពឲ្យកាន់តែខ្លាំងទៀត ដោយដាក់ផែនការ សកម្មភាព បំផ្លាញអាវុធ ​សម្ភារៈ នៅតាមសាលារៀន និងត្រៀមខ្លួនក្នុងការប្រយុទ្ធ។ ​សកម្មភាពនេះ​មិនទាន់បានសម្រេចតាមផែនការឡើយ។ រហូតដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៧៧ វិន ត្រូវបានអង្គការចាប់ខ្លួន និងសួរចម្លើយនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ១៩៧៧។

អត្ថបទដោយ ជីម សុខគា


[1] ឯកសារ (J០០៤៦៧​)  តម្កល់នៅបណ្ណាសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង «សកម្មភាពឃោសនាឲ្យយុវជន​ ជឿជាក់លើការគ្រប់របស់សម្ដេច ព្រះនរោត្តម សីហនុ ​និង​បំផុស​ឲ្យ​ប្រឆាំងនឹងអង្គការបដិវត្តន៍»។ ​បង្ហាញអំពីសកម្មភាព ​វិន ​​ ​ចូលបម្រើ​ក្នុងជួរបដិវត្តន៍ តាមការណែនាំពីឈ្មោះ  បួ  ​បញ្ចូលជា សេ អ៊ី អា ​។ ការចូលបម្រើបដិវត្តន៍នេះ ​វិន ​​​​​​​​​​​​បានធ្វើផែនការ ​​​ឃោសនាឲ្យយុវជនខ្មែរជឿជាក់លើការគ្រប់របស់សម្ដេច ព្រះនរោត្តម សីហនុ ​និង​បំផុស​ឲ្យ​ប្រឆាំងនឹងអង្គការបដិវត្តន៍។

 [2] ផេង ពង្សរ៉ាស៊ី និង អ្នកផ្សេងទៀត, សៀវភៅប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩), បោះពុម្ពលើកទី២ (ភ្នំពេញ ២០២០),៣៤។

[3] ឯកដូចគ្នា

[4] ​ឯកសារដូចគ្នា

[5] ឯកសារដូចគ្នា

[6] ឯកសារដូចគ្នា

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin