ឪពុកខ្ញុំបាត់ខ្លួននៅរបបខ្មែរក្រហម

(ស្ទឹងត្រែង)៖ អ៊ុន ពៅ ភេទស្រី មានអាយុ ៥៦ឆ្នាំ រស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង និងមានស្រុកកំណើតនៅខេត្តព្រៃវែង។ ពៅ មានឪពុកឈ្មោះ អ៊ុន, ម្ដាយឈ្មោះ លុន និងមានបងប្អូនប្រាំពីរនាក់ ក្នុងនោះស្រីប្រាំនាក់។ អំឡុងទសវត្សរ៍ឆ្នាំ១៩៦០ ពៅ បានមករស់នៅអូរស្វាយជាមួយឪពុកម្ដាយដែលជាអតីតទាហាន និងប្រកបរបរធ្វើស្រែចម្ការ។
បន្ទាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមចាប់ផ្តើមជម្លៀសប្រជាជនចេញពីភូមិអូរស្វាយឲ្យទៅរស់នៅរួម, ធ្វើការរួម និងហូបរួម នៅសហករណ៍សាមឃួយ។ នៅសហករណ៍សាមឃួយ ខ្មែរក្រហមគំរាម ពៅ និងប្រជាជនឯទៀតថា អង្គការនឹងយកអ្នកដែលខ្ជិលធ្វើការទៅវាយសម្លាប់។ ពៅ ត្រូវធ្វើការ ដូចជា ដកសំណាប បោកស្រូវ រហូតដល់យប់អធ្រាត្រ ទាំងគ្មានពេលសម្រាក និងហូបចុកមិនគ្រប់គ្រាន់នោះទេ។ ពៅ ចងចាំថា ឪពុកខ្លួនត្រូវបានខ្មែរក្រហមនាំខ្លួនទៅ ដោយមិនឃើញត្រលប់មកវិញនោះទេ។ ឪពុកពៅ បានបាត់ខ្លួនតាំងពីពេលនោះមក។
នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ ពៅ បានត្រលប់មករស់នៅភូមិអូរស្វាយវិញ។ ក្រោយមក ពៅ រៀបការជាមួយប្ដីឈ្មោះ យឿន, មានកូនប្រាំមួយនាក់ ក្នុងនោះស្រីប្រាំនាក់។ គាត់ប្រកបរបរធ្វើស្រែចម្ការ និងនេសាទ។ បញ្ហាប្រឈមរបស់គ្រួសារពៅ គឺទិន្នផលត្រីធ្លាក់ចុះ ដោយសារការនេសាទខុសច្បាប់តាមដងទន្លេមេគង្គ៕
សម្ភាសដោយ ប៉ិច ឌីកាយ៉ាណា ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥