ស្រី្តមេម៉ាយ និងកូនៗត្រូវកំព្រាឪពុក

(ស្វាយរៀង) ៖ អុំ មុត អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម អាយុ ៦៥ ឆ្នាំ រស់នៅភូមិស្វាយរលំ ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង។

ក្នុងរបបខ្មែរក្រហម មុត ត្រូវបានជម្លៀសចេញពីស្រុករំដួល ខេត្តស្វាយរៀង ឲ្យទៅរស់នៅតាមសហករណ៍នានាក្នុងខេត្តស្វាយរៀងជាញឹកញាប់។ មុត បានរៀបរាប់ថា ការរស់នៅក្នុងរបបខ្មែរក្រហមប្រជាជនគ្មានសិទ្ធិសេរីភាពទាល់តែសោះ។ ប្រជាជនត្រូវតែស្តាប់តាមការបញ្ជា ហើយកាលណាឈ្មោះយើងត្រូវបញ្ជូនទៅកន្លែងណាគឺយើងត្រូវធ្វើតាមគេ បើមិនដូច្នេះទេគឺយើងមិនទទួលបានរបបអាហារឡើយ។ មុត ឲ្យដឹងបន្តថា ការរស់នៅកន្លែងថ្មីមានការពិបាកព្រោះប្រជាជនមិនបានអនុញ្ញាតឲ្យយករបស់របរតាមខ្លួនទៅច្រើននោះទេ ហើយប្រជាជនរស់នៅក្នុងខ្ទមដែលរៀបចំដោយខ្លួនឯង មានប្រជាជនខ្លះទៀតគឺត្រូវរស់នៅក្រោមដើមឈើ និងតាមគុម្ពោតព្រៃនៅជិតៗសហករណ៍ថ្មី។ អុំ មុត ឲ្យដឹងថារាល់ពេលជម្លៀសម្តងៗប្តីគាត់តែងតែ រែកកូនម្ខាង និងរែករបស់របរប្រើប្រាស់ម្ខាង។ តែជាអកុសល ប្តីរបស់ មុត ត្រូវបានខ្មែរក្រហមយកទៅសម្លាប់ចោលដោយប្រាប់ថាឲ្យទៅដាំអំពៅ។ មុត មិនបានដឹងពីកំហុសដែលប្តីគាត់ត្រូវបានគេសម្លាប់នោះទេ។

ក្រោយរបបខ្មែរក្រហម ពេលត្រឡប់មកស្រុកវិញ កូនបានបាត់បង់ឪពុក ហើយខ្លួនបានក្លាយជាស្រ្តីមេម៉ាយ។

ក្រៅពីប្ដី មុត ក៏បាត់បង់សមាជិកគ្រួសារចំនួន៥នាក់ទៀត ដោយសារតែជំងឺ និងហូបមិនគ្រប់គ្រាន់។ អុំ មុត រៀបរាប់ថាប្រជាជនភាគច្រើនត្រូវបង្ខំឲ្យច្រូតស្រូវ ដកស្ទូង លើកភ្លឺស្រែ និងក្រងស្បូវសម្រាប់ប្រក់ដំបូលផ្ទះ។ ប្រជាជនធ្វើការងារច្រើនគ្មានពេលសម្រាក តែទទួលបានរបបបបរលាយជាមួយត្រកួនឬបន្លែផ្សេងៗទៀតតែប៉ុណ្ណោះ។ មុត រៀបរាប់បន្តថា ប្រជាជនដែលទ្រំានឹងការខ្វះខាតអាហារមិនបានមួយចំនួនបានស្លាប់ និងខ្លះទៀតបានដាច់ចិត្តទៅលួចរបស់របរសមូហភាព សហករណ៍មកហូប។ នៅពេលអ្នកដឹកនាំសហការណ៍ចាប់បាន ប្រជាជនត្រូវបានដាក់ទណ្ឌកម្ម និងមួយចំនួន ទៀតយកទៅសម្លាប់ចោល។ មុត រៀបរាប់បន្ថែមថា ប្រជាជនបានកើតជំងឺកញ្ជ្រឹល និងជំងឺផ្សេងៗទៀត បានស្លាប់ជាច្រើនដោយសារតែខ្វះថ្នាំព្យាបាល និងការព្យាបាលមិនបានត្រឹមត្រូវ។

អុំ មុត ធ្លាប់បានឃើញពិធីរៀបការដោយបង្ខំក្នុងរបបខ្មែរក្រហម។ មុត រៀបរាប់ថា ខ្មែរក្រហមជាអ្នកជ្រើស​រើស​យុវជន យុវនារីដែលរស់នៅក្នុងសហករណ៍ ឬក្នុងកងចល័ត។ មុត រៀបរាប់ទៀតថា ពិធីរៀបការ មានចំនួនចាប់ពី១០គូឡើងទៅ។ ពិធីរៀបការគ្មានការស្ម័គ្រចិត្ត ឬការយល់ព្រមពីសាមីខ្លួនទាំងសងខាងនោះទេ អ្នកដែលត្រូវរៀបការត្រូវបានជូនដំណឹងតែ១ថ្ងៃមុនប៉ុណ្ណោះ ហើយពិធីរៀបការជាពិធីមួយខ្លី គ្មានភ្លេង សម្លៀកបំពាក់ប្រពៃណី ឬសាច់ញាតិចូលរួមនោះទ។ អុំ មុត ក៏បានឃើញខ្មែរក្រហមបណ្ដើរប្រជាជនយកទៅសម្លាប់ដោយចៃដន្យផងដែរ ហើយការនាំយកទៅ​សម្លាប់នោះគឺវាយនឹងត្បូងចប រួចទម្លាក់ក្នុងរណ្ដៅជិតមន្ទីរឃុំឃាំងទួលច្រេស។

មុត ក៏បានដឹងថាខ្មែរក្រហមបំផ្លាញសាសនាដោយលុបបំបាត់វត្តទួលច្រេស យកទីធ្លាវត្តធ្វើជាបន្ទាយទាហាន និងជាកន្លែងស្នាក់នៅ រីឯព្រះពុទ្ធបដិមាករត្រូវបានវាយទម្លាក់ទឹកស្រះ។ អុំ មុត បច្ចុប្បន្នមានជំងឺប្រចាំកាយគឺពកក និងឈឺចង្កេះ។

មុត បានផ្តាំផ្ញើដល់ក្មេងជំនាន់ក្រោយឲ្យជួយទប់ស្កាត់របបខ្មែរក្រហមកុំឲ្យកើតមានឡើងសារជាថ្មីនៅលើទឹកដីប្រទេសកម្ពុជា។

សម្ភាសន៍ដោយ ហម សារឿន ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ អេង សុខម៉េង

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin